31 C
Phnom Penh

ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី​កោត​សរសើ​រពីគុណសម្បត្តិ​របស់​នគរបាល​ជាស្ត្រី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការដោះស្រាយ​របស់​រដ្ឋាភិបាល​ចំពោះ​បាតុកម្មជាច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់តាំង​ពី​ការ​បោះឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​កាលពីឆ្នាំមុន​មក​នោះ បាន​ផ្ដោត​លើ​ការ​ពង្រាយ​កង​សន្តិសុខ​ខណ្ឌ​ប្រដាប់​ដោយ​ដំបង និ​ង​នគរ​បា​ល​បង្ក្រាប​បាតុកម្ម ដើម្បី​បង្ក្រាប​ការ​តវ៉ា​។

ប៉ុន្តែ​ពេល​ខ្លះ​យុទ្ធសាស្ត្រ​នេះ​បាន​បរាជ័យ​នៅពេលប៉ះចំ​សត្រូវ​ខ្លាំង​ ដូច​ដែល​លោក​ កែវ រ៉េមី អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​គូស​បញ្ជាក់​កាលពីដើម​ខែនេះ ដោយ​ស្ត្រី​អ្នក​តវ៉ា​​​សំខាន់ៗ​មួយ​ក្រុម​ប្រើ​ប្រាស់​ភាព​ជា​ស្ត្រីភេទ​របស់ខ្លួន និង​ពេល​ខ្លះ​ស្រាត​ខោអាវ ដើម្បី​ចៀសវាង​ការ​ប្រើ​អំពើហិង្សា​ពី​សំណាក់​មន្ត្រី​មាន​សមត្ថកិច្ច​ជា​បុរស​។

លោក កែវ រ៉េមី បាន​ផ្ដល់​អនុសាសន៍​ឲ្យ​បង្កើត​កម្លាំង​នគរ​បាល​បង្ក្រាប​បាតុកម្ម​ជា​ស្ត្រី​ភេទ​។ ដោយ​ពិចារណា​អនុសាសន៍​នេះ​ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​បានជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌូណេស៊ី ពីតូណូ ពួណូម៉ូ (Pitono Purnomo) កាលពីម្សិលមិញ​ ដើម្បីពិភាក្សា​អំពី​បទ​ពិសោធន៍​របស់​ឥណ្ឌូណេស៊ី នៅ​ក្នុង​ការ​បង្ក្រាប​ស្ថាន​ភាព​តាម​រយៈ​ការ​ដាក់​ពង្រាយ​នគរ​បាល​ជា​ស្ត្រី។

លោក អាបេលៀន យូ៉ដហា (Abelian Yodha) លេខាទី១​ទទួល​បន្ទុក​កិច្ច​ការ​កុង​ស៊ុល​នៃ​ស្ថានទូត​ឥណ្ឌូណេស៊ីប្រចាំកម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ” ឯកអគ្គរដ្ឋទូត​របស​់​ខ្ញុំ​បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​ឥណ្ឌូណេស៊ី​ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បាតុកម្ម ដែល​បាន​និង​កំពុង​​កើត​មាន​​នៅ​ក្នុង​ទីក្រុង​ហ្សាការតា​”។

លោក​បានមាន​ប្រសាសន៍​អំពី​កិច្ច​ខិត​ខំប្រឹង​ប្រែង​ថ្មីៗនេះ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ថា “នគរ​បាលជាតិ​របស់​យើង​បាន​ប្រើ​ប្រាស់ និង​ផ្ដល់អំណាច​ដល់​សហការី​ជាស្ត្រី​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ នគរ​បាល​ជាស្ត្រី​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ចរាចរណ៍ ប៉ុន្តែ​នៅ​ក្នុង​ពេល​ថ្មីៗ​នេះ​ យើង​បាន​បណ្ដុះ​បណ្ដាល​នគរ​បាល​ជាស្ត្រីទាំង​នេះ​ឲ្យ​ចេះ​ដោះស្រាយ​ជាមួយ​បាតុករ​ផង​ដែរ​”។

លោក​បានមាន​​ប្រសាសន៍​បន្តទៀត​ថា ” អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ គឺមាន​រូប​សម្បត្តិ​សមរម្យ និង​មាន​សុជីវធម៌ ព្រមទាំង​ឆ្លាត​វ័យ​ផង​ដែរ ដើម្បី​ប្រឈមមុខ​ដោះ​ស្រាយ​ជាមួយ​អ្នក​តវ៉ា​ ឬបាតុករ​ ប្រសិន​បើ​ពួកគេ​ចេញ​ធ្វើ​សកម្មភាព​។ តាមរយៈការ​ប្រើ​ប្រាស់​នគរ​បាល​ជាស្ត្រី​ទាំង​នេះ និង​ភាព​ជាស្ត្រី​ភេទ​របស់​ពួកគេ​ ពេល​ខ្លះ​វា​អាច​ធ្វើ​ឲ្យស្ថានភាព​ស្ងប់​ស្ងាត់ ព្រមទាំង​អាច​ឈាន​ទៅដល​់​ដំណើរ​ការ​ចរចា​ជាមួយបាតុករ​ទៀត​ផង”។

លោក អាបេលៀន យូ៉ដហា បាន​ពន្យល់​ថា សម្រស់​របស់​​នគរ​បាលជា​ស្ត្រី​​ដែល​ត្រូវបាន​​​ដាក់​ពង្រាយ​ដើម្បី​បង្ក្រាប​ស្ថានភាព​ចលាចល​នៅ​ក្នុង​ទីក្រុង​ហ្សាការតា បាន​បង្ហាញ​ថា​ វា​មាន​ប្រយោជន៍​យ៉ាង​ខ្លាំង​​សម្រាប់​ការ​គ្រប់​គ្រង​ក្រុង​។

លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា ” ពេល​នេះ​​ពួកគេ​មាន​នគរ​បាល​ជាស្ត្រី​ ដែល​មាន​រូប​សម្បត្តិ​សមរម្យ​ ហើយ​ពួកគេ​ប្រើ​កម្លាំង​នគរ​បាល​ជា​ស្ត្រី​នេះ​ដើម្បី​ប្រឹង​ប្រែង​ដោះស្រាយ​ស្ថាន​ភាព​បាតុកម្ម។ ពួកគេ​ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ឲ្យ​ចេ​ះ​បញ្ចុះ​បញ្ចូល និង​មាន​ចិត្ត​​អាណិត​អាសូរ”។

លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា លោក​ បា៉ សុជាតិវង្ស បាន​ជួប​ជាមួយ​លោក ពីតូណូ ពួណូម៉ូ កាលពីម្សិលមិញ។ ប៉ុន្តែ​លោក​បានមាន​ប្រសាសន៍​ថា នៅកម្ពុជា​មិនទាន់​មាន​ផែន​ការ​ណែនាំ​ឲ្យ​មាន​កម្លាំង​នគរ​បាល​ជាស្ត្រី​នៅ​ឡើយ​ទេ​។ លោក​បានមាន​ប្រសាសន៍​ថា ” វា​មិនមែន​ជា​ករណី​នៅ​ក្នុ​ង​ប្រទេស​របស់​យើងទេ។ ករណី​របស​់​យើង​គឺផ្សេង​គ្នា​។ លោក​អភិបាល​គ្រាន់​តែ​ស្ដាប់គាត់​ប៉ុណ្ណោះ” មុនពេល​លោក​បដិសេធ​មិន​បញ្ជាក់​លម្អិត​។

អ្នកស្រី ទេព វន្នី អ្នក​តវ៉ា​ដ៏លេ​ចធ្លោ​ម្នាក់​ ដែល​បាន​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ប្រវាយប្រតប់​គ្នា​មួយ​ចំនួន​ជាមួយ​នគរ​បាល​ និង​កង​សន្តិសុខ​ចាប់​តាំង​ពី​រដ្ឋាភិបាល​ចាប់​ផ្ដើម​បណ្ដេញ​ប្រជា​ពល​រដ្ឋ​ចេញពី​តំបន់​បឹង​កក់មក​នោះ​ និយាយ​ថា អ្នកស្រី​មាន​ការ​ព្រួយ​បារម្ភ​ថា ការ​ប្រើ​ប្រាស់​សន្តិសុខ​ជាស្ត្រី​អាច​ជួយ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​បាតុកម្ម​បាន​។ អ្នកស្រី​និយាយ​ថា “ប្រសិន​បើ​ពួកគេ​ប្រើ​ប្រាស់​នគរ​បាល​ជាស្ត្រី​ដើម្បី​បង្ក្រាប​អ្នក​តវ៉ា​ វា​នឹង​កាត់​បន្ថយ​មុខ​មាត់​អាក្រក់​របស់​រដ្ឋាភិបាល​ និង​លាក់​បាំង​អំពើ​ហិង្សា​របស់​ពួកគេ”៕ សុខុម ​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស