កាលពីថ្ងៃសុក្រ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានជួបជាមួយលោក សុរិយា ស៊ូបេឌី ប្រេសិតសិទ្ធិមនុស្សសហប្រជាជាតិ ដែលបានចំណាយពេលសប្ដាហ៍ដំបូងនៃបេសកកម្មលើកទី១១របស់លោកមកកាន់កម្ពុជា ដើម្បីតាមពិនិត្យមើលការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត ការងារ និងច្បាប់។

ក្រោយមក អ្នកធ្វើរបាយការណ៍ពិសេសរូបនេះបានជួបជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានមានប្រសាសន៍អំពីកំណែទម្រង់ គ.ជ.ប. និងការជាប់គាំងកំពុងតែបន្តក្រោយការបោះឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជាកាន់អំណាច។
បន្ទាប់ពីជំនួបរយៈពេលប្រហែលមួយម៉ោងរវាងលោក សុរិយា ស៊ូបេឌី និងលោក ស ខេង លោក ប៉ោ ភ័ក្ត្រ អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានទំនាក់ទំនងកិច្ចការអន្តរជាតិនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោក ស ខេង ត្រូវបានសាកសួរអំពីបញ្ហាមួយចំនួន រួមទាំងការវិលត្រឡប់របស់ពលករចំណាកស្រុកខ្មែរពីប្រទេសថៃវិញផងដែរ។ លោកបានមានប្រសាសន៍អំពីពលករខ្មែរយ៉ាងហោចណាស់២២៥.០០០នាក់ដែលវិលមកប្រទេសកម្ពុជាវិញក្នុងរយៈពេលពីរសប្ដាហ៍មុននេះថា ” [លោក ស ខេង] បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងប្រឈមបញ្ហានេះ ហើយកំពុងស្វាគមន៍ការវិលត្រឡប់របស់ប្រជាពលរដ្ឋពីប្រទេសថៃវិញ”។
លោកបានមានប្រសាសន៍បន្តទៀតថា “ជាដំបូង យើងបានផ្ដោតការយកចិត្តទុកដាក់លើការផ្ដល់លិខិតឆ្លងដែន និងអាហារដល់ពលករដែលរត់គេចខ្លួនពីស្ថានភាពចលាចល។យើងចង់ដឹងស្ថានភាពពិតថា តើពួកគាត់មានបំណងវិលទៅប្រទេសថៃវិញ ឬក៏បន្តធ្វើស្រែចម្ការ”។
នៅក្នុងកិច្ចសន្ទនាមួយស្របពេលមានការប្រកាសថា រដ្ឋាភិបាលនឹងរ៉ាប់រងការចំណាយលើថ្លៃលិខិតឆ្លងដែនសម្រាប់ពលករចំណាកស្រុក លោក ស ខេង ក៏បានមានប្រសាសន៍ដែរថា មន្ត្រីកំពុងពិចារណារិះរកវិធីធ្វើយ៉ាងណាកាត់បន្ថយចំនួនពលករដែលជួបបញ្ហាឲ្យនៅតិចបំផុត ពីព្រោះពួកគេគ្មានឯកសារត្រឹមត្រូវ។
លោក ស ខេង ដែលបានចូលរួមចរចាជាមួយគណបក្សសង្គ្រោះជាតិជុំវិញការបន្តធ្វើពហិការមិនចូលសភារបស់ពួកគេបានមានប្រសាសន៍ថា ការចរចាកំពុងតែបន្ត ហើយថា “គណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ពីជំហររបស់ខ្លួនច្បាស់លាស់ណាស់នៅក្នុងការចរចាថា ដំណោះស្រាយគឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ”។ លោកក៏បានការពារសេចក្ដីសម្រេចរបស់រដ្ឋាភិបាល ដែលហាមឃាត់មិនឲ្យមានការប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យជាបណ្ដោះអាសន្នផងដែរ ដោយលើកឡើងថា អ្នកតវ៉ាមិនគោរពច្បាប់។
អំឡុងជំនួបរយៈពេលពីរម៉ោងរវាងលោក សុរិយា ស៊ូបេឌី និងលោក កឹម សុខា លោកទាំងពីរបានពិភាក្សាអំពីស្ថានភាពជាប់គាំងផ្នែកនយោបាយ ដែលកំពុងបន្តកើតមាន នេះបើយោងតាមការឲ្យដឹងពីមេដឹកនាំគណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា បានថ្លែងទៅកាន់អ្នកយកព័ត៌មានបន្ទាប់ពីជំនួបនេះថា “បញ្ហាធំដែលយើងផ្តោតការយកចិត្តទុកដាក់ គឺជំហររបស់យើងដើម្បីបញ្ចប់ការជាប់គាំងនេះ។ យើងបានប្រាប់គាត់ថា ការខ្វែងគំនិតគ្នារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា គឺពាក់ព័ន្ធការធ្វើកំណែទម្រង់គ.ជ.ប.”។
សំដៅដល់ចំណុចជាប់គាំងនាពេលបច្ចុប្បន្ននៅក្នុងការចរចាស្ដីពីថា តើសមាជិករបស់គ.ជ.ប. នឹងត្រូវជ្រើសរើសដោយរបៀបណា ប្រសិនបើគណបក្សសង្គ្រោះជាតិទទួលយកអាសនៈរបស់ខ្លួននៅក្នុងរដ្ឋសភានោះ លោក កឹម សុខា បានមានប្រសាសន៍ថា ” គណបក្សប្រជាជនកម្ពុជាចង់បាន៥០បូក១ ហើយគណបក្សសង្គ្រោះជាតិចង់បាន២ភាគ៣”។ លោកបានបន្តថា ” ប្រសិនបើគ្មានការផ្លាស់ប្ដូរគ.ជ.ប.ទេ យើងនឹងមិនចូលរដ្ឋសភាជាដាច់ខាត។ [នេះជាអ្វីដែល]យើងបានប្រាប់គាត់”៕ សុខុម