33 C
Phnom Penh

សាលារាជធានីផ្តល់ដី​ដើម្បី​សាងសង់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​នៅ​កណ្តាលតំបន់បឹងកក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់​​​បាន​​​បញ្ជាក់​​​កាល​​​ពីម្សិលមិញថា ទី​​​បញ្ជាការ​​​ដ្ឋាន​​​ថ្មី​​​របស់​​​អង្គ​​​ភាព​​​លោក​​​កំពុង​ត្រូវ​បាន​​​សាង​​​សង់​​​នៅ​​​ចំ​​​កណ្តាល​​​តំបន់​​​បឹង​​​កក់​​​ក្នុង​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ចម្ងាយ​​​តែ​​​ប៉ុន្មាន​​​មែ៉ត្រ​​​ប៉ុណ្ណោះ​​​ពី​​​ផ្ទះក្រុម​​​សកម្ម​​​ជន​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​ពីដី​​​ធ្លី​​​ដ៏លេច​​​ធ្លោ​​​បំផុត​​​នៅ​​​ក្នុង​ប្រទេស​​​កម្ពុជា​​​។

កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ពុធ កង​​​រាជ​​​អាវុធហត្ថ​​​​​​ប្រហែល​​​ប្រាំ​​​មួយ​​​នាក់​​​ប្រដាប់​​​ដោយ​​​អាវុធ​​​គ្រប់​​​ដៃ​​​​​​បាន​ឈរ​​​ឈាម​​​ដី​​​ដែល​​​គេ​កំពុង​ឈូសឆាយ​នៅជិត​គ្នា​នោះ​​ ខណៈ​​​ដែល​​​កម្មករ​​​សំណង់​​​បាន​​​យក​​​បន្ទះ​​​ក្តារ​​​ឃាំង​​ផ្លូវ​​​ដ៏​​​តូច​​​ចង្អៀត​​​។ មន្ត្រី​​​​​​ភាគ​​​ច្រើន​​​នៅ​​​កន្លែង​​​នោះ​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ជាមួយ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ទេ ប៉ុន្តែ មន្ត្រី​​​ម្នាក់​​​បាន​​​អះ​​​អាង​​​ថា ដី​​​ដែល​គេ​​​​កំពុងឈូស​ឆាយ​​នេះ​​​គឺ​​​សម្រាប់​​​សាង​​​សង់​​​ផ្ទះ​​​ថ្មី​​​ឲ្យ​​​គ្រួសារ​អ្នក​​​ភូមិ​​​ក្នុង​​​មូល​​​ដ្ឋាន​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា កាល​​​ពីម្សិលមិញ លោក ថោង ពិសិដ្ឋ មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខណ្ឌ​​​ដូន​​​ពេញ បានមាន​​​ប្រសាសន៍​​​ថា ដី​​​ដែល​​​គេ​កំពុង​ឈូស​ឆាយ​​​នេះ​​​គឺដើម្បីសាង​​​សង់​​​ទី​​​បញ្ជាការដ្ឋាន​​​ថ្មី សម្រាប់​​​មន្ត្រី​​​របស់​​​លោក​​​ ដើម្បី​​​ជំនួស​​​អគារ​​​បច្ចុប្បន្ន​​​ ដែល​​​ស្ថិត​​​នៅ​​​ទល់​មុខ​​​វិទ្យាស្ថាន​​​ពុទ្ធ​​​សាសនបណ្ឌិត​​​្យ​​​។ លោក​​​បាន​​​និយាយ​​​ថា “​​​សាលារាជ​​​ធានី​​​បាន​​​ផ្តល់​​​ទីតាំងនោះ​​ឲ្យ​​​យើង​​​។ ទី​​​តាំង​​​ចាស់​​​របស់​​​យើង​​​គឺជា​​​ទីតាំង​​​បណ្តោះអាសន្ន​​​ស្ថិត​​​នៅ​​​ក្នុ​​​ងសួន​​​​​​ ដូច្នេះ​​​សាលារាជធានី​​​​​ផ្តល់​​​ដីនេះ​ដល់​​​​យើង​​​…សម្រាប់​​​សាង​​​សង់ ​​​ដូច្នេះ​​​គេ​​​កំពុង​​​សាង​​​សង់​​​ [ ទី​​​បញ្ជាការដ្ឋាន​​​ថ្មីនេះ] ឲ្យយើង​​​នៅ​​​ក្នុង​​​តំបន់​​​បឹងកក់​​​”។

