28 C
Phnom Penh

កម្មករ​​​នៅ​​​សួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា​​​បន្តតវ៉ា​​​ក្រោយ​​​ពី​​​ម្ចាស់​​​រោង​​​ចក្រ​​​គេច​​​ខ្លួន​​​បាត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​រោងចក្រ​​​កាត់​​​ដេរ​​​ប្រហែល​​​៤០០​​​នាក់​​​ដែល​​​បាន​​​បាត់​​​បង់​​​ការ​​​ងារ​​​នៅ​​​ពេល​​​ដែល​​​រោងចក្រ​​​របស់​​​ពួកគេ​​​បាន​​​បិទ​​​ទ្វារ​​​ភ្លាមៗ​​​កាលពីដើម​​​ខែនេះ​​​ បាន​​​បិទ​​​ផ្លូវ​​​នៅ​​​សួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា​​​កាលពីថ្ងៃសៅរ៍​​​ដើម្បី​​​ទាម​​​ទារ​​​ប្រាក់​​​បំណាច់​​​ការ​​​ងារ​​​។

កម្មករ​​​មកពី​​​រោងចក្រ​​​ហុង​​​កុងយូហ្វេង​​​ (Hongkong Yufeng) ដែល​​​បាន​​​បិទ​​​ទ្វារ​​​ដោយ​​​មិន​​​បាន​​ដឹង​ជាមុន​​​កាល​​​ពី​​​ថ្ងៃទី៩ ខែមិថុនា កំពុង​​​ទាម​​​ទារ​​​ឲ្យ​​​គណៈគ្រប់​​​គ្រង​​​សួន​ឧស្សាហកម្ម​​កាណាឌីយ៉ា​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​លុយ​​​ដែល​​​នៅ​​​ជំពាក់ពួកគេ ពីព្រោះ​​​ម្ចាស់​​​រោងចក្រ​​​នេះ​​​បាន​​​គេ​​​ខ្លួន​​​បាត់​​​ហើយ​​​។

យោងតាម​​​សហជីព​​​ និង​​​តំណាង​​​កម្មករ​​​នៅ​​​សួន​​​ឧស្សាហកម្មកាណាឌីយ៉ា​​​បាន​​​ឲ្យ​​​ដឹង​​​ថា សួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា បាន​​​បើក​​​ប្រាក់​​​ខែ​​​សម្រាប់​​​ខែ​​​មេសា​​​ឲ្យ​​​កម្មករ​​​​​​ប្រហែល​​​១០០.០០០​​​ដុល្លារ និង​​​ប្រាក់​​​សម្រាប់​​​សប្តាហ៍១​​​នៃ​​​ខែមិថុនា​​​។

លោក​​​ ជ័រ រ៉ុង អាយុ​​​៣៦ឆ្នាំ​​​ អតីត​​​អ្នកគ្រប់​​​គ្រង​​​ផ្នែក​​​ម៉ាស៊ីន​​​នៅ​​​រោងចក្រ​​​ហុង​​​កុង​​​យូហ្វេង​​​ បាន​​​និយាយ​​​ថា “មូល​​​ហេតុដែល​​​យើង​​​តវ៉ា​​​ និង​​​បិទ​​​ផ្លូវ​​​នៅ​​​សួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា​​​នេះ គឺ​​​ពីព្រោះយើង​​​មិន​​​បាន​​​ទទួល​​​លុយ​​បំណាច់​នេះ​​​”។ លោក រ៉ុង បាន​​​និយាយ​​​ថា រោងចក្រ​​​ជំពាក់​​​ប្រាក់​​​បំណាច់​​​ការ​​​ងារ​​​​របស់​​គាត់​​​ប្រហែល​​​៥០០​​​ដុល្លារ​​​ ហើយ​​​នឹង​​​បន្ត​​​តវ៉ា​​​រហូត​​​ដល់​​​បាន​​​សម្រេច​​​។

ក្រោយ​​​ពីបាន​​​បិទ​​​ផ្លូវ​​​នៅ​​​សួន​​​ឧស្សាហកម្មនេះ​​​អស់​​​រយៈ​​​ពេល​​​ប្រហែល​​​២ម៉ោង​​​​​​កាលពី​​​ព្រឹក​​​ថ្ងៃសៅរ៍ បង្ក​​​ឲ្យ​​​មាន​​​ការ​​​លំបាក​​​ដល់​​​ការ​​​ដឹក​​​ជញ្ជូន​​​របស់​​​រថយន្ត​​​ធំៗ​​​នោះ កម្មករ​​​បាន​​​ជួប​​​ជាមួយ​​​តំណាង​​​សួន​​​ឧស្សាហកម្ម​​​នេះ​​​ ប៉ុន្តែ​​​មិនទទួល​​​បាន​​​ដំណោះ​​​ស្រាយ​​​ទេ។

លោក ដុក សំអាត តំណាង​​​កម្មករ​​​បាន​​​និយាយ​​​ថា សួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា​​​កំពុង​​​អះអាង​​​ថា គេ​​​មិន​​​មាន​​​លុយ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​បើក​​​ប្រាក់​​​បំណាច់​​​ការ​​​ងារ​​​នេះ​​​ទេ។លោក សំអាត បាន​​​និយាយ​​​ថា ” ខ្ញុំទាម​​​ទារ​​​ឲ្យ​​​ម្ចាស់​​​សួន​​​ឧស្សាហកម្ម​​​នេះ​​​គិត​​​ពី​​​ការ​​​ទាម​​​ទារ​​​របស់​​​យើង​​​”។

លោក ឡុង គឹម​​​ស៊ីន ដែល​​​ជា​​​ជំនួយ​​​ការ​​​ប្រធាន​​​រដ្ឋបាល​​​នៅ​​​រោងចក្រ​​​ហុង​​​កុង​​​យូហ្វេង​​​​​​បាន​​​និយាយ​​​ថា រោងចក្រ​​​មិន​​​អាច​​​បើក​​​ប្រាក់​​​ខែ​​​ឲ្យ​​​កម្មករ​​​បាន​​​ទេ​​​ ដូច្នេះ​​​ហើយ​​​​​​ម្ចាស់​​​រោងចក្រ​​​បាន​​​គេ​​​ខ្លួន​​​បាត់​​​។ លោក គឹមស៊ីន បាន​​​និយាយ​​​ថា “យើង​​​មិន​​​ដឹង​​​ថា ត្រូវ​​​ធ្វើ​​​ដូច​​​ម្ដេច​​​ទេ ពីព្រោះ​​​ថៅកែ​​​រោង​​​ចក្រ​​​បាន​​​គេ​​​ខ្លួន​​បាត់​ហើយ​​​។ ថៅកែ​​​របស់​​​យើង​​​បាន​​​គេច​​​ខ្លួន​​​ ពីព្រោះ​​​គាត់​​​មិន​​​មាន​​​លុយ​​​បើក​​​ប្រាក់​​​ខែ​​​ឲ្យ​​​កម្មករ​​​”។

យោងតាម​​​បញ្ជី​​​​រោងចក្រ​​​របស់​​​សមាគម​​​រោងចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា រោងចក្រ​​​ហុង​​​កុង​​​យូហ្វេង ផលិត​​​ខោខូវប៊យ និង​​​ខោ​​​ក្រណាត់​​​ ហើយ​​​ហ៊ុន​​​៧០​​​ភាគរយ​​​កាន់​​​កាប់​​​ដោយ​ជន​​​ជាតិ​​ជប៉ុន​​​ ហើយ​​​​​​ហ៊ុន​​​ផ្សេង​​​ទៀត​​​កាន់​​​កាប់​​​ដោយ​​​វិនិយោគិន​​​ចិន។

គេហទំព័រ​​​របស់​​​រោងចក្រ​​​បង្ហាញ​​​រូប​​​ថត​​​កម្មករ​​​ញញឹម​​​ និង​​​សរសេរ​​​ថា “យើង​​​ចាប់​​​ផ្ដើម​​​បង្កើត​​​បរិយាកាស​​​ឲ្យ​​​កម្មករ​​​របស់​​​យើង​​​ធ្វើការ​​​ដោយ​​​រីក​​​រាយ​​​ ពីព្រោះ​​​យើង​​គិត​​​ថា បរិយា​​​កាស​​​ការ​​​ងារ​​​ល្អជួយ​​​​​​បង្កើន​​​ផលិត​​​ភាព​​​ការ​​​ងារ​​​”។

យោងតាម​​​សហជីព​​​របស់​​​កម្មករ​​​ឲ្យ​​​ដឹងថា រោងចក្រ​​​នេះ​​​ផលិត​​​សម្លៀក​​​បំពាក់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​Gap និង​​​ក្រុ​​​ម​​​ហ៊ុន​​​ Adidas។ កម្មករ​​​បាន​​​និយាយ​​​ថា  ក្នុង​​​រយៈពេល​​​ប៉ុន្មាន​​សប្ដាហ៍​​​នេះ​​​មុន​​​ការ​​​បិទ​​​ទ្វារ​​​ភ្លាមៗ​​​នេះ​​​ហាក់​​​ដូច​​​ជា​​​មាន​​​ការ​​​បញ្ជា​​​ទិញ​​ជា​​​ធម្មតា​​ ។

លោក សៀង សម្បត្តិ ប្រធាន​​​​​​សហព័ន្ធសហជីព​​​មិត្តភាព​​​កម្មករ​​​ ជា​​​សហជីព​​​មួយ​​​ក្នុង​​​ចំណោម​​​សហជីព​​​ដែល​​​តំណាង​​ឲ្យ​​​កម្មករ​​​បាន​​​និយាយ​​​ថា ការ​​​តវ៉ា​​​នឹង​​​បន្ត​​​ធ្វើ​​​ទៀត​​​នៅ​​​ថ្ងៃ​​​នេះ រហូត​​​ដល់​​​មាន​​​ការ​​​បើក​​​ប្រាក់​​​បំណាច់​​​ការ​​​ងារ​​​​​បាន​​​គ្រប់​​​ចំនួន​​​។ លោក សម្បត្តិ បាន​​​និយាយ​​​ថា ” រោងចក្រ​​​គួរ​​​តែ​​​បើក​​​ប្រាក់​​​ដែល​​​នៅ​​​ជំពាក់​​​កម្មករ​​​។ កម្មករ​​​ទាំង​​​នោះ​​​មិន​​​អាច​​​រស់​​​នៅ​​​បាន​​​យូរ​​​ដោយ​​​គ្មាន​​​លុយ​​​ដែល​​​ជំពាក់ពួកគេ​​​បានទេ​​​”។ តំណាង​​​សួន​​​ឧស្សាហកម្ម​​​កាណាឌីយ៉ា ដែល​​​មិន​​​ប្រាប់​​​ឈ្មោះ​​​នៅពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ​​​បាននិយាយ​​​ថា សួន​​​ឧស្សាហកម្មនេះ​​​កំពុង​​​ចរចា​​​ដោះ​​​ស្រាយ​​​ញ្ហា​​​ជា​​​មួយ​​​កម្មករ​​​។ តំណាង​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ” យើង​​​មាន​​​គោល​​​ជំហរ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ។ យើង​​​មិន​​​អាច​​​និយាយ​​​លើ​​​ស​​​ពីនេះ​​​បានទេ​​​”៕ គឹមហឿន​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស