34.8 C
Phnom Penh

ផ្សារទំនើប​អុីអន ត្រូវ​បាន​សម្ពោធ​យ៉ាង​អធិកអធ័ម​ក្រោមអធិបតីភាព​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផ្សារ​ទំនើប​ធំបំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បាន​សម្ពោធ​ជាផ្លូវ​ការ​កាលពីម្សិលមិញ នៅ​ក្នុង​ពិធីមួយ​ក្រោមអធិបតីភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បណ្ដា​វិនិយោគិន​ជប៉ុន​ នៅ​ពីក្រោយ​គម្រោង​ផ្សារ​ទំនើប​អុីអន (Aeon Mall) ដែល​ចំណាយ​ទឹក​ប្រាក់​អស់​​២០០​លាន​ដុល្លារ​នេះ​និយាយ​ថា ​ពួកគេ​គ្រោង​នឹង​បើក​​ដំណើរ​ការ​ផ្សារ​ទំនើប​បី​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។aeon-mall

ថ្លែង​ទៅកាន់​អ្នកចូលរួម​ប្រមាណ​៥០០​នាក់​នៅ​ក្នុង​ពិធី​សម្ពោធ​នេះ​ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ផ្សារ​ទំនើប​ថ្មីនេះតំណាង​ឲ្យ​​លទ្ធភាព​សម្រាប់​ការ​អភិវឌ្ឍ​ដែល​ផ្តោត​តែ​ទៅ​លើ​អ្នកប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​។

លោក​បាន​មាន​ប្រសាសន៍​​ទៀតថា “វិស័យ​នេះ​គឺ​ជា​វិស័យ​មួយ​ដែល​បង្ហាញ​​​ពី​សក្ដា​នុពល​សម្រាប់​ការ​អភិវឌ្ឍ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​ត្រូ​វ​ធ្វើ​អ្វីៗ​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត​ពី​​​ប្រទេស​ជប៉ុន​មក​កាន់​កម្ពុជា​”។

បន្ទាប​់​មក​ លោក ហុ៊ន សែន និង​លោក​ ហ្វូ៊មីអុ គីសីុដា (Fumio Kishida) រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន ដែល​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​បីថ្ងៃ​នៅ​កម្ពុជា​ បាន​កាត់​ខ្សែបូ​ចង​កាត់​​ទទឹង​ច្រក​ចូល​ផ្សារ​ទំនើប​នេះ ហើយ​បាន​​ដើរ​ទស្សនាក្នុង​ផុ្សារ​នេះ​រយៈពេល​១០​នាទី​។

ធ្វើ​ប្រតិបត្តិការ​ដោយ​ក្រុម​ហ៊ុន​លក់​រាយ​ដ៏ធំ Aeon MallCo. Ltd. ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​ជប៉ុន ផ្សារ​ទំនើប​កម្ពស់​បួន​ជាន់​នេះ​មានទីតាំង​ស្ថិត​នៅ​លើ​ដី​ទំហំ​១០០.០០០​ម៉ែត្រ​ក្រឡា​នៅ​​តាម​បណ្ដោយ​មហាវិថី​សុធារស​ ក្នុង​ខណ្ឌ​ចំការ​មន ​ហើយ​រួម​មាន​ហាង និង​តូប​ចំនួន​១៩០​ ទីលាន​ជិះ​ស្គីទឹក​កក​មួយ ទីធ្លា​ទទួល​ទាន​អាហារ និង​រោង​ភាព​យន្ត​ដ៏ធំមួយ​ជាប់​កន្លែង​លេង​កីឡា​បោះប៊ូល​​ផង​ដែរ​។ វា​ក៏រួម​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អុីអន​មួយ​ចំនួន​សម្រាប់​អ្នក​ដើរ​ទិញ​អីវ៉ាន់​ ​ត្រូវការ​ឥណទាន​ខ្នាត​តូច​ដើម្បីទិញ​ទំនិញ​ផង​ដែរ​។

គណៈគ្រប់​គ្រង​ផ្សារ​ទំនើប​អុីអន​ បាន​លើក​ឡើង​​កាលពី​ម្សិលមិញ​ថា ​ក្រុមហ៊ុន​នេះ​ បាន​ជ្រើស​រើស​កម្ពុជា ​ធ្វើ​ជាគោល​ដៅ​វិនិយោគ​ ដោយ​សារ​តែ​ចំនួន​អ្នក​ប្រើ​ប្រាស់​កើន​ឡើង​ ហើយ​មាន​គម្រោង​សាង​​សង់​ផ្សារ​ទំនើប​បន្ថែម​ទៀត​នៅ​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ​ក្រោយ។ លោក ស៊ីណូប៊ុ វា៉ស៊ីហ្សាវ៉ា (Shinobu Washizawa) នាយក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ Aeon (Cambodia) Co. Ltd. បាន​មាន​ប្រសាសន៍​ថា នៅ​ត្រឹម​ឆ្នាំ​២០២០​ អុីអន​ចង់​សាង​សង់​ផ្សារ​ទំនើប​ចំនួន​បីបន្ថែម​ទៀត​នៅ​ជាយ​រាជ​ធានីភ្នំពេញ​។

លោក​មាន​ប្រសាសន៍​ថា ” អ្នក​មានអាយុ​ពី២០​ឆ្នាំ​ទៅ​៣០​ឆ្នាំ​​ គឺ​ជា​គោល​ដៅ​របស់​យើង”។លោក​បាន​បន្ថែម​ថា តម្លៃ​នៅ​ផ្សារ​ទំនើប​នេះ គឺ​ស្រប​ទៅនឹង​កម្លាំង​ចំណាយ​របស់​អ្នក​អាជីព​វ័យ​ក្មេង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ” តម្លៃ​គឺ​សម​រម្យ​”។

ទោះជាយ៉ា​ងណា​ អតិថិជន​មួយ​ចំនួន​ដែល​ដើរ​ពិនិត្យ​មើល​​អីវ៉ាន់​ក្នុង​ហាង​ទំនើប​ៗ​ភាគ​ច្រើន​​នៅក្នុង​ផ្សារ​នេះ រួមទាំង​ក្រុម​ហ៊ុន​ច្នៃ​​ម៉ូដ​សម្លៀក​បំពាក់​បារំាង Pierre Cardin ក្រុម​ហ៊ុន​ Classify Collection ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​ថៃ​ និង​​ក្រុម​ហ៊ុន Levi Strauss & Co របស់​សហរដ្ឋអាមេរិកផង បាន​លើក​ឡើង​ថា ពួកគេមិន​បាន​​ទិញ​របស់​របរ​ជាច្រើន​ដែល​មាន​​ដាក់​លក់​​ទេ​។

យុវជន ង៉ុយ សុខគៀន អាយុ​២៣​ឆ្នាំ​និយាយ​ថា ” វា​ខុស​​ពី​ផ្សារ​ផ្សេង​ៗ​ដែល​ខ្ញុំ​ធ្លាប់​បាន​ទៅ​ឆ្ងាយ​ណាស់។ ទំនិញ​​នៅទីនេះថ្លៃៗ យើង​អាច​ទិញអ្វី​​ៗក៏​បាន​តាម​ដែល​ពួក​យើង​ចង់ ប៉ុន្តែ​យើង​ត្រូវ​សន្សំសំចៃ​ប្រាក់​”។

អ្នក​ដែល​ទិញ​អីវ៉ាន់​ទំាង​នោះ​និយាយ​ថា ពួកគេ​ហ៊ាន​ធានា​ថា ផលិត​ផល​ទំាង​នោះ​ជា​ផលិត​ផល​​ល្អ​ពិតៗ​។ អេង ស្រីណុច អាយុ​២១​ឆ្នាំ​ដែល​បាន​ទិញ​ខោ​ខូវ​ប៊យ​មួយ​តម្លៃ​៥០​ដុល្លារ​ពី​ហាង​ Fashion Port @ Tokyo និយាយ​ថា ” ខ្ញុំ​នឹង​ម​កទិញ​ទៀត​នៅពី​រ​បីថ្ងៃក្រោយ​ ដោយ​សារ​តែ​គុណភាព​សម្លៀក​បំពាក់​ទាំង​នេះ​ល្អ”។

លោក​ សូអុីឈិ អូកាហ្សាគិ (Soichi Okazaki)​ ប្រធាន​ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Aeon MallCo. Ltd. បាន​មាន​ប្រសាសន៍​ថា ផ្សារ​ទំនើប​នេះ​ទទួល​បាន​ភ្ញៀវ​ជា​មធ្យម​១០០.០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ចាប់​តាំង​ពីវា​បាន​បើក​ទទួល​ស្វាគមន៍​សាធារណជន​កាលពីថ្ងៃ​សៅរ៍មក។

នៅ​ឯផ្សារ​ទំនើប​នេះ​កាលពីម្សិលមិញ មាន​មនុស្ស​រាប់​ពាន់នាក់​ដើរ​ចង្អៀត​ពេញ​ផ្លូវ។ យ៉ាង​ហោច​ណាស់​កន្លែង​ចត​មួយ​បា​ន​ពេញ​អស់​នៅម៉ោង​១​រសៀល​ ហើយ​បាន​ឲ្យ​អ្នក​បើក​បរ​ត្រឡប់​ទៅវិញ​ជាមួយ​នឹង​ស្លាក​សញ្ញា​សរសេរ​​ប្រាប់​ថា “សូម​ជញ្ជើញ​​មក​វិញ​នៅពេល​ក្រោយ​”។

បណ្ដា​អ្នក​វិភាគ​បាន​លើក​ឡើង​កាលពីម្សិល​មិញ​ថា ទោះបីជា​ផ្សារ​ទំនើប​នេះ​ជា​ការ​ជំរុញ​ការ​វិនិយោគ​ផ្ទាល់​របស់​បរទេស​ (FDI) ​ភ្លាមៗនៅ​ក្នុង​ប្រទេស​ថា តើ​វា​នឹង​នាំផ្លូវ​សម្រាប់​ការ​វិនិយោគ​ស្រដៀង​គ្នា​លើ​វណ្ណៈ​កណ្ដាល​​ដែលកំពុង​កើន​ឡើង​ក្នុង​ប្រទេស​កម្ពុជា​ ដែល​គេ​នៅ​នៅ​រង់​ចំា​មើល​សិន។

លោក​ រ៉ូហាន ចច (Rohan George) ប្រធាន​​ផ្នែក​ទីផ្សារ​ពិភព​លោក​នៅ​ធនាគារ ANZ Royal បាន​មាន​ប្រសាសន៍​ថា ” វាពិត​ជា​ការ​លើក​ស្ទួយ​ចំពោះ​ FDI ហើយ​នៅ​ពេលណា​មួយ ​​អ្នក​នឹង​​រំពឹង​ថាមាន​ផ្សារ​ទំនើប​បន្ថែម​ទៀត​ ខណៈដែល​សេដ្ឋកិច្ច​របស់​កម្ពុជា​បន្ត​រីក​ចម្រើន​ ​បន្ថែម​ទៀត​ ហើយ​វា​​អាច​គាំទ្រ​ការ​អភិវឌ្ឍធំៗ​បែប​នេះ​បាន​​។

លោក ឌូក្លាស ក្លេតុន (Douglas Clayton) ស្ថាបនិក​ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Leopard Capital ជាក្រុម​ហ៊ុន​ឯកជនមួយដែល​ផ្ដោត​លើ​ការ​អភិវឌ្ឍ​ផ្សារ​នៅ​អាស៊ី​អាគ្នេយ៍ បាន​មាន​ប្រសាសន៍​ថា ពេល​នេះ​​វា​ឆាប់​រហ័ស​ពេក​ លោក​មិន​​អាច​​និយាយ​បាន​​ថា តើ​​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ​មាន​តម្រូវ​ការ​គ្រប់​គ្រាន់ដើម្បីទ្រទ្រង់ផ្សារ​ទំនើប​ថ្មីៗយ៉ាង​ច្រើន​​​​តាម​ការ​គ្រោង​ទុក​​បាន​ឬយ៉ាង​ណាទេ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​។ លោក​មាន​ប្រសាសន៍​ទៀត​ថា ” ពេល​វេលា​នឹង​​បញ្ជាក់​ថា តើ​​ទីផ្សា​រ​ក្នុង​ស្រុក​នេះ​ចាក់​ឫស​ជ្រៅ​​​គ្រប់​គ្រាន់​​អាច​ទ្រទ្រង់ផ្សារ​ទំនើប​ទាំង​អស់​​បាន​​តាម​ការ​គ្រោង​ទុក​។ ប៉ុន្តែ​គម្រោង​ល្អៗ​បំផុត​នឹងជោគ​ជ័យ​យា៉ង​ពិត​ប្រាកដ​ក្នុង​​រយៈពេល​វែង​”៕ សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស