យោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលបង្ហោះកាលពីម្សិលមិញនៅលើគេហទំព័ររបស់សាលារាជធានីបានឲ្យដឹងថា សាលារាជធានីភ្នំពេញបានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងដកហូតអាជ្ញាប័ណ្ណរបស់បណ្តាក្រុមហ៊ុន ដែលអ្នកម៉ៅការបន្តរបស់ខ្លួន តែងតែត្រូវបានចោទប្រកាន់ថាជានិច្ចកាលយកភាស៊ីលើសចំនួនកំណត់ពីអ្នកផ្ញើម៉ូតូសម្រាប់ការចតនៅតាមផ្សារមួយចំនួនក្នុងរាជធានី ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយនោះទេ។
សេចក្តីប្រកាសនេះដែលបានចេញអំឡុងកិច្ចប្រជុំកាលពីថ្ងៃអង្គារក្រោមអធិបតីភាពលោក សេង រតនៈ អភិបាលរងរាជធានីភ្នំពេញ មានខ្លឹមសារថា “ប្រសិនបើក្រុមហ៊ុនណានៅតែបន្តរំលោភសៀវភៅបន្ទុកទៀត សាលារាជធានីនឹងលុបចោលកិច្ចសន្យា”។ ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់អាជ្ញាធររាជធានី និងអាជ្ញាធរមកពីផ្សារក្នុងរាជធានីព្រមទាំងអ្នកតំណាងមកពីក្រុមហ៊ុន ផានអុីមុិច និងក្រុមហ៊ុន កែវ រតនៈ សុភាព ដែលទទួលបានអាជ្ញាប័ណ្ណជួលចំណតផ្ញើកង់ម៉ូតូនៅតាមផ្សារក្នុងរាជធានីភ្នំពេញ។
នៅអំឡុងកិច្ចប្រជុំ អាជ្ញាធរមូលដ្ឋាននិងអ្នកគ្រប់គ្រងផ្សារបានត្អូញត្អែរថា ក្រុមហ៊ុនដែលជួលចំណតផ្ញើកង់ម៉ូតូបន្ត យកភាស៊ីលើសអ្វីដែលកំណត់នៅលើសំបុត្រ ដែលជះផលប៉ះពាល់ដល់ទាំងអ្នកដើរទិញអីវ៉ាន់និងអាជីវករ។
ការកំណត់ភាស៊ីសម្រាប់ចតម៉ូតូមួយគ្រឿងនៅតាមផ្សារក្នុងរាជធានី តម្លៃ៣០០រៀល ឬ០,០៧ដុល្លារ ចំណែកភាស៊ីសម្រាប់ផ្ញើកង់វិញគឺ២០០រៀល ឬប្រហែល០,០៥ដុល្លារ។ ប៉ុន្តែអ្នកផ្ញើម៉ូតូលើកឡើងថា ពួកគេត្រូវបានគេយក៥០០រៀលជាទៀងទាត់ ឬប្រហែល០,១២ដុល្លារសម្រាប់ផ្ញើកង់មួយគ្រឿង និង១.០០០រៀល ឬប្រហែល០,២៥ដុល្លារសម្រាប់ម៉ូតូមួយគ្រឿង។
ក្រុមហ៊ុន កែវ រតនៈ សុភាព ទទួលបានកិច្ចសន្យាដំណើេរការចំណតនៅផ្សារកណ្តាលនិងផ្សារចាស់។ ក្រុមហ៊ុន ផានអុីមុិច ត្រួតត្រាចំណតផ្សារច្រើនក្នុងរាជធានី។
លោក នន់ សុខហឿន អាយុ៣១ឆ្នាំ ដែលជាអ្នកគ្រប់គ្រងចំណតផ្ញើកង់មូ៉តូនៅក្រៅផ្សារចាស់បានឲ្យដឹងកាលពីម្សិលមិញថា ចំបាច់ត្រូវយកថ្លៃផ្ញើខ្ពស់ដើម្បីបើកប្រាក់ឲ្យកម្មករធ្វើការនៅកន្លែងផ្ញើកង់ម៉ូតូ និងដើម្បីបង់ថ្លៃជួលឲ្យទៅក្រុមហ៊ុន កែវ រតនៈ សុភាព។
លោក សុខហឿន បានមានប្រសាសន៍ថា “យើងត្រូវយក១.០០០រៀល ឬ៥០០រៀលសម្រាប់ចំណាយលើអ្វីៗដូចជាអាហារ និងជួលទីតាំងជាដើម”។
ឈ្មោះ គូស៊ី អាយុ២៥ឆ្នាំ ជាកម្មករប្រមូលភាស៊ីផ្ញើកង់ម៉ូតូនៅផ្សារចាស់ បានឲ្យដឹងថា ចំណតធ្វើតាមច្បាប់ ប៉ុន្តែថា ពេលខ្លះអ្នកផ្ញើម៉ូតូឲ្យប្រាក់បន្ថែមដោយក្តីពេញចិត្ត។ លោកបានមានប្រសាសន៍ថា “យើងយកលុយទៅតាមច្បាប់ ប៉ុន្តែពេលខ្លះប្រជាជនយល់អំពីកាលៈទេសៈលំបាកខាងសេដ្ឋកិច្ច ហើយក៏ឲ្យ១.០០០រៀលទៅ”៕ ប៊ុននី