29 C
Phnom Penh

នគរបាល​​​នៅ​​​តែ​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​ធ្វើ​​​ជា​​​ភ័ស្តុតាង​​​បញ្ជាក់​​​ពី​​​ការ​​​ល្មើស​​​ច្បាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ច្បាប់ ស្រោម​​​អនាម័យ​​​មិន​​​អាច​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​តុលាការ​​​ធ្វើ​​​ជា​​​ភ័ស្តុ​​​តាង​​​បញ្ជាក់​​​ពី​​​ការ​​​ជួញ​​​ដូរ​​​ផ្លូវ​​​ភេទ​​​ខុស​​​ច​​​្បាប់​​​បាន​​​ឡើយ ពីព្រោះ​​​វា​​​អាច​​​បន្ទុច​​​បង្អាក់​​​ការ​​​ប្រើ​​​ប្រាស់​​​វា និង​​​រួម​​​ចំណែក​​​ធ្វើ​​​ឲ្យ​​​ជំងឺ​​​អេដស៍ និង​​​ជំងឺ​​​ឆ្លង​​​តាម​​​រយៈ​​​ការ​​​រួម​​​ភេទ​​​ផ្សេង​​​ៗ​​​ទៀត​​​រីក​​​រាល​​​ដាល​​​។ ​​​​​​​​​​​​

ប៉ុន្តែ​​​កម្លាំង​​​នគរ​​​បាល​​​ និង​​​ព្រះរាជ​​​អាជ្ញា​​​​​​មួយ​​​ចំនួន​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ហាក់​​​ដូច​​​ជា​​​មិន​​​ខ្វល់​​​ពី​​​រឿង​​​នេះ​​​ឡើយ​​​។ ពីរ​​​​​​ដង​​​ក្នុង​​​​​​សប្តាហ៍​​​​​​នេះ​​​ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ បាន​​​បើក​​​​​​សវនា​​​ការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ធ្វើ​​​សញ្ចរកម្ម​​​ ដែល​​​ក្នុង​​​នោះ​​​ស្រោម​​​អនាម័យ​​​ត្រូវ​​​បាន​​បង្ហាញ​​​ជា​​​ភ័ស្តុ​​​តាង​​​បញ្ជាក់​​​ថា ការ​​​ជួញ​​​ដូរ​​​ផ្លូវ​​​ភេទ​​​ពិត​​​ជា​​​បាន​​​កើត​​​ឡើង​​​មែន​​​។

នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ ទាំង​​​ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​​​​ ទាំង​​​ព្រះរាជ​​​អាជ្ញា​​​រង​​​សុទ្ធ​​​តែ​​​បាន​​​គូស​​​បញ្ជាក់​​​ពី​​​ការ​​​រក​​​ឃើញ​​​ស្រោម​​​អនាម័យ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​ប្រឆាំង​​​ម្ចាស់​​​ហាង​​​ម៉ាស្សា ឈ្មោះ ទ្រី តិច​​​ ។  ចៅ​​​ក្រម​​​ជំនុំ​​​ជម្រ​​​ះ ជួន សុខ​​​រស្មី បាន​​​មាន​​​ប្រសាសន៍​​​ថា ​ ” នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​ស្រោម​​​អនាម័យ​​​ និង​​​របស់​​​ផ្សេង​​​ៗ​​​ទៀត​​​ធ្វើ​​​ជា​​​ភ័ស្តុ​​​តាង​​​ដើម្បី​​​ចោទ​​​ប្រកាន់​​​អ្នក​​​ឯង”។ ព្រះ​​​រាជ​​​អាជ្ញា​​​រង ជេត  ខេមរា បាន​​​លើក​​​ឡើង​​​បន្ថែម​​​​​​ថា ស្រោម​​​អនាម័យ​​​ត្រូ​​​វបាន​​​រក​​​ឃើ​ញ​​​នៅក្នុង​​​បន្ទប់​​​នីមួយៗ​​​ក្នុង​​​ហាង​​​ម៉ាស្សា យីហោ ” ១៦៨” ។

កាល​​​ពី​​​ម្សិលមិញ ម្ចាស់​​​ហាង​​​ម៉ាស្សា​​​ម្នាក់​​​ទៀត​​​ឈ្មោះ ហេង សុធា ត្រូ​​​វ​​​បាន​​​តុលាការ​​​កាត់​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​ពីរ​​​ឆ្នាំ​​​ពី​​​បទ​​​ធ្វើ​​​សញ្ចរកម្ម​​​។ ចៅក្រម​​​ជំនុំ​​​ជម្រះ​​​ ជា សុខ​​​ហ៊ាង​​​ ដែល​​​បាន​​លើក​​​ឡើង​​​ពី​​​ភ័ស្តុ​​​តាង​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ បាន​​​មាន​​​ប្រសាសន៍​​​ថា នគរបាល​​​បាន​​​រក​​​​​​ឃើញ​​​ស្រោម​​​អនាម័យ​​​​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​ហាង​​​ម៉ាស្សា​​​ យីហោ “៩៩៩” របស់​​​អ្នកស្រី ហេង​​​ សុធា ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ រួម​​​ជាមួយ​​​សៀវ​​​ភៅ​​​កត់ត្រា​​​មួយ​​​ក្បាល ន​​​ិង​​​ទូរស័ព្ទ​​​ដៃ​​​ពីរ​​​គ្រឿង។

គួរ​​​បញ្ជាក់​​​ថា លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន បាន​​​ចេញ​​​ ” គោល​​​នយោបាយ​​​ ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​១០០ភាគ​​​រយ” ​​​ក្នុង​​​ឆ្នាំ​​​១៩៩៩​​​ដោយសារ​​​ការ​​​រាល​​​ដាល​​​នៃ​​​ជំងឺ​​​អេដស៍ ​​​ក្នុង​​​ប្រទេសកម្ពុជា ដើម្បី​​​ប្រយុទ្ធ​​​ប្រឆាំង​​​ជំងឺ​​​ដ៏​​​កាច​​​សាហាវ​​​នេះ ​​​​​​មួ​​​យ​​​ផ្នែក​​​តាម​​​រយៈ​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ផ្ទះ​​​បន​​​រក្សា​​​ទុក​​​​​​​​​​​​​​​​​ស្រោម​​​អនាម័យ​​​ដោយ​​​គ្មាន​​​ការ​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​ការ​​​​​​ចាប់​​​ខ្លួន​​​ និង​​​ការ​​​ផ្តន្ទា​​​ទោស​​​។

គំនិត​​​ផ្តួច​​​ផ្តើម​​​នេះ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ ការ​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​បាន​​​កើន​​​ឡើង​​​ជា​​​ពិសេស​​​ក្នុង​​​ចំណោម​​​ស្ត្រី​​​រក​​​សី​​​ុ​​​ផ្លូវ​​​ភេទ និង​​​ម៉ូយ​​​របស់​​​គេ​​​ ដែល​​​ជា​​​ក្រុម​​​ប្រឈម​​​ហា​​​និ​​​ភ័យ​​​ខ្ពស់​​​បំផុត​​​ ហើយ​​​អត្រា​​​ជំងឺ​​​អេដស៍​​​បាន​​​ធ្លាក់​​​ចុះ​​​ជា​​​លំដាប់។

ប៉ុន្តែ ចាប់​​​តាំង​​​ពី​​​រដ្ឋាភិបាល​​​បាន​​​អនុម័ត​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​បង្ក្រាប​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​​​​ និង​​​ការ​​​កេង​​​ប្រវ័ញ្ច​​​ផ្លូវ​​​ភេទ​​​ នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​ និង​​​នគរបាល​​​ចាប់​​​ផ្តើម​​​បិទ​​​ផ្ទះ​​​បន​​​មក​​​ របរ​​​រក​​​សីុ​​​ផ្លូវ​​​ភេទ​​​បាន​​​ផ្លាស់​​​ប្តូរ​​​ទៅ​​​ជា​​​កន្លែង​​​ស្រប​​​ច្បាប់​​​ ដូច​​​ជា​​​ហាង​​​ម៉ាស្សា ឬ​​​ហាង​​​ខារ៉ាអូខេ​​​​​ជា​​​ដើម។

ហើយ​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​បង្ហាញ​​​ថា មាន​​​សេវា​​​បម្រើ​​​ផ្លូវ​​​ភេទ​​​នៅ​​​តាម​​​កន្លែង​​​ទាំង​​​នេះ នគរបាល​​​បាន​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​ធ្វើ​​​ជា​​​ភ័ស្តុ​​​តាង​​​។

វរសេនីយ៍​​​ទោ កែវ ធា នាយការិយាល័យ​​​នគរបាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ស្រោម​​​អនាម័យ​​​ជា​​​ភ័ស្តុ​​​តាង​​​បញ្ជាក់​​​ថា ពួកគេ​​​លក់​​​ផ្លូវ​​​ភេទ”។លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​នៅ​​​ក្នុង​​​ហាង​​​ម៉ាស្សា ឬ​​​ហាង​​​ខារ៉ាអូខេ​​​ ដែល​​​ជា​​​ញឹក​​​ញាប់​​​បម្រើ​​​សេវា​​​ផ្លូវ​​​ភេទ​​​ គឺ​​​ជា​​​អាវុធ​​​មុខ​​​ពីរ​​​។

លោក​​​បាន​​​បន្ត​​​ថា ” ជា​​​ឧទាហរណ៍​​​ ជា​​​ធម្មតា​​​មនុស្ស​​​ប្រើ​​​កាំបិត​​​សម្រាប់​​​ចិត​​​បន្លែ​​​ ប៉ុន្តែ នៅ​​​ពេល​​​នរណា​​​ម្នាក់​​​ប្រើ​​​កាំបិត​​​នោះ​​​ដើម្បី​​​ចាក់​​​សម្លាប់​​​នរណា​​​ម្នាក់ វា​​​នឹង​​​​​​ក្លាយ​​​ជា​​​ភ័ស្តុ​​​តាង​​​បញ្ជាក់​​​ពី​​​បទ​​​ល្មើស​​​។ ស្រោម​​​អនាម័យ​​​ការពារ​​​មិន​​​ឲ្យ​​​ឆ្លង​​​មេរោគ​​​។ វា​​​ត្រឹម​​​ត្រូវ​​​ហើយ ប៉ុន្តែ ពួកគេ​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​ដើម្បី​​​លក់​​​ផ្លូវ​​​ភេទ​​​”។

អាជ្ញាធរ​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​អំងឺ​​​អេដស៍​​​បាន​​​គូស​​​បញ្ជាក់​​​ពី​​​ប្រសិទ្ធ​​​ភាព​​​នៃ​​​គោល​​​នយោបាយ​​​ប្រើ​​​ប្រាស់​​​ស្រោម​​​អនាម័យ​​​នៅ​​​ក្នុង​​​របាយការណ៍​​​ឆ្នាំ​​​២០១០​​​ ដោយ​​​ក្នុង​​​នោះ​​​​​ខ្លួន​​​បាន​​​​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​ធ្វើ​​​បច្ចុប្ប​​​ន្ន​​​ភាព​​​លើ​​​គោលនយោបាយ​​​នេះ ​​​ដើម្បី​​​ប្រែ​​​ប្រួល​​​ទៅ​​​តាម​​​របរ​​​រក​​​សីុ​​​ផ្លូវ​​​ភេទ​​​ដែល​​​បា​​​ន​​​កែ​​​ប្រែ​​​​​មុខ​​​មាត់​​​ថ្មី។

របាយការណ៍នេះមាន​ខ្លឹមសារ​​​ដូច្នេះ​​​ថា ” ចាំ​​​បាច់​​​​​​ត្រូវ​​​អភិវឌ្ឍដំណោះ​ស្រាយ​ថ្មី​ៗ​​​​​​ជា​​​​​​បន្ទាន់​​​លើ ​[គោល​នយោបាយ​ប្រើ​ស្រោម​​អនាម័យ]​១០០ភាគរយ។ដំណោះស្រាយទាំងនេះ​​គួរតែ​​​ពង្រីក​​ការ​អនុវត្ត​​គោលនយោបាយនេះ​​​​​​ទៅ​​ដល់​​​កន្លែង​​​ថ្មីៗ ដែល​​​​​មាន​​​បម្រើ​​​​សេវា​​​ផ្លូវ​ភេទ​​…[ហើយ] ធានា​​​​​​ថា​​​ម្ចាស់​​​​​កន្លែង​​​​​កម្សាន្ត​​​ ​​និងមន្ត្រី​​អនុវត្ត​​​​​​​ន៍​​​ច្បាប់​​គោរព​​​តាម​​​​”។

របាយការណ៍នេះ​ក៏បញ្ជាក់​ដែរថា បន្ទាប់ពី​​​​ច្បាប់​​ជួញ​ដូរមនុស្ស​​​​​បាន​ចូល​​ជា​ធរមាន​​​​​​នៅ​​​ក្នុង​​​​​ឆ្នាំ​​​២០០៨​មក ចំនួន​អ្នក​​​រកស៊ី​ផ្លូវភេទ​នៅតាម​ផ្ទះ​បន​​បាន​​​ធ្លាក់ចុះ​​ពីចំនួន​​៦.០០០នាក់​ក្នុងឆ្នាំ​​២០០៦ មក​នៅ​ត្រឹម​១.៧៧៥នាក់​​​​ក្នុង​​​ឆ្នាំ​​​២០០៩ ចំណែក​​​ឯអ្នក​បម្រើផ្លូវ​​​ភេទ​ក្រៅផ្ទះ​បន​​​វិញ ​បា​ន​កើន​ឡើង​​ពី​២៦.០០០នាក់​​ក្នុងឆ្នាំ​២០០៧​​ ដល់​​៣២.៤១៨​នាក់​​ក្នុងឆ្នាំ​​២០០៩។

លោក ​ទឹម វ៉ូរ៉ា នាយក​ប្រតិបត្តិនៃ​គណ​ៈកម្មាធិការ​សម្របសម្រួល​​​​​ប្រ​​​យុទ្ធ​​​នឹង​​​ជំងឺ​​អេដស៍​ដែល​ជាបណ្តាញ​​​​អង្គការក្រៅ​​រដ្ឋាភិបាលក្នុង​​​ស្រុក​​​ និងអន្តរជាតិ​ ​បានមាន​ប្រសាសន៍​ថា ក្រសួងមហាផ្ទៃ​​​បាន​ចេញ​សារាចរណែនាំ​​មួយ​ក្នុងឆ្នាំ​២០១១​ដែល​​​លើក​​​ឡើង​​​ថា ស្រោម​​អនាម័យ​នៅ​តាម​​កន្លែង​កម្សាន្ត​ គួរតែប្រើ​​​​​​ប្រាស់​​​សម្រាប់​​​ធ្វើ​​​​ជា​ភ័ស្តុតាង​​ក្នុង​ករណី​​ចាប់​រំលោភ​​​​បាន​​​ហើយ​​​។

លោកមាន​ប្រសាសន៍​​​ទៀត​​​ថា ” ​​យើងបានព្យាយាម​​​អប់​រំនគរបាល។​ ស្រោមអនាម័យ​​គ្រាន់​តែ​​ជាផ្នែក​មួយ​នៃ​ភ័ស្តុតាង​ប៉ុណ្ណោះ​។ ខ្ញុំគិតថា ​វា​​បាន​ប្រសើរ​​ជាង​មុន​​​ហើយ ​ប៉ុន្តែ​វានៅ​តែ​ជា​បញ្ហា​​​។ នគរបាល​​ចាំបាច់​ត្រូវ​ស្វែង​​រក​​ភ័ស្តុតាង​ផ្សេង​​ៗទៀត​”។

​លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​​បានមាន​ប្រសាសន៍ថា លោក “មិន​ច្បាស់​ទេ​”​​ អំពី​បញ្ហានេះ ហើយ​​​បាន​បដិសេធមិន​​​​ឆ្លើយ​​​បំភ្លឺ​​​​​​​​ពី​​​មូល​ហេតុ​​​ដែល​​នគរបាល​កំពុង​តែ​បន្ត​ប្រមូល​​ស្រោម​​អនាម័យ​​​ធ្វើ​​ជាភ័ស្តុតាង​​​​ឡើយ​​​។

​លោក នូ សុវណ្ណ ​អ្នកគ្រប់គ្រង​កម្មវិធី​​​ជំងឺ​​អេដស៍​​​នៅ​​អង្គការ​​ Population Services Khmer ​​ដែល​គាំទ្រ​​ការ​បង្ការ​​​ជំងឺអេដស៍​​​ បានមាន​ប្រសាសន៍ថា ​សំណុំរឿងតុលាការ​​ដូច សំណុំរឿងនៅសប្តាហ៍នេះ​​ ​​​បាន​​​បង្កឲ្យមាន​កា​រ​​ព្រួយ​បារម្ភ​​​​​ក្នុង​​​ចំ​ណោម​​កន្លែង​កម្សាន្ត​និ​ង​បុគ្គលិក​​​​​​ផ្នែក​​​សេវា​​​កម្សាន្ត​​​​។

លោកបានមាន​ប្រសាសន៍​​​ទៀត​​​ថា ” ពេលនេះ​ ​​ពួកគេ​​ខ្លាចមិនហ៊ាន​​ស្តុក​​​ទុក​​​​​ស្រោម​​អនាម័យ​ ​ឬ​ប្រើ​​​​ប្រាស់​​​វា​​​ទេ​​​។ ​ជំនួសឲ្យ​​​​ការ​ប្រើ​​ស្រោម​​អនាម័យ​​​ជា​ភ័ស្តុតាង​ នគរបាល​​គួរ​លើក​ទឹក​ចិត្ត​​​ឲ្យ​​​ប្រើ​​​ប្រាស់វា​​​​​”៕សុខុម​​​

​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស