26 C
Phnom Penh

រដ្ឋមន្ត្រីរ៉ែនិងថាមពលគេចវេះពីការ​អះអាង​អំពីការកាប់​ឈើ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាលពីម្សិលមិញ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែនិងថាមពល​បាន​បង្ហាញ​មុខ​នៅ​រដ្ឋសភា​ដើម្បីឆ្លើយបំភ្លឺចំពោះការ​​អះអាង​​ថា ក្រុមហ៊ុន​នានា​ដែលទទួល​បាន​កិច្ចសន្យា​​សាង​សង់​​ទំនប់​វារីអគ្គិសនីសេសាន​២កម្លាំង​៤០០​មេហ្គាវ៉ាត់​នៅក្នុងខេត្ត​ស្ទឹងត្រែង​ កំពុង​ទន្ទ្រាន​ព្រៃ​ដ៏ធំល្វឹង​ល្វើយ​ នៅខាង​ក្រៅ​​តំបន់​សម្បទានរបស់​ខ្លួន។suy-sem

លោក ហេង សំរិន ប្រធាន​រដ្ឋសភា​ បាន​កោះហៅ​លោក ស៊ុយ សែម កាល​ពីខែ​មុន បន្ទាប់ពី​លោក ឡូយ សុផាត សមាជិកសភា និងជា​អតីត​​​អភិបាល​ខេត្ត​ស្ទឹងត្រែង​ បាន​លើក​ឡើងនូវកង្វល់​​នៅក្នុង​រដ្ឋសភា​ថា តំបន់សម្បទាន​ទំហំ​៣៦.០០០ហិកតា​ បាន​ក្លាយជាកន្លែង​មួយ​សម្រាប់​បិទបាំង​ការ​កាប់​ឈើ​”គ្មានការត្រួតពិនិត្យ” ដោយ​​អ្នក​​ជំនួញ​ដ៏មាន​អំណាច​។

កាល​ពីម្សិលមិញ លោក ស៊ុយ សែម ​បាន​អានចម្លើយត្រៀមទុកមុន​តបទៅនឹង​សំណួរ​ចំនួន​ប្រាំ​​ លើក​ឡើង​ដោយ​សមាជិកសភា​​គណ​បក្សប្រជាជនកម្ពុជា​ ហើយគ្មាន​សំណួរ​ណា​មួយ​លើក​ឡើងដោយផ្ទាល់​ អំពីបញ្ហា​ដែល​ត្រូវបាន​លើកឡើង​ពីដំបូង​កាល​ពីខែ​ឧសភា​ឡើយ​។

មានប្រសាសន៍​ទៅកាន់ក្រុមអ្នក​យកព័ត៌មាន​បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួននៅ​មុខ​រដ្ឋសភា លោក​ ស៊ុយ សែម បាន​បញ្ជាក់​កាល​ពីម្សិលមិញថា ការ​រានព្រៃ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​នេះ មិនមែនជាការ​ទទួល​ខុស​ត្រូវ​របស់​លោកទេ​។

លោកបានមាន​ប្រសាសន៍ថា “​នេះមិនស្ថិតក្នុងដែនសមត្ថកិច្ច​​របស់​ខ្ញុំទេ។ ការ​រានដី​ គឺជា​ដែនសមត្ថកិច្ចរបស់​ក្រសួង​កសិកម្ម ហើយការ​ប្រមូលប្រាក់​​ពីការ​កាប់​ឈើ​ គឺជា​ការ​ទទួល​ខុស​ត្រូវ​​របស់​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​”។

អំឡុងការ​សាក​សួរ​​នៅ​រដ្ឋសភា លោក ស៊ុយ សែម បាន​ទទួល​ស្គាល់​ថា ​រាល់​គម្រោង​​ធំៗ​នៅទីនោះ​សុទ្ធតែមាន​ផល​អវិជ្ជមាន​ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍ថា ​គម្រោង​វារីអគ្គិសនី​នេះផ្តល់ប្រយោជន៍ច្រើនជាងផលប៉ះពាល់ឆ្ងាយណាស់។

លោកបានមាន​ប្រសាសន៍ថា “វានឹងនាំមក​នូវអត្ថប្រយោជន៍យ៉ាងច្រើន​ ប្រសិនបើ​យើង​ប្រៀប​ធៀប​ជាមួយ​ផល​ប៉ះពាល់​”។ លោកបាន​ពន្យល់ថា វានឹងបង្កើតការងារ​រាប់​ពាន់​​ ខណៈ​ដែល​កម្ពុជា​នឹង​​បង្កើន​ការ​ផ្គត់​ផ្គង់​អគ្គិសនី​របស់​ខ្លួន​យ៉ាង​ខ្លាំង​។

ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប ​​របស់លោក​ គិត ម៉េង ​ជា​មហាសេដ្ឋី​​ជំនួញ​​ស្និទ្ធ​នឹង​លោកនា​យក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និងក្រុមហ៊ុនចិនឈ្មោះ Hydrolancang International Energy​កំពុង​តែសាង​សង់​ទំនប់នេះ​។ ការិយាល័យមេធាវី អាងនិងសហការី ដែល​ជា​បុត្រសម័្ពន្ធ​របស់​ក្រុម​ហ៊ុនរ៉ូយ៉ាល់ គ្រុប ទទួលបាន​កិច្ច​សន្យា​​រាន​តំបន់​អាង​នេះ។

ចំពេលមាន​ការ​ចោទប្រកាន់ថា ក្រុម​ហ៊ុនទាំងនេះ​កំពុង​កាប់​ព្រៃ​ឈើ​ នៅ​ជុំវិញអាងនេះ​ មាន​តែ​លោកស្រី​ ឡោក ខេង ជាសមាជិកគណបក្សប្រជាជនកម្ពុជា​ប៉ុណ្ណោះ​​​ ហ៊ាន​លើក​ឡើង​បញ្ឆិតបញ្ឆៀង​​អំពីការ​​កាប់​​ឈើ​​នេះ។ ​ប៉ុន្តែលោកស្រី​គ្រាន់​តែ​សំដៅដល់​​ដំណើរការ​ដេញថ្លៃ​សម្រាប់​ការ​រាន​ព្រៃ​នៅក្នុងតំបន់​សម្បទានប៉ុណ្ណោះ ​មិនមែនសំដៅដល់​ការកាប់​​ឈើ​ខុស​ច្បាប់​​ដោយក្រុម​​ហ៊ុន​​​នៅ​ខាងក្រៅ​​​តំបន់​នេះទេ។

លោកស្រី ឡោក ខេង ​បានមាន​ប្រសាសន៍ថា ” ខ្ញុំ​​សូមអបអរសាទរ​ចំពោះ​ឯក​ឧត្តម​[លោក សែម] និងមន្ត្រី​​​របស់​ឯកឧត្តម​​ចំពោះការ​​ចូល​រួម​​នៅទីនេះ​ វាជាការ​បង្ហាញ​ច្បាស់​មួយ​អំពី​ឆន្ទៈ​​របស់​ឯកឧត្តមហ៊ានទទួល​ខុសត្រូវ​ និង​បង្ហាញ​​​ពិភពលោក និង​ប្រជាពលរដ្ឋ​ផងដែរ​​ ថា រដ្ឋសភា​​ទទួល​ខុស​​ត្រូវចំពោះ​ប្រជា​ពល​រដ្ឋ​”។

លោក ស៊ុយ សែម ​បាន​ចំណាយ​ពេលដែលនៅសល់នៃការឆ្លើយនឹងសំណួររយៈពេល​​​ពីរ​​ម៉ោង​កន្លះដែល​ពិពណ៌នា​លម្អិត​​​អំពី​គម្រោង​​ទំនប់​សេសាន២ ​​ពី​ការ​​ចាប់​ផ្តើម​របស់​វា​ក្នុងឆ្នាំ​២០០៤​រហូត​ដល់​បរិមាណផលិត​ថាមពល​​ដែលគេរំពឹងថាវានឹង​ផលិតបាន​ នៅពេល​គម្រោងនេះ​ចប់​រួចរាល់​​៕ ប៊ុននី​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស