28 C
Phnom Penh

សមាជិក​សភា​គណបក្សប្រជាជន​កម្ពុជា​ការពារ​សេចក្តី​បដិសេធ​អនុសាសន៍​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ កាល​ពី​ថ្ងៃ​សុក្រ បាន​ថ្លែ​ង​ការ​ពារ​សេចក្តី​សម្រេច​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ច្រាន​ចោល​សំណើ​សិទ្ធិ​មនុស្ស​ចំនួន​បួន​ ហើយ​នឹង​​គ្រាន់​តែ​កត់​សម្គាល់​សំណើ​ចំនួន​៣៨​ផ្សេង​ទៀត​អំឡុង​កិច្ច​ប្រជុំ​អនុម័ត​របាយការណ៍​ពិនិត្យ​ជា​ប្រចាំ​ជា​សាកល​លើក​ទី​២​របស់​ខ្លួន​នៅ​ទីក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

ជាសរុប​ប្រទេស​កម្ពុជា​ទទួល​យក​អនុសាសន៍​ចំនួន​១៦៣​​ក្នុង​ចំណោម​អនុសាសន៍​២០៥​ដែល​ត្រូ​វបាន​ដាក់​ចូល​ក្នុង​របៀប​វារៈ​ប្រជុំ​ពិនិត្យ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ ក៏​ប៉ុន្តែ ប្រទេស​នេះ​មិន​បាន​តាំ​ងចិត្ត​អនុវត្ត​អនុសាសន៍​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​កិច្ច​ការ​ពារ​សារព័ត៌មាន​ និ​ងសេរី​ភាព​ជួប​ជុំ​ និង​បញ្ចេញ​មតិ​ទេ​។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​នានា​បាន​លើក​ឡើង​ថា សេចក្តី​បដិសេធ​នេះ​ឆ្លុះ​បញ្ចាំង​​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ការ​ពារ​សិទ្ធិ​របស់​ប្រជា​ជន​។

ថ្លែង​នៅ​ក្នុង​អង្គ​ប្រជុំ​របស់​រដ្ឋ​សភា​ លោក ឈាង វុន ដែល​ជា​សមាជិក​សភា​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទូច​ថា អនុសាសន៍​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បាន​ពិចារណា​ក៏​ប៉ុន្តែ គ្រាន់​តែ​មាន​អនុសាសន៍​មួយ​ចំនួន​មិន​សម​ស្រប​សម្រាប់​ស្ថាន​ភាព​ប្រទេស​កម្ពុជា​។ លោក​បានមាន​ប្រសាសន៍​ថា ទាក់​ទង​នឹ​ង​ព័ត៌​មា​ន​មក​ពី​ទីក្រុង​ហ្សឺ​ណែវ​ រឿង​នេះ​មិន​មែន​ធម្មតា​ទេ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែ​ម​ទៀត​ថា “យើង​បាន​គិត​គូ​អនុសាសន៍​របស់​ពួក​គេ​នៅ​ក្នុង​ច្បាប់​មួយ​ចំនួន​រួច​ហើយ​ ក៏​ប៉ុន្តែ អ្វី​ដែល​យើង​មិន​អា​ច​ទទួល​យក​បាន​ពី​ពួក​គេ​ ជា​អ្វី​ដែល​​មិន​អាច​ត្រូវ​បាន​អនុវត្ត​ក្នុង​បរិបទ​នៃ​ប្រទេស​កម្ពុជា ពីព្រោះ​នេះ​ជា​សង្គម​កម្ពុជា​ មិន​មែន​ជា​សង្គម​របស់​ពួក​គេ​ទេ។ ពួក​គេ​ត្រូវ​យល់​អំពី​រឿង​នេះ​”។

លោក ឈាង វុន បាន​លើក​​ឡើង​បន្ត​ទៀត​ថា កម្ពុជា​មិន​អាច​ទទួល​យក​អនុសាសន៍ឡើយ​ យើង​មិន​អាច​ទទួល​យក​អនុសាសន៍​ ដែល​ជំរុញ​ឲ្យ​​ស្ថាប័ន​រដ្ឋ​រាំង​ស្ទះ​ដោយ​សារ​តែ​មាន​ការ​ជំទាស់​ពី​គណបក្ស​ប្រឆាំង​ ឬ​ក៏​សង្គម​សីុ​វិល​ទេ​ ហើយ​លោក​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ផង​ដែរ​ថា មាន​ភាគី​បរទេស​ដូច​ជា​អង្គការ​សហ​ប្រជា​ជាតិ​ ” យក​តែ​ម្ខាង​ណា​ ដែល​ពួកគេ​យក​បាន​”។ លោក​បាន​បញ្ជាក់​ថា ” ថ្ងៃ​នេះ​ ខ្ញុំ​សូម​បញ្ជាក់​ទៅ​ភាគី​ក្រុង​ហ្សឺ​ណែវ​ឲ្យ​ច្បាស់ថា ធ្វើ​ការ​ដើម្បី​កម្ពុជា ឬ​ក៏​ធ្វើ​ការ​ដើម្បី​អ្នក​ផ្សេង​មិន​មែន​កម្ពុជា​?”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ” ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ឯកអគ្គ​រាជ​ទូត​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​អង្គការ​សហ​ប្រជាជាតិ​។ ក្នុង​នាម​ជា​តំណាង​ឬ​ក៏​អ្ន​ក​នាំ​ពាក្យ​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ខ្ញុំ​បាន​និយាយ​ជា​មួយ​ពួកគេ​យ៉ាង​ច្រើន​ថា កុំ​ឲ្យ​ដើរ​តួ​ជា​អ្នក​ប្រឆាំ​ង​រដ្ឋាភិបាល​…​មិន​មែន​មក​ចង្អុល​នោះ​ទេ​។ នេះ​គឺ​ជា​ខ្លឹម​សារ​ដែល​យើង​ចង់​ផ្ញើ​ជូន​ពួកគេ​”។

ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​ដែល​បាន​ផ្តល់​មតិ​ដល់​ប្រទេស​កម្ពុជា​នៅ​ទីក្រុង​ហ្សឺ​ណែវ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ ក៏​មាន​ចក្រ​ភព​អង់គ្លេស​ដែល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​នីតិវិធី​សម្ប​ទាន​ដី​​សេដ្ឋ​កិច្ច​របស់​ខ្លួន​ឡើង​វិញ​ គោរព​សិទ្ធិ​មូល​ដ្ឋាន និង​ធានា​ថា សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ឧក្រិដ្ឋ​កម្ម​តាម​អីុន​ធើណិត​មិន​បាន​កាត់​បន្ថយ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិទេ​។ក្នុង​ពេល​ជាមួយគ្នា​នោះ​ដែរ​ សហ​រដ្ឋ​អាមេរិក​បាន​កត់​សម្គាល់​ដោយ​មាន​ការ​ខក​ចិត្ត​ថា ប្រទេស​កម្ពុជា​មិន​ទទួល​យក​អនុសាសន៍​ទាក់​ទង​នឹង​ការ​កែ​ប្រែ ឬ​ក៏​ការ​លុប​ចោល​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ ដូចជា មាត្រា​ដែល​ទាក់​ទង​នឹង​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ ឬ​ការ​បង្អាប់​បង្អោនសេចក្តី​សម្រេច​របស់​តុលាការ​ជា​ដើម៕ ប៊ុន​នី (រាយការណ៍​បន្ថែម​ដោយ LaurenCrothers)​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស