33.3 C
Phnom Penh

ទីបញ្ជាការដ្ឋាន​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ថ្មី​​​ធ្វើ​​​ឲ្យ​អ្នក​​​ភូមិបឹង​​​កក់​​​ប៉ះទង្គិចគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​តវ៉ា​​​ដែល​​​ធ្លាប់​​​មាន​​​ការ​​​រួប​​​រួមគ្នា​​​របស់សហគមន៍​​​បឹង​​​កក់​​​ ប្រឆាំង​​​ការ​​​បណ្ដេញ​​​ពួកគាត់​​​ទាំង​​​បង្ខំ​​​នោះ ​​មាន​​​ការ​​​បែក​​​បាក់​​​គ្នា​​​កាលពី​​​ចុង​​​សប្ដាហ៍​​​ នៅពេល​​​ដែល​​​អ្នក​​​បែក​​​បាក់គ្នា​​​នៅ​​​ក្នុងសហគមន៍​​​នេះ​​​បាន​​​ចោទ​​​គ្នា​​​ថា ភាគី​​​នីមួយៗ​​​បាន​​​គប់​​​ដុំថ្មដាក់គ្នា​​​មុន​​​នៅ​​​ក្នុង​​​ជម្លោះ​​​មួយ​​​ដែល​​​បាន​​​កើត​​​ឡើង​​​កាលពី​​​ថ្ងៃសៅរ៍ ជុំវិញ​ការ​​​សាង​​​សង់​​​ទីបញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ថ្មី​​​នៅ​​​ក្នុង​​​តំបន់​​​របស់​​​សហគមន៍​​​នេះ​​​។

កងរាជ​​​អាវុធ​​​ហត្ថ​​​ខណ្ឌ​​​ដូនពេញ បាន​​​បញ្ជាក់​​​កាលពី​​​សប្ដាហ៍​​​មុន​​​ថា ដី​​​ដែល​​​គេ​​​កំពុង​​​ឈូស​​​ឆាយ​​​នៅ​​​បឹង​​​កក់​​​នេះ គឺ​​​សម្រាប់​​​សាង​​​សង់​​​ទីបញ្ជាការ​​​ដ្ឋាន​​​ថ្មី​​​របស់​​​កង​​​រាជអាវុធ​​​ហត្ថ​​​ខណ្ឌ​​​ដូន​​​ពេញ ដែល​​​ស្ថិត​​​នៅ​​​តែ​​​ប៉ុន្មានម៉ែត្រ​​​ប៉ុណ្ណោះពី​​​ផ្ទះ​​​របស់​​​សកម្មជន​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​សកម្មជន​​​ប្រឆាំង​​​ការ​​​បណ្ដេញ​​​ចេញ​​​ ដែល​​​លេចធ្លោ​​​ជាង​​​គេ​​​នៅ​​​កម្ពុជា​​​ រួម​​​ទាំង​​​អ្នកស្រី  ទេព វន្នី និង​​​អ្នកស្រី យ៉ោម បុប្ផា ផង​​​ដែរ​​​។

សកម្មជន​​​ទាំង​​​នេះ​​​ចោទ​​​រដ្ឋាភិបាល​​​ថា ដាក់​​​ទីបញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថថ្មី​​​នេះ​គឺ​​ដើម្បី​​​បំភិត​​​បំភ័យ​​​ពួកគេ​​​។ លោក​​​ ថោង ពិសិដ្ឋ មេបញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ខណ្ឌ​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាលា​​​រាជធានី​​​គ្រាន់​​​តែ​​​ជ្រើស​​​រើស​​​ដី​​​ដែល​​​នៅ​​​ទំនេរ​​​ប៉ុណ្ណោះ​​​។

ដោយ​​​មិន​​​មាន​​​ជំនឿ​​​ អ្នកស្រី​​​ ទេព វន្នី និង​​​អ្នកគាំទ្រ​​​មួយ​​​ក្រុម​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​កន្លែង​​​នេះ​​​ដើម្បី​​​តវ៉ា​​​នឹង​​​ការ​​​សាង​​​សង់​​​ទីបញ្ជាការ​​​ដ្ឋាន​​​នេះកាលពី​​​ថ្ងៃ​​​សៅរ៍ ហើយ​​​ពួក​​​គេ​​​បាន​​​ប៉ះទង្គិច​​​គ្នា​​​នៅ​​​កន្លែង​​​នោះ​​​ជាមួយ​​​ប្រជា​​​ជន​​​បឹង​​​កក់​​​មួយ​​​ក្រុម​​​ទៀត​​​ ដែល​​​ដឹក​​​នាំ​​​ដោយ​​​អតីត​​​សម្ពន្ធមិត្ត​​​ គឺ​​​អ្នកស្រី ហេង មុំ ។

ពួកគេ​​​បាន​​​គប់​​​ដុំថ្ម​​​ដាក់​​​គ្នា​​​ ហើយ​​​សកម្មជន​​​ឈ្មោះ​​​ ងែ៉ត ឃុន ដែល​​​មាន​​​អាយុ​​​ខ្ទង់​​​៧០​​​ឆ្នាំ​​​មាន​​​ស្នាម​​​​ជាំត្រង់​​​ថ្ងាស។ ក្រុម​​​ទាំង​​​ពីរ​​​បាន​​​ជួប​​​គ្នា​​​នៅ​​​កន្លែងនោះ​​​ម្ដង​​​ទៀត​​​កាលពី​​​ម្សិលមិញ ប៉ុន្តែ​​​បាន​​​ត្រឹម​​​តែ​​​ស្រែក​​​ដាក់​​​គ្នា​​​​​​ ដោយ​​​មាន​​​ការ​​​ជេរ​​​ប្រមាថ​​​គ្នា​​​ទៅវិញ​​​ទៅមក​​​។ អ្នកស្រី មុំ ដែល​​​កាន់​​​ក្បាល​​​មេក្រូ​​​ត្រូវ​​​បាន​​​គេ​​​ឃើញ​​​គ្រវី​​​កណ្ដាប់​​​ដៃដាក់​​​ក្រុម​​​របស់​​​អ្នកស្រី វន្នី ប៉ុន្តែ​​​សន្តិសុខ​​​ខណ្ឌ​​​បាន​​​បំបែក​​​ពួកគេ​​​។

នៅ​​​ពេល​​​រសៀល​​​ម្សិលមិញ អ្នកស្រី មុំ បាន​​​អង្គុយ​​​ស្ងប់​​​ស្ងៀម​​​នៅ​​​លើ​​​ទីតាំង​​​អនាគត​​​ផ្ទះ​​​របស់​​​គាត់​​​ដែល​​​ស្ថិត​​​នៅ​​​ជាប​​​់ទីបញ្ជាការ​​​ដ្ឋាន​​​ថ្មីនេះ​​​ ហើយ​​​បាន​​​បរិភោគ​​​សាច់​​​គោ​​​ចៀន និង​​​ស្រាបៀ​​​រជាមួយ​​​សន្តិសុខ​​​ខណ្ឌ​​​។ អ្នកស្រី និង​​​អ្នកភូមិ​​​បឹង​​​កក់​​​ប្រាំ​​​គ្រួសារ​​​ទៀត បាន​​​ព្រម​​​ព្រៀង​​​ជាមួយ​​​សាលា​​​រាជធានី​​​កាលពី​​​សប្ដាហ៍មុន ដើម្បី​​​លះបង់​​​ផ្ទះចាស់​​​របស់​​​ខ្លួន​​​ជាថ្នូរ​​​នឹង​​​ដីថ្មី​​​នៅ​​​ជិត​​​នោះ។

អ្នកស្រី​​​បាន​​​និយាយ​​​ថា ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​កាលពី​​​ថ្ងៃ​​​សៅរ៍ បាន​​​ចាប់​​​ផ្ដើម​​​ឡើង​​​នៅពេល​​​ដែល​​​អ្នកស្រី វន្នី និង​​​ក្រុម​​​របស់​​​គាត់​​​បាន​​​ដក​​​បង្គោល​​​ឈើ​​​សម្គាល់​​​ព្រំដី​​​នោះ មិន​​​ត្រឹម​​​តែ​​​ដក​​​បង្គោល​​​ព្រំដី​​​របស់​​​ទីបញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នេះ​​​ទេ ប៉ុន្តែ​​​ក៏បាន​​​ដក​​​បង្គោល​​​ព្រំដី​​​ថ្មី​​​របស់​​​អ្នកស្រីនៅ​​​ក្បែរ​​​នោះ​​​ផង​​​ដែរ។

អ្នកស្រី មុំ បាន​​​និយាយ​​​ថា ” ខ្ញុំ​​​បាន​​​ប្រាប់​​​ពួកគេ​​​ថា ដីនេះ​​​ជា​​​ដី​​​របស់​​​ខ្ញុំ ពីព្រោះ​​​គេ​​​បាន​​​វាស់​​​ឲ្យ​​​ខ្ញុំរួច​​​ហើយ ដូច្នេះ​​​ខ្ញុំមាន​​​សិទ្ធិ​​​បញ្ឈប់ពួកគេ​​​។ ខ្ញុំ​​​បាន​​​ប្រាប់​​​ពួកគេ​​​ឲ្យ​​​ឈប់​​​ ប៉ុន្តែ​​​ពួកគេ​​​មិន​​​​​​ស្ដាប់​​​ខ្ញុំទេ ហើយ​​​ពួកគេ​​​បាន​​​ហៅ​​​មនុស្ស​​​មក​​​កាន់តែ​​​ច្រើន​​​”។

អ្នកស្រី​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ” ពួកគេ​​​ព្យាយាម​​​ដក​​​បង្គោល​​​ព្រំដី​​​ខ្ញុំ។ ខ្ញុំមិន​​​បាន​​​វាយ​​​ពួកគេ​​​ទេ ខ្ញុំគ្រាន់តែ​​​រុញ​​​ពួកគេ​​​ចេញពី​​​ដី​​​ខ្ញុំប៉ុណ្ណោះ។ ពួកគេ​​​បាន​​​គប់​​​ដុំថ្ម​​​ដាក់​​​ខ្ញុំ ហើយ​​​ខ្ញុំក៏បាន​​​គប់​​​ដាក់​​​វិញ​​​ទៅ”។

អ្នកស្រី មុំ បាន​​​និយាយ​​​ថា អ្នកស្រី​​​បាន​​​ស្នើ​​​សុំ​​​ដោយ​​​ផ្ទាល់​​​ខ្លួន​​​ឲ្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​សាង​​​សង់​​​ទីបញ្ជាការ​​​ដ្ឋាន​​​នៅ​​​បឹង​​​កក់ មិន​​​មែន​​​ដើម្បី​​​បំភិត​​​បំភ័យ​​​សកម្មជន​​​​​​ទេ ប៉ុន្តែ​​​ដើម្បី​​​ឲ្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បង្ក្រាប​​​ឧក្រិដ្ឋជន និង​​​អ្នកជួញដូរ​​​គ្រឿង​​​ញៀន​​​នៅ​​​តំបន់​​​នេះ​​​។ អ្នកស្រី​​​បាន​​​បង្ហាញ​​​លិខិត​​​ដែល​​​អ្នកស្រី​​​បាន​​​សរសេរ​​​ជូន​​​កង​​​រាជអាវុធហត្ថ​​​ក្រុង​​​កាលពី​​​ថ្ងៃទី១៧ ខែមេសា ដល់​​​អ្នក​​​យកព័ត៌មាន​​​។

អ្នកស្រី​​​បាន​​​និយាយ​​​ថា ” ខ្ញុំមិន​​​គិត​​​ថា ទីបញ្ជាការ​​​ដ្ឋាន​​​នេះ​​​ គឺ​​​ដើម្បី​​​បំភិត​​​បំភ័យ​​​សកម្មជន​​​ទេ ពីព្រោះ​​​អ្នកភូមិភាគ​​​ច្រើន​​​គាំទ្រ​​​ទីបញ្ជាការ​​​ដ្ឋាន​​​នេះ​​​ ពីព្រោះ​​​ពួកគេ​​​ការ​​​ពារ​​​សន្តិសុខ​​​សម្រាប់​​​អ្នកភូមិ”។

នៅពេល​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​ចាប់​​​ផ្ដើម​​​បណ្ដេញ​​​ប្រជាជន​​​លើក​​​ដំបូង​​​ចេញពី​​​តំបន់​​​នេះ​​​កាលពីឆ្នាំ​​​២០០៨​​​ ដើម្បី​​​បើក​​​ផ្លូវ​​​ឲ្យ​​​គម្រោង​​​អចលនទ្រព្យ​​​ដ៏ធំ​​​របស់​​​លោក ឡៅ ម៉េងឃិន សមាជិក​​​ព្រឹទ្ធសភា​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នោះ អ្នកស្រី​​​ មុំ និង​​​អ្នកស្រី វន្នី គឺជា​​​មិត្ត​​​ជិត​​​ស្និទ្ធ​​​ដែល​​​តែង​​​តែ​​​ធ្វើការ​​​តវ៉ា​​​ជាមួយ​​​គ្នា​​​។

ជាចុង​​​ក្រោយ​​​អ្នកស្រី វន្នី បាន​​​ទទួល​​​ប័ណ្ណកម្មសិទ្ធិ​​​ដី​​​ផ្ទះ​​​របស់​​​គាត់​​​នៅ​​​ឆ្នាំ​​​២០១២​​​នៅ​​​ក្នុង​​​គម្រោង​​​មួយ​​​ ដែល​​​ធ្វើ​​​ឡើង​​​​​ផ្ទាល់​​​ដោយ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​​​បាន​​អនុញ្ញាត​​​​​ឲ្យ​​​ប្រជាជន​​​ជាង​​​៦០០​​​គ្រួសារ​​​រក្សាទុក​​​ផ្ទះ​​​របស់​​​ខ្លួន។ អ្នកស្រី មុំ គឺ​​​ជា​​​មនុស្ស​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ប្រហែល​​​៣០​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​លុប​​​ឈ្មោះ​​​ចេញពី​​​គម្រោង​​​នេះ​​​ ប៉ុន្តែ​​​បាន​​​ប្រាប់​​​អ្នក​​​យកព័ត៌មានបន្ទាប់ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាលពី​​​ឆ្នាំមុន​​​ថា អ្នកស្រី​​​បាន​​​ព្រម​​​ព្រៀងជាមួយ​​​គណបក្ស​​​កាន់​​​អំណាច​​​ ដោយ​​​សន្យា​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​នេះ​​​ជា​​​ថ្នូរ​​​នឹង​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​របស់​​​គាត់​​​។ ការ​​​សន្យា​​​នេះ​​​ប្រហែល​​​ជា​​​កើត​​​ឡើង​​​នៅពេល​​​តែមួយ​​​ដែល​​​អ្នកស្រី​​​ឈប់​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​របស់​​​​​​សហគមន៍​​​នេះ។

កាលពី​​​ម្សិលមិញ អ្នកស្រី មុំ បាន​​​និយាយ​​​ថា អ្នកស្រី​​​បាន​​​ដក​​​ខ្លួន​​​ចេញពី​​​ក្រុម​​​នេះ ដោយ​​​សារ​​​តែ​​​​​អ្នកស្រី​​​ វន្នី បាន​​​គាំទ្រ​​​ដោយ​​​ចំហចំពោះ​​​​​​គណបក្ស​​​ប្រឆាំង​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត។ អ្នកស្រី​​​បាន​​​បដិសេធ​​​​​​ថា អ្នកស្រី​​​មិន​​​បាន​​​ប្រាប់​​​អ្នក​​​យកព័ត៌មាន​​​ថា អ្នកស្រី​​​បាន​​​​​​ព្រម​​​ព្រៀង​​​ជា​​​មួយ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ ដើម្បី​​​បាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​របស់​​​គាត់​ទេ។

អង្គុយ​​​នៅ​​​ក្រោម​​​សំយាប​​​ស័ង្កសី​​​ផ្ទះគាត់​​​ ដែល​​​នៅ​​​ចម្ងាយ​​​តែ​​​ប៉ុន្មាន​​​ម៉ែត្រ​​​​​​ប៉ុណ្នោះ​​​ពី​​​ផ្ទះ​​​របស់​​​អ្នកស្រី មុំ អ្នកស្រី វន្នី បាន​​​បដិសេធ​​​ថា មិន​​​បាន​​​ដក​​​បង្គោល​​​ណាមួយ​​​ចេញពី​​​ដីនោះ​​​ទេ​​​កាលពីថ្ងៃសៅរ៍​​ ហើយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​របស់​​​អ្នកស្រី​​​ មុំ ទេ​​​ដែល​​​បាន​​​គប់​​​ដុំថ្មមុន​​​។

អ្នកស្រី វន្នី បាន​​​និយាយ​​​ថា ” យើង​​​មិន​​​បាន​​​ដក​​​បង្គោល​​​ព្រំដី​​​​អ្នកស្រី​​​ ហេង មុំ ទេ។ យើង​​​គ្រាន់​​​តែ​​​ព្យាយាម​​​រារាំង​​​ទីបញ្ជាការ​​​ដ្ឋាន​​​នេះ ហើយ​​​អ្នកស្រី ហេង មុំ បាន​​​ព្យាយាម​​​ការ​​​ពារ​​​ទីបញ្ជាការ​​​ដ្ឋាន​​​នេះ​​​”។

លោកយាយ​​​ ង៉ែត ឃុន ដែល​​​តែង​​​តែ​​​រង​​​របួស​​​ញឹក​​​ញាប់​​​ ឬយា៉ង​​​ហោច​​​ណាស់​​​​​​បាក់​​​កម្លាំង​​​​ខ្លាំង​​ដោយ​​​សារ​​​ការ​​​តវ៉ា​​​នោះ បាន​​​អង្គុយ​​​នៅ​​​ក្បែរ​​​អ្នកស្រី វន្នី ដោយ​​​មាន​​​ស្នាម​​​រុំ​​​របួស​​​ខាង​​​លើ​​​ចិញ្ចើម​​​ស្ដាំ​​​ និង​​​បង់​​​រុំ​​​របួស​​​មួយ​​​ទៀត​​​នៅ​​​លើ​​​ខ្នង​​​ដៃ​​​ស្ដាំ​​​របស់​​​គាត់​​​។

លោក​​​យាយ​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា ” ដុំថ្មតូច​​​មួយ​​​​​ត្រូវ​​​ចំ​​​ចិញ្ចើម​​​ស្ដាំ​​​​​​ខ្ញុំ​​​ នៅពេល​​​ខ្ញុំ​​​កំពុង​​​ព្យាយាម​​​ស្នើ​​​សុំ​​​ឲ្យ​​​កម្មករ​​​ឈប់​​​សាង​​​សង់​​​របង​​​សម្រាប់​​​ទីបញ្ជាការដ្ឋាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នេះ​​​ ប៉ុន្តែ​​​ខ្ញុំមិន​​​ដឹង​​​ថា នរណា​​​គប់​​​ដុំថ្ម​​​នោះទេ​​​”។

អ្នកស្រី វន្នី បាន​​​និយាយ​​​ថា អ្នកស្រី​​​រីក​​​រាយ​​​ណាស់​​​ដែល​​​មិត្ត​​​ចាស់​​​របស់​​​គាត់​​​ គឺ​​​អ្នកស្រី មុំ នៅ​​​ទីបញ្ចប់​​​បានទទួ​​​ល​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ដែល​​​តស៊ូ​​​យ៉ាង​​​លំបាក​​​នេះ ប៉ុន្តែ​​​ចំពោះ​​​គាត់​វិញ គាត់​​នៅ​​​តែ​​​តវ៉ា​​​នឹង​​​ទី​​​បញ្ជាការ​​​ដ្ឋាន​​​ថ្មីនេះ​​​រហូត​​​ដល់​​​ប្រជា​​​ជន​​​៤០​​​គ្រួសារ​​​ទៀត​​​ ដែល​​​កំពុង​​​រង់ចាំ​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដី​​​ក៏​​​បាន​​​ទទួល​​​ដី​​​របស់​​​ពួកគេ​​​ផង​​​ដែរ​​​។

ទោះបីជា​​​ក្រុម​​​ទាំង​​​ពីរ​​​បាន​​​បែក​​​បាក់​​​គ្នា​​​តាំង​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំមុន​​​ក៏ដោយ ក៏​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​កាលពី​​​ថ្ងៃសៅរ៍ គឺ​​​ជាលើកទី១​​​ហើយ​​​ដែល​​​ជម្លោះ​​​របស់​​​ពួកគេ​​​បាន​​​ក្លាយ​​​ជា​​​ហិង្សា។

នៅ​​​ឯ​​​ទីបញ្ជាការ​​​ដ្ឋាន​​​កង​​​រាជ​​​អាវុធហត្ថ​​​ថ្មី​​​នេះ​​​ កម្មករ​​​សំណង់​​​បាន​​​ចាប់​​​ផ្ដើម​​​រៀប​​​ចំ​​​​​​ត្រៀម​​​ចាក់​​​គ្រឹះសម្រាប់​​​អគារ​​​នេះ​​​រួច​​​ហើយ។ មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ប្រហែល​​​៥០​​​នាក់​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​ដាក់​​​នៅ​​​កន្លែង​​​នោះ​​​កាលពី​​​ព្រឹក​​​ម្សិលមិញ​​​ ដើម្បី​​​ការ​​​ពារ​​​កម្មករ​​​ពីអ្នក​​​តវ៉ា​​​៕ គឹមហឿន​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស