28 C
Phnom Penh

កំណត់​ពេល​ដំឡើង​ប្រាក់ឈ្នួល​ក្នុងវិស័យកាត់ដេរ​ ប៉ុន្តែ សហជីពមួយ​ចំនួន​ជំទាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ គណៈកម្មការ​ប្រឹក្សាការងារ​បាន​យល់ព្រម​លើគម្រោង​​ដំឡើង​​ប្រាក់​ឈ្នួល​សម្រាប់​វិស័យកាត​់​ដេរដែលមាន​ភាពចលាចល​​នៅក្នុង​​ប្រទេស​កម្ពុជា​ត្រឹម​ខែ​មករា ឆ្នាំ​២០១៥ ប៉ុន្តែ​សហជីពពីរបី​បាន​បន្ត​ទាម​ទារ​ឲ្យ​​ដំឡើង​ប្រាក់​ឈ្នួល​នៅខែតុលា ហើយ​បានលើកឡើងថា ការ​តវ៉ា​អាច​បន្ត​ ប្រសិនបើ​ការ​ទាមទារ​របស់​ពួក​គេ​ត្រូវ​បាន​បដិសេធ​។

គណៈកម្មការ​ប្រឹក្សា​ការ​ងារដែល​មាន​សមាសភាព​មក​ពី​រដ្ឋាភិបាល​ តំណាង​រោងចក្រ​និង​សហជីព បាន​អនុម័ត​​សេចក្តី​ព្រាង​នៃគម្រោងនេះ​កាលពី​ពីរ​សប្តាហ៍មុន។ នៅ​ឯ​កិច្ច​ប្រជុំ​ស្វែង​យល់​បន្ថែម​ទៀត​កាលពី​ម្សិលមិញ ពួកគេ​បាន​យល់​ព្រម​លើ​គម្រោង​​នេះ​ជា​ផ្លូវ​ការ​ ហើយ​បាន​បន្ថែម​​ចំណុច​សំខាន់ៗ​ខ្លះ​ទៀត​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​គណៈកម្មការ​ប្រឹក្សាការ​ងារ​បាន​ឲ្យដឹងថា រដ្ឋាភិបាល​ ថៅកែ​រោង​ចក្រ​ និង​សហជីព​នឹង​រៀបចំ​ជំនួប​​ផ្ទៃ​ក្នុង​ដាច់ដោយឡែក​ពី​គ្នា​នៅ​ខែនេះ​ដើម្បី​ចាប់​ផ្តើម​ពិភាក្សាអំពីការ​ដំឡើង​ប្រាក់ឈ្នួលនៅ​ឆ្នាំក្រោយ។ ពួកគេ​នឹង​ធ្វើ​ការ​ពិភាក្សា​ដោយ​មាន​កិច្ច​ប្រជុំ​​ទ្វេភាគី​ជាច្រើន​លើក​​នៅ​ខែសីហា កិច្ច​ប្រជុំ​ត្រីភាគី​នៅ​​ខែ​កញ្ញា ហើយ​ចុង​ក្រោយ​ គឺ​ការ​បោះឆ្នោត​នៅ​ខែត​ុលា មុនពេល​ប្រាក់ខែគោល​ថ្មី​ចូលជា​ធរមាន​នៅ​ថ្ងៃទី​១ ខែ​មករា។

ពេល​ចេញ​ពី​កិច្ច​ប្រជុំ​នេះ លោក អិុត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ​បាន​មាន​ប្រសាសន៍ថា សមាជិក​បីរូបក្នុង​ចំណោម​សមាជិក​២៣រូប​របស់​គណៈកម្មការ​ប្រឹក្សាការ​ងារ​ដែលមាន​វត្ត​មាន​កាលពី​ម្សិលមិញ បានបោះ​ឆ្នោត​ជំទាស់នឹង​គម្រោង​នេះ ហើយ​ថា មាន​ភាព​តានតឹង​នៅក្នុង​បន្ទប់ ” ពីព្រោះ​ភាគី​នីមួយ​ៗ​ព្យាយាម​ការ​ពារ​ផល​ប្រយោជន៍របស់ខ្លួន”។

លោក​​​រដ្ឋ​​​មន្ត្រី មិន​​​បាន​​​និយាយ​​​លម្អិតថាតើ​អ្នក​ជំទាស់ជា​នរណា ឬ​ភាពតានតឹ​ង​នោះ​ជា​អ្វី​​​​ទេ ប៉ុន្តែ ឆ្លើយ​​​តបទៅ​​​នឹង​​​សំណួរ​​​របស់​​​អ្នក​​​យក​​​ព័ត៌មាន​​​ ហើយ​លោក​​​បានមាន​​​ប្រសាសន៍​​​ថា សហជីពដែល​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​គម្រោង​នេះ​​ មាន​សិទ្ធិធ្វើការ​ត​វ៉ាឲ្យ​តែ​ពួកគេ​ធ្វើ​ដោយ​ស្របច្បាប់។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ” យើង​​​មិន​​​ហាម​​​ឃាត់​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​មិន​​​ឲ្យ​​​ធ្វើ​​​ការ​​​តវ៉ា​​​ឡើយ ពីព្រោះ​​​វា​​​ជា​​​សិទ្ធិ​​​របស់​​​ពួក​​​គេ​​​ ប៉ុន្តែ ពួក​​​គេ​​​ត្រូ​​​វតែ​​​គោរព​​​ច្បាប់”។

លោក អាត់ ធន់ ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា លោក​​​ និ​​​ងលោកស្រី ឆេង ឡាង អនុ​​​ប្រធាន​​​សហ​​​ព័ន្ធ​​​សហ​​​ជីពឯករាជ្យជាតិ​​​នៃឧស្សាហកម្មវាយ​​​នភណ្ឌ​​​​​​​​កា​ត់ដេរកម្ពុជា​​​ស្ថិត​​​ក្នុង​​​ចំណោម​​​មនុស្ស​​​បី​​​នាក់​​​ដែល​​​បាន​​​បោះ​​​ឆ្នោត​​​ជំទាស់​​​នឹង​​​គម្រោង​​​នេះ​​​។ ការ​​​បោះ​​​ឆ្នោត​​​ធ្វើ​​​ឡើង​​​ដោយ​​​សម្ងាត់​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា ពួកគេ​​​ប្រកាន់តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​ ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​ចាប់​​​ពីខែ​​​តុលា​​​ទៅ។

លោក អាត់ ធន់ បានមាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​សេចក្តី​​​សម្រេច​​​នៅ​​​ថ្ងៃ​​​នេះ​​​ទេ ពីព្រោះ​​​យើង​​​ចង់​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជូន​​​កម្មករ​​ក្នុង​​​​ឆ្នាំ​​​២០១៤​​​នេះ។ សមាជិក​​​គណៈ​​​កម្មការ​​​ប្រឹក្សា​​​ការងារ​​​ភាគ​​​ច្រើន​​​ចង់​​​អនុវត្ត​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នៅ​​​ឆ្នាំ​​​ក្រោយ​​​ ប៉ុន្តែ យើង​​​ចង់​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​នៅ​​​ឆ្នាំ​​​នេះ​​​ ពី​​​ព្រោះ​​​អ្វី​​​ដែល​​​សមាជិកទាំងនេះ​​​ចង់​​​បាន​​​វា​​​ផ្ទុយ​​​ទៅ​​​នឹង​​​ការ​​​ទាម​​​ទារ​​​របស់​​​កម្មករ​​​”។

រដ្ឋាភិបាល​​​និង​​​រោង​​​ចក្រ​​​កំពុង​ពិចារណាដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​បច្ចុប្បន្ន​​​​​​ពី​​​១០០​​​ដុល្លារ​​​នេះ​បន្តិចម្តងៗ​​​។ លោក អាត់​​​ ធន់ បាន​​​មាន​​​ប្រសាសន៍​​​ថា សហ​​​ជីព​​​ឯករាជ្យ​​​នៅ​​​តែ​​​តាម​​​ទារ​​​ឲ្យ​​​ដំឡើង​​​ប្រាក់​​​ឈ្នួលភ្លាម​​​ៗ ដល់​​​១៦០​​​ដុល្លារ​​​។

ការ​​​តវា៉​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ទាមទារដំឡើង​ប្រាក់ឈ្នួលដល់​​​​​​១៦០​​​ដុល្លារ​​​បាន​​​​​​រាល​​​ដាល​​​ទូទាំង​​​ឧស្សាហ​​​កម្ម​​​នេះ​​​កាល​​​ពី​​​ចុង​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​វិស័យ​​​នេះ​​​ផ្អាក​​​ការ​​​ងារ​​​​​​​​​រយៈ​​​ពេល​​​ខ្លី​​​រហូត​​​ដល់​​កម្លាំង​សន្តិសុខ​​​បង្ក្រាប​​​ទៅលើ​​​បាតុកម្ម​​​កាល​​​ពីដើម​​​ខែ​​​មករា ដោយ​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​យ៉ាង​​​តិច​​​ប្រាំ​​​នាក់​​​ស្លាប់ និង​​​ច្រើន​​​នាក់​​​ទៀត​​​រងរបួស​​​។

លោកស្រី ឆេង ឡាង បាន​​​បញ្ជាក់​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជំទាស់​​​នឹង​​គម្រោង​នេះ ដែល​​​ទី​​​បំផុត​​​ត្រូវ​​​បាន​​​អនុម័ត​​​យល់​​​ព្រម​​​ដោយ​​​គណៈកម្មការ​​​ប្រឹក្សា​​​ការ​​​ងារ​​​កាល​​​ពី​​​ម្សិលមិញ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា សហជីព​​​ដែលបាន​ជំទាស់​​​ទៅ​​​នឹង​​​គម្រោង​​​នេះមិន​​​ទាន់​​​សម្រេច​​​ថា តើ​​​ត្រូវ​​​បន្ត​​​ការ​​​តវ៉ា​​​ឬ​​​យ៉ាង​​​ណាឡើយ​​​។ លោក​ស្រី​​​បាន​​​និយាយ​​​ថា ” យើង​​​មិនទាន់​​​ច្បាស់​​​អំពី​​​ការ​​​តវ៉ា​​ទេ​​​ ពីព្រោះ​​​យើង​​​ត្រូវ​​​ពិភាក្សា​​​ជាមួយ​​​សហជីព​​​ផ្សេង​​​ៗ​​​ទៀត​​​”៕ សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស