ស្រុកស្អាង, ខេត្តកណ្ដាល-យោងតាមនគរបាលឲ្យដឹងថា ព្រះគ្រូចៅអធិការវត្តទួលក្រសាំងត្រូវបានផ្សឹកកាលពីថ្ងៃពុធ បន្ទាប់ពីបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ខណៈដែលស្រវឹងស្រាហើយបើកបរ និងស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ។
ព្រះតេជគុណ ផង់ មាស ព្រះជន្ម៧០ព្រះវស្សា គង់នៅវត្តទួលក្រសំាង បានជិះរថយន្តជាមួយព្រះតេជគុណ ខាន់ ហេង ជាព្រះគ្រូចៅអធិកានៅពេលគ្រោះថ្នាក់ចរចរណ៍នោះ។
ព្រះតេជគុណ ផង់ មាស បានមានសង្ឃដីកាថា ព្រះតេជគុណ ហេង បានឈប់ទិញស្រាបៀរនៅតាមផ្លូវពេលធ្វើដំណើរទៅបុណ្យសពញោមប្រុសរបស់ព្រះអង្គ ហើយបានផឹកស្រាបៀរពេលកំពុងបើកបរ។ នៅពេលនោះ ព្រះអង្គបានស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ ដោយមានឈ្មោះ ” អនុសេនីយ៍ត្រី សែន ធាវី” ពីលើចីវររបស់ព្រះអង្គ។
ព្រះតេជគុណ ផង់ មាស បានមានសង្ឃដីកាថា “ព្រះតេជគុណចៅអធិការស្លៀកពាក់ឯកសណ្ឋានដើម្បីកុំឲ្យគេដឹងថា ព្រះសង្ឃបើករថយន្ត។ អាត្មាសប្បាយចិត្តណាស់ដែលព្រះអង្គត្រូវបានផ្សឹក។ ព្រះអង្គតែងតែផឹកស្រា និងស្ដីបន្ទោសព្រះសង្ឃដទៃទៀត”។
លោក ស្ដើង ស ជាឧបាសកម្នាក់នៅវត្តនេះនិយាយថា ព្រះតេជគុណ ហេង តែងតែស្ដីបន្ទោសនិងប្រើអំណាចទៅលើព្រះសង្ឃដទៃ។ គាត់បាននិយាយថា គាត់បានព្យាយាមណែនាំព្រះតេជគុណ ហេង ដែរ ប៉ុន្តែមិនបានការឡើយ។
លោក ស្ដើង ស បាននិយាយថា ” ខ្ញុំតែងតែសង្ស័យថា ព្រះអង្គផឹកស្រា ព្រះអង្គតែងនិយាយរឡេរឡូ និងជេរប្រមាថព្រះសង្ឃដទៃទៀត ប៉ុន្តែយើងមិនមានភ័ស្តុតាងបញ្ជាក់ទេ។ ទង្វើរបស់ព្រះអង្គមិនអាចទទួលយកបានឡើយ ប៉ុន្តែវាជាសិទ្ធិរបស់ព្រះអង្គក្នុងការបញ្ជាអ្វីៗទាំងអស់”។
ព្រះតេជគុណ ហេង បានមកគង់នៅវត្តទួលក្រសាំង ក្នុងស្រុកស្អាងនេះពីរវស្សាមកហើយ ដើម្បីជំនួសព្រះចៅអធិការដែលបានសឹក។ លោក ស បាននិយាយថា ព្រះចៅអធិការដែលបានសឹកទៅនោះបានណែនាំឲ្យតែងតាំងព្រះតេជគុណ ហេង នេះ ហើយគណៈកម្មការវត្តបានយល់ព្រម។
ពុទ្ធបរិស័ទរស់នៅក្នុងភូមិទួលក្រសាំងបាននិយាយថា វាជារឿងដែលគេដឹងឮគ្រប់គ្នាថា ព្រះតេជគុណ ហេង ជាសង្ឃប្រមឹក។
លោក ស្រៀង វិបុល ជាកសិករម្នាក់ដែលរស់នៅខាងក្រោយវត្តនេះ ប៉ុន្តែគាត់ឈប់ទៅវត្តបន្ទាប់ពីឮពាក្យចចាមអារ៉ាមមិនល្អជាច្រើនអំពីព្រះតេជគុណ ហេង បាននិយាយថា “ពុទ្ធបរិស័ទលែងមានជំនឿលើវត្តនេះទៀតហើយ។ ខ្ញុំនឹងមិនទៅវត្តនោះដដែល បើទោះជាឥឡូវនេះមិនមានព្រះតេជគុណ ហេង ទៀតក៏ដោយ”។
លោក ស៊ិន ថុល មេភូមិទួលក្រសាំងបានមានប្រសាសន៍ថា ពុទ្ធបរិស័ទជាច្រើនបានឈប់ទៅវត្តនេះអំឡុងការគ្រប់គ្រងរបស់ព្រះតេជគុណ ហេង។ លោកបានមានប្រសាសន៍ថា ” ពុទ្ធបរិស័ទនៅទីនេះអស់ជំនឿលើចៅអធិការអង្គនេះ ហើយមិនបានយកចង្ហាន់ទៅព្រះគេនព្រះសង្ឃនៅវត្តនេះទេ ដោយសារតែគ្រូចៅអធិការផឹកស្រាគ្រប់ពេលនេះឯង”។
ព្រះតេជគុណ ឃឹម សន មេគណរាជធានីភ្នំពេញបានមានសង្ឃដីកាថា មិនមានវិធីណា ដើម្បីចៀសវាងការជ្រើសរើសបេក្ខជនមិនល្អសម្រាប់ធ្វើជាចៅអធិការនៅតាមវត្តអារាមនានានៅក្នុងរាជធានីឡើយ។
ព្រះតេជគុណបានមានសង្ឃដីកាថា ” យើងមិនមានប្រព័ន្ធដើម្បីទប់ស្កាត់បុគ្គលម្នាក់មិនឲ្យគេជ្រើសរើសធ្វើជាចៅអធិការទេ ពីព្រោះយើងមិនដឹងមុនថា ព្រះសង្ឃអង្គណាល្អឬព្រះសង្ឃអង្គណាមិនល្អនោះឡើយ”។
លោក វង្ស ឃ្លាំង នាយរងនគរបាលចរាចរស្រុកស្អាង បានមានប្រសាសន៍ថា លោក ហេង ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាលកាលពីម្សិលមិញ ហើយត្រូវបានចោទប្រកាន់ពីបទល្មើសបើកបរក្រោមឥទ្ធិពលសុរា បំផ្លាញទ្រព្យសម្បត្តិ និងក្លែងជាមន្ត្រីកងរាជអាវុធហត្ថ។ លោកបានបន្ថែមថា ឥឡូវនេះលោក ហេង កំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តកណ្ដាល៕ សារុន