29 C
Phnom Penh

ការចរចារវាង​តំណាងអ្នក​ភូមិ​ដែលតវ៉ា​អំពី​ដីធ្លីជាមួយ​នឹង​ធនាគារ​​​អភិវឌ្ឍន៍អាស៊ី​​​​ទទួលបាន​លទ្ធផល​តិចតួច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកភូមិប្រហែល​៦០នាក់​នៅក្នុងរាជធានីភ្នំពេញ​ ​មកពី​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ​និង​ខេត្តព្រះសីហនុ​​​ដែល​បាត់​​បង់ដីធ្លី​ ឬ​កំពុង​ស្ថិតក្នុងគ្រោះ​ថ្នាក់​បាត់បង់​​ដីធ្លី​ដោយសារ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​​ដែក​​ដែល​ផ្តល់​មូល​និធិ​ដោយ​​ធនាគារ​​អភិវឌ្ឍន៍អាស៊ី​ (ADB) ​បាន​ធ្វើការ​តវ៉ា​នៅ​​ខាងក្រៅ​ការិយាល័យ​​ធនាគារនេះកាល​ពីព្រឹក​ម្សិលមិញ​​​ ជុំវិញ​ការ​ខ្វះ​ការធ្វើ​បទ​​បង្ហាញ​​នៅក្នុង​​គម្រោង​​ជំនួយ​​របស់​​ធនាគារ​​នេះ​។ADB

ការ​តវ៉ា​​ដែលពេលខ្លះ​មាន​សភាព​ក្តៅគគុក ប៉ុន្តែ​មិនមាន​អំពើ​ហិង្សាកើតឡើង ត្រូវ​​បា​ន​​មើល​ខុស​ត្រូវ​​ដោយ​នគរបាល​ប្រឆាំង​កុបកម្ម និង​សន្តិសុខ​សណ្តាប់ធ្នាប់​សារធារណៈ​​ខណ្ឌ​ដូនពេញ​។ បន្ទាប់​​ពី​ក្រុម​​អ្នក​ភូមិ​មកដល់ ធនាគារ​​​អភិវឌ្ឍន៍អាស៊ីបាន​​អញ្ជើញ​​អ្នកតំណាង​​ក្រុម​​​នេះ​ចូលទៅ​ចរចា​​​គ្នារយៈ​ពេល​បីម៉ោង​​ស្តីពី​​​ការ​តវ៉ា​​របស់​​ពួកគាត់។

អ្នកភូមិ​​ទាំងនេះ​​​ក៏បាន​ដាក់​ញត្តិ​​​មួយ​​​ទៅឲ្យ​​ធនាគារ​​​អភិវឌ្ឍន៍អាស៊ី​ដែរ​ ដោយអំ​ពាវ​នាវ​​ឲ្យ​ធនាគារនេះ​បំពេញ​ការ​ប្តេជ្ញា​​ទាំង​អស់របស់​​ខ្លួន ដើម្បី​ដោះស្រាយ​​ផល​ប៉ះ​ពាល់​​​ដោយ​​សារ​គម្រោង​ជួសជុល​ផ្លូវដែកដែល​ត្រូវចំណាយ​ទឹកប្រាក់​​១៤៣លានដុល្លារ ​ព្រម​ទាំង​​​ធ្វើការ​ពិគ្រោះ​ប្រកប​​ដោយ​អត្ថន័យ​​​ជាមួយប្រជា​​ពលរដ្ឋ​​ដែល​រងប៉ះ​​ពាល់​​ពាក់ព័ន្ធនឹង​​​ផែនការ​សកម្មភាព​កែលម្អ​​​ (Remedial Action Plan) របស់ខ្លួន​។

បន្ទាប់​​ពីទទួល​ស្គាល់​កាល​ពី​ខែ​កុម្ភៈថាធនាគារ​នេះ ពិតជា​​​បានធ្វើឲ្យមាន​កំហុស​”ធំៗ”​ នៅ​ក្នុង​គម្រោង​​​របស់​ខ្លួន​ ដែលធ្វើឲ្យ​កើតមានភាព​ក្រីក្រ ​ហើយធ្វើឲ្យ​អ្នក​ដែល​ត្រូវបាន​បណ្តេញ​ចេញ​ជាប់បំណុលនោះ ធនាគារ​​​អភិវឌ្ឍន៍អាស៊ី​បាន​ចេញ​សេចក្តីព្រាង​​​ផែនការ​សកម្មភាព​​​ដែល​រដ្ឋា​ភិបាល​បាន​សម្រេច​យល់ព្រម​កាល​ពី​ខែ​មេសា។

ផែនការ​នេះ​រងការរិះគន់​ខ្លាំងៗ​ ​ទាំង​ពីគ្រួសារ​ប្រជាពលរដ្ឋ និង​អង្គការ​ក្រៅរដ្ឋា​ភិបាល​​​​ដែល​ផ្តល់​ជំនួយ​​ ចំពោះ​ការ​មិនបាន​ធ្វើតាមអនុសាសន៍​​របស់​គណៈ កម្មការ អនុវត្តច្បាប់​ ឬ​គោល​នយោបាយការ​ពារ​សុវត្ថិភាព​​របស់ធនាគារ​​​អភិវឌ្ឍន៍អាស៊ី ដែល​​ធានា​​​​មិន​​​ឲ្យ​​​អ្នក​​ដែល​រង​ប៉ះ​ពាល់​​ដោយសារ​គម្រោង​អភិវឌ្ឍន៍​​ ធ្លាក់ទៅ​ក្នុងស្ថានភាព​​អាក្រក់​​​ជាងពេល​គម្រោង​នេះ​ចាប់​ផ្តើមឡើយ​​។

យោងតាម​លោក ស៊ីម វីរៈ ​អ្នកតំណាង​សហគមន៍​មក​ពី​សង្កាត់ទួល​សង្កែ ក្នុងរាជ​ធានី​ភ្នំពេញបាន​ឲ្យដឹងថា “ប្រជាពលរដ្ឋ​ដែលបានរើចេញ រស់​ក្នុងស្ថានភាព​យា៉ប់​យុឺន​។ យើង​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ សាលារៀន ផ្លូវថ្នល់​ ឬ​​មន្ទីរពេទ្យឡើយ​”។

ធនាគារ​​​អភិវឌ្ឍន៍អាស៊ី​បាន​ឲ្យដឹងថា ការ​​​ពិភាក្សា​​​អំពី​ថាតើ​ត្រូវ​ផ្តល់សំណង​ និង​​ឧបត្ថម្ភ​គាំទ្រ​​​គ្រួសារ​ប្រជាពលរដ្ឋ​យ៉ាងណា​នោះ កំពុង​បន្ត​នៅ​ឡើយ ប៉ុន្តែ​យោង​តាម​ការ​តវ៉ាធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី​៦ ខែ​មិថុនា របស់​​អ្នកភូមិ​​ដែល​រង​ផលប៉ះ​​ពាល់​​​បាន​ឲ្យដឹងថា ការ​ពិភាក្សា​​​​​នេះ ​មាន​ភាព​លម្អៀង​។

ញត្តិនេះមាន​ខ្លឹមសារថា “​ប្រជាពលរដ្ឋ​ដែល​រងផល​​ប៉ះពាល់​ មិនត្រូវបាន​ពិគ្រោះ​​យោ​បល់​ឡើយ ​​ដោយ​​គេគ្រាន់​តែ​ជូន​​ដំណឹង​​​ប្រាប់យើង​អំពីការ​អនុវត្ត​[ផែនការសកម្មភាព​]​​មាន​ស្រាប់​ ដែល​​មិន​បានដោះស្រាយ​ការ​ព្រួយ​បារម្ភ​និងយោបល់​របស់​យើង​ប៉ុណ្ណោះ​”។

លោក ​អេរីក ស៊ីចវិក (Eric Sidgwick)​​​ នាយកធនាគារ​​​អភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជា​​​បាន​ឆ្លើយតបនឹង​ការ​តវ៉ា​ ដោយ​យល់ព្រម​​​ជួបពិភាក្សា​​​ម្តងទៀត​​​ជាមួយ​​អ្នកភូមិ​ដែល​រង​ប៉ះពាល់​ដោយសារគម្រោង​នេះ​។ លោកបាន​លើកឡើង​​តាម​អុីមែលថា “យើងទទួលស្គាល់ថា​​​យើង​​​ពិតជាបាន​ទទួលញត្តិនិង​យោបល់​​​​ពី​តំណាងអ្នក​ភូមិ​​ដែល​រង​ប៉ះ​​ពាល់​មែន និង​បាន​យល់​ព្រម​ឲ្យមាន​ការពិគ្រោះយោបល់​បន្ថែម​​ទៀត​​​ជាមួយ​ពួកគេ​ ​ដោយមាន​បំណង​ដោះស្រាយ​ពី​កង្វល់​​​​​​របស់​ពួកគាត់​”៕ ប៊ុននី​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស