28.4 C
Phnom Penh

ការរឹត​បន្តឹង​នៅ​តាម​ព្រំដែន​របស់​របប​យោធា​ថៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​សីុ​របស់​ពល​រដ្ឋខ្មែរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុង​​​ប៉ោយ​​​ប៉ែត-​​​មុន​​​ពេល​​​របប​យោធា​​​ថៃ​​ឡើង​កាន់​​​អំណាច​​​កាល​​​ពី​​​ចុង​​​ខែ​​​ឧសភា លោក ពេជ្រ​​​ អាយុ​​​៤៥​​​ឆ្នាំ​​​​​​ជា​​​គ្រូ​​​បង្រៀន​​មក​​​ពី​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ធ្លាប់​​​ចូល​​​រួ​​​ម​​​តម្រង់​​​ជួរ​​​រថយន្ត​​​ប្រហែល​​​៤០០​​​គ្រឿង​​​នៅ​​​ច្រក​​​ទ្វារ​​​ព្រំ​​​ដែន​​​អន្តរ​​​ជាតិ​​​ប៉ោយ​​​ប៉ែត​​​ដើម្បី​​​ចូល​​​ទៅ​​​ប្រទេស​​​ថៃ​​​។

លោក ពេជ្រ បើក​​​រថយន្ត​ដឹក​​​ប្រពន្ធ​​​របស់​​​គាត់​​​ទៅ​​​លក់​​​ដូរ​​​នៅ​​​ផ្សារ​​​រុង​​​គ្លឿ ​​​​​​នៅ​​​ទី​​​ប្រជុំ​​​ជន​​អារាញ់​​​ប្រថេត​​​ នៅ​​​ជិត​​​ព្រំដែន និង​​​មាន​​​ប័ណ្ណ​​​ឆ្លង​​​កាត់​​​ពិសេស​​​នៅ​​​ក្នុង​​​រថយន្ត​​​របស់​​​លោក​​​ដែល​​​បង្ហាញ​​​ថា វា​​​ជា​​​រថយន្ត​​​របស់​​​អាជីវករ​​​។

ប៉ុន្តែ បន្ទាប់​​​ពី​​​ដាក់​​​ប្រពន្ធ​​​គាត់​​​ចុះ​​​ហើយ​​​ គាត់​​​បើក​​​បរ​​​ឆ្ពោះ​​​ទៅ​​​ស្ថាន​​​ីយ​​​ប្រេងឥន្ធនៈ​ដើម្បី​​​បញ្ចូល​​​​​​ហ្គាស​​​ចំនួន​​​៦០​​​គីឡូក្រាម​​​​​​ទៅ​​​ក្នុង​​​ធុង​​​ហ្គាស​​​រថយន្ត​​​​​​របស់​​​គាត់ ហើយ​​​គាត់​​​អាច​​​យក​​​វា​​​មក​​​លក់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ប្រាក់​​​កម្រៃច្រើន​​​។ហ្គាស​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ត្រូវ​​​បាន​​​ផ្តល់​​​ឧបត្ថម​​​្ភ​​​ធន​ជាច្រើន។​គាត់​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​មក​​​បី​​​ឬ​​​បួន​​​ដង​​​ក្នុង​​​មួយ​​​ថ្ងៃ​​​​​ដោយ​​​មាន​​​ ឬមិន​​​មាន​​​​​​ប្រពន្ធ​​​របស់​​​គាត់​​​ជិះ​​​ក្នុង​​​រថយន្ត​​​នោះ ហើយ​​​គាត់​​​អាច​​​រក​​​ប្រាក់​​​ចំណេញ​​​បាន​​​រហូត​​​៦០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។

នៅ​​​ពេល​​​ដែល​​​យោធា​​​ថៃ​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​តឹង​​​រឹុង​​​នៅ​​​តាម​​​ព្រំដែន​​​ និង​​​មក​​លើ​​​ជន​​​អន្តោ​​​ប្រវេសន៍​​​​​​ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​បាន​​​ឡើង​​​កាន់​​​អំណាចនោះ យោធា​​​ថៃ​​​ក៏​​​បាន​​​បង្ក្រាប​​​យ៉ាង​​​តឹង​​​រឹុង​​​​​លើ​​​ការ​​​រត់​​​ពន្ធ​​​ហ្គាស រារាំង​​​អ្វី​​​ដែល​​​ជា​​​ឱកាស​​​រក​​​ស៊ី​​​កាក់​​​កប​​​សម្រាប់​​​អ្នក​​​រស់​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​ ដែល​​​មាន​ប័ណ្ណសម្រាប់​​​​​​​​ចូល​​​​​​​​​។

លោក​​​ ពេជ្រ​​​ ដែល​​​សុំ​​​ឲ្យ​​​បញ្ចេញ​​​តែ​​នាម​​​ខ្លួន​​​​​​របស់​​​គាត់​​​ពីព្រោះ​​​គាត់​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​សកម្ម​​​ភាព​​​ខុស​​​ច្បាប់​​​បាន​​​និយាយ​​​ថា ” ការ​​​ដឹក​ហ្គាស​​​ជួយ​​​កាត់​​​បន្ថយ​​​ភាព​​​ក្រី​​​ក្រ​​​ពីព្រោះ​​​យើង​​​រក​​​បាន​​​ពី​​​​​​៤០០​​​ទៅ​​​៥០០​​​បាត​​​ក្នុង​​​មួយ​​​ជើង​​​។ ចាប់​តាំងពី​​​ពួកគេ​​​ហាម​​​ឃាត់​​​​​​​​​យើង​មក វា​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​ជីវភាព​​​របស់​​​យើង​​​​​”។ នៅ​​​តាម​​​ផ្លូវ​​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ និង​​​មនុស្ស​​​ស្ទើរ​​​គ្រប់​​​គ្នា​​​ចាប់​​​ពី​​​អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​រហូត​​​ដល់​​​អ្នក​​​លក់​​​កាហ្វេ​​​អាច​​និយាយ​ប្រាប់​ភ្លាមៗ​​​ពី​​​តម្លៃ​​​ហ្គាស​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​នៅ​​​តាម​ព្រំដែន។​​​ មានភាព​​​ខុស​​​គ្នា​​​ច្រើន​​​។នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ដែល​​​ហ្គាស​​​ទទួល​​​បាន​​​ឧបត្ថម្ភ​​​ធន​ច្រើន​​​ពី​​​មូល​​​និធិ​​​ប្រេង​​​របស់​​​រដ្ឋាភិបាល​​​នោះ​​​ តម្លៃ​​​ហ្គាស​​​ក្នុង​​​មួយ​​​​​​គីឡូ​​ក្រាម​​​គឺ​​​២២,៦០​​​បាត​​​។ នៅ​​​កម្ពុជា ជា​​​ធម្មតា​​​​ហ្គាស​មាន​តម្លៃ​​​ប្រហែល​​​២៩​​​បាត​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម។

លោក ពេជ្រ ស៊ី​​​ធរ​​​ អនុប្រធាន​​​នគរបាល​​​អន្តោ​​​ប្រវេសន៍​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ជា​​​ធម្មតា​​​មាន​​​រថយន្ត​​​តម្រង់​​​ជួរ​​​យ៉ាង​​​វែង​​​រង់​​​ចាំ​​​ចូល​​​ទៅ​​​ទិញ​​​ហ្គាស​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​។ ចាប់តាំង​​​ពី​​​ភាគ​​​ី​​​ថៃ​​​ហាម​​​ឃាត់​​​រថយន្ត​​​ក្នុង​​​ស្រុក​​​យើង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ទិញ​​​ហ្គាស​​​អស់​​​រយ​​​ៈ​​​ពេល​​​មួយ​​​ខែ​​​មក​​​នេះ វា​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដោយ​​​ស្វ័យប្រវត្តិ​​​ដល់​​​ការ​​​រកស៊ី​​​ និង​​​ប្រាក់​​​ចំណេញ​​​របស់​​​អាជីវ​​​ករ​​​ពី​​​មួយ​​​ថ្ងៃ​​​ទៅ​​​មួយ​​​ថ្ងៃ”។

កាល​​​ពី​​​ច​​​ុង​​​ខែ​​​ឧសភា  ភ្លាម​​​ៗ​​​បន្ទាប់​​​ពី​​​យោធា​​​ថៃ​​​​​​ឡើង​​​កាន់​​​អំណាច លោក គោ​​​ស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​មាន​​​រថយន្ត​​​ប្រហែល​​​៤០០​​​គ្រឿង​​​ឆ្លង​​​ដែន​​​ទៅ​​​ទិញ​​​ហ្គាស​​​យក​​​មកល​​​ក់​​​នៅ​កម្ពុជា​​​។

លោក​​​ បាត់​​​ ជីវ អ្នក​​​បើក​​​បរ​​​ដែល​​​ធ្វើ​​​ដំណើរ​​​ញឹក​​​ញាប់​​​រវាង​​​ក្រុង​​​​​​ប៉ោយ​​​ប៉ែត​​​ និង​​​ក្រុង​​​ភ្នំ​​​ពេញ​​​បាន​​​​​​និយាយ​​​ថា មនុស្ស​​​ភា​​គ​​​ច្រើន​​​ដែល​​​មាន​​​រថយន្ត​​​​​​បាន​​​រត់​​​ពន្ធ​​​ហ្គាស​​​មក​​​ពី​​​ប្រទេស​​​ថៃ។គាត់​​​បាន​​​និយាយ​​​ថា ហ្គាស​ថោក​​​​​​ជួយ​​​ឲ្យ​​​គាត់​​​រកស៊ី​​​បាន។ គាត់​​​បាន​​​និយាយ​​​ថា “ឥឡូវ​​​នេះ​​​មាន​​​បញ្ហា​​​ ពី​​​ព្រោះ​​​ហ្គាស​​​នៅ​​​ប៉ោយ​​​បែ៉ត​​​មាន​​​តម្លៃ​​​កាន់​​​តែ​​​ថ្លៃ​​​។ មនុស្ស​​​ភាគ​​ច្រើន​​​នៅ​​​ក្រុង​​​នាំ​​​គ្នា​​​ទៅ​​​ទិញ​​​ហ្គាស​​​ពី​​​ប៉ោយ​​​ប៉ែត​​​ដើម្បីយកទៅ​​​លក់​​​នៅ​​​តំបន់​​​ផ្សេង​​​ទៀត​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​គេ​​​បាន​​​ដឹង​​​ពី​​​ស្ថានភាព​​​នៅ​​​តាម​​​ព្រំដែន ហើយ​​​បាន​​​ដំឡើង​ថ្លៃ​​​ដោយ​​​ខ្លួន​​​ឯង​​​”។

យោង​​​តាម​​​លោក​​​ ពេជ្រ បាន​​​ឲ្យដឹង​​​ថា តម្លៃ​​​កើន​​​ឡើង​​​ពី​​​ប្រហែល​​​២៩​​​បាត​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​ទៅ​​​៣៦​​​បាត​​​ក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​ក្នុង​​​រយៈពេល​​​មួយ​​​ខែ​​​នេះ គឺ​​​កើន​​​ឡើង​​​ប្រហែល​​​០,២២​​​ដុល្លារ​​​។ គឹម​​​ ហ័ង ជា​​​អ្នក​​​លក់​​​ហ្គាស​​​នៅ​​​ជិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ច្រក​​​ទ្វារ​​​ព្រំដែន​​​បោ៉យ​​​ប៉ែត​​​បាន​​​និយាយ​​​ថា តម្លៃ​​​ហ្គាស​​​បាន​​​កើន​​​ឡើង​​​ចន្លោះ​​​ពី​​​៣២​​​ទៅ​​​៣៦​​​បាត​​​​​​។

សា​​​រ័ត្ន អតីត​​​អ្នក​​​រត់​​​ពន្ធ​​​ម្នាក់​​​ទៀត​​​ដែល​​​មាន​​​ប្រពន្ធ​​​ជា​​​អាជីវករ​​​នៅ​​​ប្រទេស​​​ថៃ​​​ដែរ​​​នោះ​​​បាន​​​និយាយ​​​ថា គាត់​​​មាន​​​ការ​​​រួញ​​​រា​​​​ដោយសារ​​​យោធា​​​ថៃ​​បាន​កំណត់​​​តម្លៃ​ផាក​ពិន័យ​​ថ្មី​​​ចំនួន​​​៥០​​​.០០០​​​បាត​​ចំពោះ​​​រថយន្ត​​​ណា​​​ដែល​​​ចាប់​​​បាន​​​ពេល​​​ដឹក​​​ហ្គាស​​​ពី​​​ប្រទេស​​​ថៃ​​​មក​​​កម្ពុជា​​​។នៅ​​​ឱកាស​​​ល្អ​​​គាត់​​​បាន​​​នាំ​​​ហ្គាស​​​មួយ​​​ធុង​​​ទម្ងន់​​​៥០​​​គីឡូ​​​ក្រាម​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ចំណេញ ៩,៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ​​​។​​​ គាត់​​​បាន​​​និយាយ​​​ថា ” យោធា​​​ថៃ​​​តឹងរឹុង​​​ណាស់​​​”។

ដោយសារ​​​រថយន្ត​​​ ​​​សូម្បី​​​តែ​​​អ្នក​​​ដែល​​​មាន​​​ប័ណ្ណ​​​ចូល​​​ទៅ​លក់ដូរ​​​នៅ​​​ផ្សារ​​​រុង​​​គ្លឿ ត្រូវ​​​បាន​​​ហា​​​ម​​​ឃាត់​​​មិន​​​ឲ្យ​​​ចូល​​​ប្រទេស​​​ថៃ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ បន្ទាប់​​​ពី​​​រដ្ឋប្រហារ​​​ថ្ងៃទី​​​២២​​​ខែ​​​ឧសភា​​​មន្ត្រី​​​កម្ពុជា​​​បាន​​​ចរចា​​​ជា​​​មួយ​​​យោធា​​​ថៃ​​​ដើម្បី​​​ព្យាយាម​​​​ធ្វើ​យ៉ាង​ណា​​ឲ្យ​​​ពួកគេ​​បាន​​ត្រឡប់​​​ទៅ​​​វិញ​​​ ប៉ុន្តែ មិន​​​សូវ​​មាន​​​ប្រសិទ្ធភាព​​​ទេ​​​។

នៅ​​​ឯសន្និសីទ​​​កាសែត​​​កាល​​​ពីសប្តាហ៍​​​មុន​​​ជា​​​មួយមន្ត្រី​​​ថៃ​​​ និង​​​មន្ត្រី​​​រដ្ឋាភិបាល​​​កម្ពុជា​​​ លោក អ៊ុំ​​​ រាត្រី អភិបាល​​​រង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការទិញ​​​ហ្គាស​​​ឆ្លង​​​ដែន​​​នេះ​​​គឺ​​​ជា​​​ចំណុច​ជាប់​គាំង​​​មួយ​​​រវាង​​​មន្ត្រី​​​កម្ពុជា និង​​​មន្ត្រី​​​ថៃ។ លោក រាត្រី បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពី​​​មុន​​​ គឺ​​​មុន​​​រដ្ឋាភិបាល​​​យោធា​​​ មាន​​​មនុស្ស​​​ជាច្រើន​​​ឆ្លង​​​ព្រំ​​​ដែន​​​ទៅ​​​ទិញ​​​ហ្គាស​​​មក​​​លក់​​​នៅ​​​​​​កម្ពុជា​​​។ ខ្ញុំ​​​ក៏​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ពួក​​​គេ​បាន​ចេញ​ចូល​ជា​​​ធម្មតា​​​ផងដែរ​​​”។

នៅពេល​​​សួរ​​​អំពី​​​បញ្ហា​​​នេះ លោក​​​ ផាក​ការ៉ាថន ទៀនចៃ អភិបាល​​​ខេត្ត​​​ស្រះកែវ បាន​​​និយាយថា បម្រាម​​​នេះ​​​ប្រហែល​​​ជា​​​មិន​​​ដក​​​វិញ​​​នៅ​​​ពេល​​​ណា​​​មួយ​​​ឆាប់​​​ៗ​​​នេះ​​​ទេ​​​។ លោក​​​បាន​​​បញ្ជាក់​​​ថា អ្នក​​ទិញ​​​ហ្គាស​​​មិន​​​ដែល​​​ធ្វើ​​​សកម្មភាព​​​ដោយ​​​ស្រប​​​ច្បាប់​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​ទទួល​​​ស្គាល់​​​អំពី​​​អ្នក​​​លក់​​​ដូរ​​​នៅ​​​ក្នុង​​​ផ្សារ​​​រុង​​​គ្លឿ ដែល​​​ត្រូវ​​​ការ​​​ហ្គាស​​​សម្រាប់​​​រថយន្ត​​​របស់​​​ពួកគេ​​​ ប៉ុន្តែ អ្នក​​​លក់​​​ដូរ​​​មួយ​​​ចំនួន​​​មិន​​​ធ្វើ​​​ដូច្នេះ​​​ទេ​​​។ ពួកគេ​​​ទិញ​​​ហ្គាស​​​ពី​​​ប្រទេស​​​ថៃ​​​ ហើយ​​​យក​​​ទៅ​​​លក់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​ពង្រឹង​​​ទី​​​ផ្សារ​​​ហ្គាស​​​ ដូច្នេះ​​​សូម​​​អត់​​​ធ្មត់​​​ជាមួយ​​​រដ្ឋាភិបាល​​​ថ្មី​​​”។

ប៉ុន្តែ ប្រជាជនកម្ពុជា​​​មួយ​​​ចំនួន​​​ពិបាក​​​អត់​​​ធ្មត់​​​។ លោក ស៊ុំ ចាន់​​​គា អ្នក​​​សម្រប​​​សម្រួល​​​ប្រចាំ​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​បានមាន​​​ប្រសាសន៍​​​ថា លោក​​​ឮ​ពីការ​​​ត្អូញត្អែរ​​​ជាច្រើន​​​អំពី​​​តម្លៃ​​​ហ្គាស​ខ្ពស់​​​នៅ​​​តាម​​​ព្រំដែន​​​​​​​​​។

លោក ព្រំ ស្រួច អាយុ​​​៤៩​​​ឆ្នាំ​​​ដែល​​​កំពុង​​​លើក​​​ផ្លែ​​​ស្វាយ​​​ និង​​​សាវម៉ាវ ដាក់​​​លើ​​​រថយន្ត​​​តូយូ៉តា​​​កាមរី ដែលប្រើ​​​ហ្គាស​របស់​គាត់​​ដើម្បី​​​យក​​​​​​មក​​​លក់​​​នៅ​​​ក្រុង​​​សិរីសោភ័ណ បាន​​​និយាយ​​​ថា ” រថ​​​យន្ត​​​តូច​​​ៗ​​​បែប​​​នេះ​​​ប្រើ​​​ហ្គាស​​​ចំណេញ​​​ណាស់។ ប្រសិន​​​បើ​​​យើង​​​ប្រើ​​​សាំង​​​ មិន​​​ចំណេញ​​​ទេ​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា រដ្ឋាភិបាល​​​ថៃ​​​នឹង​​​កែ​​​ប្រែ​​​នៅ​​​ពេល​​​ឆាប់ៗ​​​នេះ”។

លោក ពេជ្រ ដែល​​​ជា​​​គ្រូ​​​បង្រៀន​​​ និង​​​ជា​​​អតីត​​​អ្នក​​​រត់​​​ពន្ធ​​​បាន​​​និយាយ​​​ថា គាត់​​កំពុង​ពិបាក​រក​សីុ​នៅ​​​​​​ជិត​​​របប​​​ថ្មី​​​របស់​​​ថៃ។ គាត់​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​សូម​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា និង​​​រដ្ឋាភិបាល​​​ថៃ​​​​អនុញ្ញាត​ឲ្្យ​យើង​បាន​រក​​​ស៊ី​​​ប្រកប​​​មុខ​​​របប​​​ដដែល​​​នេះ ពី​​​ព្រោះ​​​វា​​​អាច​​​ជួយ​​​ឲ្យ​​​គ្រួសារ​​​របស់​​​យើង​​​មាន​​​ជីវភាព​​ធូរធា។ ប្រាក់​​​ខែ​​​គ្រូ​​​បង្រៀន​​​តិច​​​ណាស់​​​”៕គឹមហឿន (ឆន ចាន់សីុ ចូល​​​រួម​​រាយ​ការណ៍​​​ពី​​​ទីក្រុង​​​ភ្នំពេញ)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស