32 C
Phnom Penh

ចៅអធិការមួយ​អង្គត្រូវ​បាន​ផ្សឹក​ដោយសារស្រវឹងស្រា​ បើកបររថយន្ត​ និង​ក្លែង​ជាមន្ត្រីកងរាជអាវុធហត្ថ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុកស្អាង, ខេត្តកណ្ដាល-យោង​តាម​នគរបាល​ឲ្យដឹងថា ព្រះគ្រូចៅអធិការ​វត្ត​ទួល​ក្រសាំង​ត្រូវ​បាន​​ផ្សឹក​កាលពី​​ថ្ងៃពុធ​ បន្ទាប់​ពី​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​​ខណៈ​ដែល​ស្រវឹង​ស្រា​ហើយ​បើក​បរ និង​ស្លៀកពាក់​ឯកសណ្ឋាន​កង​រាជអាវុធ​ហត្ថ​។

ព្រះតេជគុណ​ ផង់​ មាស ព្រះជន្ម៧០​ព្រះវស្សា ​គង​់​នៅវត្ត​ទួល​ក្រសំាង បាន​ជិះ​រថយន្ត​ជាមួយ​ព្រះតេជគុណ ខាន់ ហេង ជា​ព្រះគ្រូចៅអធិកានៅពេល​គ្រោះ​ថ្នាក់​ចរចរណ៍​នោះ​។

ព្រះតេជគុណ​ ផង់ មាស បានមាន​សង្ឃដីកា​ថា ព្រះតេជគុណ ហេង បានឈប់​ទិញ​ស្រាបៀរ​នៅ​តាម​ផ្លូវពេល​ធ្វើ​ដំណើរ​ទៅ​បុណ្យ​សព​ញោម​ប្រុស​របស់​ព្រះអង្គ​ ហើយ​បាន​ផឹក​ស្រា​បៀរពេលកំពុង​បើក​បរ​។ នៅពេល​នោះ ព្រះ​អង្គ​បាន​ស្លៀក​ពាក់​ឯកសណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ ដោយ​មាន​ឈ្មោះ ” អនុសេនីយ៍ត្រី សែន ធាវី” ពីលើ​ចីវរ​របស់​ព្រះអង្គ។

ព្រះតេជគុណ ផង់ មាស បាន​មាន​សង្ឃដីកាថា “ព្រះតេជគុណចៅអធិការ​ស្លៀក​ពាក់​ឯកសណ្ឋានដើម្បីកុំឲ្យ​គេ​ដឹង​​ថា ព្រះសង្ឃ​បើក​រថយន្ត​។ អាត្មា​សប្បាយ​ចិត្ត​ណាស់​ដែល​ព្រះអង្គ​​ត្រូវ​បាន​ផ្សឹក។ ព្រះ​អង្គតែង​តែ​ផឹក​ស្រា​ និង​ស្ដីបន្ទោស​ព្រះសង្ឃ​ដទៃទៀត​”។

លោក ស្ដើង ស ជាឧបាសក​ម្នាក់​នៅវត្ត​នេះ​និយាយ​ថា ព្រះតេជគុណ ហេង តែង​តែ​ស្ដីបន្ទោស​និង​ប្រើអំណាចទៅលើព្រះ​សង្ឃដទៃ។ គាត់​បាននិយាយ​ថា គាត់​បាន​ព្យាយាម​ណែនាំ​ព្រះតេជគុណ​ ហេង ដែរ ប៉ុន្តែ​មិន​បាន​ការ​ឡើយ​។

លោក ស្ដើង ស បាន​និយាយ​ថា ” ខ្ញុំតែង​តែ​សង្ស័យ​ថា ព្រះអង្គផឹកស្រា ព្រះអង្គតែង​និយាយ​រឡេរឡូ និង​ជេរ​ប្រមាថ​ព្រះសង្ឃដទៃទៀត ប៉ុន្តែ​យើង​មិន​មាន​ភ័ស្តុតាង​បញ្ជាក់​ទេ​​។ ទង្វើ​របស់ព្រះ​អង្គ​មិន​អាច​ទទួល​យក​បានឡើយ ប៉ុន្តែ​វា​ជាសិទ្ធិ​របស់​ព្រះអង្គ​ក្នុងការ​បញ្ជា​អ្វីៗទាំង​អស់”។

ព្រះតេជគុណ ហេង បាន​មកគង់​នៅ​វត្ត​ទួល​ក្រសាំង ក្នុង​ស្រុក​ស្អាងនេះ​ពីរ​វស្សា​មក​ហើយ ដើម្បី​​ជំនួស​ព្រះចៅអធិការ​​ដែល​បាន​សឹក​។ លោក ស បាន​និយាយ​ថា ព្រះចៅ​អធិការ​ដែលបានសឹកទៅនោះ​បាន​ណែនាំ​ឲ្យ​តែង​តាំ​ង​ព្រះតេជ​គុណ ហេង នេះ ហើយ​គណៈកម្មការ​​វត្ត​បាន​​យល់​ព្រម។

ពុទ្ធបរិស័ទរស់​នៅ​ក្នុង​ភូមិ​ទួល​ក្រសាំងបាន​និយាយ​ថា វា​ជារឿង​​ដែល​​គេដឹង​ឮ​គ្រប់​គ្នាថា ព្រះតេជគុណ ហេង ជា​សង្ឃ​ប្រមឹក​។

លោក ស្រៀង វិបុល ជា​កសិករ​ម្នាក់​ដែល​រស់​នៅ​ខាង​ក្រោយ​វត្តនេះ ប៉ុន្តែ​គាត់​ឈប់​ទៅវត្ត​បន្ទាប់ពី​ឮពាក្យ​ចចាមអារ៉ាម​មិន​ល្អជាច្រើន​អំពី​ព្រះតេជគុណ ហេង បាន​និយាយ​ថា “ពុទ្ធបរិស័ទ​លែង​មានជំនឿ​លើ​វត្ត​នេះទៀត​ហើយ​។ ខ្ញុំ​នឹងមិន​ទៅ​វត្ត​នោះ​ដដែល​ បើទោះ​ជា​ឥឡូវ​នេះ​មិនមាន​ព្រះតេជគុណ ហេង ទៀ​ត​ក៏ដោយ​”។

លោក ស៊ិន ថុល មេភូមិ​ទួល​ក្រសាំងបាន​មាន​ប្រសាសន៍​ថា ពុទ្ធបរិស័ទ​ជាច្រើន​បាន​ឈប់​ទៅវត្ត​នេះ​​អំឡុង​ការ​គ្រប់​គ្រង​របស់​ព្រះតេជគុណ ហេង។ លោកបានមាន​ប្រសាសន៍​ថា ” ពុទ្ធបរិស័ទ​នៅទីនេះ​អស់ជំនឿ​លើ​ចៅអធិការអង្គនេះ​ ហើយ​មិន​បាន​យក​ចង្ហាន់ទៅ​ព្រះគេន​ព្រះសង្ឃ​នៅវត្ត​នេះទេ ដោយសារតែ​គ្រូចៅអធិការ​ផឹក​ស្រា​គ្រប់ពេលនេះឯង”​។

ព្រះតេជគុណ ឃឹម សន មេគណ​រាជធានីភ្នំពេញ​បាន​មាន​សង្ឃដីកាថា មិនមានវិធីណា ដើម្បីចៀសវាងការ​ជ្រើស​រើស​បេក្ខជនមិនល្អសម្រាប់​ធ្វើជា​ចៅអធិការ​នៅតាម​វត្តអារាម​នានា​នៅ​ក្នុង​រាជ​ធានីឡើយ​។

ព្រះតេជគុណបានមាន​សង្ឃដីកា​ថា ” យើង​មិនមាន​ប្រព័ន្ធ​ដើម្បីទប់​ស្កាត់បុគ្គលម្នាក់​មិន​ឲ្យ​គេ​ជ្រើស​រើស​​ធ្វើ​ជាចៅអធិការទេ​ ពីព្រោះយើង​មិន​ដឹង​មុន​ថា ព្រះសង្ឃអង្គណា​ល្អឬព្រះសង្ឃអង្គណាមិន​ល្អនោះឡើយ​”។

លោក វង្ស ឃ្លាំង នាយ​រង​នគរ​បាល​ចរាចរ​ស្រុក​ស្អាង​ បាន​មាន​ប្រសាសន៍​ថា លោក ហេង ត្រូវ​បាន​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល​កាលពីម្សិលមិញ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទល្មើស​​បើក​បរ​ក្រោ​ម​ឥទ្ធិពល​សុរា​ បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ក្លែង​ជា​មន្ត្រីកង​រាជអាវុធ​ហត្ថ​។  លោក​បាន​បន្ថែមថា ឥឡូវនេះ​លោក ហេង កំពុង​ត្រូវ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​នៅពន្ធនា​គារ​ខេត្ត​កណ្ដាល​៕ សារុន​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស