យោងតាមអង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងនៅក្នុងរបាយការណ៍ចេញកាលពីម្សិលមិញថា អ្នកជាប់ឃុំនិងអ្នកទោសនៅតែរងការឆក់ខ្សែភ្លើង ការវាយដំរហូតដល់សន្លប់ ព្រមទាំងការយកថង់ប្លាស្ទិកគ្របមុខខ្ទប់ដង្ហើម ដោយមានការចោទប្រកាន់ថ្មីៗចំនួន៤៩ករណីអំពីការធ្វើទារុណកម្ម ឬការរំលោភបំពានពីសំណាក់អាជ្ញាធរនៅឆ្នាំនេះ ហើយថារដ្ឋាភិបាលមិនបានធ្វើការប្រឹងប្រែងឲ្យបានគ្រប់គ្រាន់ដើម្បីបញ្ឈប់និន្នាការនេះទេ។
របាយការណ៍នេះលើកឡើងថា “តែនៅក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ២០១៤មួយ អង្គការលីកាដូបានទទួលការចោទប្រកាន់៤៩ករណីអំពីការធ្វើទារុណកម្ម ឬការប្រព្រឹត្តមិនគប្បីអំឡុងពេលចាប់ខ្លួនឬនៅកន្លែងឃុំខ្លួនរបស់នគរបាល”។
របាយការណ៍នេះលើកឡើងទៀតថា “នៅឆ្នាំ២០១៤ អ្នកជាប់ឃុំត្រូវបានទះ ធាក់ឆ្អឹងជំនីរ និងដើមទ្រូង ព្រមទាំងត្រូវបានវាយចំក្បាលនិងដងខ្លួនជាមួយដំបងឈើនិងដំបងឆក់។មន្ត្រីនគរបាលបានជាន់ដៃអ្នកជាប់ឃុំ និងនៅក្នុងករណីមួយពួកគេបានយកថង់ប្លាស្ទិកគ្របក្បាលបុរសម្នាក់នៅពេលគាត់កំពុងដេកលើកម្រាលឥដ្ឋ យកជើងជាន់លើដងខ្លួនគាត់ ហើយបានធាក់គាត់ចំឆ្អឹងជំនីរជាច្រើនជើង”។
អង្គការនេះប្រមូលបានព័ត៌មានលម្អិតជាង៥០០ពីមនុស្សដែលធ្លាប់បានជួបប្រទះ ឬបានឃើញការធ្វើទារុណកម្មពីសំណាក់មន្ត្រីនៅប៉ុស្តិ៍នគរបាល និងនៅពន្ធនាគារទូទាំងប្រទេសចាប់តាំងពីឆ្នាំ២០០៨មក ដោយមានប្រហែល៩០ភាគរយបានកើតឡើងនៅកន្លែងឃុំខ្លួនរបស់នគរបាល។
នៅក្នុងរបាយការណ៍របស់ខ្លួន ដែលចេញស្របពេលនឹងទិវាអន្តរជាតិប្រឆាំងការធ្វើទារុណកម្មនៅថ្ងៃនេះ អង្គការលីកាដូលើកឡើងថា ថ្វីបើប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាលុបបំបាត់ការធ្វើទារុណកម្មក៏ដោយ ក៏រដ្ឋាភិបាលមិនបានចាត់វិធានការម៉ឺងម៉ាត់ដើម្បីលុបបំបាត់ការធ្វើទារុណកម្មដែរ។
របាយការណ៍នេះលើកឡើងថា “ការរកឃើញរបស់អង្គការលីកាដូបង្ហាញថា មិនមានការផ្លាស់ប្តូរទាល់តែសោះចំពោះប្រភេទ ភាពញឹកញាប់និងភាពធ្ងន់ធ្ងរនៃការរំលោភបំពានដែលត្រូវបានរាយការណ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ វត្ថុដែលគេប្រើប្រាស់នៅពេលវាយដំនោះរួមមានកាំភ្លើងខ្លី ដំបងឈើ ដំបងដែក ដំបងឆក់ និងខ្សែភ្លើង។ គោលបំណងសំខាន់នៃការធ្វើទារុណកម្មគឺដើម្បីបង្ខំឲ្យមានការសារភាព ឬជំរិតទារលុយ”។
របាយការណ៍នេះរាប់បញ្ចូលទាំងការរំលោភបំពានជាច្រើនករណីដែលអង្គការនេះទទួលបានដោយផ្ទាល់ពីជនរងគ្រោះ ហើយបានលើកឡើងថា បុរស ស្ត្រី អនីតិជននិងមនុស្សមានបញ្ហាផ្លូវចិត្តគឺជាគោលដៅ។ នៅក្នុងករណីមួយ ស្ត្រីម្នាក់ដែលមានផ្ទៃពោះពីរខែត្រូវបានគំរាមសម្លាប់។
ជនរងគ្រោះម្នាក់ដែលនិយាយអំពីបទពិសោធរបស់ខ្លួននៅប៉ុស្តិ៍នគរបាលមួយកន្លែងនៅក្នុងទីក្រុងភ្នំពេញកាលពីឆ្នាំ២០១៣ បានរៀបរាប់ប្រាប់ថា មន្ត្រីនគរបាលខុសៗគ្នាជាច្រើនបានដាល់ ទះ និងទាត់ធាក់អស់រយៈពេលប្រាំថ្ងៃ ហើយបានបញ្ចប់ទៅវិញនៅពេលដែលគាត់សារភាពដើម្បីកុំឲ្យប្រើអំពើហិង្សាទៀត។
នៅឯស្នងការដ្ឋាននគរបាលខេត្តមួយកាលពីឆ្នាំ២០១២ អ្នកជាប់ឃុំម្នាក់និយាយថា គាត់ត្រូវបានធ្វើទារុណកម្មដោយការឆក់នឹងខ្សែភ្លើងរហូតដល់សន្លប់ ហើយបន្ទាប់មកត្រូវបានវាយដំនឹងម៉ាឡេត។ គាត់ក៏បានសារភាពដែរ ប៉ុន្តែបានអះអាងថា គាត់មិនបានប្រព្រឹត្តបទល្មើសនោះទេ។
សរុបមក ការរៀបរាប់អំពីការធ្វើទារុណកម្មទាំងនេះបង្ហាញថា ថ្វីបើប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងការធ្វើទារុណកម្មកាលពីឆ្នាំ២០០៧ក៏ដោយ ក៏ការអនុវត្តបែបនេះនៅតែកើតមានច្រើនដដែល។
កាលពីខែធ្នូ អនុគណៈកម្មាធិការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកទប់ស្កាត់ការធ្វើទារុណកម្មបានចំណាយពេលប្រាំថ្ងៃចុះទៅតាមពន្ធនាគារ មន្ទីរឃុំឃាំងនិងប៉ុស្តិ៍នគរបាលនៅកម្ពុជា។
ខណៈដែលការរកឃើញទាំងនេះត្រូវបានប្រគល់ជាសម្ងាត់ទៅឲ្យរដ្ឋាភិបាលនោះ លោក ម៉ាល់ខូម អីុវ៉ាន ប្រធានអនុគណៈកម្មាធិការទទួលបន្ទុកទប់ស្កាត់ការធ្វើទារុណកម្មនេះបាននិយាយថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែបំពេញកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនដើម្បីបង្កើតស្ថាប័នប្រឆាំងការធ្វើទារុណកម្មឯករាជ្យមួយ។
ថ្មីៗនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដឹកនាំគណៈកម្មាធិការបណ្តោះអាសន្នដែលមានសមាសភាពជាមន្ត្រីរដ្ឋាភិបាលដែលលោក អីុវ៉ាន បាននិយាយថាមិនស្របតាមបទដ្ឋានអន្តរជាតិ។
នៅក្នុងពន្ធនាគារចំនួន១៨ដែលខ្លួនឃ្លាំមើល អង្គការលីកាដូលើកឡើងថា ការរំលោភបំពានលើរាងកាយពីសំណាក់ឆ្មាំពន្ធនាគារត្រូវបានរាយការណ៍ថា មាននៅតាមពន្ធនាគារចំនួន១៣ ប៉ុន្តែបញ្ជាក់ថា ការឃ្លាំមើលពន្ធនាគាររបស់ខ្លួនមានការរឹតត្បិតយ៉ាងខ្លាំង។
ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងចាត់វិធានការប្រឆាំងការធ្វើទារុណកម្ម ហើយបើយោងតាមតួលេខរបស់ខ្លួន ការធ្វើទារុណកម្មមានការថយចុះជាច្រើនករណី បើប្រៀបធៀបទៅនឹងឆ្នាំមុន។
លោកបានមានប្រសាសន៍ថា “អង្គការលីកាដូគួរតែបង្ហាញពីទីកន្លែងនិងប៉ុស្តិ៍នគរបាលដែលមានការធ្វើទារុណកម្មដើម្បីឲ្យយើងស៊ើបអង្កេត។ ប្រសិនបើគេចេះតែនិយាយយើងមិនអាចកែតម្រូវស្ថានការណ៍នេះនិងលុបបំបាត់ការធ្វើទារុណកម្មបានទេ។ យើងបានដឹងថា ការធ្វើទារុណកម្មបានថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ យើងបានទទួលពាក្យបណ្តឹងជាច្រើនពីជនរងគ្រោះ”។
ឧត្តមសេនីយ៍ ខៀវ សុភ័គ ឲ្យដឹងទៀតថា ក្រសួងមហាផ្ទៃ ”ស្វាគមន៍របាយការណ៍ដែលមានសេចក្តីរាយការណ៍ត្រឹមត្រូវអំពីអ្នកប្រព្រឹត្ត រឿងដែលបានកើតឡើង នៅពេលណា និងនៅទីណា”។
លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា មិនមានករណីធ្វើទារុណកម្មនៅក្នុងពន្ធនាគារណាមួយទេចាប់តាំងពីមុនរហូតមកទល់ពេលនេះ។ លោកបានមានប្រសាសន៍ថា “យើងមានយន្តការថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិសម្រាប់ទប់ស្កាត់អំពើអមនុស្សធម៌និងការធ្វើទារុណកម្មនៅក្នុងពន្ធនាគារ ហើយជាពិសេសយើងមានស្ថាប័នជាច្រើនដើម្បីធ្វើការទប់់ស្កាត់អំពើអមនុស្សធម៌និងការធ្វើទារុណកម្ម”៕គឹមហឿន
(រាយការណ៍បន្ថែមដោយ គុច ណារ៉េន)