ដោយទាំងប្រទេសថៃ និងប្រទេសកម្ពុជាជួបស្ថានការណ៍លំបាកដោយសាររំហូរដ៏គំហុកនៃកម្មករខ្មែរជាង២០០.០០០នាក់ចេញពីប្រទេសថៃនោះ ប្រទេសទាំងពីរឥឡូវនេះកំពុងធ្វើការរួមគ្នាក្នុងការព្យាយាមដើម្បីឲ្យពួកគេបានទៅធ្វើការងារចាស់របស់ខ្លួនវិញដោយស្របច្បាប់ ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។
ប្រជាជនខ្មែរប្រហែល២២៥.០០០នាក់ ភាគច្រើនបំផុតគ្មានឯកសារទេ បានរត់ចោលការងាររបស់ខ្លួននៅប្រទេសថៃក្នុងពេលពីរសប្តាហ៍កន្លងទៅនេះ ដោយសារមានពាក្យចចាមអារ៉ាមពីមួួយទៅមួយអំពីការបង្ក្រាបលើពលករខុសច្បាប់ពីសំណាក់កងទ័ពថៃ ដែលកំពុងគ្រប់គ្រងប្រទេសយ៉ាងតឹងរឹុងជាងពេលណាទាំងអស់ចាប់តាំងពីបានផ្តួលរំលំរដ្ឋាភិបាលនៅទីក្រុងបាងកកកាលពីខែមុនមក។
ក្រុមហ៊ុនថៃជាច្រើនបានចាប់ផ្តើមត្អូញត្អែរអំពីការខាតបង់ដ៏ច្រើនថា ការចាកចេញដ៏គំហុកមាននៅតាមកសិដ្ឋាន ការដ្ឋានសំណង់ និងរោងចក្រអាហារសមុទ្រនៅទូទាំងតំបន់នៅភាគខាងកើតប្រទេសថៃ។
នៅប្រទេសកម្ពុជា រដ្ឋាភិបាលកំពុងប្រញាប់ប្រញាល់ស្វែងរកការងារថ្មី និងជំនាញថ្មីនៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលដែលគ្មានឧបករណ៍ចាំបាច់គ្រប់គ្រាន់ សម្រាប់អ្នកដែលត្រឡប់មកវិញទាំងនោះ។
ដោយចង់ឲ្យពួកគេអាចត្រឡប់ទៅប្រទេសថៃវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយ បញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនសម្រាប់កម្មករចំណាកស្រុកពី១២៤ដុល្លារមកត្រឹម៤ដុល្លារ និងត្រូវផ្តល់ជូនពលករ ពលការិនី និងសិស្ស និស្សិតខ្មែរ ក្នុងរយៈពេលយ៉ាងយូរ២០ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលពាក្យស្នើសុំ។
កាលពីថ្ងៃសុក្រ លោក អិុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញឲ្យដឹងវិធានការថែមទៀតដែលប្រទេសកម្ពុជានិងប្រទេសថៃនឹងធ្វើរួមគ្នាដើម្បី កាត់បន្ថយពេលវេលា និងភាពស្មុគស្មាញផ្សេងៗក្នុងការទទួលបានវិញ្ញាបនបត្របញ្ជាក់។
លោកបានមានប្រសាសន៍ថា ចាប់ផ្តើមពីខែក្រោយទៅ ក្រុមមន្ត្រីថៃនិងកម្ពុជា នឹងធ្វើការរួមគ្នានៅការិយាល័យច្រកចេញចូលតែមួយចំនួនបីកន្លែងនៅតាមច្រកទ្វារព្រំដែនអន្តរជាតិក្នុងខេត្តបន្ទាយមានជ័យ កោះកុង និងខេត្តប៉ៃលិន ដើម្បីផ្គូផ្គងកម្មករជាមួយនឹងនិយោជកថៃ ហើយចេញឲ្យពួកគេនូវវិញ្ញាបនបត្រនិងឯកសារអនុញ្ញាតឲ្យធ្វើការចាំបាច់។
លោក អិុត សំហេង បានមានប្រសាសន៍ថា “ការិយាល័យច្រកចេញចូលតែមួយនឹងផ្តល់សេវាផ្លូវការពីរដ្ឋាភិបាលទាំងពីរ។ នោះមានន័យថា ប្រទេសថៃនឹងផ្តល់ព័ត៌មានដល់យើងអំពីក្រុមហ៊ុនណាខ្លះនៅប្រទេសថៃដែលអាចប្រើកម្មករមកពីប្រទេសកម្ពុជាដោយស្របច្បាប់ ដូច្នេះអ្នកដែលត្រូវធ្វើការនៅទីនោះនឹងមិនព្រួយបារម្ភ ឬខ្លាចថា ពួកគេនឹងត្រូវគេប្រព្រឹត្តបំពាន ឬដេញចេញឡើយ។ “ទី២ ក្រសួងការងារនឹងចេញវិញ្ញាបនបត្រសម្រាប់ធ្វើការនៅក្រៅប្រទេស។ មានវិញ្ញាបនបត្រនេះ ប្រទេសថៃនឹងចេញលិខិតអនុញ្ញាតឲ្យធ្វើការដល់កម្មករទាំងនោះដើម្បីស្នាក់នៅក្នុងប្រទេសថៃ និងនៅជាមួយក្រុមហ៊ុនណាមួយដោយស្របច្បាប់។ ការងារស្របច្បាប់ និងមានសុវត្ថិភាព”។
លោករដ្ឋមន្ត្រីមិនបានបញ្ជាក់ច្បាស់ថា ពេលណានៅខែកក្កដា សេវាច្រកចេញចូលតែមួយនឹងបើកដំណើរការ ឬថាតើរដ្ឋាភិបាលនឹងបញ្ចុះតម្លៃវិញ្ញាបនបត្រការងារឬយ៉ាងណានិងមូលហេតុមួយផ្សេងទៀតដែលប្រជាជនខ្មែរជាច្រើនទៅធ្វើការនៅប្រទេសថៃ ជាញឹកញាប់ជ្រើសរើសផ្លូវខុសច្បាប់នោះទេ។
លោក គោសុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានឮពីក្រុមមន្ត្រីព្រំដែនថា រដ្ឋាភិបាលថៃក៏បានបញ្ចុះតម្លៃប័ណ្ណការងារពីតម្លៃសព្វថ្ងៃ២មឺុនបាត មកត្រឹម២.០០០បាត (ប្រហែល៦១,៦០ដុល្លារ)”ដែរ។ លោកបានមានប្រសាសន៍ថា ” ឥឡូវនេះខ្ញុំឮថា ពួកគេ [ កម្មករចំណាកស្រុក] នឹងត្រូវការតែ២.០០០បាតប៉ុណ្ណោះសម្រាប់ប័ណ្ណការងារមួយ ដើម្បីធ្វើការនៅប្រទេសថៃសម្រាប់រយៈពេលប្រាំមួយខែ”។
ដោយខេត្តរបស់លោកតែមួយបានទទួលអ្នកត្រឡប់មកស្រុកវិញ ប្រហែល២៧.០០០នាក់នោះ លោក សារឿត សង្ឃឹមថា ការបញ្ចុះតម្លៃដ៏ច្រើននេះនឹងនាំឲ្យពួកគេជាច្រើនអាចត្រឡប់ទៅប្រទេសថៃវិញក្នុងពេលឆាប់ៗ និងដោយស្របច្បាប់។
នៅខេត្តកំពង់ធំ អ្នកមីង សូ អាន ដែលមានកូន ចៅ និងសមាជិកគ្រួសារផ្សេងទៀតចំនួន១១នាក់ ដែលបានធ្វើចំណាកស្រុកទៅប្រទេសថៃរកការងារធ្វើ បានស្វាគមន៍ការបញ្ចុះតម្លៃនេះ ប៉ុន្តែ បានសំដែងការព្រួយបារម្ភថា ការយកថ្លៃលួចលាក់និងសំណូក នឹងធ្វើឲ្យមានតម្លៃខ្ពស់ជាងការកំណត់ជាផ្លូវការដដែល។
អ្នកមីងបាននិយាយថា ” ខ្ញុំបារម្ភថា ពួកគេនឹងទារតម្លៃច្រើនជាងតម្លៃដែលបានកំណត់។ ពួកគេតែងតែនិយាយយ៉ាងនេះយ៉ាងនោះ ហើយទារលុយថែម។ ពួកគេនិយាយថា ៤ដុល្លារ ប៉ុន្តែ តាមជាក់ស្តែងវានឹងច្រើនជាងនេះ”។
អូន ឆៃអេង ជាកូនស្រីរបស់មីងអាន ដែលបានរត់ចេញពីប្រទេសថៃកាលពីសប្តាហ៍មុនព្រោះខ្លាចត្រូវគេចាប់ខ្លួននោះ បាននិយាយថា នាងចង់ត្រឡប់ទៅវិញខ្លាំងណាស់។
នាងបាននិយាយថា ធ្វើការងារសំណង់នៅភ្នំពេញ នាងអាចរកបានល្មមតែចាយម្នាក់ឯង។ នៅប្រទេសថៃនាងនឹងប្តីរបស់នាងអាចរកប្រាក់ផ្ញើមកផ្ទះជាង១៥០ដុល្លារក្នុងមួយខែ។ នាងបាននិយាយថា ” ខ្ញុំអាចសន្សំប្រាក់ខ្លះផ្ញើមកផ្ទះឲ្យកូនៗរបស់ខ្ញុំ។ ខ្ញុំចង់ត្រឡប់ទៅធ្វើការនៅទីនោះវិញ។ នៅស្រុកខ្មែរ ខ្ញុំមិនអាចរកប្រាក់បានទេ”។
ក្នុងពេលជាមួយគ្នានេះ នៅតាមបណ្តោយព្រំដែន ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា ការឆ្លងដែនរាល់ថ្ងៃបានបន្តធ្លាក់ចុះយ៉ាងច្រើនកាលពីចុងសប្តាហ៍ពីចំនួនដ៏ច្រើនបំផុតមួយសប្តាហ៍មកនេះ។
នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ កាលពីចុងសប្តាហ៍មុន ក្រុមមន្ត្រីបាននិយាយថា ពលរដ្ឋខ្មែរច្រើនជាង៤០.០០០នាក់បានសម្រុកចេញពីប្រទេសថៃតែក្នុងពេលមួយថ្ងៃប៉ុណ្ណោះ។
កាលពីម្សិលមិញ លោក សែម មករា អនុប្រធាននគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែននេះ បាននិយាយថា ពលរដ្ឋខ្មែរមិនដល់៧.០០០នាក់បានឆ្លងកាត់កាលពីថ្ងៃសៅរ៍ ហើយតិចជាង២.០០០នាក់បានឆ្លងព្រំដែនកាលពីម្សិលមិញ គិតត្រឹមម៉ោង៣និង៤០នាទីរសៀល។
យោងតាមចំនួនផ្លូវការរបស់រដ្ឋាភិបាល ពលរដ្ឋខ្មែរយ៉ាងហោចណាស់ប្រាំបីនាក់បានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ពេលរត់ចេញពីប្រទេសថៃ ឬបានលង់ទឹកស្លាប់ពេលព្យាយាមគេចចេញពីការចាប់ខ្លួន។ សេចក្តីរាយការណ៍ពីអង្គការក្រៅរដ្ឋាភិបាលនានា និងសាក្សីជាច្រើននាក់បានកំណត់ចំនួនអ្នកស្លាប់ដល់ទៅ១០នាក់។
រដ្ឋាភិបាលបានឲ្យដឹងថា ពលរដ្ឋខ្មែរ១៣នាក់ក៏ត្រូវបានចាប់ខ្លួននៅប្រទេសថៃកាលពីសប្តាហ៍មុនដែរ ពីបទប្រើឯកសារការងារក្លែងក្លាយ។ កាលពីថ្ងៃសុក្រ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា ពលរដ្ឋខ្មែរទាំង១៣នាក់នោះនឹងត្រូវគេបញ្ជូនទៅតុលាការ ហើយនឹងត្រូវផ្តល់មេធាវីឲ្យ។លោក កុយ គួង មិនអាចទាក់ទងដើម្បីសុំការអធិប្បាយបានទេកាលពីម្សិលមិញ។
លោក ផាកឌី ទូឆៃយុទ្ធ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានមានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មានផ្លូវការអំពីរឿងក្តីនៅតុលាការ ឬការខិតខំរបស់របបយោធាថៃដើម្បីនាំកម្មករចំណាកស្រុកដែលបានភៀសខ្លួនចេញពីប្រទេសថៃ ត្រឡប់ទៅវិញដោយស្របច្បាប់នោះទេ៕ មានិត
(រាយការណ៍បន្ថែមដោយ សាំង សុឥន្ទរិទ្ធ និង ZsomborPeter)