28 C
Phnom Penh

កងទ័ព​បង្កើត​កង​អនុសេនាតូច​ថ្មី​នៅ​ស្ទឹងអារ៉ែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​កង​ទ័ព​បាន​បង្កើត​កង​អនុសេនាតូច​ថ្មីមួយ​ ដើម្បី​ការ​ពារ​តំបន់​នៅ​ជិត​ស្ទឹង​អារ៉ែង នៅ​ក្នុង​ខេត្ត​កោះកុង ដែល​អ្នកភូមិ​ជន​ជាតិដើម​ភាគតិច​រាប់​រយ​នាក់​បាន​តវ៉ា​យ៉ាង​ខ្លាំង​ចំពោះ​ផែន​ការ​របស់​ក្រុមហ៊ុន​ចិ​ន​មួយ​ក្នុង​ការ​សាង​សង​់ទំនប់វារីអគ្គិសនី​ ដែល​អាច​ធ្វើ​ឲ្យ​ទឹក​ជន​់​លិច​ដីដូនតា​របស់ពួកគេ​។

ការ​បង្កើត​កង​អនុសេនាតូច​ដែលមាន​ទាហាន​៣០​នាក់​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​មុនពេល​មន្ត្រីមូល​ដ្ឋានគ្រោង​ជួប​អ្នកភូមិ​ប្រហែល​១.៥០០នាក់ ដែល​នឹង​រង​ផល​ប៉ះពាល់​ដោយ​សារ​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង កម្លាំង​១០៨​មេហ្គាវ៉ាត់​ និងដើម្បី​បង្ហាញ​ពីផែន​ការ​ផ្លាស់​ទីលំនៅ​ដល់ពួកគេ​។

ឧត្តម​សេនីយ៍​ត្រី យន់ មិន មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ខេត្ត​កោះ​កុង បាន​និយាយ​ថា ” យើង​បាន​បង្កើត​កង​អនុសេនា​តូច​មួយ​នៅ​ព្រឹក​នេះ​នៅ​ក្នុង​ស្រុក​ថ្មបាំង ដែល​មាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ​ពីជ្រលង​ភ្នំអារ៉ែង​ ដើម្បីការ​ពារ​សុវត្ថិភាព​ និង​សន្តិសុខ​របស់​ប្រជាជន។​លោក​បាន​បន្ថែម​ថា “យើង​បាន​បង្កើត​កង​អនុសេនាតូច​នេះ ដើម្បីការ​ពារ​ប្រជាជន​ និង​ការ​​ពារ​រដ្ឋាភិបាល​”។

ទោះជាយ៉ាង​ណា បុគ្គលិក​សិទ្ធិមនុស្ស​ និង​តំណាង​អ្នក​ភូមិ​ជនជាតិ​ដើម​ភាគតិច​ជង បាន​និយាយ​ថា ពួកគេ​បារម្ភ​ថា ការ​ដាក់​ទាហាន​ថ្មីនេះ​គឺ​ដើម្បី​បំភិត​បំភ័យ​​អ្នកភូមិ​មូល​ដ្ឋាន​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា​។

លោក អុិន គង់ចិត្រ អ្នកស​ម្រប​សម្រួល​អង្គការ​សិទ្ធិម​នុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បាន​និយាយ​ថា ” ការ​បង្កើត​កង​អនុសេនាតូច​ដើម្បី​ការ​ពារ​សន្តិសុខ​ និង​សុវត្ថិភាព​របស់​ប្រជាជន​ នេះគឺ​ជា​លេស​។ ហេតុអ្វី​បាន​ជា​ពួកគេ​បង្កើត​កង​អនុសេនាតូច​ពេល​នេះ​? អ្នក​ភូមិ​កំពុង​រស់​នៅ​ដោយ​សុខ​សាន្ត​”។

យោងតាម​លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន ប្រធាន​អង្គការ Mother Nature ដែល​ធ្វើការ​ជាមួយ​អ្នកភូមិ​នៅ​ជ្រលង​ភ្នំអារ៉ែង​នោះ បាន​ឲ្យ​ដឹង​ថា កង​អនុសេនាតូច​ថ្មីនេះ​ធ្វើ​ឲ្យ​ចំនួន​កង​ទ័ព​ដែល​ឈរ​ជើង​នៅ​ក្នុ​ង​ស្រុក​ថ្មបាំង​កើន​ឡើង​ទ្វេដង​។ លោក​បាន​និយាយ​ថា “ការ​បង្កើត​កង​អនុសេ​នាតូច​នេះ​មួយ​ថ្ងៃ​មុនពេល​មាន​ជំនួបដើម្បី​ដោះ​ស្រាយ​សំណង​ គឺ​ជាការ​គាប់ជួន​ណាស់​។ នេះ​គឺ​ជាការ​បំភិត​បំភ័យ​”។

លោកឧត្តមសេនីយ៍ត្រី យន់ មិន បាន​ច្រាន​ចោល​ការ​អះអាង​របស់​បុគ្គលិក​សិទ្ធិមនុស្ស​ ហើយ​បា​ន​បញ្ជាក់​ថា ទាហាន​ទំាង​នេះ​គ្រាន់​តែទៅទីនោះ​ដើម្បីកា​រពារ​អ្នក​ភូមិ​នៅ​ស្ទឹង​អារ៉ែង​ប៉ុណ្ណោះ​។ លោក​បា​ន​និយាយ​ថា “យើង​មិន​ខ្វល់​ទេ​ទោះបីជា​ពួកគេ​និយាយ​អ្វីក៏ដោយ”។

នៅឯកិច្ច​ប្រជុំ​នៅ​ថ្ងៃនេះ ក្រុម​ការ​ងារ​ថ្មី​របស់​រដ្ឋាភិបាលដែល​ទទួល​បន្ទុក​ទំនប់​នេះ​ រួម​ទំាង​មន្ត្រី​ថាមពល​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ ព្រមទាំង​តំណាង​ក្រុម​ហ៊ុន​ចិន​ស៊ីណូហាយដ្រូ នឹង​បង្ហាញ​ពីផែន​ការ​ផ្លាស់​ទីលំនៅ​ដល​់អ្នកភូមិ​។

ទោះបីជា​រដ្ឋាភិបាល​បាន​និយាយ​ថា ខ្លួន​នឹង​សាង​សង់​ផ្ទះថ្មី​សម្រាប់​គ្រួសារ​នីមួយ​ៗ​នៅ​លើ​ដី​ទំហំ​១.០០០​ម៉ែត្រក្រឡា​ និង​ផ្ដល់​ដី​កសិកម្ម​ចំនួន​ប្រាំហិកតា​សម្រាប់គ្រួសារ​នីមួយៗ​ក៏ដោយ ក៏គ្រួសារ​ទាំង​នេះ​នៅតែជំទាស់​នឹង​ទំនប់​ ដែល​អាចធ្វើ​ឲ្យ​ទឹកជន់លិច​ដីដូន​តា​​ ព្រៃ​ពិសិដ្ឋ និង​កន្លែង​កប់​ខ្មោច​របស់​ពួក​គេ​ដែរ។ អង្គការ​បរិស្ថាន​នានា​និយាយ​ថា ទំនប​់​នេះ​ក៏​រំខាន​ដល់​ប្រព័ន្ធអេកូឡូសីុនៃដី​ព្រៃ​​នៅជ្រលង​ភ្នំនេះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បម្លាស់ទី និង​ការ​ពង​របស់​ត្រី​ដែរ។

ចាប់តាំង​ពីខែមីនាមក អ្នក​ភូមិជង​ប្រហែ​១៥​គ្រួសារ​ដែលអាច​បាត់​បង់​ផ្ទះ​របស់​ខ្លួន​ដោយ​សារ​ទំនប់​នេះ​បានប្ដូរ​វេន​គ្នា​​ឈរយាមនៅជិតចិញ្ចើម​ផ្លូវ​ ដើម្បី​រារាំង​វិស្វករជនជាតិ​ចិនមួយ​ក្រុម​ដែល​ក្រុម​ហ៊ុ​ន​ស៊ីណូហាយដ្រូ​ នាំ​ឲ្យ​មក​ពិនិត្យ​មើល​ទីតាំង​នេះ។ ពួកគេ​បាន​បិទ​ផ្លូវ​នោះ​បាន​ជោគ​ជ័យ​យ៉ាង​ហោច​ណាស់ពីរ​លើក​ ហើយ​រហូត​មក​ទល់​ពេល​នេះ​វិស្វករ​មិន​ទាន់​បាន​បញ្ចប់​ការ​ងារ​របស់​ខ្លួន​នៅ​ទំនប់​នេះទេ​។

លោក វ៉ែន វ៉ន អ្នកភូមិ​ម្នាក់​ដែល​ឈរ​យាម​នៅ​កន្លែង​បិទ​ផ្លូវនេះ​បាន​និយាយ​ថា លោក​និង​ជនរួម​ជាតិ​របស់​លោក​គិត​ថា កង​អនុសេនាតូច​ថ្មីនេះ​គឺ​ជាការ​ប៉ុនប៉ង​បំភិត​បំភ័យពួកគាត់​ឲ្យ​បោះបង់​កា​រតវា៉​របស់​ខ្លួន​។ គាត់​បាន​និយាយ​ថា ” ខ្ញុំគិ​ត​ថា គេ​បង្កើត​កង​អនុសេនាតូច​ថ្មីនេះ​ដើម្បីការ​ពារ​ក្រុម​ហ៊ុន​ចិន​ ដែល​នៅពីក្រោយ​ទំនប់វារីអគ្គិសនី​ថ្មី​នេះ​ ហើយ​កំពុង​បំភិត​បំភ័យ​ដល់​ការ​តវ៉ា​របស់​អ្នក​ភូមិ”។

ទោះជាយ៉ាង​ណា លោក​បាន​អះអាង​ថា ពួកគេ​នឹង​មិន​ចុះញ៉ម​ទេ​ ហើយ​អា​ចពិចារណា​បន្ត​ផែន​ការ​របស់​ខ្លួន​ដើម្បី​រារាំង​ទាហាន​ដែល​នឹង​ចូល​មក​នៅ​ក្នុង​ពេល​ខាង​មុខ។ លោក វ៉ន បាន​និយាយ​ថា “ខ្ញុំមិន​ទាន់​បានរៀបចំ​ផែនការ​បិទ​ផ្លូវ​រារាំង​ទាហាន​ទេ ប៉ុន្តែ​យើង​នឹង​នៅ​តែ​ព្យាយាម​រារាំង​បុគ្គលិក​ជនជាតិ​ចិន​ដែល​ចង់​មក​សិក្សា​អំពី​ផល​ប៉ះ​ពាល់​របស់​ទំនប់​វារីអគ្គិសនី​នេះ​​ដដែល”៕ គឹមហឿន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស