យោងតាមក្រុមអ្នកភូមិបានឲ្យដឹងថា កាលពីសប្ដាហ៍មុនសមាជិកសភាគណបក្សប្រជាជនកម្ពុជាមួយរូបបានធ្វើអន្តរាគមន៍នៅក្នុងវិវាទដីធ្លីដ៏អូសបន្លាយមួយរវាងអ្នកភូមិក្នុងខេត្តកំពង់ឆ្នាំង និងភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។អ្នកភូមិទាំងនេះបានលើកឡើងថា សមាជិកសភារូបនេះបានសន្យាផ្ដល់សំណងច្រើនដល់អ្នកភូមិដែលនិយាយឥតសំចៃពីរនាក់។
តំណាងអ្នកភូមិ៥២គ្រួសារដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី របស់អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម នោះបានមករាជធានីភ្នំពេញកាលពីសប្ដាហ៍មុន ដើម្បីដាក់ញត្តិជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដែលមានរយៈពេលប្រាំពីរឆ្នាំមកហើយ។
យោងតាមលោក ស្ងួន ញឿន ដែលមកជាមួយភរិយារបស់លោក កាលពីថ្ងៃពុធបានជួបជាមួយលោកស្រី ឡោ ខេង សមាជិកសភាគណបក្សប្រជាជនកម្ពុជាដែលក៏ជាអនុប្រធានសាខាកាកបាទក្រហមរាជធានីភ្នំពេញដែរនោះបានឲ្យដឹងថា សំណើរបស់ពួកគាត់ត្រូវបានទទួលយកហើយ។
លោក ញឿន បានមានប្រសាសន៍ថា ” [លោកស្រី ឡោ ខេង] បានណែនាំខ្លួនគាត់ប្រាប់ខ្ញុំថា គាត់ជាសមាជិកសភាគណបក្សប្រជាជនកម្ពុជាមួយរូប ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់តាំងឲ្យមកជួយដោះស្រាយវិវាទដីធ្លីរវាងយើងនិងក្រុមហ៊ុន ខេឌីស៊ី”។
យោងតាមលោក ញឿន បានឲ្យដឹងថា ប៉ុន្តែខណៈដែលសមាជិកសភារូបនេះសុខចិត្តផ្ដល់ប្រាក់ចំនួន១០.០០០ដុល្លារជាថ្នូរនឹងដីរបស់ប្ដីប្រពន្ធរូបនេះ លោកស្រីក៏បានប្រាប់ពួក គាត់ឲ្យឈប់តតាំងជាមួយអ្នកស្រី ជា ខេង ទៀត។លោកបានបន្ថែមថា លោកនិងប្រពន្ធរបស់លោកបានច្រានចោលសំណងនេះ។
លោក ញឿន បាននិយាយថា ” សំណងនេះគឺតិចតួចណាស់ បើប្រៀបធៀបទៅនឹងអ្វីដែលខ្ញុំបានបាត់បង់ រួមមានផ្ទះសំបែង ដីស្រែ និងសាច់ញាតិរបស់ខ្ញុំ។ ប៉ុន្តែលោកស្រីបានបំភិតបំភ័យខ្ញុំ ដោយនិយាយថា ខ្ញុំមិនអាចគេចខ្លួនរួចឡើយ បើទោះជាខ្ញុំមានស្លាបហើរក៏ដោយ ដែលខ្ញុំគិតថា ជាការគំរាមកំហែងដល់អាយុជីវិតរបស់ខ្ញុំ”។
អ្នកស្រី អ៊ុំ សុភី ប្រពន្ធរបស់លោក ញឿន ជាតំណាងអ្នកភូមិមកពីឃុំតាជេស ស្រុកកំពង់ត្រឡាចដែលនិយាយឥតសំចៃ ហើយកាលពីសប្ដាហ៍មុនក៏ស្ថិតក្នុងចំណោមអ្នកភូមិចំនួន២២គ្រួសារដែលបានស្នើឲ្យសាលាដំបូងខេត្តទុកជាមោឃៈនូវការព្រមព្រៀងផ្ដល់សំណងជាមួយអ្នកស្រី ជា ខេង កាលពីដើមឆ្នាំនេះ ដោយអះអាងថា ការព្រមព្រៀងនេះត្រូវបានធ្វើឡើងដោយការគំរាមកំហែង។
លោក រាជ សីមា តំណាងអ្នកភូមិម្នាក់ទៀតដែលនិយាយឥតសំចៃដែរបាននិយាយថា លោកបានជួបជាមួយលោកស្រី ឡោ ខេង កាលពីថ្ងៃសៅរ៍ ហើយបានលើកឡើងថា លោកសុខចិត្តទទួលយកសំណងជាប្រាក់ចំនួន២.០០០ដុល្លារ និងផ្ទះថ្មីមួយខ្នងនៅលើដីទំហំ៤០០ម៉ែត្រក្រឡា។
លោកបាននិយាយថា ក្នុងនាមខ្ញុំជាតំណាងអ្នកភូមិ ខ្ញុំនឹងយករឿងនេះទៅពិគ្រោះជាមួយអ្នកភូមិដែលបានយល់ព្រមថា ខ្ញុំគួរទទួលយកសំណង ដើម្បីចៀសពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់ខ្ញុំ បន្ទាប់ពីក្រុមហ៊ុនបានដាក់ពាក្យបណ្ដឹងបំភិតបំភ័យខ្ញុំជាច្រើនលើក និងមានការគំរាមកំហែងពីសមាជិកសភារូបនេះទៀត។ លោក រាជ សីមា បាននិយាយថា ការដោះដូរនឹងធ្វើឡើងជាផ្លូវការនៅថ្ងៃពុធ នៅសាលាស្រុកកំពង់ត្រឡាច។
ទាំងលោកស្រី ឡោ ខេង និងអ្នកស្រី ជា ខេង មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។ ប៉ុន្តែលោក ហ៊ុល ចាន់ថូ អតីតអភិបាលស្រុកដែលឥឡូវេនះជាប្រធានក្រុមប្រឹក្សាស្រុក បានមានប្រសាសន៍ថា ការអន្តរាគមន៍របស់សមាជិកសភារូបនេះបង្ហាញថា វិវាទដីធ្លីដែលមានរយៈពេលប្រាំពីរឆ្នាំនោះជិតបញ្ចប់ហើយ។ លោកបានមានប្រសាសន៍ថា “ប្រសិនបើមានអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ខ្ញុំមានជំនឿថា ករណីនេះពិតជាបញ្ចប់”៕ សារុន