29.3 C
Phnom Penh

ក្រុមហ៊ុន​ សោម៉ា​ ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ថៃ ដើម្បីសាងសង់រោងម៉ាស៊ីន​កិនស្រូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ក្រុមហ៊ុន សោម៉ា គ្រុប និង​ក្រុមហ៊ុន ស៊ីភី អុីនធឺត្រេដ (CPI)​បាន​ឲ្យដឹង​​ថា កាល​ពីម្សិលមិញ ក្រុមហ៊ុន សោម៉ា គ្រុប បាន​ធ្វើការ​​ចុះ​​ហត្ថលេខា​លើកិច្ច​ព្រមព្រៀង​​វិនិ​យោគ​រួមគ្នា​ជាមួយក្រុមហ៊ុន ស៊ីភី អុីនធឺត្រេដ ក្នុង​​ការ​សាង​សង់​​រោងម៉ាស៊ីនកិនស្រូវ​និងកែ​ច្នៃ​ទ្រង់​ទ្រាយធំ​​នៅក្នុង​ប្រទេស​កម្ពុជា​ ដែលគេ​រំពឹង​ថានឹងមាន​សមត្ថភាព​ផលិតអង្ករ​​​ច្រើន​ជាង​ម៉ាស៊ីន​​កិន​ស្រូវ​​ធំៗ​ភាគច្រើន ​​​ប្រាំមួយដង​ក្នុង​មួយ​ម៉ោង។

លោក សុខ ពុទ្ធីវុធ អគ្គនាយកក្រុមហ៊ុន​ សោមា៉ា​ ​គ្រុប បាន​លើកឡើងនៅ​សន្និសីទសារ​ព័ត៌មាន​​មួយ​​ដោយ​ប្រកាសឲ្យដឹងអំពី​​​ការ​ផ្តួច​ផ្តើមនេះ​​ថា “គម្រោង​មាន​ទឹកប្រាក់​៥០លាន​ដុល្លារ រំពឹង​នឹង​ចាប់​ដំណើរការ​នៅ​ក្នុង​ត្រីមាស​​ទី១​ឆ្នាំ​ក្រោយ​នេះ ហើយនឹងត្រូវ​សាងសង់​នៅលើ​ដី​ទំហំ​៣០ហិកតា​នៅ​ក្នុងខេត្តកំពង់ស្ពឺ។

លោកបានមាន​ប្រសាសន៍ថា “​មូលនិធិ​វិនិយោគ​ភាគច្រើន​ ​រួម​ចំណែក​ដោយ​ដៃ​គូ​របស់​យើង​​ក្នុងគោលបំណង​បង្កើនសមត្ថភាព​ផលិត​​និងការ​​នាំចេញ​​អង្ករគុណភាព​ខ្ពស់​​ទៅកាន់​ទីផ្សារ​​​ពិភពលោក​ ​ខណៈដែលមាន​តម្រូវ​ការ​​ខ្ពស់​ក្នុង​ពិភពលោក​”។

លោក ពុទ្ធីវុធ ដែល​​ជាកូនប្រុស​​របស់​លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្មីៗនេះ​ជាប់​ឆ្នោត​​ជាប្រធាន​សហព័ន្ធស្រូវអង្គរកម្ពុជា ដែលមាន​គោល​បំណង​ភ្ជាប់​​ភាគី​ក្នុងសង្វាក់​ផ្គត់​ផ្គង់​និង​កាត់បន្ថយ​ភាពមិនទុកចិត្តគ្នា​នៅក្នុងវិស័យនេះ។

លោក ពុទ្ធីវុធ ​បានមាន​ប្រសាសន៍ថា នៅពេលសាងសង់រួច មា៉ស៊ីនកិនស្រូវនេះ​​​នឹងមាន​សមត្ថភាព​ផលិត​អង្ករមាន​គុណភាព​ខ្ពស់​​បាន​៤០០តោនទៅ​៦០០តោនក្នុងមួយថ្ងៃ​ ឬ​៦២,៥តោន​ក្នុង​មួយម៉ោង​។ជាមធ្យម ម៉ាស៊ីនកិនស្រូវភាគច្រើន​នៅក្នុងប្រទេស​កម្ពុជា​បច្ចុប្បន្នកិនបាន​ពីប្រហែល៣តោនទៅ១០តោនក្នុងមួយម៉ោង។

