29 C
Phnom Penh

សាលារាជធានីកុម៉្មង់ទិញរថយន្ត​ក្រុង​៤០គ្រឿងទៀតដាក់ឲ្យ​ដំណើរការ​ក្នុង​រាជធានី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីសាលារាជធានីម្នាក់ដែលបាន​បដិសេធមិន​បង្ហើបឲ្យ​ដឹង​​អំពី​ព័ត៌មាន​លម្អិត​នៃការ​កុម៉្មង់ទិញរថយន្ត​​ក្រុង​បាន​ឲ្យ​ដឹងថា សាលា​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ទិញ​​​រថយន្ត​​​ក្រុង​​​​​​ប្រើហើយ​​​ចំនួន​​​៤០​​​គ្រឿង​​​ពី​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​ដើម្បី​​​ពង្រីក​​​សេវា​​​កម្មរថយន្ត​​​ក្រុង​​​សាធារ​​​ណៈ​​​ដ៏​​​ក្មេង​​​ខ្ចី​​​ក្នុង​​​រាជ​​​ធានី​​​។

លោក ឡុង​​​ ឌីម៉ង់ អ្ន​​ក​​​នាំ​​​ពាក្យ​​​សាលា​​​រាជធានី​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រថយន្ត​​​ក្រុ​​​ង​​​ទាំង​​​នេះ​​​គ្រោង​នឹង​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ក្នុង​​​រយៈ​​​ពេល​​​១៥​​​ថ្ងៃទៀត ប៉ុន្តែ លោក​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា លោក​​​មិន​​​អាច​​​ប្រាប់​​​អំពី​​​តម្លៃ​​​រថយន្ត​​​ក្រុង​​​ ឬ​​​ថារថយន្ត​​​ទាំង​​​នេះ​​​​​​ទិញ​មក​​ពី​​​ក្រុម​​​ហ៊ុន​​​ណា​​​ទេ​​​។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពេល​​​​​នេះយើង​​​មិនទាន់​​​អាច​​​និយាយ​​​បាន​​​ទេ​​​​​” ហើយ​លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ​​​។

សេវា​​​កម្ម​​​រថយន្ត​​​ក្រុង​​​សាធារណៈ​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​​កាល​​​ពីដើម​​​ឆ្នាំ​​​នេះ ត្រូវ​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​សៅហ្មងដោយ​កិច្ចព្រមព្រៀង​មិន​ច្បាស់លាស់​ជាច្រើន។ កិច្ច​​​សន្យា​​​ដំបូង​​​សម្រាប់​​​សេវា​​​រថយន្ត​​​ក្រុង​​​ត្រូវ​​​បាន​​​ផ្តល់ទៅ​​​ឲ្យ​​​ក្រុមហ៊ុន Global (Cambodia) TradeDevelopment ដែល​​​កាន់​​​កាប់​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​ ដោយ​​​មិន​​​មាន​ដំណើរ​ការ​​​ដេញ​​​ថ្លៃ​​​ត្រឹម​​​ត្រូវ​​​ឡើយ ហើយ​​​ផ្អែក​​​ទៅ​​​លើ​​​ការ​​​​ព្រម​​​ព្រៀង​​​ផ្ទាល់​​​មាត់​​​តែ​​​ប៉ុណ្ណោះ។

ក្រោយមក​​​ក្រុម​​​ហ៊ុ​​​ន​​​នេះ​​​បាន​​​ដក​​​ខ្លួន​​​ចេញ​​​ បន្ទាប់​​​ពី​​​​​​មិន​​​ទទួល​​​បាន​​​ការ​​​លើកលែង​​​ពន្ធ​​​សម្រាប់​​​អាជីវកម្ម​​​រថយន្ត​​​តាក់ស៊ី​​​របស់​​​ខ្លួន ហើយ​​​សាលា​​​រាជធានី​​បាន​​​សម្រេច​​​ធ្វើ​​គម្រោង​​​នេះ​​​តែ​​​ឯង​​​នៅ​​​ពេល​​​ដែល​​​ខ្លួន​​​ស្វែង​​​រក​​​ក្រុមហ៊ុន​​​ផ្សេង​​​​​​ឲ្យអនុវត្ត​​​សេវាកម្ម​​​នេះបន្ត​ទៀត​​​។

លោក អ៊ូ គឹមសាន អនុប្រ​ធាន​​​ការិយាល័យ​​​ដឹកជញ្ជូន​​​នៅ​​​មន្ទីរ​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន​​​រាជ​​​ធានី ​​​ដែល​​​ទទួល​​​បន្ទុក​​​​​​ដំណើរ​​​ការ​​​រថយន្ត​​​ក្រុង​​​រហូតដល់​​​រកបានវិនិយោគិន​​​ថ្មី​​​ បាន​​​មាន​​​ប្រសា​សន៍​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​តម្លៃ​​​រថយន្ត​​​ក្រុង​​​ថ្មី​​​ ឬ​​​ព័ត៌​​​មាន​​​លម្អិត​​​អំពី​​​ការ​ទិញនេះឡើយ​​​។

លោក គឹម​​​សាន បាន​​​មាន​​​ប្រសាសន៍​​​ថា ” នេះ​​​គឺ​​​ជា​​​ការ​​​ងារ​​​របស់​​​សាលារាជ​​​ធានី​​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បច្ចុប្បន្ន​​​នេះ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញបាន​​​ខាត​​​បង់​​​ប្រាក់​​​នៅពេលខ្លួន​គ្រប់​គ្រង​សេវាកម្ម​​​នេះ ហើយ​​សេវាកម្ម​នេះ​​​ត្រូវ​​​តែមាន​ប្រាក់​​​​ចំណេញ​​​ដើម្បី​​​ទាក់​​​ទាញ​​​វិនិយោគិន។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” ប្រសិន​​​បើ​​​សាលា​​​រាជធានី​​​ភ្នំពេញរក​​​ប្រាក់ច​​​ំណេញ​​​បាន​​​ក្រុម​​​ហ៊ុន​​​ដទៃ​​​ទៀត​​​ នឹង​​​ចូល​​​រួម​​​ជាមួយ​​​”។ បច្ចុប្បន្ន​​​នេះ​​​ សេវាកម្មរថយន្តក្រុងមាន​​​​​​៣៦​ចំណត​​​នៅ​តាម​​​មហាវិថី​​​ព្រះ​​​មុនីវង្ស ហើយ​​​ការពង្រីកសេវា​​​នៅពេល​​​ខាង​​​មុខ​​​ នឹង​​​បន្ថែម​​​​​​រថយន្ត​​​​​​​ថ្មី​ជា​ច្រើន​ខ្សែទៀត​​​។

ខ្សែ​​​មួយនឹងចេញពី​​​​កន្លែង​​​ចតយានយន្ត​​​​នៅ​​​ស្តាតចាស់​​​ទៅ​​​កាន់​​​សង្កាត់​​​គីឡូម៉ែត្រ​​​លេខ​​​៦​​​ក្នុង​​​ខណ្ឌ​​​ប្ញស្សី​​​កែវ មួយខ្សែ​​​ទៀត​​​ចេញពីផ្សារ​​​ច្បារ​​​អំពៅ​​​ទៅ​​​ក្រុង​​​តា​​​ខ្មៅ​​​ខេត្ត​​​កណ្តាល​​​។ លោក គឹម​​​សាន បាន​​​មាន​​​ប្រសាសន៍​​​ថា រថយន្ត​​​ក្រុង​​​ទាំង​​​៤០​​​គ្រឿង​​​ដែល​​​កុម៉្មង់ទិញ​​​ពី​​​ប្រទេស​​​កូរ៉េ​​​ខាង​​ត្បូង ​​​​​អាច​​​ដឹក​​​អ្នក​​​ដំណើរ​​​បានពី​​​៦០​​​នាក់​​​ទៅ​​​៧០​​​នាក់​​​ក្នុង​​​​​មួយ​​​គ្រឿងៗ ហើយ​​​នឹង​​​ចាប់​​​ផ្តើម​​​ដំណើរ​​​ការ​​​ក្នុង​​​រាជ​​​ធានី​​​នៅខែ​​​សីហា​​​។

លោក ឆយ ដេ យ៉ុង​​​ ប្រធាន​​​ក្រុម​​​ហ៊ុន​​​ Trans-Choice Cambodia កាន់​​​កាប់​​​ដោយ​​​​​​ជនជាតិកូរ៉េ​​​ ដែល​​​ក្រុមហ៊ុន​​​របស់​​លោក​​​ត្រូវ​​​បាន​​​សាលា​​​រាជ​​​ធានី​​​មើល​​​រំលង​​​ក្នុង​​​ដំណើរ​​​ការ​​​ដេញ​​​ថ្លៃ​​​ដំបូងនោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន​​​របស់​​​លោក​​​កំពុង​​​​ចរចា​​​ជាមួយ​​​សាលា​​​រាជ​​​ធានី​​​ដើម្បី​​ដំណើរការ​សេវាកម្ម​​​​​​រថយន្តក្រុង​​​របស់​​​ខ្លួន​​​៕ សារុន​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស