លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ថា ហាងខារា៉អូខេចំនួនប្រាំបួនកន្លែងនៅក្នុងខណ្ឌពោធិ៍សែនជ័យត្រូវបានបិទទ្វារដោយគ្មានកំណត់ពេលកាលពីម្សិលមិញ បន្ទាប់ពីការវាយតប់គ្នានៅរំលងអធ្រាត្ររវាងបុគ្គលិករបស់ហាងទាំងនោះ។
លោក ដារិទ្ធ បានមានប្រសាសន៍ថា បុរសមួយក្រុមធំដែលធ្វើការឲ្យហាងផ្សេងៗគ្នានេះបានវាយតប់គ្នា ដោយប្រើដុំថ្ម ដំបងនិងកាំបិតនៅវេលាម៉ោង២រំលងអធ្រាត្រ។
លោក ដារិទ្ធ ដែលបានបិទហាងទាំងនេះ ខណៈដែលកងរាជអាវុធហត្ថធ្វើការស៊ើបអង្កេតការវាយតប់គ្នាមួយប្រាវនោះ បានមានប្រសាសន៍ថា ” ពួកគេឈ្លោះគ្នាដណ្តើមមូ៉យ ជាហេតុនាំឲ្យមានការវាយតប់គ្នា”។
លោក ដារិទ្ធ បានមានប្រសាសន៍ថា កងរាជអាវុធហត្ថបានចាប់ខ្លួនបុរសចំនួន១៨នាក់អាយុពី២០ឆ្នាំទៅ៣០ឆ្នាំ និងកំពុងឃាត់ខ្លួនពួកគេ ខណៈដែលស៊ើបអង្កេតករណីនេះ។ គ្មានការចោទប្រកាន់ទេ។ លោក ដារិទ្ធ បានមានប្រសាសន៍ថា “យើងបានចាប់ពួកគេមកអប់រំ។ ប្រសិនបើពួកគេមិនស្តាប់ ហាងនេះនឹងត្រូវបិទរហូត”។
កាលពីខែឧសភា គណៈរដ្ឋមន្ត្រីបានអនុម័តអនុក្រឹត្យមួយស្តីពីការគ្រប់គ្រងក្លឹបកម្សាន្តហាមមិនឲ្យបង្កើតហាងខារា៉អូខេថ្មីក្នុងចម្ងាយ២០០ម៉ែត្រពីសាលារៀន វត្តអារាម ស្ថានទូតឬស្ថាប័នរដ្ឋាភិបាល។
លោក ដារិទ្ធ បានមានប្រសាសន៍ថា ហាងខារា៉អូខេជាច្រើនកន្លែងបានបើកកាលពីឆ្នាំមុននៅក្នុងខណ្ឌរបស់លោក និងបាននិងកំពុងដណ្តើមម៉ូយគ្នា។ លោកបានមានប្រសាសន៍ថា ” ពីមុន ពួកគេឈ្លោះប្រកែកគ្នា និងចោលរបស់របរដាក់គ្នានៅលើផ្លូវ”។ លោកបានបន្ថែមថា បុគ្គលិកដែលដណ្តើមម៉ូយគ្នានៅលើផ្លូវ ក៏បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានមានប្រសាសន៍ថា ជនសង្ស័យ១៨នាក់ត្រូវឃាត់ខ្លួននៅឡើយ ពីព្រោះនគរបាលត្រូវកំណត់អ្នកបង្កហេតុក្នុងការវាយតប់គ្នានេះ។ គ្មាននរណាម្នាក់រងរបួសធ្ងន់ធ្ងរក្នុងការវាយតប់គ្នាទេ។
ឈ្មោះ ហន វាសនា បុគ្គលិកហាងខារា៉អូខេ 7 STARKaraoke ដែលស្ថិតក្នុងចំណោមហាងកម្សាន្តចំនួនប្រាំបួនកន្លែងត្រូវបានបិទទ្វារ បានមានប្រសាសន៍ថា បុគ្គលិកបីនាក់និងថៅកែរបស់គាត់ត្រូវបានចាប់ខ្លួនដោយមិនត្រឹមត្រូវ។
ហន វាសនា បានមានប្រសាសន៍ថា ” ពួកគេវាយតប់គ្នានៅតាមផ្លូវ ហើយដុំថ្មបានធ្លាក់នៅមុខហាងរបស់យើង។ យើងមិនពាក់ព័ន្ធក្នុងការវាយតប់គ្នានោះទេ។ យើងបានបិទទ្វារហាងនៅម៉ោង២រំលងអធ្រាត្រ ហើយយើងទាំងអស់គ្នានៅក្នុងហាងនោះ”។
វាសនា បានអះអាងថា មានតែហាងខារា៉អូខេពីរក្នុងចំណោមហាងខារា៉អូខេចំនួនប្រាំបួនកន្លែងប៉ុណ្ណោះមានការពាក់ព័ន្ធក្នុងការវាយតប់គ្នា។ លោកបានឲ្យដឹងថា “យើងមិនបានធ្វើអ្វីខុសទេ ប៉ុន្តែពួកគេចាប់ខ្លួនយើងដែរ”៕ ប៊ុននី