នគរបាលខេត្តកំពង់ចាមបានប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន១លានរៀលចំពោះការរកឃើញសាកសពលោកនាយប៉ុស្តិ៍ឃុំ ដែលគេជឿថា ត្រូវបានគេធ្វើឃាតហើយនោះ។
លោក ចាន់ សុផល អាយុ៤៨ឆ្នាំ នាយប៉ុស្តិ៍ឃុំស្វាយពោធិ ក្នុងស្រុកស្រីសន្ធរ បានបាត់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍។ ជំហរម៉ឺងម៉ាត់របស់លោកប្រឆាំងការនេសាទខុសច្បាប់ត្រូវគេជឿថា នៅក្រោយការបាត់ខ្លួនរូបលោក។
លោក បែន រ័ត្ន ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីយើងស្វែងរកសាកសពមិនឃើញ យើងបានសម្រេចផ្តល់ប្រាក់រង្វាន់ចំនួន១លានរៀលដល់អ្នកដែលរកឃើញសាកសព។ យើងបានប្រើប្រាស់មនុស្សរាប់រយនាក់ដើម្បីស្វែងរកសាកសពរបស់លោក ប៉ុន្តែ មិនទទួលបានលទ្ធផលឡើយ”។ លោក សុផល បានបាត់ខ្លួន បន្ទាប់ពីចុះទៅសើុបអង្កេតសេចក្តីរាយការណ៍របស់អ្នកភូមិថា មានមនុស្សឆក់ត្រីនៅក្នុងឃុំស្វាយពោធិ ។
លោក បែន រ័ត្ន បានមានប្រសាសន៍ថា លោក សុផល បានចុះទៅចាប់អ្នកនេសាទខុសច្បាប់១០នាក់ ដែលបានរត់គេចពីការចាប់ខ្លួនចំពោះការចោទប្រកាន់ដូចគ្នានេះនៅក្នុងខេត្តកណ្តាល។ អ្នកនេសាទទាំង១០នាក់គឺជាមនុស្សគួរឲ្យសង្ស័យនៅក្នុងការបាត់ខ្លួននេះ។
លោក បែន រ័ត្ន បានមានប្រសាសន៍ថា ” យើងសន្និដ្ឋានថា នេះគឺជាករណីឃាតកម្ម ពីព្រោះជនរងគ្រោះមកសើុបអង្កេតជនសង្ស័យ ដែលបានរត់គេចពីអាជ្ញាធរខេត្តកណ្តាលកាលពីមុន”។ លោក បែន រ័ត្ន បានបន្ថែមថា មេភូមិនៅស្រុកស្រីសន្ធរ ត្រូវបានបង្គាប់ឲ្យកៀងគរបុរសមានសមត្ថភាពមួយក្រុមដើម្បី បង្កើនការស្វែងរកនាយប៉ុស្តិ៍ដែលបាត់ខ្លួននេះ ហើយថា ស្នងការរងពីររូបត្រូវបានចាត់តាំងឲ្យទៅសើុបអង្កេតករណីមនុស្សឃាតនេះ។
លោ ណូ ឡាប សមាជិកក្រុមប្រឹក្សាឃុំស្វាយពោធិ បានមានប្រសាសន៍ថា ក្រុមមនុស្សដើរស្វែងរកសាកសពលោក សុផល បានកើនឡើងច្រើនចាប់តាំងពីការបាត់ខ្លួនរបស់លោក គឺកើនឡើងដល់ជាង៣០០នាក់។ លោកបានមានប្រសាសន៍ថា ” វាលំបាកស្វែងរកសាកសពណាស់ ពីព្រោះតំបន់នោះសុទ្ធតែភក់”។ លោកបានបន្ថែមថា តំបន់ស្វែងរកត្រូវបានពង្រីកបន្ថែម៕សារុន