27.5 C
Phnom Penh

អាជ្ញាធរ​និង​អ្នក​ភូមិ​ជួបប្រជុំគ្នា​ពិភាក្សាអំពី​ដីសម្បទានសង្គមកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ខេត្ត​ក្រចេះ​បាន​ជួប​ជាមួយ​អ្នក​ភូមិ​៣០១​គ្រួសារ​ ដែលទទួល​បាន​ដីសម្បទានសង្គម​កិច្ច​កាលពីពេល​ថ្មីៗ​នេះ​នៅ​ក្នុង​ស្រុក​ស្នួល ដើម្បីពិភាក្សា​រក​វិធី​​ដោះស្រាយ​ការ​ហូរ​ចូល​អ្នកភូមិ​រាប់​រយ​នាក់​ ដែល​សង្ឃឹម​ថា នឹង​បាន​រស់​នៅ​លើ​ដីនេះដែរ។

ដីសម្បទាន​ចំនួន​៧៥០​ហិកតា​ត្រូវ​បាន​ផ្ដល់​ឲ្យ​អ្នក​ភូមិ​៣០១​គ្រួសារ​កាលពីដើម​ខែ​នេះ បន្ទាប់ពី​ពួកគាត់​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​អ្វី​ដែលពួកគាត់​លើក​ឡើង​ថា ជា​ការ​បណ្ដេញ​ចេញ​ពីដីធ្លីដ៏អយុត្តិធម៌​ពី​សំណាក់​​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូវៀតណាម​។

បើទោះណាជាពួកគាត់​ភាគ​ច្រើន​បាន​ចាក​ចេញ​ពី​ខេត្ត​នានាមកកាន់តំបន់​នេះ​កាលពី​ឆ្នាំ​២០០៨​​ ដើម្បី​ស្វែង​រក​ដីដែល​នៅ​ទំនេរក៏ដោយ ក៏ការ​តវ៉ា​របស់​អ្នក​ភូមិ​ទាំង​នោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កន្លែង​ដែល​ពួកគាត់​បាន​មក​ស្នាក់​នៅ​វត្ត​សាមគ្គីរង្សី ហើយ​ទទួល​បាន​ការ​គាំទ្រ​ភ្លាមៗ​ពី​មេដឹកនាំគណបក្ស​ប្រឆាំង​នោះ បានធ្វើ​ឲ្យក្រុម​មន្ត្រី​​ផ្ដល់​ដីសម្បទាន​សង្គម​កិច្ច​ដល់ពួកគាត់​។

ទោះជាយ៉ាង​ណា បន្តិចក្រោយ​មក​អ្នក​ភូមិ​ប្រហែល​៥០០​គ្រួសារ​ទៀត​បាន​នាំ​គ្នា​ទៅ​កាន់​តំបន់​នេះ​ដើម្បី​ចុះឈ្មោះ​យកដី​នៅ​លើ​ដីចំនួន​៧៥០​ហិកតា​នេះ។

នៅជំនួប​កាលពីម្សិលមិញ តំណាង​របស់​អ្នកភូមិ​៣០១​គ្រួសារ​បា​ន​និយាយ​ថា ពួកគាត់​នឹង​មិន​ចែក​រំលែក​ដីសម្បទាន​នេះ​ជាមួយ​គ្រួសារ​ចំណូលថ្មី​មួយ​ចំនួន​ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ​នៅ​ជិត​នោះទេ​ បន្ទាប់ពី​ពួកគេ​ទទួល​បានព័ត៌មា​នអំពីការ​ផ្ដល់​ដីសម្បទាននេះ​​។

លោក ងួន វិបុល តំណាង​អ្នក​ភូមិ​បាន​និយាយ​ថា ” យើង​ត្រូវ​ដោះស្រាយ​បញ្ហា​​សម្រាប់​អ្នកភូមិ​៣០១​គ្រួសារជាមុនសិន​”។

លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​ស្វែង​រក​ដីសម្បទាន​ផ្សេង​ទៀត​សម្រាប់​គ្រួសារ​ចំណូល​ថ្មី​៤៩១​គ្រួសារ ប៉ុន្តែ​លោក គង់ គឹមនី អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា មិន​មាន​ការ​ស្វែង​រក​ដីថ្មី​ទេ។ លោក​បានមាន​ប្រសាសន៍​ថា ” អាជ្ញាធរ​របស់​យើង​មិនមាន​លទ្ធភាព​ផ្ដល់​ដីដល់​គ្រួសារ​ដែល​បានមក​ចុះ​ឈ្មោះ​កាន់​តែ​ច្រើន​ឡើង​ៗ​នោះ​ទេ ពីព្រោះ​ទំហំដី​គឺសម្រាប់តែ​អ្នកភូមិ​​៣០១​គ្រួសារ​ប៉ុណ្ណោះ”។

លោក លឹម ចាន់ឌី ដែលស្ថិត​ក្នុង​ចំណោម​គ្រួសារ​ដំបូង​បាន​និយាយ​ថា ស្ថានភាព​នេះ​បាន​ធ្វើ​ឲ្យ​អ្នកភូមិទាំង​ពីរក្រុម​ស្រងាក​ចិត្ត​។ លោក​បាន​និយាយ​ថា ” អ្នកភូមិ​ដំបូង​មិន​ពេញ​ចិត្ត​នឹង​ចំនួន​អ្នក​ភូមិ​​ដែល​​ចេះ​តែ​កើន​ឡើ​ង​នេះ​ទេ ពី​ព្រោះ​ពួក​គាត់​បារម្ភ​ខ្លាច​បាត់​បង់​​ចំណែកដី​របស់​ពួកគាត់​”។ លោក​បាន​បន្ថែម​ថា ” ខ្ញុំយល់​ថា អ្នក​ដែល​មិនទទួល​បាន​ដី​ក៏មិន​សប្បាយ​ចិត្ត​ដែរ ប៉ុន្តែ​តើ​យើង​ត្រូវ​​ធ្វើ​ដូចម្តេច​ដើម្បី​ជួយ​ពួកគាត​់? ។រដ្ឋាភិបាល​បាន​ផ្ដល់​ដី​ចំនួន​៧៥០​ហិកតា សម្រាប់​អ្នក​ភូមិតែ​៣០១​គ្រួសារប៉ុណ្ណោះ​”៕ សារុ​ន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស