ក្រុមហ៊ុនអភិវឌ្ឍន៍របស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលរងការចោទប្រកាន់ថា បានបណ្ដេញប្រជាជនរាប់ពាន់គ្រួសារដោយខុសច្បាប់ចេញពីកណ្ដាលក្រុងភ្នំពេញនោះ នៅពេលថ្មីៗនេះបានលក់ដីមួយក្បាលតូចនៅក្នុងគម្រោងរបស់ខ្លួនក្នុងតម្លៃ១៤,៩លានដុល្លារទៅឲ្យក្រុមហ៊ុនមួយដែលមានទំនាក់ទំនងជាមួយប្អូនស្រីម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អង្គការសិទ្ធិមនុស្សនានាលើកឡើងថា ការលក់ដីនេះបំពានលក្ខខណ្ឌនៃកិច្ចសន្យាជួលរយៈពេល៩៩ឆ្នាំ ដែលក្រុមហ៊ុនស៊ូកាគូ របស់លោក ឡៅ ម៉េងឃិន បានចុះហត្ថលេខាជាមួយរដ្ឋាភិបាលក្នុងឆ្នាំ២០០៧។ គ្រួសារនៅតំបន់នេះកំពុងពិចារណាធ្វើពាក្យបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រុមហ៊ុនស៊ូកាគូ បានបង់លុយចំនួន៧៩លានដុល្លារសម្រាប់កិច្ចសន្យាជួលដីចំនួន១៣៣ហិកតានៅតំបន់បឹងកក់ក្នុងក្រុងភ្នំពេញ ហើយក្រោយមកបានបណ្ដេញប្រជាជនប្រហែល៣.០០០គ្រួសារចេញពីតំបន់នោះ ដែលជាការបំពានច្បាប់ភូមិបាលរបស់កម្ពុជា។ ដោយមានការគាំទ្រពីវិនិយោគិនជនជាតិចិនម្នាក់ ក្រុមហ៊ុននេះបានចាប់ផ្ដើមគម្រោងអចលនទ្រព្យដ៏ធំកាលពីពាក់កណ្ដាលឆ្នាំ២០១១ ប៉ុន្តែបានឈប់ទៅវិញភ្លាមៗ ហើយបានទុកតំបន់នេះឲ្យនៅទំនេរចាប់តាំងពីពេលនោះមក។
កាលពីថ្ងៃសុក្រ ក្រុមហ៊ុន HLH Group ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានផ្សព្វផ្សាយនៅលើទីផ្សារភាគហ៊ុននៅប្រទេសសិង្ហបុរីថា ក្រុមហ៊ុន D’Lotus Development Limited បានទិញដីចំនួន១,៣៥ហិកតាពីក្រុមហ៊ុនស៊ូកាគូ និងមានផែនការសាងសង់អគារការិយាល័យ ខុនដូប្រណីតៗ និងពុះកាត់ដីនោះសម្រាប់លក់។
ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន HLH នៅក្នុងប្រទេសសិង្ហបុរីបានបង្វែរសំណួរទាំងអស់អំពីកិច្ចព្រមព្រៀងនេះទៅការិយាល័យរបស់ក្រុមហ៊ុនកសិកម្ម HLH នៅក្នុងទីក្រុងភ្នំពេញ ហើយមន្ត្រីក្រុមហ៊ុននេះមិនទទួលសំណើជាច្រើនលើកសុំការអត្ថាធិប្បាយទេ។ យោងតាមឯកសារចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា ក្រុមហ៊ុនកសិកម្ម HLH កាន់កាប់ទំាងស្រុងដោយក្រុមហ៊ុន HLH Agri International ជាផ្នែកមួយនៃក្រុមហ៊ុន HLH Group ។
យោងតាមអ្នកភូមិ និងបុគ្គលិកសិទ្ធិមនុស្សបានឲ្យដឹងថា ក្រុមហ៊ុនកសិកម្ម HLH មានចម្ការមួយនៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៅខេត្តកំពង់ស្ពឺ។ កាលពីខែកុម្ភៈ ឆ្នាំ២០១០ ប្អូនស្រីម្នាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន សេងនី បានចុះទៅមើលតំបន់នោះដើម្បីជួយសម្រាលដល់កង្វល់របស់ប្រជាជនមូលដ្ឋានដែលថា ចម្ការេនះរំលោភចូលដីកសិកម្មរបស់ពួកគាត់ ហើយក្រុមមន្ត្រីបានចាត់ទុកក្រុមហ៊ុន HLH ថាជាក្រុមហ៊ុនរបស់អ្នកស្រី។
ក្រោយមកនៅខែដដែលនោះ ស្ត្រីម្នាក់ដែលធ្វើការនៅការិយាល័យប្រចាំទីក្រុងភ្នំពេញរបស់ក្រុមហ៊ុនកសិកម្ម HLH បាននិយាយថា អ្នកស្រី សេងនី គឺជាប្រធានក្រុមហ៊ុននេះ។
យោងតាមអង្គការលីកាដូ បានឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០១២ អ្នកស្រី សេងនី បានទៅមើលចម្ការនៅខេត្តកំពង់ស្ពឺរបស់ក្រុមហ៊ុននេះ ដែលមិនទាន់បានចរចារកដំណោះស្រាយសម្រាប់ជម្លោះដីធ្លីជាមួយប្រជាជនមូលដ្ឋាន។
មន្ត្រីជាន់ខ្ពស់បីនាក់នៅក្រុមហ៊ុនស៊ូកាគូ សុទ្ធតែបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការលក់ដីទៅឲ្យក្រុមហ៊ុន HLH កាលពីម្សិលមិញ។
គេមិនទាន់ដឹងច្បាស់ថា តើដី១,៣៥ហិកតា ដែលក្រុមហ៊ុនស៊ូកាគូបានលក់នេះស្ថិតនៅក្នុងតំបន់១២,៤៤ហិកតាដែលត្រូវបានកាត់ចេញពីដីជួលឲ្យក្រុមហ៊ុននេះទុកសម្រាប់ប្រជាជនជាច្រើនរយគ្រួសាររស់នៅនោះឬយ៉ាងណាទេ។
ទោះបីជាដីកាត់ចេញនេះទុកសម្រាប់ឲ្យប្រជាជនទាំងនេះរស់នៅក៏ដោយ ក៏លោក ឡៅ ម៉េងឃិន ទទួលបានប័ណ្ណកម្មសិទ្ធិដីមួយចំនួននៅទីនោះដែរ។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសនៅអង្គការលីកាដូ បាននិយាយថា ការលក់ដីនេះបង្ហាញថា ក្រុមហ៊ុនស៊ូកាគូគ្មានបំណងអភិវឌ្ឍតំបន់នេះទេ។ លោកបាននិយាយថា ” វាគ្រាន់តែជាលេសមួយបង្ហាញថា ដីនេះប្រើសម្រាប់ការអភិវឌ្ឍហើយពួកគេបានលក់ដីនេះ។ វប្បធម៌នៃការលក់ និងការដោះដូរដីនៅតែមាន នេះជាវិធីផ្សេងមួយទៀតក្នុងការយកដីរបស់ប្រជាជន”។
អ្នកស្រី ទេព វន្នី ប្រជាជននៅបឹងកក់ និងជាតំណាងរបស់គ្រួសារមួយចំនួននៅទីនោះ ដែលកំពុងទាមទារប័ណ្ណកម្មសិទ្ធិដីបាននិយាយថា គ្រួសារទំាងនេះប្រហែលជាធ្វើពាក្យបណ្ដឹងនៅពេលឆាប់ៗនេះប្ដឹងលោក ឡៅ ម៉េងឃិន ទៅអង្គភាពប្រឆាំងអំពើពុករលួយពាក់ព័ន្ធនឹងការលក់ដីនេះ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាននិយាយថា លោកមានការភ្ញាក់ផ្អើលចំពោះព័ត៌មានអំពីការលក់ដីនេះ ហើយលោកមិនធ្វើអត្ថាធិប្បាយអំពីភាពស្របច្បាប់នៃការលក់ដីនេះទេ។ លោកបាននិយាយថា ” ខ្ញុំមិនអាចនិយាយអំពីរឿងនេះបានទេ ខ្ញុំត្រូវពិនិត្យមើលឯកសារសិន”៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ Zsombor Peter)