លោក ពិសិដ្ឋ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ថា តើ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នឹង​​​ផ្លាស់​​ទៅ​​ទី​​​នោះ​​​នៅ​​​ពេល​​​ណា​​​​ទេ​​​ ប៉ុន្តែ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទី​​​តាំង​​​ថ្មី​​​នេះ​​​នឹង​​​​​ធ្វើឲ្យ​ការ​​​ងារ​​​របស់ខ្លួន​ងាយស្រួលជាង​​​មុន​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” នៅពេល​​​យើង​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​នៅ​​​ទី​​​នោះ វា​​​ងាយ​​​ស្រួល​​​ក្នុង​​​ការ​​​​​ប្រជុំ​​​និង​​​គ្រប់​​​គ្រង​​​កម្លាំង​​​របស់​​យើង”​​​។ លោក​​​ ពិសិដ្ឋ បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៅ​​​អាជ្ញាធរ​​​រាជ​​​ធានី​​​។ លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​រឿង​នេះ​​​ទេ។

ប្រសិនបើអ៊ីចឹងមែន ទី​​​បញ្ជាការ​​​ដ្ឋាន​​​ថ្មី​​​នេះ​​​ស្ថិត​​​នៅ​​​ចម្ងាយ​​​តែប៉ុន្មាន​​​ម៉ែត្រ​​​ប៉ុណ្ណោះ​​​ពី​​​ផ្ទះ​​​​​​អ្នកស្រី ទេព វន្នី និង​​​ផ្ទះរបស់​​​សកម្មជន​​​​​​ប្រឆាំង​​​​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​មួួ​​យ​​​ចំនួន​​​ទៀត ដែលរួមគ្នា​បង្កបញ្ហាដល់​រដ្ឋាភិបាលចាប់​ពី​ថ្នាក់ខណ្ឌឡើងទៅ​​​។

ការ​​​តវា៉​​​មិន​​​ឈប់ឈរ​​​របស់​​​ពួកគេ​​​​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​ក្នុង​តំបន់​​​បឹង​​​កក់​​​ និង​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស ​​​ជារឿយៗត្រូវ​បានបង្ក្រាបពីសំណាក់កង​​​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​យ៉ាងឃោរ​​​ឃៅ​​​​​​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​​​​​​​​​​​​​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​អន្តរជាតិ​​ និង​មាន​ការ​​​​រិះ​​​គន់​​ចំពោះ​ទង្វើ​​​របស់​​​រដ្ឋាភិបាល​ពីសំណាក់អង្គការ​សិទ្ធិ​មនុស្សក្នុង​ស្រុកនិង​បរទេស​​​។ ពួក​​​គាត់​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួនម្ត​ងហើយ​ម្តងទៀត​​​​អំឡុង​​​ការ​​​តវ៉ា​​​ដោយ​​​​​​សន្តិ​​​វិធី​​​ ហើយ​​​ត្រូវ​បាន​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​តាម​ការ​ចោទ​​​ប្រកាន់​​​ជាច្រើនករណី​​​ដែល​​​មជ្ឈ​​​ដ្ឋាន​​​ទូទៅ​​​ចាត​​​់​​​ទុក​ថា ជា​​​ហេតុ​​​ផល​​​នយោបាយ​​​។

អ្នកស្រី​​​ ទេព វន្នី បាន​​​និយាយ​​​ថា សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​រាជ​​​ធានី​​​ក្នុង​​​ការ​​​ប្តូរ​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មក​​​ជិត​​​ផ្ទះ​​​របស់​​​ពួក​​​គាត់​​​មិន​​​មែន​​​ជា​​​រឿង​​​គាប់ជួន​គ្នា​​​នោះ​​​ទេ​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា ” វាស្មើនឹង​​ការ​​​​គំរាម​​​កំហែង​​​សហ​​​គមន៍របស់យើង​​​ និង​​​គ្រប់​​​គ្រង​​​សកម្ម​​​ភាពរបស់​​​យើង​​។ ពួកគេ​​​កំពុង​តែរារាំង​​​យើង​ ពួកគេ​តែងតែរារាំងយើង​​​មិន​​​ឲ្យ​​​ធ្វើ​​​ការ​​​តវ៉ា​​​ ឬ​​​​​​ហែ​​​ក្បួន ហើយ​​​បង្ក្រាប​​​ពួក​​​យើងជានិច្ច​​​។ អ្នកស្រី​​​ ទេព វន្នី បាន​​​បន្ថែម​​​ថា គេ​មិន​អាច​​រារាំង​យើង​បាន​ទេ។ អ្នកស្រីបាន​និយាយថា “យើង​​​នឹង​​​បន្ត​​​តវ៉ា​​​ដើម្បី​​​រារាំង​​​ពួកគេ​​​មិន​​​ឲ្យ​​​សាង​​​សង់​​​ទី​បញ្ជា​ការ​ដ្ឋាន​​នោះ​ឡើយ​​​”។

លោក អំ សំអាត មក​​​ពី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បាន​​​យល់​​​ស្រប​​​ថា ទី​​​តាំង​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​ថ្មី​​​នេះ​មាន​បំណង​​បំភិត​​​បំភ័យ​​​ក្រុមសកម្ម​​​ជន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” វា​អាច​​​គំរាម​​​កំហែង​​​ដល់សហគមន៍​​នេះ​​​ ពី​​​ព្រោះ​​​ពួក​​​គាត់​​​តែង​​​តែ​​​តវ៉ា​​​ទាម​​​ទារ​​​រក​​​យុត្តិធម៌​​​សម្រាប់ដី​​​ធ្លី​​​របស់​​​ពួកគាត់​​​”។

សហគមន៍​​​នេះ​​ចាប់​​​ផ្តើមធ្វើ​ការ​​​​​​តវ៉ា​​​ប្រឆាំង​​នឹង​​​ការ​​​បណ្តេញ​​​អ្នក​​​ភូមិ​​​ប្រហែល​​​៣.០០០គ្រួសារ​​​ដោយ​​​បង្ខំ​​​ចេញពី​​​តំបន់​​​បឹងកក់​​​កាល​ពី​ប៉ុន្មាន​​​ឆ្មាំ​​​ថ្មី​​​ៗ​​​​នេះ​​​ ដើម្បី​​​បើក​​​​ផ្លូវ​​​ឲ្យ​​​គម្រោង​​​អចលនទ្រព្យ​​​របស់​​​លោក​​​ ឡៅ ម៉េងឃិន សមាជិក​​​ព្រឹទ្ធ​​​សភា​​​។ ដី​​​ចំនួន​​ប្រហែល​១២​​​ហិកតា ត្រូវ​​​បាន​​​កាត់​​​ចេញ​​​ពី​​​គម្រោង​​​ដើម​​​ដែល​​​មាន​​​ចំនួន​​​១៣៣​​​ហិកតា​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​កាល​​​ពី​​​ឆ្នាំ​​​២០១១ ដើម្បី​​​ឲ្យ​​​អ្នក​​​ភូមិ​​​នៅសេសសល់ប្រហែល​​​ពីរបីរយគ្រួសារ​​​អាច​​​រក្សាផ្ទះ​សំបែង​​របស់​​​ខ្លួន​​​បាន។

ដោយសារ​​​ដី​​​ចំនួនប្រហែល​​​១២​​​ហិកតា​​​មិន​​​ទាន់​​​បាន​​​កំណត់​​​ព្រំប្រទល់​​​ច្បាស់​​​លាស់​​​នៅឡើយ​​​នោះ គេ​​​មិន​​​ទាន់​​​ច្បាស់​​​នៅ​​​ឡើយ​​​​​​កាល​​​ពីម្សិលមិញ ថាតើ​​​ដីដែល​​​គេកំពុង​ឈូស​ឆាយ​​សម្រាប់​​​សាង​​​សង់​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ថ្មី​​​ស្ថិត​​​នៅក្នុង​​​ ឬ​​​​​​នៅ​​​ក្រៅ​​​ដី​​​នេះឡើយ​​៕ សារុន​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស