អ្នកភូមិ និងមន្ត្រីបាននិយាយថា អ្នកភូមិជាង១០០នាក់ក្នុងខេត្តកំពង់ធំ បានរារាំងក្បួនដង្ហែសពក្នុងក្រុងស្ទឹងសែនកាលពីថ្ងៃសៅរ៍ ដើម្បីទប់ស្កាត់ការបញ្ចុះសពបុរសជនជាតិវៀតណាមម្នាក់នៅលើដីដែលគាត់បានកាន់កាប់នៅជិតសាលាបឋមសិក្សាមួយកន្លែង។
យោងតាមលោក ឈុំ ផាន នាយប៉ុស្តិ៍សង្កាត់ដំរីជាន់ខ្លាបានឲ្យដឹងថា ប៊ុន មាស អាយុ៥៦ឆ្នាំបានបើកយានដ្ឋានជួសជុលរថយន្ត និងហាងកាហ្វេមុនពេលគាត់ស្លាប់កាលពីសប្ដាហ៍មុន ដោយសារជំងឺថ្លើម។ លោកបានបន្ថែមថា ពីដំបូងគាត់បានទិញដីនេះដើម្បីសាងសង់ផ្ទះ។
លោក ហែម សោភ័ណ អាយុ៦១ឆ្នាំជាអ្នកភូមិបាននិយាយថា មាតាបិតា គ្រូបង្រៀននិងសិស្សានុសិស្សនៅសាលាបឋមសិក្សារលួស បានតវ៉ាចំពោះពិធីបញ្ចុះសពនេះកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីដឹងថា នៅពេលគាត់ជិតស្លាប់គាត់ផ្តាំគេឲ្យយកគាត់ទៅបញ្ចុះនៅក្បែរសាលារៀននេះ ពីព្រោះពួកគាត់បារម្ភថា វានឹងធ្វើឲ្យក្មេងៗនៅក្នុងសហគមន៍ដែលមានទម្លាប់បូជាសពនោះមានការភ័យខ្លាច។
លោកបានមានប្រសាសន៍ថា ” បើតាមកូនស្រីរបស់គាត់ គាត់បានផ្ដាំកូនស្រីរបស់គាត់ឲ្យយកគាត់ទៅបញ្ចុះនៅលើដីដែលគាត់បានទិញនៅក្នុងភូមិ ពីព្រោះគាត់មានសាច់ញាតិច្រើនរស់នៅទីនេះ។ ប៉ុន្តែកាលពីគាត់នៅរស់ គាត់បាននិយាយថា គាត់ចង់ទិញដីនេះដើម្បីសាងសង់ផ្ទះ មិនមែនទិញដើម្បីសង់ផ្ទះឲ្យខ្មោចទេ”។
ពុទ្ធសាសនិកវៀតណាមមានទម្លាប់បញ្ចុះសព។ទោះបីជាការបញ្ចុះសពមិនត្រូវបានហាមឃាត់នៅក្នុងពុទ្ធសាសនាខ្មែរក៏ដោយ ក៏មានការអនុវត្តបូជាសពភាគច្រើនដែរ ហើយជំនឿលើអារុក្ខអារក្ខអ្នកតាអាចធ្វើឲ្យមានការខ្លាចខ្មោចអ្នកស្លាប់។
ក្រុមអ្នកភូមិបាននិយាយថា គ្មានសាកសពណាម្នាក់ធ្លាប់ត្រូវបានគេកប់នៅខាងក្រៅវត្តអារាមទេ ហើយការអនុញ្ញាតឲ្យកប់សពលើដីចម្ងាយតែ២០ម៉ែត្រពីរបងសាលានោះ នឹងធ្វើឲ្យក្មេងៗខ្លាចមិនហា៊នទៅរៀន ពីព្រោះពួកគេត្រូវដើរកាត់ដីនៅតាមផ្លូវស្ងាត់ទៅកាន់សាលារៀន។
លោក សោភ័ណ បានបន្ថែមថា ” សាលារៀននេះត្រូវបានសាងសង់កាលពីឆ្នាំ១៩៧៩ ដើម្បីឲ្យសិស្សានុសិស្សបានរៀនសូត្រនិងជាកន្លែងសប្បាយរីករាយ ហើយកន្លែងនេះអាចជាកន្លែងរីករាយសម្រាប់កូនៗរបស់យើង មិនមែនជាកន្លែងភ័យខ្លាចឡើយ”។
លោក សោម ធី ចៅសង្កាត់ និងលោក ចិត្រ ជៀក មេភូមិបានមានប្រសាសន៍ថា បន្ទាប់ពីមានការពិភាក្សាអស់រយៈពេលជិត២ម៉ោងកាលពីម្សិលមិញជាមួយក្រុមអ្នកភូមិ នគរបាល និងអាជ្ញាធរមូលដ្ឋានមក ក្រុមគ្រួសារសពបានយល់ព្រមប្តូរកន្លែងបញ្ចុះសពទៅបញ្ចុះនៅវត្តរលួសវិញ បន្ទាប់ពីព្រះគ្រូចៅអធិការវត្តបានផ្ដល់ដីមួយកន្លែង។ លោក ជៀក បានមានប្រសាសន៍ថា ” ទីបំផុត សពត្រូវបានបញ្ចុះនៅក្នុងបរិវេណវត្តជំនួសឲ្យដីដែលគាត់បានទិញ”៕ សារុន