27.5 C
Phnom Penh

ក្រុមមន្ត្រី​បង្ហាញ​ផែនការ​ផ្លាស់​​ទីលំនៅ​គ្រួសារ​ប្រជាពលរដ្ឋ និង​ចែក​​អា​ហារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​រាប់​រយគ្រួសារ​​ដែល​ត្រូវ​​​ផ្លាស់​​​​ទីជម្រក​​ដោយ​សារ​​​ទំនប់​វារី​​អគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែងដែលមាន​កម្លាំង​១០៨​មេហ្គាវ៉ាត់ ត្រូវបា​ន​កោះ​ហៅ​ចូល​រួម​កិច្ចប្រជុំមួយ​កាល​​ពី​ម្សិល​មិញ​​ជាមួយ​​​អាជ្ញាធរខេត្ត​ ដែលបាន​បង្ហាញ​គម្រោង​​ផ្លាស់​​ទីលំនៅ​មួយ ហើយ​បន្ទាប់​មក​​ចែក​​​អំ​ណោយ​​​​ជា​កាពិនិង​ប៊ីចេង។areng

លោក ហេង សំណាង ដែលជាបុគ្គលិក​​របស់​អង្គការក្រៅរដ្ឋាភិបាល​ Mother Nature ដែលបាន​ចូល​រួម​កិច្ចប្រជុំ​​​នៅក្នុងស្រុក​ថ្មបាំងនោះដែរ ​បានមាន​ប្រសាសន៍ថា លោកអភិ​បាល​ខេត្ត​បាន​ចែក​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ​ប្រមាណ​១០០​គ្រួសារ​​​ដែល​មាន​វត្តមានក្នុង​កិច្ច​ប្រជុំនោះ​​។ លោក សំណាង ​បានមានប្រសាសន៍ថា ” មុនពេល​ចែកអំណោយ​​​ជា​កាពិនិង​ប៊ីចេង​ លោក​ ផៃធួន ប្លាំកេសន ​​អភិបាល​រង​ខេត្ត​ បានមានប្រសាសន៍ថា ” នេះជា​​អំណោយ​​ដែល​អាជ្ញាធរ​ផ្តល់ឲ្យ​ដោយ​សុទ្ធចិត្ត​​​ វាមិនមែន​សម្រាប់ការ​ដោះដូរ ឬការ​បញ្ចុះបញ្ចូល​​បងប្អូន​​អ្នក​ភូមិ​នោះទេ​”។

លោកបានមាន​ប្រសាសន៍ថា នគរបាល កងរាជអាវុធហត្ថនិង​ទាហានប្រមាណ​៣០នាក់​​​ដែល​ខ្លះ​មកពី​កង​អនុសេនាតូច​ថ្មីមួយ​ ដែល​ត្រូវបាន​បង្កើតឡើង​កាល​​ពីថ្ងៃ​ច័ន្ទ​​ ដើម្បីការ​ពារ​តំបន់​នោះ​ ក៏បាន​ចូល​រួម​ព្រឹត្តិការណ៍​នេះដែរ។

លោកបានមានប្រសាសន៍ថា ទោះយ៉ាងណា អ្នកភូមិ​ភាគច្រើន​​ ដែល​​បាន​ចូល​រួម​​ជំនួប​ប្រជុំនេះ​ ​ទំនង​ជា​នៅតែ​​​ជំទាស់​មិនព្រម​រើចេញពីដី​ ដែលទុក​ផ្លូវសម្រាប់​ការ​​សាង​​សង់ទំនប់​វារីអគ្គិសនីនោះឡើយ​។

លោក ប្លាំកេសន និងមន្ត្រីផ្សេងទៀត​នៅឯ​កិច្ចប្រជុំកាល​ពីម្សិលមិញ​​​មិនអាចទាក់ទង​សុំការ​អត្ថាធិប្បាយ​បាន​ទេ​។ ទំនប់​វារី​​អគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង ដែល​កំពុង​ត្រូវសាងសង់​ដោយ​ក្រុម​ហ៊ុន​វារីអគ្គិសនី ចិន ស៊ីណូហាយដ្រូ (Sinohydro) រំពឹងនឹង​អាច​​ជន់លិចដីប្រមាណ២០.០០០​ហិកតា និង​បង្ខំ​ឲ្យ​អ្នក​ភូមិ​ចំនួន​១.៥០០នាក់​​ រាប់ទាំង​សមាជិក​​​ជន​​ជាតិដើម​ភាគ​តិចជង ជាច្រើននាក់​ចាក​ចេញពី​ដីដូនតា​​របស់​ខ្លួន​។

អ្នកភូមិម្នាក់ឈ្មោះ ​ភុន ខាង ​​ដែល​​នឹង​​ទទួល​រង​ប៉ះ​ពាល់​​ដោយសារទំនប់នេះ ​បានមាន​ប្រសាសន៍ថា ​លោក​បាន​បដិសេធ​មិន​ទទួល​អំណោយ​ជា​កាពិ​មួយគីឡូក្រាម​និងប៊ីចេង​ពីរខាំ​កន្លះ​ទេ ដោយ​ខ្លាចថា វាជាការប៉ុនប៉ង​​​ទិញ​​ទឹក​ចិត្តគាត់។

លោក ភុន ខាង ដែលបាននិងកំពុងតែធ្វើការប្តូរវេនគ្នា​បិទផ្លូវ ចាប់តាំងពីខែមីនា​​រួមជា​មួយបុរសជនជាតិដើមភាគតិចជង​​​ប្រហែល​​​១៥នាក់ទៀត ដើម្បីរារាំង​វិស្វករចិនមួយក្រុម​មិនឲ្យ​ចូល​ដល់​​​ទំនប់​វារីអគ្គិសនីនេះ បានមាន​ប្រសាសន៍ថា “ខ្ញុំមិនបាន​ទទួលយក​អំណោយ​នេះទេ​ ពីព្រោះ​ខ្ញុំគិតថា ​វា​​នឹង​បញ្ចុះ​បញ្ចូល​​ចិត្តខ្ញុំ។ ​​ពួកគេ​ចង់​​ដេញ​យើង​​ចេញពី​កន្លែង​​​នេះ”។ លោក ខាង ​បានមាន​ប្រសាសន៍ថា ” ​​អ្នកភូមិ​ស្ទើរតែទាំងអស់​មិន​​​ចង់​ឲ្យ​​​អាជ្ញាធរ​​និង​ក្រុម​ហ៊ុន​​មក​សិក្សា​គម្រោង​​ដែល​ត្រូវបាន​ស្នើ​នោះ​​​ទេ​”។ លោក​ពន្យល់ថា ការ​​​ជំទាស់​នឹងគម្រោង​នេះ​​​រីក​សុសសាយ​​។

កាល​ពីម្សិលមិញផងដែរ ក្រុមមន្ត្រី​សាធារណការ​​បាន​បញ្ជាក់​​ថា ​ផ្លូវថ្មី​មួយ​​​ខ្សែ​​​ប្រវែង​​៣៥​​គីឡូ​ម៉ែត្រ ​នឹង​ត្រូ​វ​ស្ថាបនា​​​ ដោយ​ភ្ជាប់​ផ្លូវជាតិ​លេខ​៤៨​ទៅ​ស្រុក​ថ្មបាំង​។

លោក នី សារ៉ាត់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​​បានមាន​ប្រសាសន៍ថា “យើង​មិន​ដឹងថា​ត្រូវ​ចំណាយ​ប្រាក់​ចំនួន​ប៉ុន្មាន​នៅឡើយទេ​ ​ពីព្រោះ​ក្រសួង​[សាធារណការ​] កំពុង​រៀបចំ​ផែនការ​មេ​”។ លោកបាន​បន្ថែមថា នាយក​ដ្ឋាន​វិស្វកម្ម​របស់​ក្រសួង​​ការពារ​​ជាតិ​​នឹងទទួក​បន្ទុក​ការ​ស្ថាបនា​ផ្លូវនេះ​៕ ប៊ុននី​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស