29.3 C
Phnom Penh

មនុស្ស​ចំនួនប្រាំបួននាក់​ត្រូវបាន​ចាប់​ខ្លួន​​ពីបទ​ភ្នាល់បាល់វើល​ខាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​ឲ្យដឹង​កាល​​ពីម្សិលមិញថា អាជ្ញាធរបាន​ឆ្មក់​ចូល​កន្លែងទទួល​ភ្នាល់​ល្បែង​បាល់​​ទាត់​​ពិភពលោក​(FIFA World Cup)​ចំនួន​ពីរកន្លែង​ ​មួយកន្លែង​​នៅក្នុង​រាជធានីភ្នំពេញ និងមួយ​កន្លែងទៀត​នៅ​ខេត្ត​កំពង់ចាម​ ក្នុង​រយៈពេល​ពីរថ្ងៃមកនេះ​​ និង​ចាប់ខ្លួន​មនុស្ស​ចំនួន​ប្រាំបួននាក់​ ដោយចោទ​ប្រកាន់​មនុស្ស​យ៉ាង​​តិចម្នាក់​។

យោងតាម​លោក ឈុំ សេងហុង ស្នងការ​រងនគរបាល​ខេត្តកំពង់ចាម​​​ បាន​ឲ្យដឹងថា ឈ្មោះ ឃុត សាវុធ ​អាយុ​៣៥ឆ្នាំ​ ត្រូវបាន​​ចាប់​​ខ្លួន​កាល​ពី​ថ្ងៃ​​​ពុធ ​​អ​ំ​ឡុងការ​ឆ្មក់​ចូល​​​ក្នុង​បន្ទប់​ជួល​​នៅក្នុង​ក្រុងកំពង់ចាម​ ជាទី​ដែល​គាត់​​ត្រូវបាន​សង្ស័យ​ថា​កំពុង​ប្រកប​អាជីវកម្ម​ភ្នាល់​បាល់​​ដោយ​ខុសច្បាប់​។ លោកបានមាន​ប្រសាសន៍ថា​ សាវុធ ​ត្រូវបាន​​ចោទប្រកាន់​​កាល​ពី​ម្សិលមិញ​។

លោក សេងហុង ​​បានមាន​ប្រសាសន៍ថា ​​នគរបាល​​រឹប​អូស​បាន​កុំព្យូទ័រ​​មួយគ្រឿង​ ម៉ាស៊ីន​ហ្វាក់​​មួយគ្រឿង​​​និង​ក្រដាស​ភ្នាល់​បាល់​​មួយ​ចំនួន​ ​អំឡុងពេល​ឆ្មក់ចូលចាប់​។ លោក សន មុនី ព្រះ​​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ចាម ​បានមាន​ប្រសាសន៍ថា សាវុធ ត្រូវបាន​ចោទ​ប្រកាន់​តាម​មាត្រា​៥​​​នៃ​ច្បាប់​ស្តីពី​ល្បែង​ស៊ីសង​។

យោងតាម​លោកវរសេនីយ៍ត្រី ទៃ វិសាល នាយរងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​រាជ​ធានី​​​ភ្នំពេញបាន​ឲ្យដឹងថា ​កាល​​ពីថ្ងៃ​​អង្គារ ​នគរបាល​​ក៏បាន​ឆ្មក់​ចូល​​ហាង​​អុីនធឺណិតមួយ​កន្លែង​​នៅក្នុង​ខណ្ឌ​ដូន​ពេញ​ រាជធានីភ្នំពេញ​ និង​បាន​ចាប់ខ្លួន​​មនុស្ស​ចំនួន​ប្រាំបីនាក់​​ដែល​ជាប់​​សង្ស័យថា​​ភ្នាល់​បាល់​វើលខាប់​។

លោកវរសេនីយ៍ត្រី វិសាល ​បានមាន​ប្រសាសន៍ថា “​ការ​ឆ្មក់​ចូលចាប់​នេះ​​បាន​ធ្វើ​​ឡើង​នៅម៉ោង​ប្រហែល៤និង​៣០នាទី​រសៀល​ ហើយខ្ញុំ​​បាន​ដឹកនាំ​កម្លាំង​ដោយ​ផ្ទាល់​​ក្នុង​ការ​បង្ក្រាប​​ហាង​​អុីនធឺណិតនេះ​ ហើយ​យើងបាន​ចាប់ខ្លួន​មនុស្ស​ចំនួន​ប្រាំបីនាក់​​​អំឡុងការ​ឆ្មក់​ចូល​ចាប់​នេះ​”។

លោកវរសេនីយ៍ត្រី វិសាល ​បានឲ្យដឹងថា មនុស្សពីរនាក់​ ដែល​​​ជាម្ចាស់​ហាង​អុីនធឺណិត​ត្រូវបាន​បញ្ជូន​​​ទៅតុលាការ​ ចំណែក​​អ្នក​ផ្សេងទៀត​ត្រូវបាន​”អប់់រំ” ហើយ​​ដោះលែង​វិញ​។ លោកមិនព្រម​ប្រាប់​ឈ្មោះ​​មនុស្ស​​ទាំង​​ពីរនាក់​​ដែលត្រូវបាន​បញ្ជូន​​​ទៅ​តុលាការ​ឬថាតើ​​ពួកគេត្រូវបាន​ចោទ​ប្រកាន់​ឬយ៉ាងណា​​ទេ​​។ក្រុមមន្ត្រី​​សាលាដំបូង​រាជធានីភ្នំពេញ​មិនអាចទាក់ទង​សុំការ​​អត្ថាធិប្បាយ​បាន​ឡើយ៕​ប៊ុននី​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស