លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់កាលពីថ្ងៃសុក្រថា អាជ្ញាធរថៃបានចាប់ខ្លួននិងកំពុងរៀបចំជំនុំជម្រះពលករចំណាកស្រុកខ្មែរចំនួន១៣នាក់ ដែលត្រូវបានចាប់ខ្លួនដោយសារមានបោះត្រាក្លែងក្លាយនៅលើសំណុំឯកសាររបស់ពួកគេ ខណៈពួកគេព្យាយាមត្រឡប់មកកាន់ស្រុកកំណើតវិញ។
រដ្ឋាភិបាលក៏បានប្រកាសគម្រោងការមួយផងដែរ ដើម្បីចេញថ្លៃលិខិតឆ្លងដែនឲ្យពលករចំណាកស្រុកនិងសិស្ស និស្សិត។ ចំណុចនេះមានន័យថា ពេលនេះឯកសារធ្វើលិខិតឆ្លងដែននឹងត្រូវចំណាយតែបួនដុល្លារប៉ុណ្ណោះ មិនមែន១២៤ដុល្លារដូចធម្មតានោះទេ។
យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា ពលករដែលត្រូវបានចាប់ខ្លួន ស្ថិតក្នុងចំណោមជនជាតិខ្មែរជាង២០០.០០០នាក់ ដែលភាគច្រើនចំណោមពួកគេជាពលករគ្មានឯកសារគ្រប់គ្រាន់ឬខុសច្បាប់ ដែលភៀសខ្លួនពីប្រទេសថៃ ចាប់តាំងពីរដ្ឋាភិបាលគ្រប់គ្រងដោយយោធាឡើងកាន់អំណាចកាលពីខែមុន ជាហេតុបណ្តាលឲ្យមានការភ័យខ្លាចអំពីការប្រើអំពើហិង្សា និងការចាប់ខ្លួន។ មកទល់ពេលនេះ ពលករយ៉ាងតិច២២៥.០០០នាក់បានឆ្លងដែនត្រឡប់មកកម្ពុជាវិញ។
លោក កុយ គួង បានមានប្រសាសន៍តាមទូរស័ព្ទកាលពីព្រឹកថ្ងៃសុក្រថា”ពលករចំណាកស្រុកចំនួន៣៨នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តស្រះកែវ ប្រទេសថៃ កាលពីសប្តាហ៍មុន”។ ប៉ុន្តែ ក្រោយមកភ្លាមនោះ លោកបានកែប្រែតួលេខនេះមកចំនួន១៣នាក់វិញ ដោយផ្អែកលើព័ត៌មានថ្មី។ លោកបានឲ្យដឹងទៀតថា ពលករទាំងនេះបានប្រើប្រាស់លិខិតឆ្លងដែនពិត។ លោកបានមានប្រសាសន៍ថា “គ្មាននរណាម្នាក់ចំណោមពួកគេដឹងថា ទិដ្ឋាការធ្វើការងាររបស់ខ្លួនក្លែងកា្លយទេ ដោយសារតែពួកគេមិនបានទៅពន្យារលិខិតឆ្លងដែនរបស់ខ្លួនដោយខ្លូនឯង”។
ពួកគេបានឲ្យមេខ្យល់ទៅពន្យារទិដ្ឋាការធ្វើការរបស់ខ្លួន ដូច្នេះយើងត្រូវតាមរកមេខ្យល់នោះ ក៏ប៉ុន្តែយើងមិនទាន់ដឹងទេថា មេខ្យល់នោះជាជនជាតិខ្មែរ ឬជនជាតិថៃនៅឡើយទេ។ខ្ញុំឮថា អាជ្ញាធរថៃកំពុងរៀបចំបញ្ជូនពួកគេទៅតុលាការហើយ”។ លោកបានឲ្យដឹងបន្ថែមទៀតថា មន្ត្រីកម្ពុជានៅប្រទេសថៃកំពុងខិតខំរកមេធាវីឲ្យការពារក្រុមនេះ។
កាលពីខែធ្នូឆ្នាំ២០១២ អាជ្ញាធរថៃបានចាប់ផ្តើមចេញអត្តសញ្ញាណប័ណ្ណឲ្យពលករខ្មែរដែលមិនទាន់មានឯកសារត្រឹមត្រូវ ដើម្បីឲ្យពួកគេអាចធ្វើការនៅប្រទេសថៃដោយស្របច្បាប់។ ពីរខែក្រោយមក ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកកបានឲ្យដឹងថា ខ្លួននឹងចេញលិខិតឆ្លងដែនក្នុងតម្លៃ៧៤ដុល្លារ មិនមែន១២៤ដុល្លារ ដែលប្រជាជនត្រូវចំណាយលើលិខិតឆ្លងដែនទាំងនោះក្នុងរាជធានីភ្នំពេញទេ។
ក៏ប៉ុន្តែក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានប៉ាន់ស្មានថា ក្នុងចំណោមពលករចំណាកស្រុកខ្មែរ៤០០.០០០នាក់ មានតែប្រហែល៩០.០០០នាក់ប៉ុណ្ណោះដែលមានឯកសារត្រឹមត្រូវសម្រាប់ធ្វើការនៅទីនោះ។
នៅក្នុងអនុក្រឹត្យដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខា ហើយចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ មានដំណោះស្រាយមួយផ្សេងទៀតត្រូវបានបង្ហាញ។ រដ្ឋាភិបាលនឹងយកថ្លៃលិខិតឆ្លងដែនតែបួនដុល្លារប៉ុណ្ណោះពីពលករចំណាកស្រុកនិងសិស្សនិស្សិតជាប់អាហារូបករណ៍ ហើយឯកសារផ្សេងៗនឹងត្រូវបានរៀបចំរួចរាល់ក្នុងរយៈពេល២០ថ្ងៃ បន្ទាប់ពីពួកគេបានដាក់ពាក្យស្នើសុំ។
មាត្រា១នៃអនុក្រឹត្យនេះចែងថា “ត្រូវបានផ្តល់លិខិតឆ្លងដែនធម្មតាជូនពលករ ពលការិនីខ្មែរ ដែលត្រូវទៅធ្វើការដោយស្របច្បាប់នៅបរទេស ដោយអាករជាបន្ទុករបស់រដ្ឋ ក៏ប៉ុន្តែពលករ ពលការិនី ត្រូវបង់ប្រាក់ចំនួន៤(បួនដុល្លារ)អាមេរិកសម្រាប់ថ្លៃថតរូប”។ លោក ទិត្យ សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបានឲ្យដឹងថា សេចក្តីសម្រេចនេះមានគោលបំណងកាត់បន្ថយបន្ទុករបស់ពលករនិងនិស្សិតដែលចង់ទៅក្រៅប្រទេស។
យោងតាមលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា ប្រជាជនខ្មែរយ៉ាងតិចប្រាំបីនាក់ត្រូវបានសម្លាប់ និង១៩ឲនាក់រងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេលព្យាយាមចាកចេញពីស្ថានភាពដែលអាចកើតមានភាពចលាចល ហើយទោះបីជាអាជ្ញាធរថៃបានបដិសេធថា មិនមានគោលនយោបាយបណ្តេញពលករចំណាកស្រុកខុសច្បាប់ក៏ដោយ ក៏ប្រជាជនខ្មែរដែលបានត្រឡប់មកវិញបាននិយាយអំពីប្រតិបត្តិការឆ្មក់ចាប់ ការចាប់ជម្រិតការចាប់ខ្លួន ការគំរាមកំហែង និងការបាញ់ប្រហារ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយកាលពីថ្ងៃសុក្រស្របពេលមានកិច្ចប្រជុំមួយ ដែលត្រូវបានប្រារព្ធឡើងដើម្បីពិភាក្សាអំពីស្ថានភាពមិនសូវស្រួលនៅតំបន់ព្រំដែន អង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា ខ្លួនយល់ឃើញថា អាជ្ញាថៃមានសិទ្ធិបញ្ជូនពលករដែលមិនមានឯកសារត្រឹមត្រូវមកប្រទេសរបស់ខ្លួនវិញ។
អង្គការអាដហុកបានលើកឡើងថា “ទោះជាយ៉ាងណា រដ្ឋាភិបាលយោធាថៃគួរតែបានធ្វើបែបនេះដោយមនុស្សធម៌ និងដោយក្តីគោរពសេចក្តីថ្លៃថ្នូររបស់ប្រជាជនខ្មែរ”។
អង្គការសិទ្ធិមនុស្សបានលើកឡើងបន្ថែមទៀតថា “រដ្ឋាភិបាលយោធាថៃគួរតែបានរៀបចំនិងបង្កើតផែនការសម្រាប់បញ្ជូនពលករកម្ពុជាមកប្រទេសខ្លួនវិញ ដោយប្រកាសផែនការទាំងនេះឲ្យបានទៀងទាត់ និងរៀបចំការបញ្ជូនមកប្រទេសវិញឲ្យបានត្រឹមត្រូវ មិនមែនយកពួកគេទៅដាក់នៅលើឡានដូចសត្វធាតុនោះទេ។ រដ្ឋាភិបាលយោធាថៃគួរតែបានសហការជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តនិងសម្រេចជោគជ័យក្នុងផែនការទាំងនេះ”។
នៅក្នុងការជួបជុំគ្នារបស់ពលករចំណាកស្រុកខុសច្បាប់ដែលបានត្រឡប់មកវិញនោះ ពលករមួយរូបដែលបានបដិសេធមិនប្រាប់ឈ្មោះរបស់ខ្លួន ដោយសារតែព្រួយបារម្ភអំពី ការសងសឹក បានឲ្យដឹងថា លោកបានធ្វើការនៅប្រទេសថៃជាកម្មករសំណង់អស់រយៈពេលមួយឆ្នាំ ក៏ប៉ុន្តែបានចាកចេញមកវិញ បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារមួយកើតឡើង។
លោកបានមានប្រសាសន៍ថា “កាលពីថ្ងៃទី១០ ខែមិថុនា នៅពេលព្រឹក ខ្ញុំបានឮសំឡេងបាញ់កាំភ្លើងបីគ្រាប់ ហើយប្រហែល២០នាទីក្រោយមក មានកម្មករមួយចំនួនបានមកការដ្ឋាន ហើយបានប្រាប់យើងថា គេបាញ់ប្រជាជនខ្មែរបីនាក់”។
អង្គការឃ្លាំមើលសិទ្ធិមនុស្សកាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យរដ្ឋាភិបាលយោធាថៃ”ពង្រឹងកិច្ចការពារសិទ្ធិមនុស្សរបស់ពលករចំណាកស្រុកជាបន្ទាន់ ដើម្បីបញ្ចប់សកម្មភាពត្រឡប់មកប្រទេសវិញក្នុងទ្រង់ទ្រាយធំ”។
សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សមានខ្លឹមសារថា” ពលករខ្មែរជាង២០០.០០០នាក់បានត្រឡប់មកប្រទេសកម្ពុជាវិញ នេះបើយោងតាមអង្គការអន្តោប្រវេសន៍អន្តរជាតិ និងនគរបាលខ្មែរ”។
សេចក្តីថ្លែងការណ៍ដដែលមានខ្លឹមសារបន្តទៀតថា “យ៉ាងហោចណាស់មានពលករចំណាកស្រុកប្រាំបីនាក់់ដែលបានវិលត្រឡប់មកប្រទេសវិញនោះ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវនៅប្រទេសថៃ ហើយភាគច្រើនក្នុងចំណោមពួកគេបានឆ្លងដែនមកប្រទេសកម្ពុជា ក្នុងស្ថានភាពស្គមស្គាំងនិងសុខភាពមិនល្អ មុនពេលធ្វើចល័តភាពទៅតំបន់ផ្សេងៗនៃប្រទេស”។ លោក ប៉ាក់ឌី ទូចចាយុត ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាមិនអាចទំនាក់ទំនងសុំធ្វើអត្ថាធិប្បាយបានទេ៕ ប៊ុននី
(រាយការណ៍បន្ថែមដោយ គុច ណារ៉េន)