32 C
Phnom Penh

កម្មករបិទ​ខ្លោងទ្វារ​រោងចក្រជប៉ុនផលិតឡាំងក្រដាស​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករប្រហែល​៨០នាក់់​​ដែល​តវ៉ា​ប្រឆាំង​នឹង​​រោងចក្រ​ជប៉ុនមួយដែល​ផលិត​ឡាំង​ក្រដាសក្នុង​រាជធានីភ្នំពេញ​ បាន​បិទ​ខ្លោង​ទ្វារ​រោងចក្រ​នេះ​កាលពីថ្ងៃ​សុក្រ បន្ទាប់ពី​អ្នក​គ្រប់​គ្រង​មិន​ព្រម​រៀបចំ​កិច្ច​​ប្រជុំជាមួយ​និយោជិត​។

កម្មករ​ជាច្រើននាក់​បាន​ដុត​កង់​ឡាន​នៅមុខ​រោងចក្រ​ HartaPackaging ដែលពួកគេ​បាន​និង​កំពុង​តែ​តវ៉ា​តំាងពីខែកុម្ភៈមក ដើម្បី​ទាមទារ​ប្រាក់​អតីតភាព​ការងារ​គិត​មក​ដល់​ដើម​ឆ្នាំ​២០១៤​។ យោង​តាម​​តំណាង​សហជីព កូដកម្ម​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ​កាលពី​ខែកុម្ភៈ ត្រូវ​បានបញ្ចប់​ដោយ​សារ​តែ​មាន​បទ​បញ្ជា​របស់​តុលា​ការ​ បន្ទាប់ពី​រោងចក្រ​នេះ​បានបណ្ដេញ​កម្មករ​ចំនួន​២៨៥​នាក់ចេញ​​។

លោក យិន គា អនុប្រធាន​រដ្ឋបាល​ខណ្ឌពោធិ៍សែនជ័យ បាន​មាន​ប្រសាសន៍​ថា “ថ្ងៃនេះ​នៅ​ឯ​កន្លែង​តវ៉ា​ យើង​បាន​ឃើញ​កម្មករ​បិទ​ខ្លោង​ទ្វារ​រោងចក្រ​ ប៉ុន្តែ​យើង​មិន​បាន​បង្ក្រាប​ទេ ពីព្រោះយើង​កំពុង​តែរង់ចាំមើល ថាតើ​រោងចក្រ​នេះអាច​រកដំណោះ​ស្រាយ​ជាមួយ​កម្មករ​បាន​ដែរ​ឬយ៉ាង​ណា​”។

យោងតាម​លោក យិន គា បានឲ្យ​ដឹង​ថា លោក កែវ សុជាតិ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានីភ្នំពេញ​ ទទួល​បាន​ពាក្យ​បណ្ដឹង​មួយ​ពី​រោងចក្រ​​នេះ​កាលពីព្រឹកថ្ងៃសុក្រ អំពី​ការ​តវ៉ា​ដែល​រារាំង​កម្មករ​មិន​ឲ្យ​ចេញចូលរោងចក្រ​នេះ ហើយ​បាន​ប្រាប់​កម្មករ​ថា លោក​នឹង​ចោទ​ប្រកាន់​ក្រុម​តំណាងសហជីព​ទាំងនេះ ប្រសិន​បើ​ពួកគេ​មិន​ព្រម​​ចេញ​។

លោក​ ពុធ សុវណ្ណ ប្រធាន​សហព័ន្ធសហជីព​សេរីកម្មករ បាន​មាន​ប្រសាសន៍​ថា “ព្រះ​រាជ​អាជ្ញារូប​នេះ​បន្ទោស​កម្មករ​ថា ធ្វើការ​តវ៉ា​ខុស​ច្បាប់​ ប៉ុន្តែរោងចក្រ​មិន​បាន​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ទេ”។ យោងតាម​លោក សុវណ្ណ បាន​ឲ្យដឹង​ថា ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​បាន​ចេញបទ​បញ្ជា​មិនចងភ្ជាប់កាតព្វកិច្ច​ មួយ​កាលពី​សប្ដាហ៍មុន ដោយ​លើកឡើង​ថា ​ត្រូវតែ​មាន​ការ​បើក​ប្រាក់​អតីតភាព​ការ​ងារ​ឲ្យកម្មករ​។ លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំគិត​ថា យើង​គួរ​តែ​រំលាយ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​នេះ ពីព្រោះ​រោងចក្រ​មិន​គោរព​សេចក្ដី​សម្រេច​ឡើយ​”។

អ្នក​តវ៉ា​ម្នាក់​ឈ្មោះ ហុង ណាង អាយុ​២៨​ឆ្នាំ​បានលើកឡើង​ថា ការ​គំរាម​កំហែង​ពី​ព្រះរាជអាជ្ញា​រូប​នេះធ្វើ​ឲ្យ​អ្នក​ស្រី​មាន​អារម្មណ៍ភ័យ​​តិចតួច​​។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំនឹង​នៅតែ​តវ៉ា​រហូត​ដល់​ខ្ញុំ​ទទួល​បាន​ប្រាក់​អតីតភាព​ការ​ងារ​របស់​ខ្ញុំ​ បើទោះជាការ​តវ៉ា​នេះ​ត្រូវ​បានអាជ្ញាធរ​បង្ក្រាប​ក៏ដោយ។ ម្ចាស់​រោងចក្រ​ឃើញ​យើង​តវ៉ា​ ហើយ​យកពេលទៅ​ប្ដឹងពួក​យើងពីបទ​ឃុំខ្លួន​ ប៉ុន្តែ​យើង​មិន​បាន​ឃុំ​ខ្លួន​នរណា​ម្នាក់​ទេ យើង​គ្រាន់តែ​មិន​ចង់​ឲ្យរោងចក្រ​នេះ​ដឹក​ជញ្ជូន​សម្ភារ​ ឬទំនិញ​ចេញពីរោងចក្រ រហូត​ទាល់តែ​​គេ​បើក​ប្រាក់​ឈ្នួល​ឲ្យពួក​​យើង​”។

ទោះ​​ជាយ៉ាងណា លោក ស៊ីវ៉ា គូម៉ា អ្នក​គ្រប់​គ្រង​រោងចក្រ Harta ​បាន​អះអាង​ថា ការ​បិទ​ខ្លោង​ទ្វារ​នេះគឺ​ជា​សកម្មភាព​ខុស​ច្បាប់​។ លោក​បាន​មាន​ប្រសាសន៍​ថា “នេះជាការ​តវ៉ា​ខុស​ច្បាប់​​ ពីព្រោះ​គេមិនអាច​ចេញ​ពី​រោង​ចក្រ​បាន​ឡើយ​”៕ ប៊ុននី​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស