38.1 C
Phnom Penh

ក្រុម​យុវជន​គណបក្ស​សង្គ្រោះជាតិ​ចុះទៅជួបអ្នកភូមិ​ដែលចោទថា វៀត​ណាម​រំលោភ​យកដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​ម្សិលមិញ ព្រះសង្ឃនិង​សកម្មជន​មក​ពី​សហគមន៍បឹងកក់និង​បុរី​កីឡា​បាន​ចូលរួម​ជាមួយ​​មនុស្សមួយ​ក្រុមមានគ្នា​១០០នាក់​ដែលដឹកនាំដោយ​ក្រុមយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ទៅ​ខេត្ត​ស្វាយរៀង​កន្លែង​ដែល​អ្នកភូមិ​នៅ​តាម​ព្រំដែនវៀត​ណាម​អះ​អាង​ថា ការ​បោះ​បង្គោល​ព្រំដែន​បានរំលោភ​យក​ដី​របស់ពួកគាត​់។

លោក ហ៊ីង​ សុខសាន ប្រធានក្រុមយុវជន​គណបក្ស​សង្គ្រោះជាត​ិ​បាន​មាន​ប្រសាសន៍ថា អ្នកភូមិ​១២គ្រួសារមក​ពី​ឃុំថ្នាធ្នង់ ស្រុក​រំដួលត្អូញត្អែរប្រាប់គណបក្ស​សង្គ្រោះជាត​ិ​ថា អាជ្ញា​ធរ​វៀត​ណាម​បាន​បោះ​បង្គោល​ព្រំដែន​ចូលក្នុងព្រំដែនកម្ពុជា ​ចម្ងាយ​ប្រហែល១៥០ម៉ែត្រ​​ដែល​ស្តែងឲ្យ​ឃើញថា បង្គោល​ព្រំដែន​ទាំងនេះ​ធ្វើឲ្យ​​បាត​់​បង់​ដី​ស្រែ​របស់ពួកគាត់​​ ប្រសិន​បើបង្គោល​ព្រំដែន​ទា​ំង​នេះ​ក្លាយ​ជា​ផ្លូវការ​នោះ។ លោក សុខសាន បាន​មាន​ប្រសាសន៍ថា “យើង​បាន​ចូលរួម​ជាមួយ​អ្នក​ទៅមើល​​ប្រហែល​១០០នាក់​ នៅពេល​យើង​បានទៅកាន​់​តំបន់​ព្រំដែន​​នៅក្នុង​ឃុំ​ថ្នាធ្នង់ និ​ងឃុំ​តាសួន ​យើង​ឃើញថា បង្គោល​ព្រំដែន​ចំនួន​ប្រាំមួយ​ត្រូវ​បាន​បោះ​ក្នុងទឹកដី​កម្ពុជា”។

លោកបាន​អះអាង​ថា អាជ្ញាធរ​ឃុំ​ថ្នាធ្នង់​រួមទាំង​​មន្ត្រី​នគរបាល​ប្រហែល​១០០នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​ស៊ីវិល បាន​បិទផ្លូវ​ដើម្បី​ព្យាយាម​រារាំង​ក្រុមនេះ​មិន​ឲ្យ​ចូលទៅ​តំបន់​ព្រំដែន​ ប៉ុន្តែ​​បាន​អនុញ្ញាតឲ្យ​ពួកគាត់​ឆ្លងកាត​់វិញ​បន្ទាប់​ការ​ពិភាក្សា​រយៈ​ពេល​​ខ្លី។

ការ​រំលោភ​យក​ដី​​​នៅ​​​ព្រំដែន​ពី​សំណាក់​វៀត​ណាម​ដូច​ការ​អះអាង​​​នេះ ជាការ​រិះគន់​យូរមក​ហើយ​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាត​ិ​ដែលបាន​ដឹកនាំការហែក្បួន​តវ៉ា​​ទៅព្រំដែន​វៀតណាមកាលពី​ឆ្នាំ​២០០៩ ហើយ​បាន​ដក​បង្គោលតម្រុយ​ព្រំដែន​​ដែល​លោកបាន​មាន​ប្រសាសន៍ថា បោះ​នៅលើ​ដីស្រែរបស់កសិករខ្មែរ។

ហេតុការណ៍នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ជាច្រើន​ដែលក្នុង​នោះ​​លោក​ សម រង្ស៊ី ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ រហូត​​ដល់​ធ្វើឲ្យលោក​ចាកចេញពី​ប្រទេស​កម្ពុជា​អស់​​​រយៈពេល​ជាងបួន​ឆ្នាំ។

អ្នកភូមិឈ្មោះ តឹក ឡី អាយុ​៥៩ឆ្នាំ​ បាននិយាយ​ថា ដីរបស់លោកស្ថិត​នៅក្នុង​ឃុំ​ថ្នាធ្នង់​ត្រូ​វបាន​គំរាមកំហែង​ ហើយ​​​គា​ត់​​​​បាន​​​ឲ្យ​​​ដឹងថា ចាប់តាំងពី​ឆ្នាំ​១៩៦៣មក វៀតណាម​បាន​រំកិលបង្គោល​ព្រំដែន​ចូលក្នុង​​ប្រទេស​កម្ពុជា​ជម្រៅ​ប្រហែល​១៦០ម៉ែត្រ ដែល​ឥឡូវនេះ​ត្រូ​វបានកំណត់​ដោយការបោះ​បង្គោល​ចំនួន​ប្រាំមួយ​កាលពី​ឆ្នាំ​២០១២។ លោក ឡី បាន​មាន​ប្រសាសន៍ថា “យើង​មិន​អាច​ទទួលយក​បង្គោល​ព្រំដែន​ទាំង​នេះ​បានទេ ពីព្រោះ​នៅពេល​បោះរួច​រាល់​ វាមាន​ន័យ​ថា ដីស្រែ​របស់យើង​នឹងត្រូវ​បាត់​បង់​ទៅ​ប្រទេស​វៀត​ណាម”។

លោក រៀល ខេមរិន្ទ សមាជិក​សភា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាត​ិមណ្ឌល​ស្វាយ​រៀង​បាន​មាន​ប្រសាសន៍ថា លោក​បាន​ឃើញសំណល់​​បង្គោល​ចាស់​​ដែលបង្ហាញថា អាជ្ញាធរ​វៀត​ណាម​បាន​រំកិល​ព្រំដែន​ចូលក្នុង​ប្រទេស​កម្ពុជា​ជម្រៅពី​១៥០ម៉ែត្រ​ទៅ​២០០ម៉ែត្រ។

លោក ខេមរិន្ទ បានមានប្រសាសន៍ថា “នៅពេល​គណបក្ស​សង្គ្រោះជាត​ិ​ដឹក​នាំរដ្ឋា​ភិបាល ​​យើង​នឹង​ពិនិត្យ​ករណី​ព្រំដែន​ឡើង​វិញតាម​ច្បាប់អន្តរជាតិ”។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញថា លោក​មិន​ដឹង​ពី​ការ​ចុះ​ទៅ​ទីនោះ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះជាតិ​ទេ ហើយ​បាន​បដិសេធការដែល​ថា ដីនេះ​ត្រូវ​​បាន​ប្រគល់​ទៅឲ្យ​វៀត​ណាមនោះ។

លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា “ខ្ញុំមិនដឹង​ថា ការ​អះអាង​របស់ពួកគេ​ផ្អែកទៅ​លើ​អ្វីនោះទេ ដោយ​លើកឡើង​ថា បង្គោល​ព្រំដែន​នេះ​បោះ​នៅក្នុង​ទឹកដី​កម្ពុជា ឬ​ថា ដី​នេះ​ត្រូវ​បាន​បាត​់បង់ទៅ​ប្រទេស​វៀតណាមនោះ វាមិនមែនជាការ​ពិតឡើយ”។ លោក ត្រាន់ វ៉ាន់ថុង អ្នកនាំពាក្យ​ស្ថានទូត​វៀត​ណាមប្រចាំរាជធានី​ភ្នំេពញ​បាន​បដិ​សេធ​មិន​ធ្វើ​អត្ថាធិប្បាយទេ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស