28 C
Phnom Penh

លោក​ ហ៊ុន​ សែន ប្រដូច​គណបក្ស​សង្គ្រោះជាតិ​ទៅ​នឹង​ក្រុម​សង្គម​ងងឹត​ម៉ាហ្វីយ៉ា ជុំវិញ​ការ​ជាប់​គាំង​ផ្នែក​​នយោបាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​ ​អំឡុង​ទិវា​មច្ឆជាតិ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​សុន្ទរកថា​ធ្ងន់​ៗ​រិះគន់​​គណបក្ស​សង្គ្រោះជាតិ​ ដោយ​ប្រៀប​ធៀប​គណបក្ស​នេះ​ទៅ​នឹង​ក្រុម​សង្គម​ងងឹត​ម៉ាហ្វីយ៉ា ហើយ​ស្នើ​ឲ្យ​គណបក្ស​នេះ​បង្កើត​រដ្ឋមួយ​ផ្សេង​ទៀត​នៅ​ ” ឋាន​ព្រះចន្ទ”។

នៅ​មុន​ពេល​លែង​កូន​ត្រី​រាប់ពាន់​ក្បាល​ចូល​ទៅ​ក្នុង​បឹ​ង​ក្ដុល​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង លោក​នាយក​រដ្ឋមន្ត្រី ដែល​ដូចសព្វ​មួ​យ​ដង​មិន​បញ្ចេញ​ឈ្មោះ​គណបក្ស​នេះ​ដោយ​ចំៗ​ បាន​ចោទ​ប្រកាន់​គណបក្ស​សង្គ្រោះជាតិ​ថា ព្យាយាម​កំណត់​លក្ខខណ្ឌ​នៅ​ក្នុង​ការ​ចរចា​ដើម្បី​បំបែក​ភាព​ទាល់​ច្រក​ផ្នែក​នយោបាយ​ ចាប់​តាំងពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ឆ្នាំ​មុន​មក និង​សូម្បី​ក្រោយ​ពីការ​ចាញ់​ឆ្នោត​។

លោក ហ៊ុន សែន និង​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​ដែល​បាន​កាន់​អំណាច​ជា​យូរ​មក​ហើយ​នោះ បាន​ឈ្នះ​ការ​បោះ​ឆ្នោ​​ត​ជា​ផ្លូវ​ការ​ ប៉ុន្តែ​គណបក្ស​សង្គ្រោះជាតិ​ចោទ​ប្រកាន់​គណបក្ស​ប្រជា​ជន​កម្ពុជា​ថា ប្រើ​ល្បិច​លួច​បន្លំ​ដើម្បីទទួល​បាន​ជ័យ​ជម្នះ​។ គណបក្ស​ប្រឆាំង​បាន​បដិសេធ​មិន​ទទួល​យក​អាសនៈ​ចំនួន​៥៥​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​ ដែ​ល​មានអាសនៈ​សរុប​​១២៣​ចាប់​តាំងពីពេល​នោះ​មក ហើយ​ការ​ចរចា​ដើម្បី​ឈាន​ដល់​ការ​បែង​ចែក​អំណាច​ និង​ការ​ព្រម​ព្រៀង​ធ្វើ​កំណែទម្រង់​បោះ​ឆ្នោត​ មិនទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ទេ។

បញ្ហា​ចុង​ក្រោយ​បំផុត​ គឺ​នៅ​ត្រង់​ថា គណបក្ស​ប្រឆាំង​ទាម​ទារ​ឲ្យ​មាន​ការ​អនុម័ត​ដោយ​សំឡេង​ពីរ​ភាគ​បី​នៅ​ក្នុង​រដ្ឋសភា​សម្រាប់​រាល់​ការ​តែង​តាំង​សមាជិកគណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត(គ.ជ.ប.) ដែលមាន​និន្នាការ​នយោបាយ​យ៉ាង​ខ្លាំង​ និង​ដែ​ល​​គ្រប់​គ្រង​ដោយ​មន្ត្រី​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​។ លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ម្សិលមិញ​ថា ការ​ទា​ម​ទារ​នេះ​គឺ​មិន​អាច​ទៅ​រួច​ឡើយ។

លោក​មាន​ប្រសាសន៍​ថា ” យើង​នៅ​តែ​បើក​ទ្វារ​ចំហ​សម្រាប់​ការ​ចរចា ប៉ុន្តែ​អ្នក​ឯង​មិន​ត្រូវ​និយាយ​រឿង​ពីរ​ភាគបី​ទេ។ អ្នក​ឯង​និយាយ​ថា បើ​អ្នក​ឯង​មិន​បាន​ពីរ​ភាគ​បី​ អ្នក​ឯង​នឹង​មិន​ចូល​ [សភា]​​​​​​​ ហីទៅ​។ ឥឡូវ​អ្នក​ឯង​មិនទាន់​ចូល​ ខ្ញុំ​មិនទាន់​ងាប់ឯណា​ ប្រជា​ជន​ខ្មែរ​ក៏​មិនទាន់​ងាប់​ដែរ​។ ធ្វើ​ឯង​ដូច​ជា​មេ​ម៉ាហ្វីយ៉ា​ម៉េច​ បាន​សំឡេង​ប៉ុណ្ណឹង​ ចាញ់​គេ រួច​ហើ​យ​មក​បង្ខំ​គេ​ឲ្យ​ធ្វើ​តាម​ខ្លួន”។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ការ​ទាម​ទារ​​ពីរ​ភាគបី​ គឺ​កាន់​តែ​ធ្វើ​ឲ្យ​ជាប់​គាំង​ទៅវិញ​ទេ និង​ “សម្លាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​”។ គណបក្ស​ប្រឆាំង​អះអាង​ថា វា​ជា​វិធី​តែមួយគត់​ដើម្បីធានា​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​មិន​បន្ត​គ្រប់​គ្រង​ប្រព័ន្ធបោះ​ឆ្នោត​។

នៅ​ក្នុង​រយៈពេល​ប៉ុ​ន្មាន​សប្ដាហ៍ថ្មីៗ​នេះ​ លោក ហ៊ុន សែន បាន​យល់​ព្រម​តាម​សំណើ​របស់​គណបក្ស​សង្គ្រោះជាតិ ដែ​លសុំ​ប​ង្កើត​ស្ថានីយ​ទូរទស្សន៍មួយ​ដើម្បីទប់​ទល់​នឹង​ស្ថានីយ​ទូរទស្សន៍ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្នដែល​លម្អៀង​ទៅ​រក​គណបក្ស​ប្រជាជន​កម្ពុជា​។ គណ​បក្ស​សង្គ្រោះជាតិ​បាន​ច្រាន​ចោល​ភ្លាមៗ​នូវ​សម្បទាន​ដ៏តូច​តាច​នេះ ហើយ​បាន​លើក​ឡើង​ថា ខ្លួន​ត្រូវ​តែ​មាន​ចំណែក​ចូល​រួម​នៅ​ក្នុង​ការ​ធ្វើ​កំណែទម្រង់ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​នេះ​ឆ្ងាយ​។

លោក​ ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅវិញ​កាលពីម្សិលមិញ​ថា “ពេល​នេះពួក​​គេ​និយាយ​ថា គេ​មិន​ចង់​បាន​ អ៊ីចឹង​អ្នក​ឯង​អាច​ទៅ​បង្កើត​រដ្ឋមួយ​ផ្សេង​ទៀត​បាន​នៅ​ឋាន​ព្រះចន្ទ​​”។

បន្ទាប់​មក​លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា ពេ​ល​នេះ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ដក​បម្រាម​លើ​អ្នក​គាំទ្រ​របស់​ខ្លួន​មិន​ឲ្យ​ធ្វើ​បាតុកម្ម​ហើយ ដើម្បី​ប្រជែង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចូល​ចិត្ត​ធ្វើ​ការ​តវ៉ា​។ លោក​បាន​មាន​ប្រសាសន៍​ដោយ​មិន​បញ្ជាក់​លម្អិត​ថា ” ពីមុន​ខ្ញុំហាម ប៉ុន្តែ​ពេល​នេះ​ខ្ញុំលែង​​ហាមហើយ​​”។

រដ្ឋាភិបាល​បាន​ហាម​ប្រាម​ការ​តវា៉​កាលពី​ដើម​ខែ​មករា បន្ទាប់ពី​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​ការ​ហែក្បួន​ជា​បន្ត​បន្ទាប់​នៅទូទាំង​រាជធានី​ភ្នំពេញ​ ដើម្បីអំពាវ​នាវ​ឲ្យ​លោក​ ហ៊ុន សែន ចុះចេញពី​អំណាច​ និង​បាតុកម្ម​ក្នុង​វិស័យ​កាត់​ដេរ​ដើម្បីទាម​ទារ​ដំឡើង​ប្រាក់​ខែ​ ដែល​គាំទ្រ​ដោយ​គណបក្ស​សង្គ្រោះជាតិ ហើយ​បាតុកម្ម​មួយ​ចំនួន​ក្នុ​ង​ចំណោ​ម​នោះ​បាន​ផ្ទុះ​អំពើ​ហិង្សា។

លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​ច្រាន​ចោល​ដែរចំពោះ​សេចក្ដី​រាយការណ៍​មិន​បញ្ជាក់​ប្រភព​ច្បាស់​លាស់​​ដែល​លើក​ឡើង​​​ថា រដ្ឋាភិបាល​ខ្វះ​ប្រាក់​បើក​ប្រាក់​ខែ​ឲ្យ​មន្ត្រី​រាជការ​ និង​ប្រើ​​ប្រាស់​ជំនួយ​បរទេស​ មិន​ថាហិរញ្ញប្បទាន​ឥត​សំណង ឬឥណទានឡើយ​​ ​សម្រាប់​បើក​ប្រាក់​ខែ​ក្នុង​វិស័យ​សាធារណៈ​។ លោក ហ៊ុន សែន បានមាន​ប្រសាសន៍​ថា ” គេ​ស្មា​ន​ថាយើង​យក​ជំនួយ​បរទេស​ទៅ​បើក​ប្រាក់​ខែ។ មួយ​ជីវិត​របស់​យើង​ហើយ​ យើង​មិន​ទៅ​ទទួល​ជំនួ​យ​បរទេស​មក​បើក​ប្រាក់​ខែ​ទេ ហើយ​ក៏គ្មាន​បរទេសណា​​ផ្ដល់​ជំនួយ​ដល់​យើង​សម្រាប់​បើក​ប្រាក់​ខែ​នោះដែរ​”។

ជាការ​ពិត​ ក្នុង​រយៈពេល​ពីរ​បីឆ្នាំ​មក​នេះ ម្ចាស់​ជំនួយ​បរទេសបាន​ផ្ដល់​មូលនិធិ​ដើម្បី​ឧបត្ថម្ភពីលើ​ប្រាក់​ខែ​របស់​មន្ត្រីរាជការ​​មួយ​ចំនួន​ដែល​ធ្វើការ​នៅ​ក្នុង​គម្រោង​ទទួល​បាន​មូលនិធិ​ពីម្ចាស់​ជំនួយ​ ជាវិធីមួយដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ពុក​រលួយ និង​ដើម្បី​ជំរុញ​លើក​ទឹក​ចិត្ត​កុំឲ្យ​ពួកគេ​យក​ម៉ោង​ការ​ងារ​រដ្ឋ​ទៅ​ធ្វើការ​ងារ​ទី២ ឬការ​ងារ​ទី៣ ដែល​ទទួល​បាន​កម្រៃ​ច្រើន​ជាង​នៅ​ក្នុង​វិស័យឯកជន​។

ទោះជាយ៉ាង​ណា ​យោង​តាម​អ្នក​​ស្និទ្ធ​នឹងកិច្ច​ប្រឹង​ប្រែង​នេះបាន​ឲ្យ​ដឹង​ថា ប្រាក់​ឧបត្ថម្ភ​បន្ថែម​នេះ​បានត្រូវ​​ផ្អាក ​ដោយ​សារ​តែ​មាន​ការ​ប្រជែង​គ្នា​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​វិធី​បែង​ចែក​ប្រាក់​ឧបត្ថម្ភនេះ៕ សុខុម​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស