យោងតាមសេចក្តីប្រកាសមួយបង្ហោះនៅលើគេហទំព័ររបស់សាលារាជធានីកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា សាលារាជធានីភ្នំពេញមានផែនការហាមប្រាមអ្នកសុំទាននិងអ្នកលក់តាមផ្លូវមិនឲ្យរកស៊ីនៅតាមភ្លើងស្តុបនៃចំណុចប្រសព្វសំខាន់ៗចំនួនប្រាំមួយកន្លែងនៅក្នុងរាជធានី។
សេចក្តីប្រកាសនេះ មានខ្លឹមសារថា លោកស្រី ម៉ក់ វ៉ាន់ស៊ីថា អភិបាលរងរាជធានីភ្នំពេញបានជួបជាមួយអាជ្ញាធរមូលដ្ឋានកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីការហាមប្រាមដូចដែលបានគ្រោងទុក ដែលលោកស្រីបានលើកឡើងថាជាការចាំបាច់ ដោយសារសកម្មភាព”អនាធិបតេយ្យ”។
លោកស្រី វ៉ាន់ស៊ីថា ត្រូវបានដកស្រង់សម្តីនៅឯកិច្ចប្រជុំនោះថា ” សេចក្តីសម្រេចជ្រើសរើសចំណុចប្រសព្វតាមភ្លើងស្តុបចំនួនប្រាំមួយកន្លែង នឹងត្រូវកំណត់ជាតំបន់គំរូ[សម្រាប់ការហាមប្រាមជនអនាថា និងអ្នកសុំទាននៅតាមផ្លូវ] គឺព្រោះតែយើងបានកត់សម្គាល់ថា សកម្មភាពអនាធិបតេយ្យបែបនេះកើតឡើងម្តងហើយម្តងទៀត”។
លោកស្រីបានមានប្រសាសន៍ថា “បញ្ហានេះកើតឡើង បើទោះជាពួកគេត្រូវបានអាជ្ញាធរមូលដ្ឋានប្រមូលមកអប់រំ ឬផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីចាកផុតពីការដើរសុំទាន និងមានអនាគតល្អក៏ដោយ”។ លោកស្រី វ៉ាន់ស៊ីថា មិនអាចទាក់ទងសុំការអត្ថាធិប្បាយកាលពីម្សិលមិញបានទេ។
ការហាមប្រាមនេះនឹងធ្វើឡើងនៅតាមចំណុចប្រសព្វចំនួនប្រាំមួយកន្លែងនៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ព្រះមុនីវង្ស ម៉ៅ សេទុង និងមហាវិថីព្រះសីហនុ។
វាកើតឡើងបន្ទាប់ពីការប្រមូលអ្នកសុំទានថ្មីៗនេះនៅតាមផ្លូវក្នុងរាជធានីភ្នំពេញកាលពីដើមខែនេះ ដែលក្នុងពេលនោះកុមារនិងក្មេងជំទង់ត្រូវបានប្រមូលញាត់ចូលក្នុងឡានទ្រុង ហើយបញ្ជូនទៅមណ្ឌលសង្គមកិច្ចរាជធានីព្រៃស្ពឺ ឬបញ្ជូនទៅអង្គការក្រៅរដ្ឋាភិបាល ដែលភាគច្រើនបដិសេធមិនទទួលពួកគេ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍ថា បទបញ្ជាហាមប្រាមអ្នកសុំទាននៅតាមចំណុចប្រសព្វ នឹងត្រូវអនុវត្ត បន្ទាប់ពីគណៈកម្មាធិការចម្រុះមួយ ត្រូវបានបង្កើតឡើងដើម្បីធ្វើជំរឿនអំពីអ្នកសុំទាននិងអ្នកលក់ដូរតាមផ្លូវ។
លោក ឌីម៉ង់ បានមានប្រសាសន៍ថា “គណៈកម្មាធិការចម្រុះនេះដែលរួមសហការជាមួយអង្គការក្រៅរដ្ឋាភិបាលជាដៃគូចំនួនបួន នឹងត្រូវបង្កើតឡើងគិតត្រឹមដំណាច់ខែនេះ ឬនៅដើមខែក្រោយ ដើម្បីជួយក្មេងសំុទានតាមផ្លូវនិងជនអនាថាផុតពីការកេងប្រវ័ញ្ចរបស់អ្នកជួញដូរមនុស្ស និងដើម្បីជួយពួកគេឲ្យមានជំនាញត្រឹមត្រូវសម្រាប់អាជីពថ្មី”។
យោងតាមមន្ទីរសង្គមកិច្ចរាជធានីបានឲ្យដឹងថា កុមារសុំទានតាមផ្លូវ អ្នកលក់តាមផ្លូវ និងជនអនាថា ចំនួន២៣៩នាក់ត្រូវបានប្រមូលចាប់ពីខែមករា រហូតដល់ខែមិថុនា និងត្រូវបានបញ្ជូនដើម្បីបណ្តុះបណ្តាលវិជ្ជាជីវៈ។
សាត សុខា អ្នកលក់ផ្កាម្លិះនៅតាមមហាវិថីព្រះមុនីវង្ស បាននិយាយថា ខ្លួនត្រូវបានប្រមូលបួនលើកហើយ និងត្រូវបានបញ្ជូនទៅមណ្ឌលសង្គមកិច្ចរាជធានីព្រៃស្ពឺ។
សុខា បានឲ្យដឹងថា “ការលក់ភួងផ្កាម្លិះនៅតាមភ្លើងស្តុបសំខាន់ៗទំាងនេះ យើងអាចរកប្រាក់បានខ្លះ។ ខ្ញុំមិនឃើញអនាគតរបស់ខ្ញុំទេ នៅពេលសាលាក្រុងកំពុងព្យាយាមដេញយើងមិនឲ្យលក់នៅតាមផ្លូវ”៕ ប៊ុននី