35 C
Phnom Penh

កម្មករកាត់​ដេរ​ដើរក្បួន​​​ទៅ​ក្រសួងការ​ងារ​​ ​និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដើម្បីទាមទារ​កិច្ច​សន្យា​ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​កាល​​​ពីម្សិល​​​មិញ កម្មករ​​ប្រហែល​២០០​នាក់​​បាន​ដើរ​ក្បួន​​​​ពី​រោង​ចក្រកាត់​ដេរ​ វីនខេម (Wincam)ក្នុង​រាជ​ធានីភ្នំពេញ​​ទៅ​កាន់​ក្រសួង​ការ​​ងារ​និង​បណ្តុះ​បណ្តាល​​​វីជ្ជា​​​ជីវៈ​ ដើម្បី​​ទាម​​ទារ​​​​​​​​ចង់​​​បាន​​​កិច្ច​សន្យា​​​រយៈ​ពេល​ខ្លី​ និង​ផល​ប្រយោជន៍​​ប្រសើរ​​ជាងនេះ។

​កម្មករ​​ជាង​៨០០នាក់​​​​នៅរោង​​ចក្រ​​របស់​កូរ៉េ​​បាន​​និង​កំពុងតែ​​តវ៉ា​​ ចាប់តាំង​​ពីថ្ងៃ​ទី​​​១១ ខែ​មិថុនា ដើម្បីទាម​ទារ​​ឲ្យ​​​រោង​​​ចក្រ​​​កែប្រែ​កិច្ច​សន្យា​​រយៈ​​ពេល​វែង​​របស់​ខ្លួន​​ទៅ​​ជា​កិច្ច​​សន្យា​​រយៈ​ពេល​ខ្លី​ ​ដែល​ផ្តល់​ឲ្យពួកគេ​​​​នូវ​​ប្រាក់​​អតីត​ភាព​ការងារ​​​ ប្រសិន​បើ​​​​ពួកគេ​ចាក​ចេញ​ពីការ​ងារ​​ មុន​អាណត្តិ​​របស់​​ពួកគេ​ចប់​។

​​កម្មករ​​បាន​ចំណាយ​​​ពេល​ប្រហែល​​​មួយ​​​ម៉ោង​​ដើរ​ក្បួន​​ទៅ​​ក្រសួង​​​ការ​​ងារ​ និង​បណ្តុះ​​បណ្តាល​​វិជ្ជា​​ជីវៈ​ ជា​​ទី​ដែល​មន្ត្រី​ម្នាក់​​បាន​​​ជួប​ពួកគេ​​នៅ​ខាង​ក្រៅ​ និង​​​បាន​​​យល់ព្រម​​រៀប​ចំ​កិច្ច​​ប្រជុំ​​​រវាង​​កម្មករ​​និង​​​ម្ចាស់​រោងចក្រ​​នៅ​​​ថ្ងៃ​នេះ។

​លោក ណូយ ​សុធា ជា​​អ្នក​តវ៉ា​​​ម្នាក់​ក្នុង​ចំណោម​​​អ្នក​តវ៉ា​​ទាំង​​នោះ​​​​ បាន​​​មាន​ប្រសាសន៍ថា​”ពេលនេះ ​យើង​មិនទទួលបាន​ដំណោះ​ស្រាយ​​​​​ពីក្រសួង​​ទេ​ ប៉ុន្តែ​​​ពួកគេ​បាន​ប្រាប់​​ពួក​យើង​ថា ​​​ពួកគេ​នឹង​​កោះ​​​ហៅ​​​រោងចក្រ​​​​មក​​​ប្រជុំ​​​នៅក្រសួងការ​ងារ​”។

កម្មករ​​ក៏ទាម​​ទារ​​​ដែរ​​ឲ្យមាន​​ការ​​ដំឡើង​​ប្រាក់ឈ្នួល​​​​ប្រចាំខែ​​​បន្ថែម​​របស់​​ពួក​គេ​​ រួម​​មាន​​​​ប្រាក់​ប្រាំ​ដុល្លារ​បន្ថែម​សម្រាប់​​វត្តមាន​ជាប់​​​លាប់​​​និង​​​ការ​ដឹក​ជញ្ជូន​ និង​​​ផ្តល់​ប្រាក់​សម្រាប់​​អាហារ​២.០០០រៀល ពេល​​​ធ្វើការ​បន្ថែម​ម៉ោង។

លោក អ៊ូ សុខ​​​ហេង ប្រធាន​​​សហព័ន្ធសហជីព​សហប្រតិបត្តិការ​ដើម្បីកម្ពុជា​ ដែល​តំណាង​ឲ្យ​កម្មករ​ បាន​​​មាន​ប្រសាសន៍​​​ថា ​​​ពួកគេ​មិនបាន​លុប​ចោល​ការ​ទាមទារ​​របស់​ខ្លួន​​​ឡើយ​​​​ បើ​​​ទោះ​​ជា​​​ពួក​គេ​​​​​​ត្រឡប់​ទៅ​​​ធ្វើការ​​វិញ​​​នៅ​​​​ថ្ងៃ​នេះ​ តាម​​ការ​បង្គាប់​​​របស់​តុលាការ​​ក៏ដោយ។ លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា “​តុលាការ​បាន​​ចេញ​លិខិត​មួយ​ច្បាប់​កាល​​ពី​ថ្ងៃ​ទី​១៧ ខែ​​មិថុនា ​ឲ្យ​កម្មករ​​វិល​​ទៅ​​​ធ្វើការ​វិញ​ក្នុងរយៈពេល​​៤៨ម៉ោង​ ដូច្នេះ​​កម្មករ​​នឹង​ត្រឡប់​​ទៅធ្វើ​ការ​វិញ​​[នៅ​​​ថ្ងៃនេះ​]​។

លោក នៅ គាតទី មន្ត្រី​ច្បាប់​​​ប្រចាំ​​​រោង​​​ចក្រកាត់​​ដេរ​​វីន​​​ខេម ​បាន​ចោទ​សហជីព​នេះ​​​​ពី​បទ​​​ញុះ​​ញង់​​កម្មករ​ឲ្យ​​​ធ្វើការ​​តវ៉ា​ ​និងបាន​មាន​ប្រសាសន៍​ថា ពួកគេ​គ្រាន់​តែ​​ធ្វើតាម​​រោង​ចក្រ​នៅ​ក្បែរ​នោះ​ ដែល​​ថ្មីៗនេះ​​​បាន​កែប្រែ​​កិច្ចសន្យា​​របស់​​ខ្លួន។ លោកបានមាន​ប្រសាសន៍ថា “​​វាជាការ​តវ៉ា​​ខុស​​ច្បាប់​ ​ពីព្រោះ​​យើង​អនុវត្តតាម​ច្បាប់​​។​ពួកគេ​​​ដុត​ឆ្នាំង​​បាយ​​​របស់​​​ពួកគេ​។ យើង​សង្ឃឹមថា ​​ពួកគេ​​នឹង​ត្រឡប់​ទៅធ្វើការ​វិញ​”។

ក្នុង​ជម្លោះ​​ដោយ​​​ឡែក​​​មួយ ​និយោជិត​​ប្រហែល​​៨០នាក់​នៅ​រោង​ចក្រ​ HartaPackaging ក្នុង​រាជធា​នីភ្នំពេញ​ បាន​ដុតកង់ឡាន​​និង​បិទ​​​ច្រក​​ខ្លោង​ទ្វារ​ធំ​​​របស់​រោងចក្រ​​​​​រយៈ​ពេល​បីថ្ងៃ​​ជាប់​គ្នា​​កាល​​ពីម្សិលមិញ​ ដើម្បី​​ទាម​ទារ​​ប្រាក់​​​អតីត​​​ភាព​កា​រងារ​ ​​ដែល​ត្រូវ​​​គេ​​​បដិសេធ​​​មិន​​​បើក​​​ឲ្យ​​​​ បន្ទាប់​​ពី​មាន​​​ការ​ប្តូរ​​​ម្ចាស់​​​រោង​​​ចក្រ​​​ក្នុង​​​ឆ្នាំ​​២០១២។

លោក ​សន បូរ៉ា ​តំណាង​ឲ្យ​កម្មករ​​​បាន​​​មាន​ប្រសាសន៍​​​ថា ” យើង​​​កំពុងដុតកង់ឡាន​ និង​បិទ​ច្រក​​​ចូល​​ដើម្បី​​​ទប់​ស្កាត់​​រោង​​​ចក្រ​​​កុំឲ្យ​​ដឹកទំនិញ​ចេញ។​ យើង​​​នឹង​​ឈរ​​នៅ​រោង​ចក្រ​​ រហូត​​ដល់​​យើង​​​ទទួល​​បាន​ដំណោះ​​​ស្រាយ​​​សម​រម្យ​​”។ ​អ្នកតំណាង​​​របស់​រោងចក្រ​​មិន​​​អាច​​​ទាក់ទង​ដើម្បី​​​ធ្វើ​អត្ថាធិប្បាយ​​បាន​ឡើយ​៕ ប៊ុុននី​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស