រយៈពេលមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីអាជ្ញាធរបានរារាំងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិមិនឲ្យមានការជួបជុំគ្នា និងផ្តល់ប្រាក់ឲ្យពលករ ពលការិនីចំណាកស្រុកដែលភៀសចេញពីប្រទេសថៃ សមាជិកសភាគណបក្សប្រឆាំងម្នាក់និងបុគ្គលិកសិទ្ធិមនុស្សម្នាក់បានអះអាងកាលពីម្សិលមិញថា សកម្មជនរបស់គណបក្សប្រជាជនកម្ពុជាបាននិងកំពុងតែចែកខិត្តប័ណ្ណរិះគន់ថា គណបក្សគណសង្គ្រោះជាតិមិនបានជួយអ្វីដល់ពលករ ពលការិនីដែលត្រឡប់មកកាន់ស្រុកកំណើតវិញទេ។
ការខិតខំប្រឹងប្រែងរបស់លោក កឹម សុខា ដើម្បីជួបពលករ ពលការិនីចំណាកស្រុកកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានមន្ត្រីមូលដ្ឋានរារាំង ហើយលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត បានបង្គាប់ឲ្យមានការចែកអំណោយតែនៅស្នាក់ការគណបក្សខេត្តរបស់បក្សប្រឆាំងប៉ុណ្ណោះ។
រូបថតខិត្តប័ណ្ណមួយដែលបង្ហោះនៅលើគេហទំព័របានបង្ហាញសារមួយមានខ្លឹមសារថាមានតែលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោកប៉ុណ្ណោះ បានផ្តល់ឱសថ ការដឹកជញ្ជូន អាហារនិងជំនួយផ្សេងៗទៀតដល់ពលករ ពលការិនីចំណាកស្រុកដែលត្រឡប់មកកាន់ស្រុកកំណើតវិញ។
ខិត្តប័ណ្ណនេះឲ្យដឹងថា ” គណបក្សសង្គ្រោះជាតិមិនផ្តល់ជំនួយដល់ពលករ ពលការិនីទេ។ សូមបងប្អូនប្រុសស្រី គិត ហើយឈប់គាំទ្រគណបក្សសង្គ្រោះជាតិ។ ពួកគេគ្រាន់តែនិយាយ ប៉ុន្តែមិនបានធ្វើ”។
លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ខិត្តប័ណ្ណត្រូវបានប្រមូលទូទំាងក្រុងប៉ោយប៉ែត។
លោក ឡុង រី តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តនេះបានមានប្រសាសន៍ថា លោកបានសង្កេតឃើញសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាចែកខិត្តប័ណ្ណទូទាំងក្រុងនេះកាលពីចុងសប្តាហ៍មុន។
លោក ឡុង រី បានមានប្រសាសន៍ថា “ ខិត្តប័ណ្ណនេះត្រូវបានចែកឲ្យពលករ ពលការិនីចំណាកស្រុកដែលវិលត្រឡប់ពីប្រទេសថៃ បន្ទាប់ពីអាជ្ញាធរមិនអនុញ្ញាតឲ្យយើងចែកអំណោយដល់ពលករ ពលការិនី”។
សំដៅដល់ក្រុមយុវជនដែលមិនចាប់អារម្មណ៍រឿងនយោបាយដឹកនាំដោយកូនប្រុសរបស់នាយករដ្ឋមន្ត្រី លោកបានពន្យល់ថា ” ខ្ញុំបានឃើញក្រុមយុវជនរបស់លោក ហ៊ុន ម៉ានី និងសកម្មជនរបស់គណបក្សប្រជាជនកម្ពុជាកំពុងចែកអំណោយដល់ពលករ ពលការិនី។ យើងចង់់ថតរូប ប៉ុន្តែក្រុមមន្ត្រីមូលដ្ឋានស្គាល់យើង និងមិនអនុញ្ញាតឲ្យយើងថតឡើយ”។
លោក ម៉េងជ្រួន ដែលជាអភិបាលក្រុងប៉ោយប៉ែត បានបដិសេធថា គ្មានគណបក្សណាត្រូវបានអនុញ្ញាតឲ្យចែកខិត្តប័ណ្ណនយោបាយនៅព្រំដែនទេ។ លោក ម៉េងជ្រួន បានមានប្រសាសន៍ថា ” យើងមិនបានឃើញមានការចែកខិត្តប័ណ្ណនៅជុំវិញនេះទេ ហើយខ្ញុំឈរជើងនៅទីនេះរយៈពេល២៤ម៉ោង”។
លោក គោស៊ុំ សារឿត អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា លោកមិនបានដឹងអំពីខិត្តប័ណ្ណនេះទេ។
លោក សារឿត បានមានប្រសាសន៍ថា ” ខ្ញុំឆ្ងល់ថាហេតុអ្វីបានជាគេនិយាយដូច្នេះ ពីព្រោះវាមិនបានកើតឡើងទេ។ គណបក្សប្រជាជនកម្ពុជា មិនបានធ្វើដូច្នោះទេ។ ហេតុអ្វីលោកអ្នកជឿអង្គការអាដហុក បែរជាមិនជឿអាជ្ញាធរទៅវិញ?”។
លោក អ៊ុក សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានមានប្រសាសន៍ថា លោកនឹងមិនស៊ើបអង្កេតខិត្តប័ណ្ណដែលគ្មានការអនុញ្ញាត ប្រសិនបើគ្មានការប្តឹងតវ៉ាផ្លូវការណាមួយនោះទេ៕ប៊ុុននី