35 C
Phnom Penh

កម្មករ​ដែល​ធ្វើ​ការ​នៅ​រោង​ចក្រ​មួយ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ទទួល​បាន​ប្រាក់​បំណាច់​ការ​ងារ​៥០​ភាគ​រយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​​​រោងចក្រ​​​កាត់ដេរ​​​ប្រហែល​​​៤០០នាក់​​​ មក​​​ពី​​​រោង​​​ចក្រ​​​មួយ​​​ដែល​​​បាន​​​បិទទ្វារ​​​ភ្លាម​​​ៗ​​​កាល​​​ពីដើម​​​ខែ​​​នេះ​​​បាន​​​ព្រម​​​ព្រៀង​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិលមិញ ឈប់​​​ធ្វើ​​​ការ​​​តវ៉ា និង​​​បិទ​​​ផ្លូ​​​វ​​​ទៅ​​​កាន់​​​សួន​​​ឧស្សាហ​​​កម្ម​​​កាណា​​​ឌីយ៉ា ជា​​​ថ្នូ​​រនឹង​​​ការ​​​ទទួល​​​បាន​​​ប្រាក់​​​បំណាច់​​​ការ​​​ងារ​​​ពាក់​​​កណ្តាល​​​ដែល​​​រោង​​​ចក្រ​​​នេះ​​​ជំពាក់​​​ពួក​​​គេ​​​។

កម្មករ​​​មក​​​ពី​​​រោង​​​ចក្រ​​​ ហុង​​​កុង​​​ យូ​​​ហ្វេង​​​ ដែល​​​បាន​​​បិទ​​​ទ្វារ​​​កាល​​​ពី​​​​ខែ​មិថុនា​​​​​​ កំពុង​​​ទាម​​​ទារ​​​ប្រាក់​​​បំណាច់​​​ការងារ​​​ពី​​​សួន​​​ឧស្សាហកម្ម​​​កាណា​​​ឌីយ៉ា ពីព្រោះ​​​ម្ចាស់​​​រោង​​​ចក្រ​​​នេះ​​​ដែល​​​ជា​​​ជន​​​ជាតិ​​​ជប៉ុន​​​បាន​​​បិទ​​​ទ្វារ​​​រោង​​​ចក្រ​​​ភ្លាម​​​ៗ ហើយ​បាន​គេច​​​ខ្លួន​​​បាត់​​​។ កម្មករ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​ និង​​​បិទ​​​ផ្លូវ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ហើយ​​​បាន​​​ធ្វើ​​​ដូច្នេះ​​​ម្តង​​​ទៀត​​កាល​​​ពី​​​ម្សិល​​​មិញ ថ្វី​​​បើ​​​មានការ​​​បញ្ជូន​​​ទាហាន​​​ឲ្យ​​​ទៅ ឃ្លាំ​​​មើល​​​ការ​​​តវ៉ា​​​េនះ​​​ក្តី​​​។ អំឡុង​​​ការ​​​ចរ​​​ចា​​​ជា​​​មួយ​​​តំណាង​​​កម្មករ​​​កាល​​​ពីម្សិលមិញ ខណៈ​​​ដែល​​​នៅ​​​តែ​​​មាន​​​ការ​​​បិទ​​​ផ្លូវ​​​នោះ​​​ សួន​​​ឧស្សា​​​ហកម្ម​​​កាណា​​​ឌីយ៉ា​​​បាន​​​ព្រម​​​ព្រៀង​​​បើក​​​ប្រាក់​​​បំណាច់​​​ការងារ​​​ពាក់​​​កណ្តាល​​​ឲ្យ​​​កម្មករ​​​។

លោក អឹុង​​​ តារា តំណាង​​​រោង​​​ចក្រ​​​ ហុង​​​កុង យូហ្វេង បាន​​​និយាយ​​​ថា “បន្ទាប់​​​ពី​​​មាន​​​ការ​​​ចរចា​​​ជាមួយ​​​ដៃ​​​គូរ​​​ពាក់​​​ព័ន្ធ​​​ទាំង​​​អស់​​​ សួន​​​ឧស្សាហកម្ម​​​កា​​​ណា​​​ឌីយ៉ា​​​បាន​​​យល់​​​ព្រម​​​បើក​​​ប្រាក់​​​បំណាច់​​​៥០​​​ភាគ​​​រយ​​​ឲ្យ​​​កម្មករ​​​។ យើង​​​បាន​​​ប្រគល់​​​ឧបករណ៍​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​ទៅ​​​ឲ្យ​​​សួន​​​ឧស្សាហ​​​កម្ម​​​កាណាឌីយ៉ា​​​សម្រាប់​​​បើ​​​ក​​​ប្រាក់​​​បំណាច់​​​ឲ្យកម្មករ​​​”។លោក តារា បាន​​​ប្រាប់​​​ថា ម្ចាស់​​​រោង​​​ចក្រ​​​នេះ​​​ឈ្មោះ​​​ វ៉ាតា​​​ណាបេ យូតាកា​​​ ។

លោក អឹុ​​​ម​​​ ផស្ស​​​ អាយុ​​​២៧​​​ឆ្នាំ​​​ជាអតីត​​​កម្មករ​​​ដែល​​​បាន​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​េនះ​​​បាន​​​និយាយ​​​ថា គាត់​​​និង​​​កម្មករ​​​ដែល​​​ធ្វើការ​​​ជាមួយ​​​គាត់​​​គ្មាន​​​ជម្រើស​​​ក្រៅ​​​ពី​​​ទទួល​​​យក​​​ប្រាក់​​​បំណាច់​​​៥០​​​ភាគ​​​រយ​​​នេះ​​​ទេ​​​។ លោក​​​ ផស្ស បាន​​​និយាយ​​​ថា ” ខ្ញុំ​​​បង្ខំ​​​ចិត្តទទួល​​​យក​​​​​ប្រាក់​​​បំណាច់​​​នេះ​​​ថ្វី​​​បើ​​​​​បាត់​​​បង់​​​អស់​​​ពាក់​​​កណ្តាល​​​ក៏​​​ដោយ​​​”។ គាត់​​​បាន​​​ពន្យល់​​​ប្រាប់​​​ថា គាត់​​​មិន​​​​​​អាច​​​បន្ត​​​ការ​តវ៉ា​​​ដោយ​​​គ្មាន​​​ដំណោះ​​​ស្រាយ​​​បានទេ​​​។ “ខ្ញុំ​​​គ្មាន​​​ជម្រើស​​​ឡើយ​​​” ។

លោក លីវ ថារិន ប្រធាន​​​សហជីព​​​យុវជន​​​ប្រជា​​​ធិប​​​តេយ្យ​​​ឯករាជ្យ ជា​​​សហជីព​​​មួយ​​​ក្នុង​​​ចំណោម​​​សហជីព​​​ដែល​​​តំណាង​​​ឲ្យ​​​កម្មករ​​​បាន​​​និយាយ​​​ថា កម្មករ​​​យល់ព្រម​​​ឈប់​​​បិទ​​​ផ្លូវ​​​ទៅ​​​កាន់​​​សួន​​​ឧស្សាហកម្ម​​​កា​​​ណា​​​ឌី​​​យ៉ា ដោយ​​​ការ​​​ទទួល​​​យក​​​ប្រាក់​​​បំណាច់​​​៥០ភាគ​​​រយ​​​។

លោក ហាក់​​​ ម៉ៅ មេ​​​បញ្ជា​​​ការ​​​រង​​​កង​​​ពល​​​តូច​​​លេខ​​​៧០​​​បាន​​​និយាយ​​​ថា អង្គភាព​​​របស់​​​លោក​​​បាន​​​បញ្ជូន​​​ទាហាន​​​ប្រដាប់​​​អាវុធ​​​ទៅ​​​សួន​​​ឧស្សាហកម្ម​​​កា​​​ណា​​​ឌី​​​យ៉ា​ដើម្បី​​​ឲ្យ​​​រក្សា​​​សន្តិសុខ​​​អំឡុង​​​ពេល​​​តវ៉ា​​​កាល​​​ពី​​​ម្សិលមិញ។ លោក​​​បាន​​​និយាយ​​​ថា ” យើង​​​បាន​​​បញ្ជូន​​​ទាហាន​​ឲ្យ​ទៅ​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​ និង​​​សន្តិសុខ​​​សាធារណៈ​​​នៅ​ទី​នោះ បន្ទាប់​​​​ពី​​​មាន​​​សំណើ​​​ពី​​​សួន​​​ឧស្សាហកម្ម​​​កា​​​ណា​​​ឌី​​​យ៉ា។ យើង​​​មិន​​បាន​​ទៅ​​​បង្ក្រាប​​​ពួក​​​គេ​​​ទេ​​​”៕ គឹម​​​ហឿន​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស