28 C
Phnom Penh

ព្រះសង្ឃ​មួយអង្គ​ត្រូវ​ចាប់​ផ្សឹកពីបទ​ប្រទូស​កេរ្តិ៍​ខ្មាស​ក្មេងៗ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីនគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​ខេត្ត​បាត់ដំបង បាន​និយាយ​កាលពីម្សិលមិញ​ថា ព្រះសង្ឃមួយអង្គ​នៅ​ក្នុង​ខេត្ត​នេះ​ត្រូវ​បាន​ចាប់​ផ្សឹក​កាលពី​ថ្ងៃ​អាទិត្យ តាម​ការ​ចោទ​ប្រកាន់​ពីបទ​ប្រទូស​កេរ្តិ៍​ខ្មាសក្មេង​ស្រី​បីនាក់ និង​ក្មេង​ប្រុស​ពីរ​នាក់​។

ព្រះតេជគុណ ខាត់ ថុងសុវណ្ណារ័ត្ន ព្រះជន្ម​៣០​វស្សា​ គង់​នៅវត្ត​ពោធិ៍វាល​ ក្នុង​សង្កាត់​រតនៈ​ ខេត្ត​បាត់​ដំបង ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ឪពុក​ម្ដាយរបស់​​កុមារ​រង​គ្រោះ​ដាក់ពាក្យ​បណ្ដឹង​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីលោក​ កុយ ហៀង នាយការិយាល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​ខេត្ត​នេះ​។

លោក កុយ ហៀង បាន​មាន​ប្រសាសន៍​ថា ” ក្មេង​ស្រីម្នាក់​ដែល​ត្រូវ​ព្រះសង្ឃ​មួយ​អង្គ​ប៉ះ​ពាល់​ បាន​ប្រាប់​ឪពុក​ម្ដាយ​របស់​នាង​”។ កុមារ​រង​គ្រោះ​ទាំង​ប្រាំ​នាក់​សុទ្ធតែ​រង​ការ​បំពាន​កាល​ពី​ថ្ងៃអាទិត្យ​ នៅ​ខាង​ក្រៅ​របង​ផ្ទះ​របស់​ពួកគេ​ជិត​វត្ត​ិពោធិ៍វាល។

លោក កុយ ហៀង មាន​ប្រសាសន៍​ថា ” បន្ទាប់ពីចង​ខ្សែ​ក្រហម​ឲ្យ​ក្មេង​ទាំង​នោះ ព្រះ​សង្ឃ​អង្គ​នេះ​បាន​ចាប់​ផ្ដើម​ថើប​ពួកគេ។ ព្រះសង្ឃ​អង្គ​នេះ​បាន​ថើប ឱប និង​បឺត​មាត់​របស់​ក្មេង​ៗ​ទាំងនោះ​ទៀត​ផង”។ លោក​បានមាន​ប្រសាសន៍​បន្ត​ទៀត​ថា តាម​ការ​ចោទ​ប្រកាន់​ថា ព្រះ​សង្ឃ​អង្គ​នេះ​ លូក​​ដៃ​របស់​ខ្លួន​​ចូល​ក្នុង​ខោ​របស់​ក្មេង​ស្រី​ម្នាក់​ក្នុង​ចំណោម​ក្មេង​ស្រីទាំង​នេះ។

លោក ឈិន ឆាត ប្រធាន​ភូមិ​ក្រពើ​ខាង​ត្បូង​បាន​មាន​ប្រសាសន៍​ថា គេ​ដឹង​​ថា ព្រះ​សង្ឃ​អង្គ​នេះ​មាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ ហើយ​ជាញឹក​ញាប់​គេ​ឃើញ​ព្រះ​សង្ឃ​អង្គ​នេះ​និមន្ត​ដើរ​ជុំវិញ​ភូមិ ដោយ​គ្មាន​គោល​ដៅ​ច្បាស់​លាស់​។ ប្រធាន​ភូមិ​រូប​នេះ​បាន​និយាយ​ទៀត​ថា ព្រះសង្ឃ​អង្គ​នេះ​ទើប​តែ​មក​គង់​នៅ​វត្តិ​ពោធិ៍វាល​ថ្មីៗ​នេះ​ប៉ុណ្ណោះ បន្ទាប់ពី​និមន្ត​ចេញ​​​ពី​​​វត្ត​ិរស្មី​កន្ទុយ​​ក្រពើ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់​ដំបងដែរ។

យោងតា​ម​លោក ប៉ុន ហា៊ញ ជំនួយ​ការ​គណៈកម្មការ​វត្ត​ិរស្មី​កន្ទុយ​ក្រពើ បាន​ឲ្យ​ដឹង​ថា ព្រះសង្ឃ​អង្គ​នេះ​គ្មាន​មិត្ត​ភក្តិ ឬក្រុម​គ្រួសារ​ទេ ហើយ​បាន​មក​គង់​នៅ​វត្ត​ិនេះ​កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣។ គាត់​និយាយ​បន្ត​ថា ” លោក​មាន​ជំងឺ​ផ្លូវ​ចិត្ត​។ លោក​តែង​តែ​ហៅ​ក្មេងៗ​ដែល​លេង​នៅ​ក្បែរ​វត្ត​ិ​ឲ្យ​ជួយ​ទិញ​ប្រហិត​សម្រាប់​លោក​ឆាន់”។ គាត់​មាន​ប្រសាសន៍​ថា ពេល​ខ្លះ​ព្រះ​សង្ឃ​អង្គ​នេះ​និមន្ត​ដើរ​ចេញ​ពី​វត្ត​ិ​ដោយ​គ្មាន​គោល​ដៅ ហើយ​មិន​ដឹង​ថា​ទៅ​ទី​ណា​ទេ​។ កាលពី​ដើម​ឆ្នាំ​២០១៤​ លោក​បាន​សម្រេច​ទៅ​គង់​នៅវត្តិ​ពោធិ៍វាល ដោយសារ​តែ​លោក​ចង់​រៀន​សូត្រ​នៅ​ទីនោះ។

លោក ប៉ុន ហា៊ញ បាន​លើក​ឡើង​បន្ត​ទៀត​ថា ” ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ពោធិ៍វាល​ ក៏មាន​សង្ឃដីកា​ថា ព្រះសង្ឃ​អង្គ​នេះ​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដែរ​។ ប៉ុន្តែ​​មិន​បណ្ដេញ​លោក​ចេញទេ ដោយ​សារ​តែ​អាណិត​ព្រះសង្ឃ​អង្គ​នេះ​ ហើយ​ឲ្យ​ចង្ហាន់​ឆាន់​ និង​ផ្ដល់​កន្លែង​គង់​នៅ​”។

នៅ​វត្ត​ិ​​​ពោធិ៍វាល​ គ្មាន​នរណា​ម្នាក់​អាច​ទាក​់ទង​សុំការ​បំភ្លឺ​បានទេ​កាលពីម្សិលមិញ។ លោក​ ចិន សុខឿន នាយ​រង​ការ​ិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ពារ​អនីតិជន​ខេត្ត​បាត់​ដំបង បានមាន​ប្រសាសន៍​ថា ផ្លូវ​មាន​សភាព​ស្ងាត់​នៅពេល​ការ​ប្រទូស​កេរ្តិ៍​ខ្មាស​កើត​ឡើង​។ លោក​មាន​ប្រសាសន៍​ថា ” ក្មេងៗ​ទាំង​នេះ​រត់ចេញទៅ​លេង​នៅ​លើ​ផ្លូវ​ ដែល​មាន​សភាព​ស្ងាត់ និងនៅជិត​ផ្ទះ​ជួល​មួយ​។ ព្រះសង្ឃ​អង្គ​នេះ​បាន​ហៅ​ក្មេង​ៗ​ទាំង​នេះ​ដែល​កំពុង​លេង​ ហើយ​ចង​អំបោះ​ក្រហម​ឲ្យ​ពួកគេ​ ហើយ​ថើប​និង​ឱបពួកគេ​”។ យោងតាម​នគរ​បាលបាន​ឲ្យ​ដឹង​ថា អន្ទិត​ ថុងសុវណ្ណារ័ត្ន នឹង​ត្រូវ​ចូល​ខ្លួន​ក្នុង​តុលាការ​ថ្ងៃ​នេះ​ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ប្រាំ​ករណីពី​បទ​ប្រទូស​កេរ្តិ៍ខ្មាស៕ សុខុម​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស