26 C
Phnom Penh

តុលាការ​ចោទប្រកាន់អ្នកភូមិ​ម្នាក់​ពីបទ​រារាំង​ត្រាក់ទ័រ​របស់ក្រុមហ៊ុន​ចិន​នៅខេត្ត​រតនគិរី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីតុលាការ​ម្នាក់​បា​ន​និយាយ​ថា​ តំណាង​អ្នកភូមិ​ខេត្ត​រតនគិរីម្នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​កាលពីម្សិលមិញពីបទ​ជ្រៀតជ្រែក​ការ​ងារ​មន្ត្រីសាធារណៈដោយ​ខុស​ច្បាប់​ បន្ទាប់ពី​គាត់​បាន​​ដឹក​នាំ​អ្នកជិត​ខាង​មួយ​ក្រុម​ទៅ​រារាំង​ត្រាក់​ទ័រ​ឈូស​ឆាយ​ដី​​​​មួយ​​​គ្រឿង​​​របស់​ក្រុម​ហ៊ុន​ចិន​កុំឲ្យ​រាន​ដី​ដែល​មានវិវាទ​នៅ​ក្នុង​ស្រុក​បរកែវ កាលពីថ្ងៃ​អាទិត្យ​។

លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា តុលា​ការ​​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​លោក ខឹម សុខ កាលពី​ល្ងាច​ថ្ងៃពុធ ហើយ​បាន​ឃុំខ្លួន​គាត់​នៅ​ពន្ធនាគារ​ខេត្ត​។ ព្រះរាជអាជ្ញារូប​នេះ​បាន​មាន​ប្រសាសន៍​ថា “បន្ទាប់ពីការ​​សាក​សួរ​គាត់​​​កាលពីម្សិលមិញ យើង​បាន​ចោទ​ប្រកាន់គាត់ពីបទ​ជ្រៀត​ជ្រែក​ការ​ងារ​មន្ត្រីសាធារណៈ​​​ដោយ​ខុស​ច្បាប់​​”។

នៅពេល​​សុំ​ឲ្យ​បកស្រាយលម្អិត​អំពី​បទ​ល្មើស​ដែល​​​ចោទទៅលើ​លោក សុខ នោះ លោក វណ្ណដា គ្រាន់​​​តែ​​​បាន​មាន​ប្រសាសន៍​ថា “នេះ​គឺ​ជា​​​ការ​ស៊ើប​អង្កេត​របស់​តុលាការ។ យើង​មិន​អាច​ប្រាប់​អ្នក​បន្ថែម​ទៀត​អំពី​រឿង​នេះ​បាន​ទេ​”។

យោងតាម​លោក​ ឆាយ ធី អ្នកស​ម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​​​​អាដហុក​​​ប្រចាំ​ខេត្ត​នេះ​បាន​ឲ្យ​ដឹង​ថា ប្រជា​​​ជន​​​ប្រហែល​១០​គ្រួសារ​​​នៅ​ក្នុង​ឃុំ​កក់ ស្រុក​បរកែវ បានជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ Swift Rubber ​របស់​​​ចិន​ជាង​បី​​​ឆ្នាំ​មក​ហើយ បន្ទាប់ពី​ក្រុម​ហ៊ុន​នេះ​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​ត្រួត​ស៊ីគ្នា​នឹង​ដី​របស់​ក្រុម​អ្នក​ភូមិ។

ដីនេះ​ពីមុន​ត្រូវ​បាន​ទាម​ទារ​សិទ្ធិកាន់​កាប់​ដោយ​ក្រុម​ហ៊ុន​តាយសេង ដែល​ទទួល​បាន​សម្បទាន​ដីសេដ្ឋកិច្ច​កាលពី​ឆ្នាំ​១៩៩៦។

យោង​តាម​លោក ស៊ិន ប៊ុនថេន អ្នកភូមិ​ម្នាក់ដែលមាន​​វត្តមាន​នៅកន្លែង​កើត​ហេតុ​​​​​បាន​ឲ្យ​ដឹង​ថា កាលពីថ្ងៃ​អាទិត្យ លោក សុខ ​និង​អ្នក​ភូមិ​ប្រហែល​២០នាក់ទៀត​បាន​ប្រឈម​មុខ​​​ជាមួយ​​​​ត្រាក់​​​ទ័រ​​​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ Swift Rubber ​ដែល​គេ​​​ឲ្យ​​​មក​​រាន​ដី​​​ដែល​មាន​វិវាទ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​អ្ន​កភូមិ​បាន​ដាក់ពាក្យ​បណ្ដឹង​ផ្លូវ​ការ​ប្ដឹង​ក្រុម​ហ៊ុន​ Swift Rubber ​នេះ​​​តែ​​​មិន​​​ឃើញ​​​មាន​​​ចំណាត់​​​ការ​​​​ពី​ក្រុម​អាជ្ញាធរទេ។ លោក​បាន​បន្ថែម​​​ថា មុនការ​​​រារាំង​ត្រាក់ទ័រ​ឈូស​ឆាយ​នេះ​ ក្រុម​អ្នក​ភូមិបាន​ជូន​ដំណឹង​​​ដល់​​មន្ត្រីឃុំ​​​និង​នគរ​បាល​ថា ក្រុម​ហ៊ុន Swift Rubber ​បាន​រាន​ដី​របស់​ពួកគាត់​ដោយ​ខុស​ច្បាប់​។

លោក ប៊ុនថេន បានមាន​ប្រសាសន៍​ថា ” នៅពេល​យើង​ដាក់​ពាក្យ​ប្ត​ឹងក្រុម​ហ៊ុន​នេះ​ពីបទ​រាន​ដី​ និង​ចាប់​យក​ដី​របស់​យើង​ ពួកគេ​មិន​បាន​ចាត់​វិធានការ​ឡើយ​ ប៉ុន្តែ​នៅពេល​យើង​ទៅការ​ពារ​ដី​របស់​យើង​​​ ពួកគេ​បាន​ចាប់​ខ្លួនពួក​យើង​។ យើង​បាន​រស់​នៅ​ និង​កាន់​កាប់​ដី​នេះ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ។ ហេតុអ្វី​បាន​ជាយើង​មិន​អាច​រស់​នៅ​លើ​ដីរបស់យើង​​បាន?”។

កាលពីខែមុន អាជ្ញាធរ​បានឈូស​ឆា​យ​ផ្ទះ​សំបែង​អ្នក​ភូមិ​​​​ប្រហែល​២០០​គ្រួសារ​ ដែល​រស់​នៅ​លើ​ដី​សម្បទាន​របស់​ក្រុម​ហ៊ុន​ Swift Rubber ​នៅ​ក្នុង​ស្រុកអូរជុំ ខេត្ត​រតនគិរី ស្ថិតនៅភាគ​ពាយព្យនៃស្រុក​បរកែវ។ លោក ង៉េន បូរិន តំណាង​ក្រុម​ហ៊ុន​ Swift Rubber ​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បានទេ​៕ សារុន​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស