31 C
Phnom Penh

ការ​ធ្វើ​ទារុណ​កម្ម និង​ការ​វាយ​ដំ​នៅ​តែ​កើត​មាន​នៅ​តាម​ប៉ុស្តិ៍​នគរ​បាល​ និង​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​អង្គការ​សិទ្ធិមនុស្សលីកាដូបាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ចេញ​កាល​ពី​ម្សិល​មិញថា អ្នក​ជាប់​ឃុំ​និង​អ្នក​ទោស​នៅ​តែ​រង​ការ​ឆក់ខ្សែភ្លើង ការ​វាយដំរហូត​ដល់សន្លប់ ព្រមទាំង​ការ​យក​ថង់ប្លាស្ទិកគ្របមុខ​​ខ្ទប់ដង្ហើម​ ដោយ​មាន​ការ​ចោទ​ប្រកាន់​ថ្មីៗ​ចំនួន​៤៩​ករណី​អំពី​ការ​ធ្វើទារុណកម្ម​ ឬ​​ការ​រំលោភ​បំពាន​ពីសំណាក់អាជ្ញាធរ​នៅឆ្នាំនេះ ហើយ​ថា​រដ្ឋាភិបាល​មិន​បានធ្វើ​ការ​​ប្រឹងប្រែង​ឲ្យ​បាន​គ្រប់គ្រាន់ដើម្បី​បញ្ឈប់និន្នាការ​នេះទេ។

របាយការណ៍នេះ​លើកឡើង​ថា “តែ​នៅ​ក្នុង​រយៈពេល​បួនខែដំបូង​នៃឆ្នាំ​២០១៤មួយ អង្គការ​លីកាដូបាន​ទទួលការ​ចោទប្រកាន់​៤៩ករណី​អំពី​ការ​ធ្វើទារុណកម្ម ឬការ​ប្រព្រឹត្ត​មិន​គប្បី​អំឡុងពេល​ចាប់ខ្លួន​ឬ​​នៅកន្លែង​ឃុំខ្លួន​របស់នគរបាល”។

របាយការ​ណ៍នេះលើកឡើងទៀតថា​ “នៅឆ្នាំ២០១៤ អ្នក​ជាប់​ឃុំ​ត្រូវ​បាន​ទះ ធាក់​ឆ្អឹង​ជំនីរ និង​ដើមទ្រូង ព្រម​ទាំង​ត្រូវ​បាន​វាយចំក្បាលនិង​ដងខ្លួន​​ជា​មួយ​ដំបង​ឈើ​និង​ដំបង​ឆក់។មន្ត្រីនគរបាល​បាន​ជាន់ដៃអ្នក​ជាប់ឃុំ និង​នៅក្នុង​ករណីមួយ​ពួកគេបាន​យក​ថង់ប្លាស្ទិក​គ្របក្បាល​បុរសម្នាក់​នៅពេល​គាត់​កំពុង​ដេក​លើ​កម្រាលឥដ្ឋ យក​ជើង​ជាន់​លើ​ដង​ខ្លួនគាត់​ ហើយ​បាន​ធាក់គាត់​ចំឆ្អឹង​ជំនីរ​ជាច្រើនជើង”។

អង្គការ​នេះ​ប្រមូល​បាន​ព័ត៌មាន​លម្អិត​ជាង​៥០០​ពី​មនុស្ស​ដែល​ធ្លាប់បាន​ជួប​ប្រទះ​ ឬ​បាន​ឃើញការ​ធ្វើទារុណកម្ម​ពី​សំណាក់​មន្ត្រី​នៅ​ប៉ុស្តិ៍​នគរបាល​ និង​នៅ​ពន្ធនាគារ​ទូទាំង​ប្រទេស​ចាប់តាំង​ពី​ឆ្នាំ​២០០៨មក ដោយ​មាន​ប្រហែល​៩០ភាគរយ​បាន​កើត​ឡើង​នៅ​កន្លែង​ឃុំខ្លួន​របស់នគរបាល​។

នៅក្នុង​របាយការណ៍របស់ខ្លួន​ ដែលចេញស្របពេល​​នឹង​ទិវាអន្តរជាតិ​ប្រឆាំង​កា​រធ្វើ​ទារុណកម្ម​នៅថ្ងៃនេះ អង្គការ​លីកាដូលើកឡើងថា ថ្វីបើ​ប្រទេស​កម្ពុជា​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញាលុប​បំបាត់​ការ​ធ្វើទារុណកម្មក៏ដោយ ក៏រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ម៉ឺងម៉ាត់ដើម្បី​លុប​បំបាត​់​ការ​ធ្វើ​ទារុណកម្មដែរ។

របាយការណ៍នេះ​លើក​ឡើង​ថា “ការរកឃើញរបស់អង្គការ​លីកាដូបង្ហាញថា មិន​មាន​ការ​ផ្លាស់ប្តូរ​​ទាល់តែសោះចំពោះ​ប្រភេទ​ ភាពញឹកញាប់និង​ភាពធ្ងន់ធ្ងរនៃការ​រំលោភ​បំពាន​ដែល​ត្រូវ​បាន​រាយការ​ណ៍ក្នុង​រយៈពេល​ប៉ុន្មា​នឆ្នាំថ្មីៗនេះ។ វត​្ថុដែលគេ​ប្រើប្រាស់​នៅពេល​វាយដំនោះ​រួមមាន​កាំភ្លើងខ្លី ដំបងឈើ ដំបងដែក ដំបងឆក់ និង​​ខ្សែភ្លើង​។ គោល​បំណង​សំខាន់នៃការ​ធ្វើទារុណកម្មគឺ​ដើម្បី​បង្ខំឲ្យ​មាន​ការ​សារភាព ឬ​​ជំរិត​ទារលុយ”។

របាយការណ៍នេះ​​រាប់​បញ្ចូល​ទាំង​​ការ​រំលោភ​បំពាន​ជាច្រើន​ករណី​ដែល​អង្គ​ការ​នេះ​ទទួលបាន​ដោយ​ផ្ទាល់​ពី​ជន​រង​គ្រោះ ហើយបាន​លើក​ឡើង​ថា បុរស​ ស្ត្រី អនីតិជននិង​មនុស្ស​មាន​បញ្ហា​ផ្លូវ​ចិត្ត​គឺ​ជា​គោលដៅ​។ នៅក្នុង​ករណីមួយ​ ស្ត្រីម្នាក់​ដែលមាន​ផ្ទៃពោះ​ពីរខែត្រូវ​បាន​គំរាម​សម្លាប់។

ជន​រងគ្រោះ​ម្នាក់ដែលនិយាយអំពីបទពិសោធរបស់ខ្លួន​នៅប៉ុស្តិ៍នគរបាល​​មួយ​កន្លែង​នៅក្នុង​ទីក្រុង​ភ្នំពេញ​កាលពី​ឆ្នាំ​២០១៣ បាន​រៀបរាប់​​ប្រាប់​ថា មន្ត្រីនគរបាល​ខុសៗគ្នា​ជាច្រើន​បាន​ដាល់ ទះ​ និង​ទាត់​ធាក់​អស់​រយៈពេល​ប្រាំថ្ងៃ ហើយ​បាន​បញ្ចប់ទៅវិញនៅពេល​ដែលគាត់​សារភាពដើម្បី​កុំឲ្យ​ប្រើ​អំពើហិង្សា​ទៀត​​។

នៅ​ឯស្នងការ​ដ្ឋាននគរបាល​ខេត្ត​មួយ​កាលពី​ឆ្នាំ​២០១២ អ្នក​ជាប់ឃុំម្នាក់​និយាយថា គាត់​ត្រូវ​បាន​ធ្វើទារុណកម្ម​ដោយ​ការ​ឆក់​នឹង​ខ្សែភ្លើងរហូត​ដល់​សន្លប់​ ហើយ​បន្ទាប់មក​ត្រូវ​បាន​វាយដំនឹង​ម៉ាឡេត។ គាត់​ក៏បាន​សារភាពដែរ ប៉ុន្តែបាន​អះអាងថា គាត់​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​នោះ​ទេ។

សរុបមក ការ​រៀប​រាប់​អំពី​ការ​ធ្វើទារុណកម្ម​​ទាំង​នេះ​បង្ហាញ​ថា ថ្វីបើ​ប្រទេស​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំងការ​ធ្វើទារុណកម្មកាលពីឆ្នាំ​២០០៧​ក៏ដោយ ក៏ការ​អនុវត្ត​បែបនេះ​នៅតែកើត​មាន​ច្រើន​ដដែល។

កាលពីខែធ្នូ អនុគណៈកម្មាធិការ​របស់អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ទប់ស្កាត់​ការ​ធ្វើ​ទារុណកម្ម​បាន​ចំណាយ​ពេល​ប្រាំ​ថ្ងៃ​ចុះទៅតាម​ពន្ធនាគារ​ មន្ទីរ​ឃុំឃាំង​និង​ប៉ុស្តិ៍នគរបាល​នៅ​កម្ពុជា។

​ខណៈដែល​ការរកឃើញ​ទាំងនេះ​ត្រូវ​បាន​ប្រគល់​ជាសម្ងាត់​ទៅឲ្យ​រដ្ឋាភិបាល​នោះ លោក​ ម៉ាល់ខូម អីុវ៉ាន ប្រធានអនុគណៈកម្មាធិការ​ទទួលបន្ទុកទប់ស្កាត់​ការ​ធ្វើទារុណកម្ម​នេះ​បាន​និយាយថា រដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ត្រូវ​តែ​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​ដើម្បី​បង្កើត​ស្ថាប័ន​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម​ឯករាជ្យ​មួយ។

ថ្មីៗនេះ​ លោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ដឹកនាំគណៈកម្មាធិការ​បណ្តោះ​អាសន្ន​ដែល​មាន​សមាសភាព​ជា​មន្ត្រី​រដ្ឋាភិបាល​ដែលលោក អីុវ៉ាន បាន​និយាយថា​មិន​ស្របតាម​បទដ្ឋាន​អន្តរជាតិ​។

នៅក្នុង​ពន្ធនាគារ​ចំនួន​១៨ដែលខ្លួន​ឃ្លាំមើល អង្គការ​លីកាដូ​លើក​ឡើង​ថា ការ​រំលោភ​បំពាន​​លើរាង​កាយពី​សំណាក់​ឆ្មាំ​ពន្ធនាគារ​ត្រូវ​បាន​រាយការណ៍ថា មាន​នៅ​តាម​ពន្ធនាគារ​ចំនួន​១៣ ប៉ុន្តែ​បញ្ជាក់ថា ការ​ឃ្លាំមើលពន្ធនាគារ​របស់ខ្លួន​មានការ​រឹតត្បិត​យ៉ាងខ្លាំង​។

ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃបានមាន​ប្រសាសន៍ថា រដ្ឋាភិបាល​កំពុង​ចាត់​វិធានការ​ប្រឆាំងការ​ធ្វើទារុណកម្ម ហើយ​បើ​យោង​តាម​តួលេខ​របស់​ខ្លួន​ ការ​ធ្វើ​ទារុណកម្ម​មានការ​ថយចុះ​ជាច្រើន​ករណី​ បើ​ប្រៀប​ធៀប​ទៅនឹង​ឆ្នាំមុន​។

លោក​បាន​មាន​ប្រសាសន៍ថា “អង្គការ​លីកាដូគួរតែ​បង្ហាញ​ពីទីកន្លែង​និង​ប៉ុស្តិ៍នគរបាល​ដែលមាន​ការធ្វើទារុណកម្មដើម្បី​ឲ្យ​យើង​ស៊ើប​អង្កេត។ ប្រសិនបើគេ​ចេះតែ​និយាយ​​​យើង​មិន​អាច​កែត​ម្រូវ​ស្ថាន​ការណ៍នេះ​និង​លុបបំបាត់​ការ​ធ្វើ​ទារុណកម្ម​បាន​ទេ។ យើង​​បាន​ដឹង​ថា ការ​ធ្វើ​ទារុណកម្ម​បាន​ថយចុះ​ពី​មួយឆ្នាំទៅមួយ​ឆ្នាំ។ យើង​បាន​ទទួល​ពាក្យ​បណ្តឹង​ជា​ច្រើន​ពី​ជនរង​គ្រោះ”។

ឧត្តមសេនីយ៍ ខៀវ សុភ័គ ឲ្យដឹង​ទៀត​ថា ក្រសួង​មហាផ្ទៃ ​”ស្វាគមន៍របាយ​ការណ៍​ដែលមាន​សេចក្តីរាយការណ៍​ត្រឹមត្រូវអំពី​អ្នក​ប្រព្រឹត្ត ​រឿង​ដែលបាន​កើត​ឡើង ​នៅពេល​ណា និង​នៅទីណា”។

លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃបានមាន​ប្រសាសន៍ថា មិន​មាន​ករណី​ធ្វើ​ទារុណកម្ម​នៅក្នុង​ពន្ធនាគារ​ណាមួយ​ទេ​ចាប់តាំងពី​មុន​រហូត​មក​ទល់ពេលនេះ។ លោកបានមានប្រសាសន៍ថា​ “យើង​មានយន្ត​ការ​ថ្នាក់​ក្រោមជាតិ​និង​ថ្នាក់​ជាតិ​សម្រាប់​ទប់ស្កាត់​អំពើ​អមនុស្សធម៌និង​ការ​ធ្វើទារុណកម្មនៅក្នុង​ពន្ធនាគារ​ ហើយ​ជា​ពិសេស​យើង​មាន​ស្ថាប័ន​ជាច្រើន​ដើម្បី​ធ្វើការ​ទប់់ស្កាត​់​អំពើ​អមនុស្សធម៌និង​ការ​ធ្វើទារុណកម្ម”៕គឹមហឿន

(រាយការណ៍បន្ថែមដោយ គុច ណារ៉េន)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស