38 C
Phnom Penh

បុគ្គលិក​ធនាគារ​កាណាឌីយ៉ា​រៀប​រាប់​ប្រាប់​អំពី​ការ​ប្រឹងប្រែង​មិន​បាន​សម្រេច​ក្នុង​ការ​បង្ហាញ​អំពី​ការ​លួច​បន្លំ​លុយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ធនាគារ​កាណាឌីយ៉ា​បាន​ប្រាប់​សាលា​ដំបូង​រាជធានីភ្នំពេញ​កាលពីម​្សិលមិញ​អំពី​ការ​ប្រឹង​ប្រែង​​មិ​ន​បានស​ម្រេច​របស់​ពួកគេ​ក្នុង​ការ​បង្ហាញ​អំពី​ការ​លួច​បន្លំលុយ​ចំនួន​២,៣​លាន​ដុល្លារ​ ដែល​មាន​អ្នក​គ្រប់​គ្រង​នៅក្នុង​ផ្នែក​ឥណទាន​របស់​ធនាគារ​នេះ​ធ្វើ​ជា​មេខ្លោង​។canadia

កញ្ញា យ៉េត សុភក្ត្រា អាយុ​៣០​ឆ្នាំ​ដែល​ជា​អ្នកគ្រប់​គ្រង​ជាន់​ខ្ពស់​នៅ​ផ្នែក​ប័ណ្ណឥណទាន​របស់​ធនាគារ​នេះ និង​ លោក ឡេង ស៊ុនគ្រី អាយុ​៣៤​ឆ្នាំ​ ដែល​ជា​ប្រធាន​ផ្នែក​ប័ណ្ណ​ឥណទាន​នៃ​ធនាគារ​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​កាលពីខែមីនា បន្ទាប់ពី​ធនាគារ​បាន​រាយ​ការណ៍​ប្រាប់​នគរ​​បាល​អំពី​ការ​លួច​បន្លំ​លុយ​ដ៏ច្រើ​ននេះ​។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ទាំង​ពីរ​បាន​សារភាព​ថា បាន​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ការ​លួច​បន្លំលុយ​ដែល​ប្រើ​ប័ណ្ណឥណទាន​ពាក់ព័ន្ធនឹង​គណនីក្លែង​ក្លាយ​។

បុគ្គលិក​ធនាគារ​នេះ​បាន​ផ្ដល់​សក្ខីកម្ម​អស់​រយៈពេ​ល​បីម៉ោង​ប្រាប់​តុលាការ​ថា ពួកគេ​បាន​ដឹង​អំពី​សកម្មភាព​ខុស​ពីធម្មតា​ពាក់ព័ន្ធ​នឹង​ប័ណ្ណឥណទាន​ ហើយ​បាន​រាយការណ៍​រឿង​នេះ​ប្រាប់​ប្រធាន​របស់​ខ្លួន​ ដែល​ជា​មនុស្ស​តែ​មួយ​ដែល​បាន​​ប្រព្រឹត្ត​បទ​ល្មើស​​គេ​ចោ​ទឡើង​នេះ។

លោក ហេង សារិន អាយុ​៣១​ឆ្នាំ​ បុគ្គលិក​ផ្នែក​សេវា​ផ្ដល់​ប័ណ្ណ​ឥណទាន​នៅ​ធនាគារ​នេះ​បាន​និយាយ​ថា គាត់​បាន​ដឹង​អំពីការ​ដក​លុយ​ដ៏ច្រើន​នេះ​ ហើយ​បាន​រាយការណ៍​ប្រាប់​លោក ស៊ុនគ្រី។ គាត់​បាន​និយាយ​ថា ” ខ្ញុំ​បាន​ដឹង​ថា អតិថិជន​ពីរ​នាក់​ គឺ​ឈ្មោះ ចក់ គឹមហេង និង​ឈ្មោះ​ ទេព ចន្ធី បាន​ដក​លុយ​ច្រើន​ខុស​ពីធម្មតា​ពី​ម៉ាស៊ីន​អេធីអិម។ ពួកគេ​ដក​លុយ​១០​ដង​ក្នុង​មួយ​ថ្ងៃ​ ហើយ​ក្នុង​ម្ដងៗ​គេ​បាន​ដក​លុយ​ពី​២.០០០​ទៅ៣.០០០​ដុល្លារ​”។

លោក សារិន បាន​រាយការណ៍​ពី​សកម្មភាព​នេះ​ប្រាប់​លោក ស៊ុនគ្រី ប៉ុន្តែ​បាន​និយា​យ​ថា គេ​បាន​ប្រាប់​គាត់​ថា ” វា​មិនអីទេ​ ហើយថា ​អតិថិជន​ទាំង​ពីរ​នេះ​គឺ​ជា​អតិថិជន​សំខាន់​របស់​​កញ្ញា សុភក្ត្រា។

របាយការណ៍​នគរ​បាល​លើក​ឡើង​ថា កញ្ញា សុភក្ត្រា និង​អ្នកសមគំនិត​ជាមួយ​គាត់​បាន​ប្រើ​ប័ណ្ណ​ឥណទាន​ចំនួន​ប្រាំ​សម្រាប់​ដក​លុយ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ពីម៉ាស៊ីនអេធីអិម​នៅ​ទូទាំង​ទីក្រុង​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​។

កញ្ញា ឆ លីដា អាយុ​២១​ឆ្នាំ​ ជា​បុគ្គលិក​ផ្នែក​បម្រើ​អតិថិជន​ក៏បាន​ប្រាប់​តុលាការ​កាលពី​ម្សិលមិញ​ដែរថា នៅពេល​គាត់​រាយការណ៍​ពីការ​ដក​លុយ​ដ៏ច្រើន​នេះ​ប្រាប់​លោក ស៊ុនគ្រី គេ​បាន​ប្រាប់​កញ្ញា​ថា គណនី​ទាំង​នេះ​ជា​គណនី​អតិថិជន​របស់​កញ្ញា សុភក្ត្រា។

បុគ្គលិក​ធនាគារ​នេះ​បាន​និយាយ​ថា លោក ស៊ុនគ្រី និង​កញ្ញា សុភក្ត្រា មា​ន​សិទ្ធិ​អនុម័ត​យល់​ព្រម​លើ​ឯក​សារ​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​កាត​អេធីអិម​។

កញ្ញា សុភក្ត្រា បាន​ប្រាប់​តុលាការ​​ថា គាត់​បាន​បង្កើត​គណនី​ដោយ​ប្រើ​ឈ្មោះ​ ចក់ គឹមហេង ដែល​ជា​ម្ដាយ​របស់​គាត់។ អ្នកស្រី គឹមហេង និង​​មិត្ត​ប្រុស​របស់​កញ្ញា សុភក្ត្រា ឈ្មោះ ស៊ុន សៅនិន អាយុ​៤៣​ឆ្នាំ​ក៏ត្រូវ​បាន​ចោទ​ប្រកាន់​ជាអ្នក​រួមគំនិត​នៅ​ក្នុង​ការ​លួច​បន្លំ​នេះ​ដែរ។ តុលាការ​គ្រោង​បន្ត​បើក​សវនាការ​នៅថ្ងៃ​ទី៧ ខែកក្កដាទៀត​៕ គឹមហឿន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស