31 C
Phnom Penh

ក្រុម​ហ៊ុន​បូម​ខ្សាច់បំពាន​​បទបញ្ជា​ និងនៅតែ​បន្ត​បូម​ខ្សាច់ទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​អ្នក​​ភូមិ​​បាន​អះអាង​កាល​ពីម្សិលមិញ​ថា ក្រុមហ៊ុនមួយ​ដែលត្រូវ​​បញ្ជា​ឲ្យ​បញ្ឈប់​​​ការ​​​បូម​ខ្សាច់​​របស់​​ខ្លួន​នៅតាម​​ទន្លេ​សេសានក្នុងខេត្ត​​រតនគិរី​ បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​ត្រូវ​បានចោទ​​​ពី​បទ​រុក​រក​​មាស​​ដោយ​ខុស​​ច្បាប់​ ពេលនេះ​​កំពុង​បំពាន​បទបញ្ជា​។

​ក្រុម​​ហ៊ុន ​Discovery Power ដែលជាក្រុមហ៊ុនវិនិយោគ​រួម​ចិន-កម្ពុជា បាន​ទទួល​​​អាជ្ញា​ប័ណ្ណ​​​​បូម​ខ្សាច់​​លក់ ក៏ប៉ុន្តែ​មិន​​​បូម​​​ខ្សាច់បែរ​​​ជា​​​ដាក់​​​សារធាតុ​គីមី​​ចូល​ទៅ​ក្នុងទឹក​​​ជា​​​ការ​​រុក​​រក​​រ៉ែ​មាស​​​ទៅវិញ​​​​។

កាល​ពី​ខែ​មេសា ក្រុម​ហ៊ុននេះ​ត្រូវបាន​​បញ្ជា​ឲ្យឈប់​​បូម​ខ្សាច់​​ បន្ទាប់​ពី​អ្នក​ភូមិ​ជន​ជាតិ​ដើម​ភាគ​តិច​នៅក្នុងស្រុកតាវែង ​​បាន​តវ៉ាថា ​ក្រុម​ហ៊ុន​​នេះ​បាន​​បន្សល់​ទឹក​​មាន​​​សារធាតុគីមី​​​ ដែល​​​បណ្តាល​ឲ្យ​ស្បែក​​របស់​ពួកគេរោល​កន្ទួល​។

ឈ្មោះ ត្រាំង ថេម ​តំណាង​​​​​ឲ្យក្រុម​​​ជនជាតិ​ដើម​ភាគ​តិច​ ព្រៅ ​​បាន​មាន​ប្រសាសន៍​ថា ​លោក​ប្រមូលបាន​​ស្នាម​មេដៃ​ចំនួន​៦៩៥​ពីអ្នក​ភូមិ​​កាល​ពីម្សិល​មិញ​ និងមាន​គម្រោង​​ដាក់​​​ញាត្តិ​ទៅ​អាជ្ញាធរ​ស្រុក​នៅ​ថ្ងៃ​នេះ​ដើម្បី​អនុវត្ត​បទ​បញ្ជា។ លោក​ ថេម បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឃើ​ញ​ក្រុមហ៊ុន​​នេះ​បូម​ខ្សាច់​ចេញ​ពី​ទន្លេ​ហើយ​ទម្លាក់ខ្សាច់​ចូល​ក្នុង​ទន្លេវិញ​កាល​ពី​ថ្ងៃ​ពុធមុន​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ដែល​ឃើញ​ក្រុមហ៊ុន​នេះ​ដឹក​ខ្សាច់​ទៅលក់​ទេ​។ យើង​ចង់​បញ្ឈប់​ការ​បូម​នេះ​ ពីព្រោះ​ប្រជា​ពល​រដ្ឋ​ដែល​រស់​នៅ​​តាម​​បណ្តោយ​ទន្លេ​នេះ មាន​​​កន្ទួល​រោលនៅ​លើ​ស្បែក​របស់​ពួក​គេ​ ពីព្រោះ​ក្រុមហ៊ុន​បាន​ប្រើ​សារធាតុ​គីមី​ ដើម្បី​រុក​រក​រ៉ែ​មាស ហើយ​ទឹក​ទៅ​ជា​កខ្វក់​”។

ឈ្មោះ ហួន កាលេប​ អាយុ​៥៦​ឆ្នាំ​ជា​អ្នក​ភូមិជន​ជាតិ​ដើម​ភាគ​តិច​ព្រៅ​នៅ​ក្នុង​ឃុំ​តាវែង​​ក្រោម​ បាន​មាន​ប្រសាសន៍​ថា សាឡង់របស់​ក្រុមហ៊ុន DiscoveryPower បាន​និង​កំពុងតែ​បូម​ខ្សាច់​ស្ងាត់​ៗ​តែ​នៅ​ពេល​យប់​អស់​រយៈ​ពេល​ពីរ​បីខែ​មក​ហើយ​។

លោក ហ៊ុន ប៊ុន​ថង ប្រធាន​មន្ទីរ​រ៉ែ​ និ​ងថាម​ពល​ខេត្ត​រតនគិរីបាន​បញ្ជាក់​ថា បទបញ្ជាឲ្យ​បញ្ចប់​ការ​បូមខ្សាច់​​នេះ​ ត្រូវ​បាន​សម្រេច​កាល​ពី​ខែ​មេសា​ ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​នេះ​កំពុង​តែ​ដំណើរ​ការ​រៀប​​​ចំ​​​ដក​​​ចេញ​​​។ លោក​ ប៊ុន​ថន បាន​​មាន​ប្រសាសន៍​ថា ” ក្រសួង​រ៉ែ​ និង​ថាម​ពល​បាន​ដកហូតអាជ្ញា​ប័ណ្ណ​​ពី​​​ក្រុម​ហ៊ុន​នេះ​ ពីព្រោះ​យើង​រក​ឃើញ​ថា តាម​លក្ខណៈ​បច្ចេក​ទេស​ក្រុម​​​ហ៊ុននេះ​កំពុង​បូម​ខ្សាច់​ដើម្បី​រុករក​រ៉ែ​មាស។ យើង​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​នេះ​យក​សាឡង់​ដឹក​ខ្សាច់​ចេញ​ពី​ទន្លេ​នេះ​ ហើយ​ពេល​នេះ​ពួក​គេ​​កំពុង​តែ​យក​ឧបករណ៍​បូម​ខ្សាច់​ចេញ​”។

លោក​ លី វិន្ទ អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​កំពុង​តែ​ពិនិត្យ​មើល​ថា តើ​ក្រុមហ៊ុន Discovery Power អនុវត្ត​តាម​បទ​បញ្ជា​ឬអត់។ លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​បាន​​បញ្ជា​ឲ្យ​មន្ត្រី​របស់​ខ្ញុំ​ពិនិត្យ​មើល​ថា ពួក​គេ​ឈប់​​ហើយ​​​ឬ​នៅ​ ក៏​ប៉ុន្តែ ពួកគេ​មិន​ទាន់​ជូនដំណឹង​ប្រាប់​ខ្ញុំ​អំពី​រឿង​នោះ​នៅឡើយ​ទេ​”។ ក្រុមហ៊ុន Discovery Power មិន​អាច​ទាក់​ទង​បាន​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​៕ ប៊ុន​នី​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស