28 C
Phnom Penh

អ្នកភូមិពីរក្រុម​ប៉ះទង្គិចគ្នា​អំពី​វិវាទដីធ្លីនៅខេត្ត​កំពង់ស្ពឺ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ប៉ះទង្គិចគ្នាដោយ​ប្រើចំពាមកៅស៊ូដ៏បង្ហូរឈាមមួយ​បាន​ផ្ទុះឡើង​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ម្សិល​មិញ​ នៅពេល​អ្នកភូមិ​ដែលបាន​លក់ដីរបស់ខ្លួន​ឲ្យ​ក្រុម​ហ៊ុន​ឯកជន​មួយ​បាន​ការពារ​គ្រឿង​ចក្រ​របស់ក្រុមហ៊ុន​នេះ ខណៈដែលក្រុមហ៊ុន​បាន​ព្យាយាម​ឈូស​កម្ទេច​ផ្ទះ​សំបែង​អ្នក​ជិតខាងខ្លួន​ដែលបដិសេធមិន​ព្រមលក់ដី។

យោង​តាម​អ្នក​ភូមិ​និង​មន្ត្រី​បាន​ឲ្យដឹងថា ជម្លោះនៅក្នុង​ឃុំយាអង្គ ស្រុកថ្ពង បណ្តាលឲ្យមនុស្ស​រងរបួស​យ៉ាង​ហោច​ណាស់​​​បួន​នាក់។ យោង​តាម​លោក សួស ម៉ន មេភូមិ​សត្យា​បានឲ្យដឹងថា កាលពីមួយ​ថ្ងៃមុន ក្មេងប្រុស​ជំទង់​ម្នាក់​បាន​បាក់​ឆ្អឹងដងកាំបិត​នៅពេល​អ្នកភូមិដែលតាមចោទថា ត្រូវ​បាន​ក្រុមហ៊ុន​ CTMart ញុះ​ញង់​ឲ្យ​​ឈ្លោះ​គ្នា។

លោក សួស ម៉ន បានមានប្រសាសន៍អំពីការ​ប៉ះទង្គិច​គ្នាកាលពី​ម្សិលម​ិញថា “យ៉ាង​ហោច​ណាស់​អ្នក​ភូមិ​ពីរនាក់​របួសក្បាល និង​ម្នាក់ទៀត​បែកមាត់​​បន្ទាប់ពីពួកគេ​បាញ់​ចំពាម​កៅស៊ូ​ដាក់គ្នា។ ជម្លោះនេះ​បាន​កើត​ឡើង​ដោយសារ​អ្នកភូមិ​មួយ​ក្រុមតូច​មិនព្រម​លក់ដីរបស់ខ្លួន ចំណែក​អ្នកភូមិភាគច្រើន​បាន​លក់ដីរបស់ខ្លួន បណ្តាល​ឲ្យពួកគេ​ឈ្លោះគ្នា”។

ការប៉ះទង្គិចគ្នានេះ​បាន​កើត​ឡើង​នៅពេល​ត្រាក់ទ័រ​ប្រហែល​៣០គ្រឿង​ដែលជា​កម្មសិទ្ធិរបស់​ក្រុមហ៊ុន​ CT Mart បានបើកចូលក្នុង​ដី​ចំនួន​៧០០ហិកតានៅ​ជាប់​ភូមិចំនួន​បួន​ ដោយ​មាន​បំណង​រានព្រៃនិងឈូសកម្ទេច​ផ្ទះ​​របស់​អ្នកភូមិដើម្បី​កុំឲ្យពួកគាត​់​ប្រឆាំង​នឹង​​ក្រុមហ៊ុន​ទៀត​។

យោង​តាមក្រុមមន្ត្រីបាន​ឲ្យដឹងថា ផ្ទះ​មួយ​ត្រូវ​បាន​ដុត​ឆេះម៉ដ្ឋនិង​ពីរទៀតត្រូវបាន​ឈូសបំផ្លាញដោយ​ក្រុមហ៊ុន​នេះ​។អ្នកភូមិ​ដែលបាន​បដិសេធមិន​ព្រម​លក់អះអាងថា ក្រុម​ហ៊ុន CT Mart កាន់កាប់​ដោយ​ជន​ជាតិ​ឥណ្ឌា​​ដែលបាន​ទិញដីរហូត​ដល់​រាប់រយ​ហិកតា​នៅក្នុង​តំបន់នេះដើម្បី​ដាំអំពៅ​និង​ដើម​អាកាស្យានោះ នៅពីក្រោយ​សកម្មភាព​​របស់​អ្នក​ភូមិ​ដែលបាន​លក់ដី។

អឿ សារិន អាយុ​៤៩ឆ្នាំបាននិយាយថា “ពួកគេ​កំពុង​​ញុះញង់​ពួកគាត់​ឲ្យ​ការពារ​ពួកគេ ហើយប្រឆាំង​ពួកយើង​។ នៅពេល​យើង​​ព្យាយាមការ​ពារផ្ទះសំបែង​របស់យើង​នៅ​ព្រឹកនេះ សន្តិសុខ​ក្រុមហ៊ុននេះ​បាន​ហៅ​អ្នក​ភូមិ​មក ហើយ​ពួកគេ​បាន​ចាប់ផ្តើម​យក​ចំពាម​កៅស៊ូ​បាញ់មក​លើ​ពួកយើង​តែម្តង”។អ្នកភូមិ​ក៏បានលើកឡើង​ផងដែរថា អាជ្ញាធរ​កំពុង​តែការពារ​ក្រុមហ៊ុន។

លោក ហុង សុខន អធិការ​នគរបាលស្រុក​ថ្ពង​បានមាន​ប្រសាសន៍ថា “ការ​ចោទ​ប្រកាន់​នេះមិន​ពិតទេ។ យើង​គ្រាន់តែ​ទៅទីនោះដើម្បីការ​ពារ​សុវត​្ថិភាព​និង​ទ្រព្យ​សម្បត្តិ​សាធារណៈ​តែប៉ុណ្ណោះ”។ លោក​បាន​មាន​ប្រសាសន៍ថា “នគរបាល​មិន​បាន​ចាប់ខ្លួន​នរណាម្នាក់ឡើយ។ យើង​មិន​ដឹងថា នរណាខុស ​នរណាត្រូវឡើយ”៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស