28 C
Phnom Penh

បញ្ញត្តិករ​ទូរគមនាគមន៍កម្ពុជា​មិនអាច​ទម្លាយ​ភាព​ទាល់​ច្រករវាង​qb និង​ Smart​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ប្រភព​ពាក់ព័ន្ធ​ផ្ទាល់នឹង​កិច្ច​ប្រជុំ​បាន​ឲ្យ​ដឹង​ថា កាលពីម្សិលមិញ​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត​ qb និង Smart បាន​ជួប​ជាមួយ​ក្រុម​មន្ត្រី​មកពី​បញ្ញត្តិករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​កំពុង​កើត​មាន​របស់​ក្រុម​ហ៊ុន​ទាំង​ពីរ​ ប៉ុន្តែ​មិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ទេ។

លោក អាឡាន ស៊ីនហ្វៀល នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ qb និង​លោក ថូម៉ាស ហាន នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត​ Smart បាន​ជួប​ជាមួយ​លោក អ៊ុក ដូរ៉ានី ​ជាមន្ត្រីទី២​នៃ​ TRC ព្រមទាំង​មន្ត្រី​ជាច្រើន​រូប​ផ្សេង​ទៀត​អស់​រយៈពេលជាង​១ម៉ោង នៅ​ការិយាល័យ​របស់​ TRC ។

ក្រុម​ហ៊ុន​qb ជាក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​តូច​បំផុត​​នៅ​កម្ពុជា​ បាន​ចោទ​ក្រុម​ហ៊ុន ​Smart ជា​ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត​ធំបំផុត​ទី២​គិត​តាម​ចំនួន​អតិថិជន​នៅ​កម្ពុជា ថាបាន​បង្ខូច​កិត្តិនាម​ និង​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​របស់​ខ្លួន​ បន្ទាប់ពី​ក្រុម​ហ៊ុនទាំង​ពីរ​នេះ​បាន​បញ្ចប់​កិច្ច​ព្រមព្រៀង​មានយូរ​មក​ហើយ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​ qb ប្រើ​សេវា​រ៉ូមីង តាម​ប្រព័ន្ធ​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ Smart។

មុន​ពេល​មាន​ការ​បញ្ចប់​កិច្ច​ព្រម​ព្រៀង​នេះ ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត qb បាន​ចាប់​ផ្ដើម​ទទួល​ការ​ហៅ​ទូរស័ព្ទ​ពី​អតិថិជន​ដែល​បាន​ប្រាប់​​ថា ក្រុម​ហ៊ុន​ Smart កំពុង​ទាក់​​ទាញ​ពួកគេ​ឲ្យ​ប្ដូរ​ទៅ​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​ Smart វិញ។

បន្ទាប់ពី​កិច្ច​ប្រជុំ​នោះ ទាំង​លោក​ ស៊ីនហ្វៀល និង​លោក ហាន បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយទេ​។ ក្រុម​ហ៊ុន​ qb កំពុង​គំរាម​ប្ដឹង​ក្រុមហ៊ុន​ Smart ទៅតុលាការ​ជំុវិញ​ការ​ចោទ​ប្រកាន់ទាំង​នោះ ប៉ុន្តែ​ក្រុម​មន្ត្រី​ TRC បាននិយាយ​ថា ពួកគេ​ចង់​ដោះស្រាយ​បញ្ហា​នេះ​នៅ​ក្រៅ​តុលាការ​៕ មានិត​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស