បុរសជនជាតិអង់គ្លេសម្នាក់ដែលស្ថិតក្រោមការស៊ើបអង្កេតពីបទកិបកេងប្រាក់រាប់លានដុល្លារពីវិនិយោគិននៅស្រុកកំណើតរបស់ខ្លួន និងលាងលុយនោះនៅក្នុងប្រទេសកម្ពុជា បានចោទប្រកាន់ចៅក្រមខ្មែរម្នាក់កាលពីថ្ងៃសុក្រពីបទធ្វេសប្រហែស និងបានស្នើឲ្យទុកភ័ស្តុតាងទាំងអស់ដែលប្រមូលបានក្រោមការដឹកនាំដោយចៅក្រមទុកជានរាករណ៍។
លោក ហ្គ្រិក ហ្វ្រីយ៉េត (Gregg Fryett) ប្រធានក្រុមហ៊ុន Sustainable Agro Energy ដែលបានលក់ភាគហ៊ុននៅក្នុងគម្រោងជីវឥន្ធនៈទទួលបរាជ័យមួយនៅខេត្តបន្ទាយមានជ័យនោះកាលពីម្សិលមិញបានបង្ហាញលិខិតមួយច្បាប់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់លោក អាង មាលតី អតីតចៅក្រមសាលាដំបូងខេត្តបន្ទាយមានជ័យថា មិនបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវក្នុងរឿងក្តីប្រឆាំងនឹងរូបលោក។
លោក ហ្វ្រីយ៉េត បានជាប់ពន្ធនាគារព្រៃស ចាប់តាំងពីខែមីនាឆ្នាំ២០១៣មក ក្រោមបទចោទប្រកាន់បន្លំឯកសារដើម្បីទិញដី និងបទរានដីនោះដោយខុសច្បាប់នៅខេត្តបន្ទាយមានជ័យ។ កាលពីខែមេសា លោក មាលតី ត្រូវបានផ្ទេរឲ្យទៅធ្វើជាប្រធានសាលាដំបូងរាជធានីភ្នំពេញ។
លោក ហ្វ្រីយ៉េត បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ” យើងបានចោទប្រកាន់លោកអាង មាលតី ពីបទអនុវត្តប្រតិបត្តិការស៊ើបអង្កេតដោយមិនមានការអនុញ្ញាត។អ្វីដែលសំខាន់គឺគាត់មិនបានស៊ើបអង្កេតអ្នកលក់ដី ឬក៏ភ្នាក់ងារឈ្មោះ ហាញ់ ចំរ៉ុង គឺពួកគេមិនត្រូវបានកោះហៅឲ្យទៅចូលរួមក្នុងដំណើរការកាត់ក្តីទេ”។
អ្នកលក់ដីគឺលោកស្រី ម៉ៅ ម៉ាឡៃ ភរិយារបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន។ ភ្នាក់ងារគឺលោកឧត្តមសេនីយ៍ ហាញ់ ចំរ៉ុង នៅកងយោធពលខេមរភូមិន្ទ។ លោក តប់ ឈុនហេង ចៅក្រមជំនុំជម្រះបានលើកឡើងកាលពីថ្ងៃសុក្រថា លោកនឹងលើកពេលសវនាការនេះដើម្បីឲ្យចៅក្រមអាចពិចារណាសំណើនេះ។
បទចោទប្រកាន់លោក ហ្វ្រីយ៉េត មានការពាក់ព័ន្ធទៅនឹងការទិញនិងការរានដីពីកន្លែងដែលមានទំហំ៦.០៧៩ហិកតានៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលនៅទីនោះដៃគូក្នុងស្រុករបស់លោក ហ្វ្រីយ៉េត គឺក្រុមហ៊ុន ថាមពលបៃតងអន្តរជាតិបានចាប់ផ្តើមដាំដើមល្ហុងខ្វងដែលគេយកផ្លែវាទៅធ្វើជាជីវឥន្ធនៈ ក៏ប៉ុន្តែ មិនមានជីវឥន្ធនៈណាត្រូវបានផលិតដោយក្រុមហ៊ុនថាមពលបៃតងអន្តរជាតិទេ។
កាលពីខែកុម្ភៈ ឆ្នាំ២០១២ បន្ទាប់ពីវិនិយោគិនមិនបានត្រឡប់ទៅវិញ ការិយាល័យបង្ក្រាបអំពើឆបោកកម្រិតធ្ងន់នៃចក្រភពអង់គ្លេសបានបង្កកទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន Sustainable AgroEnergy ហើយបានចាប់ផ្តើមសើុបអង្កេតករណីចោទប្រកាន់ដែលថា លោក ហ្វ្រីយ៉េត បានបោកប្រាស់មនុស្សនៅទីនោះយកប្រាក់សរុប៥៤លានដុល្លារ។
មួយរយៈក្រោយមកអង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសកម្ពុជាបានចាប់ផ្តើមសើុបអង្កេតលោក ហ្វ្រីយ៉េត និងក្រុមហ៊ុនថាមពលបៃតងអន្តរជាតិ។ អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ក្រុមហ៊ុនថាមពលបៃតងអន្តរជាតិជាផ្លូវការមិនដែលទទួលបានសិទ្ធិលើដីនោះឡើយ ក៏ប៉ុន្តែ បានចរចាតម្លៃប្រហែល២លានដុល្លារសម្រាប់ទិញដីនោះពីលោកស្រី ម៉ាឡៃ ។
ឧត្តមសេនីយ៍ ចំរ៉ុង បានបញ្ជាក់ថា កិច្ចព្រមព្រៀងបានជាប់គាំងរវាងភាគីទាំងពីរហើយថា ប្រាក់រាប់មឺុនដុល្លារត្រូវបានប្រគល់ពីដៃមួយទៅដៃមួយ។ កាលពីខែមករា អង្គភាពប្រឆាំងអំពើពុករលួយបានចេញបទចោទប្រកាន់ថ្មីទាក់ទងនឹងការលាងលុយប្រឆាំងនឹងលោក ហ្វ្រីយ៉េត ដោយឈរលើមូលដ្ឋានថា ប្រាក់ចំនួន៥៤លានដុល្លារត្រូវបានទទួលដោយខុសច្បាប់ពីវិនិយោគិន ហើយចម្ការដើមល្ហុងខ្វងនោះត្រូវបានប្រើប្រាស់ដើម្បីលាងលុយទាំងនោះ។
លោក ហ្វ្រីយ៉េត ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ២០ឆ្នាំប្រសិនបើត្រូវបានរកឃើញថា មានទោសតាមបទចោទប្រកាន់ទាំងអស់នេះ។ ក្នុងខែមករាផងដែរ លោក អ៊ុក កែវរតនៈ ដែលជាប្រធានរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារព្រៃសក្រោមបទចោទប្រកាន់ថា បានក្លែងបន្លំ និងលក់ប្លង់ដីថតចម្លងសម្រាប់ដីមួយកន្លែងក្នុងចំណោមដីទាំងពីរកន្លែងរបស់លោកស្រី ម៉ាឡៃ ។
នៅក្នុងសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ លោក កែវ រតនៈ ដែលនៅចំពោះមុខតុលាការ លោក ហ្វ្រឺយ៉េត និងបុគ្គលិកក្រុមហ៊ុនថាមពលបៃតងអន្តរជាតិពីរនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារនោះ បានអះអាងថា លោកមិនបានប្រព្រឹត្តខុសទេ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនបានប្រព្រឹត្តបទល្មើសដូចដែលតុលាការចោទប្រកាន់នោះទេ។ លោក មាលតី បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីបទចោទប្រកាន់លោក ហ្វ្រីយ៉េត៕ ប៊ុននី