31 C
Phnom Penh

រដ្ឋសភានឹង​កោះហៅ​រដ្ឋមន្ត្រី​បីរូប​មក​សាកសួរ​នៅ​សប្តាហ៍ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​រដ្ឋសភា​បានឲ្យដឹង​​កាលពីម្សិលមិញ​ថា រដ្ឋសភា​គ្រោង​កោះហៅ​រដ្ឋមន្ត្រី​បីរូប​មក​សាកសួរ​ជំុវិញ​ការ​ផ្តល់​សំណង​ដល់​គ្រួសារ​ដែលត្រូវ​បាន​ផ្លាស់ទីលំនៅ ឬ​រងផល​ប៉ះពាល់​ដោយ​សារ​គម្រោង​អភិវឌ្ឍន៍។

លោក ជាម យៀប សមាជិក​សភា​ជាន់ខ្ពស់​គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​ថា រដ្ឋសភា​នឹង​សរសេរ​លិខិត​ទៅ​លោក សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក​និង​ឧតុនិយម និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​នៅសប្តាហ៍ក្រោយ​ ស្នើ​ឲ្យ​លោក​ទាំងបី​មក​បង្ហាញខ្លួន​នៅ​រដ្ឋសភា​ដើម្បី​សាកសួរ​។ លោក​បាន​មាន​ប្រសាសន៍ថា “​យើង​នឹង​អញ្ជើញ​លោក​ទាំង​បីរូប​មកសាកសួរ​អំពី​បញ្ហា​ទូទៅ​មួយ​ចំនួន”។

កាលពី​សប្តាហ៍មុន លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែនិងថាមពល​បាន​បង្ហាញខ្លួននៅ​រដ្ឋ​សភា​ ដើម្បីបកស្រាយ​បញ្ហាមួយ​ចំនួន​ទាក់​ទងនឹង​ការ​កាប់ឈើ​ខុសច្បាប់​នៅក្នុង​​​អាង​ស្តុកទឹកទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ដែលមាន​កម្លាំង​៤០០មេហ្គាវ៉ាត់​នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង។

លោក​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​បង្ហាញខ្លួន​ភ្លាម​ៗ​បន្ទាប់ពី​លោក ឡូយ សុផាត សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​អតីត​អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​លើក​ឡើង​នូវ​កង្វល់​មួយ​ចំនួន​នៅក្នុង​រដ្ឋ​សភាថា តំបន់​សម្បទាន​ទំហំ​៣៦.០០០ហិកតាបាន​ក្លាយ​ជា​កន្លែង​កាប់​ឈើ​ “មិន​អាច​គ្រប់​គ្រង​​បាន​” ពី​សំណាក់​ឈ្មួញ​មាន​អំណាច។

ទោះ​ជាយ៉ាងណា សំណួរ​ដែល​រដ្ឋសភាឯក​បក្ស​សួរ​ទៅលោក ស៊ុយ សែម ​​មិន​ពាក់​ព័ន្ធ​នឹង​ការ​កាប់ឈើ​ខុស​ច្បាប់​ទេ។ និយាយទៅកាន់​អ្នកយក​ព័ត៌មាន​បន្ទាប់ពី​ការ​​​សួរ​​ឆ្លើយ​​​ លោក ស៊ុយ សែម បាន​មាន​ប្រសាសន៍ថា ការ​រានព្រៃខុស​ច្បាប់​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​មិន​មែន​ជា​ការ​ទទួលខុសត្រូវរបស់​លោក​ទេ ហើយ​ក្រសួង​កសិកម្ម​និង​ក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត​្ថុគួរ​តែ​ជា​អ្នក​ដោះ​ស្រាយ។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញថា សមាជិកសភាប្រហែល​ជា​សាកសួរ​រដ្ឋមន្ត្រី​ទាំង​បីរូបនេះ​ទាក់ទង​​​នឹង​​​ទំនប់​វារី​អគ្គិសនី​សេសានក្រោម​២ ប៉ុន្តែ​លោក​មិន​និយាយ​លម្អិតឡើយ។ លោក ជាម យៀប បានមាន​ប្រសាសន៍ថា “បញ្ហានេះអាច​ត្រូវលើក​ឡើង។ យើង​នឹង​សួរ​សំណួរ​ទាំង​អស់”។

លោក ឈាង​ វុន សមាជិក​សភាគណបក្ស​ប្រជាជនកម្ពុជានិង​ជា​អ្នក​នាំពាក្យរដ្ឋ​សភា​បាន​មាន​ប្រសាសន៍ថា សមាជិក​សភា​នឹងសាក​សួរ​រដ្ឋមន្ត្រី​ទាំង​បីរូបនេះ​អំពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជួយ​ដល់​គ្រួសារ​ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់ដោយ​សារ​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ​ទ្រង់ទ្រាយ​ធំដូច​ជា​ទំនប​់​វារី​អគ្គិសនី​ជាដើម។ លោក​បានមាន​ប្រសាសន៍ថា “យើង​នឹង​សួរ​សំណួរ​ទាក់ទង​​​នឹង​​​គោល​នយោបាយ​រដ្ឋា​ភិបាល​ក្នុងការ​ជួយ​ដល់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់” រួមទាំងអ្នក​ដែល​រងផល​ប៉ះពាល់​ដោយសារ​ទំនប់​វារី​អគ្គិសនី​សេសានក្រោម​២​ផង៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស