ក្រុមមន្ត្រីបាននិយាយកាលពីម្សិលមិញថា សាលារាជធានីភ្នំពេញមានផែនការពង្រីកកំណាត់ផ្លូវមហាវិថីសុធារសនៅខាងក្រៅច្រកទ្វារធំចូលទៅកាន់ផ្សារទំនើប អុីអនថ្មី ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ នៅពេលផ្សារកម្ពស់បួនជាន់នេះបើកជាផ្លូវការនៅថ្ងៃច័ន្ទ។
លោក សំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “យើងមានផែនការពង្រីកផ្លូវទទឹងបួនម៉ែត្រ។ ប្រវែងបីម៉ែត្រនឹងពង្រីកផ្នែកខាងកើតផ្លូវនិងមួយម៉ែត្រទៀតនឹងពង្រីកផ្នែកខាងលិចផ្លូវ”។ លោក ពិសិដ្ឋ បានបដិសេធមិនផ្តល់សេចក្តីលម្អិតថែមទៀត ឬនិយាយថា ពេលណាគម្រោងនេះនឹងចាប់ផ្តើមទេ។ ប៉ុន្តែគ្រាន់តែឲ្យដឹងថា ផ្លូវនេះក៏នឹងត្រូវដាក់ភ្លើងស្តុបថ្មីផងដែរ”នៅឆ្នាំ២០១៥”។
ផ្សារទំនើប អុីអន ដែលសាងសង់អស់ប្រាក់ចំនួន២០៥លានដុល្លារមាន១៩០តូបនិងហាងនឹងបើកសម្រាប់សាធារណជននៅថ្ងៃច័ន្ទនេះហើយ។ ផ្សារទំនើបនេះមានច្រកចូលធំៗចំនួនពីរ មួយនៅតាមមហាវិថីសុធារស និងមួយទៀតស្ថិតនៅតាមផ្លូវតូចមួយនៅតាមបណ្តោយទន្លេបាសាក់។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរបស់សាលារាជធានីបានមានប្រសាសន៍ថា បច្ចុប្បន្ននេះសាលារាជធានីកំពុងសិក្សាអំពីចរាចរណ៍នៅតាមមហាវិថីសុធារស ហើយថា ការពង្រីកមិនបន្ទាន់ទេ។ លោកបានមានប្រសាសន៍ថា “យើងបារម្ភខ្លាំងណាស់អំពីបញ្ហាកកស្ទះចរាចរណ៍នេះ។ យើងកំពុងពិនិត្យលទ្ធភាពដើម្បីជួយដោះស្រាយបញ្ហានេះ។ ការពង្រីកផ្លូវពិតជាមិនសំខាន់ទេ ពីព្រោះយើងមិនដឹងថាអាចពង្រីកប៉ុន្មានម៉ែត្រទេ?”។
លោក ឌីម៉ង់ បានមានប្រសាសន៍ថា អាជីវកម្មដែលមានស្រាប់នៅតាមផ្លូវ មិនអាចឲ្យយើងពង្រីកធំជាងពីរម៉ែត្រទេ ហើយសាលារាជធានីភ្នំពេញពេលនេះកំពុងផ្តោតលើការពង្រីកផ្លូវតូច នៅចិញ្ចើមផ្សារទំនើបតាមទន្លេបាសាក់។ លោក ឌីម៉ង់ បានមានប្រសាសន៍ថា ”នឹងមានការចូលរួមចំណែកពីម្ចាស់សណ្ឋាគារសូហ្វីតែល និងម្ចាស់ផ្សារទំនើបអុីអន ដើម្បីស្ថាបនាផ្លូវនេះពីផ្នែកខាងកើត”។
លោក ឆាល ហេនរី ចេវេត (Charles-Henri Chevet) អ្នកគ្រប់គ្រងទូទៅរបស់សណ្ឋាគារសូហ្វីតែល ដែលស្ថិតនៅជិតផ្សារទំនើប អុីអន បានមានប្រសាសន៍ថា សាលារាជធានីបានទាក់ទងសណ្ឋាគារនេះកាលពីឆ្នាំទៅអំពីលទ្ធភាពពង្រីកមហាវិថីសុធារស។ លោកបានលើកឡើងថា “សាលារាជធានីបានទាក់ទងយើងច្រើនលើកហើយកាលពីឆ្នាំមុន ដើម្បីពង្រីកមហាវិថីសុធារស ដោយសង្ឃឹមទុកថានឹងមានការបើកផ្សារទំនើប អុីអន។ គួរឲ្យស្តាយ មិនបានធ្វើអ្វីទេ តាំងពីពេលនោះមក ហើយយើងសោកស្តាយណាស់។ យើងបានសាកសួរសាលារាជធានីច្រើនលើកហើយ។ យើងជឿថា ចាំបាច់ត្រូវតែពង្រីកមហាវិថីសុធារស”។
លោក ស៊ីណូប៊ូ វ៉ាស៊ីហ្សាវ៉ា (Shinobu Washizawa) នាយកគ្រប់គ្រងផ្សារទំនើប អុីអនបានមានប្រសាសន៍ថា លោកដឹងអំពីបញ្ហាកកស្ទះចរាចរណ៍ ហើយថា ផ្សារទំនើប អុីអន បាននិងកំពុងពិភាក្សាជាមួយសាលារាជធានីអំពីការពង្រីកមហាវិថីសុធារស។ លោក វ៉ាស៊ីហ្សាវ៉ា បានលើកឡើងថា ” យើងនឹងពង្រីកផ្លូវនៅទល់មុខផ្សារទំនើបនេះ។យើងចង់ពង្រីកឲ្យបានឆាប់”។
លោក ពិសី ស៊ិន ជំនួយការរបស់លោក វ៉ាស៊ីហ្សាវ៉ា បានមានប្រសាសន៍ថា ផ្សារទំនើបអុីអន នឹងជួលសន្តិសុខជួយសម្រួលចរាចរណ៍រថយន្តដែលចង់ចូលផ្សារទំនើបនេះ។ លោកបានថ្លែងថា “យើងកត់សម្គាល់ថា ផ្លូវនៅជុំវិញផ្សាររបស់យើង តូចណាស់ ហើយយើងមានផែនការពង្រីកវា។ យើងនឹងប្រើកម្លាំងដើម្បីគាំទ្រ និងជួយសម្រួលអតិថិជនរបស់យើងចេញចូលផ្សារទំនើបនេះ”។
អ្នកស្រី ហន ផល្លីន អាយុ៣២ឆ្នាំ ដែលមានហាងលក់ទូរទឹកកកនៅទល់មុខផ្សារទំនើបអុីអន បានមានប្រសាសន៍ថា អ្នកស្រីព្រួយបារម្ភអំពីការបាត់បង់អាជីវកម្មរបស់អ្នកស្រី ប្រសិនបើដោះស្រាយឲ្យបានឆាប់ៗ អំពីកំណើនចរាចរណ៍នៅតាមផ្លូវនេះ។ អ្នកស្រី ផល្លីន បានមានប្រសាសន៍ថា ” ពីមុនវាស្រួល ប៉ុន្តែពេលនេះមានការស្ទះចរាចរណ៍ ដូច្នេះប្រជាជនមិនចង់បើកបរតាមតំបន់នេះទេ”៕ ប៊ុននី