លោក ពុទ្ធីវុធ បានពន្យល់ថា ក្រុមហ៊ុន សោម៉ា នឹង​ចុះ​កិច្ចសន្យា​​ជាមួយ​ប្រជាកសិករ​និង​​ឈ្មួញ​កណ្តាល​​ដើម្បី​ផ្តល់​តម្លៃខ្ពស់​​ជាងមុន​ដល់​ប្រជា​កសិករ​។ លោក​បានមាន​ប្រសាសន៍ថា ” យើង​នឹង​ផ្តល់​ឲ្យពួកគេនូវ​តម្លៃ​ខ្ពស់​ ​ដែលនាំ​មកនូវ​ប្រាក់​ចំណេញ​​ខ្ពស់​ជាងនេះ​ដល់​ពួកគាត់​”។

លោក ប្រា​សិទ្ធ ដាមរ៉ុង​​ជីថានន់ ប្រធាន CPI បានមាន​ប្រសាសន៍ថា ក្រុមហ៊ុនទាំងពីរនេះ​នឹងផ្តោតលើ​ការនាំចេញអង្ករ​​ទៅកាន់​ប្រទេស​ជាច្រើន​​ទៀត។ លោកបានមាន​ប្រសាសន៍ថា ” ការវិនិយោគរួមគ្នានេះ​ គឺជាជោគ​ជ័យ​មួយថ្មីទៀត​ក្នុង​វិស័យស្រូវ-អង្ករកម្ពុជា​ ដោយក្រុមហ៊ុន ស៊ីភី អុីនធឺត្រេដ នឹងនាំយកមកនូវ​បច្ចេកទេស​ថ្មី​​​របស់ខ្លួន​ក្នុងការ​កិន​និង​កែច្នៃ​​អង្ករ​ សម្រាប់​ធ្វើការ​​នាំ​ចេញ​ទៅកាន់​ទីផ្សារ​ជាង​១០០​ប្រទេស​​នៅទូទាំង​ពិភពលោក​”។

លោក ប្រា​សិទ្ធ ដាមរ៉ុង​​ជីថានន់ បានមាន​ប្រសាសន៍ថា ម៉ាស៊ីន​កិនស្រូវនិងកែ​ច្នៃ​​អង្ករ​ដែល​មាន​តម្លៃ​ពី១៥លានដុល្លារ​ទៅ​២០លានដុល្លារ នឹង​​ត្រូវនាំចូល​ពីប្រទេស​ជប៉ុន​​និង​សហ​រដ្ឋ​អាមេរិក​សម្រាប់គម្រោងនេះ​។

​យោងតាម​លេខាធិការដ្ឋាន​ច្រកចេញចូលតែមួយសម្រាប់​បំពេញបែបបទ​នាំចេញអង្ករ​បាន​ឲ្យដឹងថា បរិមាណ​​អង្ករ​នាំចេញ​ពីប្រទេស​កម្ពុជាក្នុងរយៈពេល​ប្រាំខែដំបូង​នៃឆ្នាំនេះ​ ក៏មានការ​កើនឡើង​ដល់​ជាង​១.៤០០តោន​ បើធៀបនឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​​២០១៣​ កើនពី​១៤៦.៨៥៤តោន​​​ទៅ​១៤៨.២៦២តោន​។

ក្រុមមន្ត្រីឧស្សាហកម្ម​​បាន​ឲ្យដឹងថា មានការកើនឡើងតិចតួចប្រហែល​១ភាគ​រយ​ ពី​ព្រោះ​ប្រទេសថៃ​លក់​អង្ករ​តម្លៃ​ថោក​ជាង​​​​អង្ករ​កម្ពុជា។ ឧទាហរណ៍ អង្ករសចម្រុះ​គ្រាប់​វែង​គុណភាពអន់​​ពីប្រទេស​ថៃ​ លក់​​នៅទីផ្សារ​អន្តរជាតិ​តម្លៃ​ប្រហែល​៣៣៥ដុល្លារ​ក្នុង​មួយ​តោន​ ចំណែកអង្ករកម្ពុជា​ប្រភេទដូចគ្នា​​លក់​ក្នុងតម្លៃ​៤១០ដុល្លារ​ក្នុង​មួយតោន។

លោក វ៉ាន់ ដេវីត អគ្គនាយក​សហព័ន្ធ​ស្រូវ-អង្ករកម្ពុជា និងជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នាំចេញអង្ករ BoostRiche បានមាន​ប្រសាសន៍ថា ” ប្រទេស​ថៃ​​បាន​បញ្ចេញ​​ស្តុកអង្ករ​គុណ​ភាពអន់​យ៉ាង​ច្រើន​ក្នុង​តម្លៃ​ថោក​ជាង​​អង្ករកម្ពុជា​”៕​ប៊ុននី​​​​​​​​​​

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស