28 C
Phnom Penh

ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូង​បង្កើត​រោង​ចក្រ​ផលិត​អំពូល​ភ្លើង​សន្សំ​ថាមពល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រ​ី​បាន​និយាយ​ថា កាលពីម្សិលមិញ​​ក្រុម​ហ៊ុន​កូរ៉េ​ខាង​ត្បូងមួយ​បាន​បញ្ចប់​គម្រោង​ដាក់​ភ្លើង​សន្សំថាម​ពល​បំភ្លឺតាម​ផ្លូវ​ ក្នុង​តម្លៃ​១០០.០០០​ដុល្លារ នៅ​ក្នុងខេត្តពោធិ៍សាត់​ ហើយ​បាន​និយាយ​ថា ខ្លួន​នឹង​វិនិយោគ​១០០លាន​ដុល្លារ​ដើម្បី​សាង​សង់​រោងចក្រ​ផលិត​ប្រព័ន្ធ​ភ្លើង​នេះ​។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​ បាន​ថ្លែង​នៅ​ឯពិធី​សម្ពោធ​ការ​ដាក់​ភ្លើង​បំភ្លឺ​នេះ​ថា ក្រុម​ហ៊ុន​Global Digital Media Group បាន​ដាក់​​អំពូល​ភ្លើង​ LED បំភ្លឺ​តាម​ផ្លូវ​ចំនួន​២០០​នៅតាម​ផ្លូវ​ជាតិ​លេខ​៥​ចម្ងាយ​៦គីឡូម៉ែត្រ​​នៅ​ក្រុង​ពោធិ៍សាត់។

លោក​បានមាន​ប្រសាសន៍​ថា “ការ​ប្រើ​ប្រាស់​អំពូល​ភ្លើង​ LED និង​ថាមពល​កកើត​ឡើង​វិញ ជួយ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​។ ខ្ញុំសង្ឃឹម​ថា កិច្ច​សហប្រតិបត្តិការ​របស់​ស្ថាប័ន​រដ្ឋដែល​ពាក់​ព័ន្ធ​​និង​វិស័យ​ឯកជន​ធ្វើ​ឲ្យ​យើងអាច​អនុវត្ត​ការ​ប្រើ​ប្រាស់​អំពូល​ភ្លើង​ LED នៅតាម​ផ្លូវ​ក្នុង​ក្រុង​ និង​ទីប្រជុំជ​ននានា​នៅពេល​អនាគត”។

អំពូល​ភ្លើង​ LED ដែល​ដាក់​បំភ្លឺ​តាមផ្លូវ​​ស៊ីភ្លើង​តិច​ជាង​ប្រព័ន្ធ​ភ្លើង​ផ្សេង​ៗ​ទៀត​ ហើយ​អាច​ប្រើ​បាន​រហូត​ដល់​១០​ទៅ​១៥​ឆ្នាំ​ និងជួយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​ច្រើន​។

លោកស្រី យូ រី ណា នាយ​ក​ប្រតិបត្តិ​ក្រុមហ៊ុន ​Global Digital Media បា​ននិយាយ​ថា ក្រុម​ហ៊ុន​លោកស្រី​នឹង​វិនិយោគ​១០០​លា​ន​ដុល្លារ​ទៅលើ​រោងចក្រ​មួយ​នៅ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ដើម្បី​ផលិត​ប្រព័ន្ធ​ភ្លើង​ LED សម្រាប់​ទាំង​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក និង​សម្រាប់​នាំ​ចេញ​។ លោកស្រី​បាន​និយា​យថា ” សម្រាប់​ដំណាក់​កាល​ដំបូង​នេះ​ យើង​នឹង​ជួល​មនុស្ស​ពី​៥.០០០​​នាក់​ទៅ​១០.០០០​នាក់​។ ឥឡូវ​នេះ​យើង​កំពុង​ដំណើរ​ការរៀបចំ​​គម្រោង​នេះ”។ លោកស្រី រី ណា បាន​និយាយ​ថា លោកស្រី​នឹង​ប្រកាស​ពីព័ត៌មាន​ជាច្រើន​ទៀត​អំពី​រោង​ចក្រ​នេះនៅ​ខែ​កញ្ញា៕ គឹមហឿន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស