ការតវ៉ាដែលធ្លាប់មានការរួបរួមគ្នារបស់សហគមន៍បឹងកក់ ប្រឆាំងការបណ្ដេញពួកគាត់ទាំងបង្ខំនោះ មានការបែកបាក់គ្នាកាលពីចុងសប្ដាហ៍ នៅពេលដែលអ្នកបែកបាក់គ្នានៅក្នុងសហគមន៍នេះបានចោទគ្នាថា ភាគីនីមួយៗបានគប់ដុំថ្មដាក់គ្នាមុននៅក្នុងជម្លោះមួយដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ ជុំវិញការសាងសង់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថថ្មីនៅក្នុងតំបន់របស់សហគមន៍នេះ។
កងរាជអាវុធហត្ថខណ្ឌដូនពេញ បានបញ្ជាក់កាលពីសប្ដាហ៍មុនថា ដីដែលគេកំពុងឈូសឆាយនៅបឹងកក់នេះ គឺសម្រាប់សាងសង់ទីបញ្ជាការដ្ឋានថ្មីរបស់កងរាជអាវុធហត្ថខណ្ឌដូនពេញ ដែលស្ថិតនៅតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីផ្ទះរបស់សកម្មជនមួយចំនួនក្នុងចំណោមសកម្មជនប្រឆាំងការបណ្ដេញចេញ ដែលលេចធ្លោជាងគេនៅកម្ពុជា រួមទាំងអ្នកស្រី ទេព វន្នី និងអ្នកស្រី យ៉ោម បុប្ផា ផងដែរ។
សកម្មជនទាំងនេះចោទរដ្ឋាភិបាលថា ដាក់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថថ្មីនេះគឺដើម្បីបំភិតបំភ័យពួកគេ។ លោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌបានបដិសេធការចោទប្រកាន់នេះ ហើយបានមានប្រសាសន៍ថា សាលារាជធានីគ្រាន់តែជ្រើសរើសដីដែលនៅទំនេរប៉ុណ្ណោះ។
ដោយមិនមានជំនឿ អ្នកស្រី ទេព វន្នី និងអ្នកគាំទ្រមួយក្រុមបានធ្វើដំណើរទៅកាន់កន្លែងនេះដើម្បីតវ៉ានឹងការសាងសង់ទីបញ្ជាការដ្ឋាននេះកាលពីថ្ងៃសៅរ៍ ហើយពួកគេបានប៉ះទង្គិចគ្នានៅកន្លែងនោះជាមួយប្រជាជនបឹងកក់មួយក្រុមទៀត ដែលដឹកនាំដោយអតីតសម្ពន្ធមិត្ត គឺអ្នកស្រី ហេង មុំ ។
ពួកគេបានគប់ដុំថ្មដាក់គ្នា ហើយសកម្មជនឈ្មោះ ងែ៉ត ឃុន ដែលមានអាយុខ្ទង់៧០ឆ្នាំមានស្នាមជាំត្រង់ថ្ងាស។ ក្រុមទាំងពីរបានជួបគ្នានៅកន្លែងនោះម្ដងទៀតកាលពីម្សិលមិញ ប៉ុន្តែបានត្រឹមតែស្រែកដាក់គ្នា ដោយមានការជេរប្រមាថគ្នាទៅវិញទៅមក។ អ្នកស្រី មុំ ដែលកាន់ក្បាលមេក្រូត្រូវបានគេឃើញគ្រវីកណ្ដាប់ដៃដាក់ក្រុមរបស់អ្នកស្រី វន្នី ប៉ុន្តែសន្តិសុខខណ្ឌបានបំបែកពួកគេ។
នៅពេលរសៀលម្សិលមិញ អ្នកស្រី មុំ បានអង្គុយស្ងប់ស្ងៀមនៅលើទីតាំងអនាគតផ្ទះរបស់គាត់ដែលស្ថិតនៅជាប់ទីបញ្ជាការដ្ឋានថ្មីនេះ ហើយបានបរិភោគសាច់គោចៀន និងស្រាបៀរជាមួយសន្តិសុខខណ្ឌ។ អ្នកស្រី និងអ្នកភូមិបឹងកក់ប្រាំគ្រួសារទៀត បានព្រមព្រៀងជាមួយសាលារាជធានីកាលពីសប្ដាហ៍មុន ដើម្បីលះបង់ផ្ទះចាស់របស់ខ្លួនជាថ្នូរនឹងដីថ្មីនៅជិតនោះ។
អ្នកស្រីបាននិយាយថា ការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ បានចាប់ផ្ដើមឡើងនៅពេលដែលអ្នកស្រី វន្នី និងក្រុមរបស់គាត់បានដកបង្គោលឈើសម្គាល់ព្រំដីនោះ មិនត្រឹមតែដកបង្គោលព្រំដីរបស់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថនេះទេ ប៉ុន្តែក៏បានដកបង្គោលព្រំដីថ្មីរបស់អ្នកស្រីនៅក្បែរនោះផងដែរ។
អ្នកស្រី មុំ បាននិយាយថា ” ខ្ញុំបានប្រាប់ពួកគេថា ដីនេះជាដីរបស់ខ្ញុំ ពីព្រោះគេបានវាស់ឲ្យខ្ញុំរួចហើយ ដូច្នេះខ្ញុំមានសិទ្ធិបញ្ឈប់ពួកគេ។ ខ្ញុំបានប្រាប់ពួកគេឲ្យឈប់ ប៉ុន្តែពួកគេមិនស្ដាប់ខ្ញុំទេ ហើយពួកគេបានហៅមនុស្សមកកាន់តែច្រើន”។
អ្នកស្រីបានឲ្យដឹងទៀតថា ” ពួកគេព្យាយាមដកបង្គោលព្រំដីខ្ញុំ។ ខ្ញុំមិនបានវាយពួកគេទេ ខ្ញុំគ្រាន់តែរុញពួកគេចេញពីដីខ្ញុំប៉ុណ្ណោះ។ ពួកគេបានគប់ដុំថ្មដាក់ខ្ញុំ ហើយខ្ញុំក៏បានគប់ដាក់វិញទៅ”។
អ្នកស្រី មុំ បាននិយាយថា អ្នកស្រីបានស្នើសុំដោយផ្ទាល់ខ្លួនឲ្យកងរាជអាវុធហត្ថសាងសង់ទីបញ្ជាការដ្ឋាននៅបឹងកក់ មិនមែនដើម្បីបំភិតបំភ័យសកម្មជនទេ ប៉ុន្តែដើម្បីឲ្យកងរាជអាវុធហត្ថបង្ក្រាបឧក្រិដ្ឋជន និងអ្នកជួញដូរគ្រឿងញៀននៅតំបន់នេះ។ អ្នកស្រីបានបង្ហាញលិខិតដែលអ្នកស្រីបានសរសេរជូនកងរាជអាវុធហត្ថក្រុងកាលពីថ្ងៃទី១៧ ខែមេសា ដល់អ្នកយកព័ត៌មាន។
អ្នកស្រីបាននិយាយថា ” ខ្ញុំមិនគិតថា ទីបញ្ជាការដ្ឋាននេះ គឺដើម្បីបំភិតបំភ័យសកម្មជនទេ ពីព្រោះអ្នកភូមិភាគច្រើនគាំទ្រទីបញ្ជាការដ្ឋាននេះ ពីព្រោះពួកគេការពារសន្តិសុខសម្រាប់អ្នកភូមិ”។
នៅពេលដែលរដ្ឋាភិបាលបានចាប់ផ្ដើមបណ្ដេញប្រជាជនលើកដំបូងចេញពីតំបន់នេះកាលពីឆ្នាំ២០០៨ ដើម្បីបើកផ្លូវឲ្យគម្រោងអចលនទ្រព្យដ៏ធំរបស់លោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជានោះ អ្នកស្រី មុំ និងអ្នកស្រី វន្នី គឺជាមិត្តជិតស្និទ្ធដែលតែងតែធ្វើការតវ៉ាជាមួយគ្នា។
ជាចុងក្រោយអ្នកស្រី វន្នី បានទទួលប័ណ្ណកម្មសិទ្ធិដីផ្ទះរបស់គាត់នៅឆ្នាំ២០១២នៅក្នុងគម្រោងមួយ ដែលធ្វើឡើងផ្ទាល់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យប្រជាជនជាង៦០០គ្រួសាររក្សាទុកផ្ទះរបស់ខ្លួន។ អ្នកស្រី មុំ គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សប្រហែល៣០នាក់ដែលត្រូវបានលុបឈ្មោះចេញពីគម្រោងនេះ ប៉ុន្តែបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការបោះឆ្នោតជាតិកាលពីឆ្នាំមុនថា អ្នកស្រីបានព្រមព្រៀងជាមួយគណបក្សកាន់អំណាច ដោយសន្យាបោះឆ្នោតឲ្យគណបក្សនេះជាថ្នូរនឹងប័ណ្ណកម្មសិទ្ធិដីរបស់គាត់។ ការសន្យានេះប្រហែលជាកើតឡើងនៅពេលតែមួយដែលអ្នកស្រីឈប់ចូលរួមការតវ៉ារបស់សហគមន៍នេះ។
កាលពីម្សិលមិញ អ្នកស្រី មុំ បាននិយាយថា អ្នកស្រីបានដកខ្លួនចេញពីក្រុមនេះ ដោយសារតែអ្នកស្រី វន្នី បានគាំទ្រដោយចំហចំពោះគណបក្សប្រឆាំងអំឡុងការបោះឆ្នោត។ អ្នកស្រីបានបដិសេធថា អ្នកស្រីមិនបានប្រាប់អ្នកយកព័ត៌មានថា អ្នកស្រីបានព្រមព្រៀងជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានប័ណ្ណកម្មសិទ្ធិដីរបស់គាត់ទេ។
អង្គុយនៅក្រោមសំយាបស័ង្កសីផ្ទះគាត់ ដែលនៅចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្នោះពីផ្ទះរបស់អ្នកស្រី មុំ អ្នកស្រី វន្នី បានបដិសេធថា មិនបានដកបង្គោលណាមួយចេញពីដីនោះទេកាលពីថ្ងៃសៅរ៍ ហើយបានឲ្យដឹងថា ក្រុមរបស់អ្នកស្រី មុំ ទេដែលបានគប់ដុំថ្មមុន។
អ្នកស្រី វន្នី បាននិយាយថា ” យើងមិនបានដកបង្គោលព្រំដីអ្នកស្រី ហេង មុំ ទេ។ យើងគ្រាន់តែព្យាយាមរារាំងទីបញ្ជាការដ្ឋាននេះ ហើយអ្នកស្រី ហេង មុំ បានព្យាយាមការពារទីបញ្ជាការដ្ឋាននេះ”។
លោកយាយ ង៉ែត ឃុន ដែលតែងតែរងរបួសញឹកញាប់ ឬយា៉ងហោចណាស់បាក់កម្លាំងខ្លាំងដោយសារការតវ៉ានោះ បានអង្គុយនៅក្បែរអ្នកស្រី វន្នី ដោយមានស្នាមរុំរបួសខាងលើចិញ្ចើមស្ដាំ និងបង់រុំរបួសមួយទៀតនៅលើខ្នងដៃស្ដាំរបស់គាត់។
លោកយាយបានមានប្រសាសន៍ថា ” ដុំថ្មតូចមួយត្រូវចំចិញ្ចើមស្ដាំខ្ញុំ នៅពេលខ្ញុំកំពុងព្យាយាមស្នើសុំឲ្យកម្មករឈប់សាងសង់របងសម្រាប់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថនេះ ប៉ុន្តែខ្ញុំមិនដឹងថា នរណាគប់ដុំថ្មនោះទេ”។
អ្នកស្រី វន្នី បាននិយាយថា អ្នកស្រីរីករាយណាស់ដែលមិត្តចាស់របស់គាត់ គឺអ្នកស្រី មុំ នៅទីបញ្ចប់បានទទួលប័ណ្ណកម្មសិទ្ធិដីដែលតស៊ូយ៉ាងលំបាកនេះ ប៉ុន្តែចំពោះគាត់វិញ គាត់នៅតែតវ៉ានឹងទីបញ្ជាការដ្ឋានថ្មីនេះរហូតដល់ប្រជាជន៤០គ្រួសារទៀត ដែលកំពុងរង់ចាំប័ណ្ណកម្មសិទ្ធិដីក៏បានទទួលដីរបស់ពួកគេផងដែរ។
ទោះបីជាក្រុមទាំងពីរបានបែកបាក់គ្នាតាំងពីការបោះឆ្នោតឆ្នាំមុនក៏ដោយ ក៏ការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ គឺជាលើកទី១ហើយដែលជម្លោះរបស់ពួកគេបានក្លាយជាហិង្សា។
នៅឯទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថថ្មីនេះ កម្មករសំណង់បានចាប់ផ្ដើមរៀបចំត្រៀមចាក់គ្រឹះសម្រាប់អគារនេះរួចហើយ។ មន្ត្រីកងរាជអាវុធហត្ថប្រហែល៥០នាក់ត្រូវបានយកទៅដាក់នៅកន្លែងនោះកាលពីព្រឹកម្សិលមិញ ដើម្បីការពារកម្មករពីអ្នកតវ៉ា៕ គឹមហឿន