28.4 C
Phnom Penh

តុលាការ​ចោទប្រកាន់​ប្តីប្រពន្ធពីរនាក់​ពីបទ​ធ្វើទារុណកម្មក្មេងស្រី​អនីតិជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្តីប្រពន្ធពីរនាក់​ដែលតាម​ចោទ​ថា បាន​វាយ​ដំ​និង​ធ្វើ​ទារុណកម្មលើ​ក្មេងស្រីពីរនាក់​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​យក​ខ្សែភ្លើង​ឆក់ និងយក​ស្រមោច​​ឲ្យ​ខាំ​ជា​ការ​ដាក់ទណ្ឌកម្មនោះ​ ត្រូវបាន​សាលាដំបូង​រាជ​ធានីភ្នំពេញធ្វើការ​ចោទ​ប្រកាន់​កាលពី​ម្សិល​មិញ។

បុរសជាប្តីឈ្មោះ គួច វីណា អាយុ​៣៤ឆ្នាំនិង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ជាម ស្រីដួង​ អាយុ​៣០​ឆ្នាំ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​នៅ​ផ្ទះ​របស់​ពួកគេ​តែ​ម្តង ​ស្ថិត​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌ​មានជ័យ កន្លែង​ដែលពួកគេ​បើកក្រុមហ៊ុន​លក់​គ្រឿង​សង្ហារិម និង​សម្ភារសំណង់។

លោក អ៊ុំ សុភក្ត្រ ព្រះ​រាជ​អាជ្ញារង​អម​សាលាដំបូង​រាជ​ធានី​បាន​មាន​ប្រសាសន៍ថា ប្តីប្រពន្ធ​នេះ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​៥ឆ្នាំ ប្រសិន​បើ​រក​ឃើញ​ពិរុទ្ធភាព​ពី​បទ​ធ្វើ​ទារុណកម្ម​ដោយ​ចេតនាដោយ​មាន​ស្ថាន​ទម្ងន់ទោស។ នគរបាល​បាន​និយាយថា ក្មេងស្រី​ទាំង​ពីរនាក់​នេះ​គឺ​ប្អូន​អាយុ​៧ឆ្នាំ​និង​បង​អាយុ​១៤ឆ្នាំ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្តីប្រពន្ធនេះរយៈពេល​ប្រហែល​៥ឆ្នាំ ហើយ​បាន​មក​ធ្វើការ​ជា​អ្នក​បម្រើ​ការ​តាម​ផ្ទះ។

លោក កែវ ធា នាយ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍ថា នគរបាល​បាន​ចាប់​ខ្លួន​ប្តីប្រពន្ធនេះ​បន្ទាប់ពី​អ្នក​ជិត​ខាង​​បាន​រាយការ​ណ៍អំពី​ការ​រំលោភ​បំពាននេះ​ទៅ​អាជ្ញាធរ​សង្កាត់។អ្នក​ជិតខាង​រូបនោះបាន​ឲ្យ​ដឹង​ថា ប្តីប្រពន្ធនេះ​បាន​យក​ខ្សែភ្លើង​ឆក់​ក្មេងស្រី​ទាំង​ពីរនាក់​នៅពេល​ពួកគេ​​បោក​ខោអាវមិន​ស្អាត ហើយ​ថែមទាំង​​បាន​យក​ស្រមោច​ឲ្យ​ខាំ​ក្មេងស្រី​ទាំង​ពីរនាក់​ជា​ការ​ដាក់​ទណ្ឌកម្ម។

លោក កែវ ធា បាន​មាន​ប្រសាសន៍ថា “​យើង​បាន​ហៅ​​ប្តីប្រពន្ធនេះ​មក​សាក​សួរ​នៅ​ការិយាល័យ​របស់​យើង​ ហើយ​យើង​បាន​ចាប់ខ្លួន​ពួកគេ​នៅពេល​យើង​រក​ឃើញថា ពួកគេ​ពិត​ជា​បាន​ធ្វើ​ទារុណកម្ម​ក្មេងស្រី​​អនីតិជន​ទាំងពីរនាក់នេះមែន”។

យោង​តាមលោក ផាត ​ផល្លា ជា​នាយរង​​នគរបាល​ប្រឆាំងការ​ជួញដូរ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​ទាំង​ពីរនាក់​នេះ​បានមក​រស់នៅ​ជាមួយ​ប្តីប្រពន្ធនេះនៅពេល​ឪពុក​របស់ពួកគេ​មក​ធ្វើការ​ជា​កម្មករ​សំណង់​នៅ​ក្រុមហ៊ុន​របស់​ប្តី​ប្រពន្ធនេះ។

​លោក សន សុផល​ ​ប្រធានមន្ទីរសង្គមកិ្ចចរាជធានី​​បាន​មាន​ប្រសាសន៍ថា ឥឡូវ​នេះ​ក្មេងស្រី​ទាំង​ពីរនាក់​នេះ​បាន​ទៅ​ស្នាក់​នៅ​មណ្ឌល​ដែលគ្រប់គ្រង​ដោយ​មន្ទីរសង្គមកិច្ច​រាជ​ធានី។ លោក​បាន​មាន​ប្រសាសន៍ថា ឪពុក​ក្មេងស្រី​ទាំងពីរ​បាន​មក​មណ្ឌលនេះ​កាលពី​ថ្ងៃសៅរ៍ ហើយ​បាន​ព្យាយាមយក​ពួកគេ​ចេញ ប៉ុន្តែមិន​ត្រូវ​បាន​អនុញ្ញាតឡើយ។

ការ​ងារ​នៅ​តែ​បន្ត​ជា​ធម្មតាកាលពី​ម្សិលមិញ​នៅ​ផ្ទះ​របស់​ប្តីប្រពន្ធនេះ ដោយ​កម្មករ​បាន​លាយស៊ីម៉ង់ត៍និង​ចាក់​សសរ​បេតុង។ អ្នក​នៅ​ក្នុង​ផ្ទះនេះ​បាន​បដិសេធ​មិន​និយាយ​អំពី​ករណី​នេះ​ទេ ដោយ​អះ​​អាង​ថា មិន​ដឹង។

អ្នកស្រី សុឹម ចាន់ថន ដែល​ប្រាប់ថាត្រូវ​ជា​ម្តាយមីង​ប្តីប្រពន្ធនេះ​បាន​និយាយថា អ្នកស្រី​មិន​ដឹង​អំពីការ​ធ្វើ​ទារុណកម្ម​ដូច​ការ​ចោទ​ប្រកាន់ឡើយ។ អ្នកស្រី​បាន​និយាយថា “​ខ្ញុំមក​ទីនេះ​ដើម្បី​សួរ​សុខទុក្ខ​តែប៉ុណ្ណោះ”។

ប៉ុន្តែ​​អ្នកភូមិ​ដែលរស់នៅ​ជុំវិញ​ក្រុមហ៊ុន​នេះ​បាន​និយាយ​ខុស​ៗគ្នា។អ្នកស្រី គឹម សុខា ជា​អ្នកជិត​ខាង​ម្នាក់​ដែល​រុញរទេះលក់​ម្ហូប​អាហារនៅក្បែរនោះ​បាន​និយាយ​ថា អ្នកស្រី​បាន​សង្កេត​​ឃើញ​ស្នាម​ជាំ​នៅ​លើ​ក្មេងស្រី​ប្អូន​រយៈពេល​ប្រហែល​មួយ​ឆ្នាំ​មក​ហើយ។

អ្នកស្រី​ សុខា បាន​និយាយថា “​ខ្ញុំ​យល់​ឃើញថា ពួកគេ​ប្រាកដជា​យក​ដំបង​វាយ​នាង​មិន​ខាន​។ ខ្ញុំបាន​ឮ​ក្មេងស្រី​ប្អូន​យំ​នៅខាងក្រោយ​ផ្ទះ ប៉ុន្តែ​ខ្ញុំមិន​បាន​ឃើញ​ការ​វាយ​ដំនោះទេ”។

អ្នកស្រី សុខា បាន​និយាយថា អ្នកស្រី​មិនបាន​ទាក់ទង​ទៅ​អាជ្ញាធរ​អំពី​ការ​បង្ក​របួស​ស្នាម​នេះទេ ពីព្រោះ​អ្នកស្រី​មិនបានឃើញការ​វាយដំ​ដោយ​ផ្ទាល់​ភ្នែក​ឡើយ។ អ្នកស្រី​បាន​និយាយថា “ខ្ញុំរវល់​រកស៊ី ដូច្នេះ​ខ្ញុំ​មិន​ខ្វល់​នឹង​បញ្ហាផ្ទាល់ខ្លួន​របស់​អ្នកដទៃ​ឡើយ”។

អ្នកស្រី ឈួន ផា ដែលមាន​ហាង​នៅ​ក្បែរនោះ​បាននិយាយថា អ្នកស្រី​ឃើញ​​ក្មេងស្រីដែល​ជា​ប្អូន​នៅពេល​នាង​មក​ទិញ​ទឹក​កក​និ​ងភេសជ្ជៈតែប៉ុណ្ណោះ។

អ្នកស្រី​ ផា បាននិយាយថា “នាង​មិនដែលចេញមក​លេង​ជាមួយ​ក្មេង​ដទៃទេ។ នាង​តែងតែ​នៅក្នុង​ផ្ទះ​រហូត​។ នាង​ចេញមក​ក្រៅ​តែនៅពេល​គេ​ប្រើ​នាង​ឲ្យ​មក​ទិញ​អ្វីៗ​តែ​ប៉ុណ្ណោះ”។

អ្នកស្រី ផា បាន​បន្ថែមថា កម្មករ​​មួយ​ចំនួន​នៅ​ខាងក្រោយ​ផ្ទះនោះ​ដែល​ក៏បាន​មក​ទិញ​របស់​របរ​នៅ​តូ​ប​អ្នកស្រី​ដែរ​ បាននិយាយពី​ការ​រំលោភ​បំពាន​នេះ​ប្រាប់​អ្នកស្រី។ អ្នកស្រី ផា បាននិយាយថា “ខ្ញុំមិនដែលនិយាយ​ប្រាប់​នរណាអំពី​រឿង​នេះទេ ពីព្រោះ​ខ្ញុំមិន​ដែល​ឃើញ​ការ​វាយ​ដំនេះ​ដោយ​ផ្ទាល់ភ្នែក​របស់ខ្ញុំឡើយ”៕សារុន

(រាយការ​ណ៍​បន្ថែម​ដោយ Alex​ Consiglio)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស