អ្នកភូមិពីរនាក់ត្រូវបានចាប់ខ្លួននៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពតកាលពីម្សិលមិញខណៈដែលពួកគាត់បានព្យាយាមរារាំងត្រាក់ទ័រមិនឲ្យរានដីដែលពួកគាត់អះអាងថាជាដីដូនតារបស់ពួកគាត់។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរងនគរបាលខេត្តកំពតបានមានប្រសាសន៍ថា នគរបាល៤០នាក់ត្រូវបានបញ្ជូនទៅកន្លែងមានវិវាទ ដែលអ្នកភូមិប្រហែល៤០នាក់បានរារាំងគ្រឿងចក្រដែលជាកម្មសិទ្ធិក្រុមហ៊ុនសំណង់ វណ្ណ វណ្ណា ។ យោងតាមលោក ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា អធិបញ្ជារបស់តុលាការផ្តល់សិទ្ធិឲ្យក្រុមហ៊ុន វណ្ណ វណ្ណា ធ្វើការរាន និងអភិវឌ្ឍដីនេះ។
លោក ច័ន្ទមធុរិទ្ធ បានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនមនុស្សពីរនាក់ ពីព្រោះពួកគាត់បានព្យាយាមរារាំងត្រាក់ទ័រឈូសឆាយមិនឲ្យរានដីនេះ។ យើងបានបញ្ជូនពួកគាត់ទាំងពីរនាក់ទៅស្នងការដ្ឋាននគរបាលខេត្ត ហើយនឹងត្រូវបញ្ជូនទៅតុលាការដើម្បីប្រឈមមុខតាមផ្លូវច្បាប់ បន្ទាប់ពីនគរបាលកសាងសំណុំរឿងរួច”។
យោងតាមនគរបាល និងអ្នកភូមិឲ្យដឹងថា អ្នកភូមិផ្សេងទៀតដែលបានតវ៉ាជំទាស់នឹងក្រុមហ៊ុនអភិវឌ្ឍន៍នេះបានរត់គេចខ្លួន។ អ្នកភូមិ១២គ្រួសារដែលទាមទារសិទ្ធិកាន់កាប់ដីនេះបាននិយាយថា វិវាទដីធ្លីនេះបានកើតឡើងកាលពីឆ្នាំ២០១១ ដែលនៅពេលនោះក្រុមហ៊ុន វណ្ណ វណ្ណា បានចាប់ផ្តើមទិញដីនៅជុំវិញដីរបស់ពួកគាត់។ ពួកគាត់លើកឡើងថា ពួកគាត់មិនព្រមទទួលយកសំណងជាប្រាក់ចំនួន៤០.០០០ដុល្លារសម្រាប់ដីទំហំប្រហែល២ហិកតានេះទេ។
ទោះជាយ៉ាងណា លោក ខូយ ឃុនហួ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ដីដែលមានវិវាទនេះជាកម្មសិទ្ធិរបស់គ្រួសារមួយតែប៉ុណ្ណោះ ហើយថា ដោយសារពួកគាត់មិនមានប័ណ្ណកម្មសិទ្ធិដី ក្រុមហ៊ុន វណ្ណ វណ្ណា នឹងត្រូវអនុញ្ញាតឲ្យធ្វើការអភិវឌ្ឍ។
លោក ឃុនហួ បានមានប្រសាសន៍ថា ” យើងបានព្យាយាមផ្តល់សំណងពីរបីលើកមកហើយ ប៉ុន្តែគ្រួសារនេះមិនយល់ព្រមចំពោះដំណោះស្រាយនេះឡើយ។ យើងបានសម្រេចបញ្ជូនករណីនេះទៅតុលាការ ពីព្រោះវាលំបាកដោះស្រាយបញ្ហានេះណាស់”។
អ្នកស្រី ហិុន ទ្រី អាយុ៦៧ឆ្នាំតំណាងអ្នកភូមិ១២គ្រួសារបាននិយាយថា គ្រួសារអ្នកភូមិនឹងមិនប្រគល់ដីទៅឲ្យក្រុមហ៊ុនឡើយ។ អ្នកស្រីបាននិយាយថា មនុស្សទាំងអស់ដែលរស់នៅលើដីនេះមកពីគ្រួសារតែមួយហើយថាគ្រួសារនេះបានរស់នៅលើដីក្នុងឃុំប្ញស្សីស្រុកខាងត្បូងនេះអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។
អ្នកស្រី ហិុន ទ្រី បាននិយាយថា ” យើងមិនមានប័ណ្ណកម្មសិទ្ធិដីធ្លីទេ ប៉ុន្តែ ដីនេះគឺជាដីដូនតារបស់យើងតាំងពីមុនសម័យអាណានិគមបារាំងម្លេ៉ះ។ សូម្បីអំឡុងរបប ប៉ុល ពត ក៏គ្រួសាររបស់យើងបានកាន់កាប់ដីនេះដែរ៕សារុន